កំណើនសេដ្ឋកិច្ចរយៈពេលចុងក្រោយនេះ បានជំរុញឲ្យតម្រូវការចរាចរលុយកាន់តែច្រើន តាមរយៈកំណើនតម្រូវការទិញដូរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ការបោះពុម្ពបន្ថែមប្រាក់រៀលនេះ គឺត្រូវស្របទៅតាមកំណើនសេដ្ឋកិច្ច និងតម្រូវការជាក់ស្ដែងនៅក្នុងប្រទេស។
ផ្ទុយទៅវិញ ការបោះពុម្ពលុយមិនត្រឹមត្រូវ អាចប៉ះពាល់ដល់តម្លៃលុយកាន់ចុះថោក ឬលុយហើម និង បាត់ទំនុកចិត្តការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ហើយប្រជាពលរដ្ឋកម្ពុជា នឹងងាកមកប្រើប្រាស់ប្រាក់ដុល្លារវិញ។
ការបោះពុម្ពក្រដាសប្រាក់ថ្មីនៅក្នុងប្រទេសមួយ បណ្ដាលមកពីគោលបំណងសំខាន់មួយចំនួន ដូចជាការបោះពុម្ពបន្ថែមដើម្បីទូទាត់ និងបំពេញក្រដាសចាស់ដែលខូចខាត ឬបោះពុម្ពបន្ថែមទៅតាមកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ស្ដែង។ គោលបំណងមួយទៀត រដ្ឋាភិបាលរបស់ប្រទេសមួយអាចបោះពុម្ពលុយសម្រាប់ចំណាយផ្សេងៗ នៅពេលដែលថវិកាជាតិប្រមូលបានតិច ដើម្បីទិញទំនិញ ឬសេវាកម្មនានា ដូចចំណូលដែលបានមកពីការប្រមូលពន្ធដែរ។
ជាក់ស្ដែង ប្រទេសកម្ពុជា បានបោះពុម្ពក្រដាសថ្មីចំនួនពីរដងមកហើយនៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបោះពុម្ពក្រដាសប្រាក់មួយពាន់រៀល (១.០០០រៀល) នៅខែវិច្ឆិកា ឆ្នាំ២០១២ គឺចំពេលព្រះមហាក្សត្រនរោត្តម សីហនុ ចូលទិវង្គត និងបោះពុម្ពក្រដាសប្រាក់ ១០ម៉ឺនរៀល នៅខែឧសភា ឆ្នាំ២០១៣ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
បទពិសោធន៍កន្លងមក ប្រភេទក្រដាសប្រាក់ធំៗ ភាគតិចបំផុតគេយកទៅចាយដើម្បីទិញទំនិញនៅតាមផ្សារ មិនដូចក្រដាសប្រាក់ប្រភេទតូចឡើយ។
ម្ចាស់ហាងប្ដូរប្រាក់ លី ហ៊ួ អ្នកស្រី ស៊ាង លីម មានប្រសាសន៍ថា ជាទូទៅអ្នកដែលមានតម្រូវការក្រដាសប្រាក់ធំៗ ឬមានតម្លៃខ្ពស់ដូចជាក្រដាសប្រាក់ ១០ម៉ឺនរៀល គឺសម្រាប់ការបង់ពន្ធ ទឹកភ្លើង ឬដើម្បីផ្ទេរប្រាក់ទៅតាមបណ្ដាខេត្តជាដើម។
យ៉ាងណាក៏ដោយ ការបោះពុម្ពលុយបន្ថែមត្រូវមានការប្រុងប្រយ័ត្នបំផុត ព្រោះវាមានទំនាក់ទំនងដោយផ្ទាល់ ធ្វើឲ្យលុយគ្មានតម្លៃ ឬបាត់បង់ទំនុកទុកចិត្តលើក្រដាសប្រាក់ដែលបោះពុម្ពបន្ថែមនោះ។ កត្តានេះ មានន័យថា ទោះជាមានលុយច្រើនចរាចរនៅលើទីផ្សារ ប៉ុន្តែហាក់ដូចជាគ្មានន័យឡើយ ដោយសារតែប្រជាជនអាចទិញទំនិញបានតិចជាងមុន ហើយជះឥទ្ធិពលដល់ការបាត់បង់ទំនុកចិត្តរបស់ប្រជាជនដែលពួកគាត់អាចដូរយករូបិយប័ណ្ណបរទេស ដូចជាដុល្លារអាមេរិក មកជំនួសវិញ។
អ្នកវិភាគសេដ្ឋកិច្ច លោក ហេង ឌីណា បានអះអាងថា ការបោះពុម្ពលុយបន្ថែម គឺស្របទៅតាមកំណើនសេដ្ឋកិច្ច ឬតម្រូវការជាក់ស្ដែងនៃសកម្មភាពអាជីវកម្មដែលមានកំណើនរៀងរាល់ឆ្នាំ។ អ្នកដែលមានតម្រូវការលុយរៀលច្រើន គឺប្រជាពលរដ្ឋនៅជនបទ ដែលប្រើប្រាស់សម្រាប់ទិញទំនិញប្រចាំថ្ងៃ ឬទិញកសិផលនានានៅពេលប្រមូលផលជាដើម។
លោកបញ្ជាក់ថា ប្រសិនបើធនាគារជាតិបោះពុម្ពលុយរៀលបន្ថែម ដើម្បីចរាចរនៅលើទីផ្សារ ត្រូវតែធានា ឬរក្សាអត្រាប្ដូរប្រាក់ឲ្យមានស្ថិរភាព ធៀបនឹងដុល្លារអាមេរិក។ យន្តការនេះ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រាក់រៀលកាន់តែច្រើនឡើង ហើយបន្ថយការចរាចរលុយដុល្លារអាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។
លោកមានប្រសាសន៍បន្ថែមថា ដោយសារតែនៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា បានប្រើប្រាស់លុយរៀលផង និងលុយបរទេសផង ភាគច្រើនជាដុល្លារនោះ ធ្វើឲ្យធនាគារជាតិពិបាកនឹងគ្រប់គ្រងលំហូរសាច់ប្រាក់។ កត្តានេះ ធនាគារជាតិមិនអាចប្រើគោលនយោបាយរូបិយវត្ថុគ្រប់គ្រងលំហូរសាច់ប្រាក់ដុល្លារ នៅប្រទេសកម្ពុជា ឡើយ។ អ្វីដែលធនាគារអាចគ្រប់គ្រងបាននោះ គឺការលក់ដុល្លារ ឬទិញដុល្លារចូល ដើម្បីឲ្យមានលំនឹងចរាចរប្រាក់រៀលតែប៉ុណ្ណោះ។
អគ្គនាយកនៃធនាគារជាតិកម្ពុជា អ្នកស្រី ងួន សុខា មានប្រសាសន៍ថា រៀងរាល់ឆ្នាំ ធនាគារជាតិបានបោះពុម្ពលុយបន្ថែម ដែលមានរូបរាងស្អាត និងមានគុណភាពទៅតាមកំណើនសេដ្ឋកិច្ចដែលកម្ពុជា សម្រេចបាន។ នៅពេលសេដ្ឋកិច្ចកាន់តែខ្ពស់ សកម្មភាពជំនួញច្រើនដែលធ្វើឲ្យតម្រូវការលុយកាន់តែច្រើនដែរ។ បន្ថែមលើនេះ ទាំងរដ្ឋាភិបាល និងធនាគារជាតិ បានប្រឹងប្រែងរក្សាតម្លៃ ឬអត្រាប្ដូរប្រាក់រៀលឲ្យស្ថិតនៅកម្រិតមួយ ដែលអាចគ្រប់គ្រងបាននៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកស្រីបន្តថា វិធានការរបស់ធនាគារជាតិ គឺលើកកម្ពស់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀល ជាជាងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ច ដូចជាការប្រមូលពន្ធជាប្រាក់រៀល ការកំណត់ម៉ាស៊ីនអេធីអឹម (ATM) នៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួន អាចដកជាប្រាក់រៀលបានជាដើម។ យ៉ាងណាក៏ដោយ អ្នកស្រីបញ្ជាក់ថា ទម្លាប់នៃការប្រើប្រាក់ដុល្លារអាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា បានចាក់ឫសនៅផ្នត់គំនិតប្រជាពលរដ្ឋខ្មែរទូទៅ ឬក្លាយជាវប្បធម៌ប្រើប្រាស់ប្រាក់ដុល្លារទៅហើយ។
ក្រដាសប្រាក់រៀលខ្មែរ ត្រូវបានបោះផ្សាយជាលើកដំបូងនៅឆ្នាំ១៩៥៣។ ប៉ុន្តែ ប្រព័ន្ធជួញដូរសាច់ប្រាក់រៀលខ្មែរត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ការបោះផ្សាយប្រាក់រៀលខ្មែរលើកទី២ បានធ្វើឡើងនៅដើមឆ្នាំ១៩៨០។ ហើយគិតមកទល់ពេលនេះ ក្រដាសប្រាក់រៀលខ្មែរមានតម្លៃខ្ពស់បំផុតត្រឹម ១សែនរៀល។
បច្ចុប្បន្ន ប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានចរាចរមានទំហំកាន់តែធំ ដែលបង្ហាញអំពីសញ្ញាវិជ្ជមានមួយលើការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ។
តាមការប៉ាន់ស្មានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គិតត្រឹមឆ្នាំ២០១១ ការប្រើប្រាស់លុយរៀលនៅកម្ពុជា មានក្នុងរង្វង់ ២០% នៃចរាចរលុយសរុបនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ កត្តានេះបង្ហាញថា ទំនុកចិត្តការប្រើប្រាស់ប្រាក់រៀលកាន់តែប្រសើរពីសាធារណជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។