ក្រសួង​អប់រំ​អំពាវនាវ​ឲ្យ​សិស្ស​កុំ​ចាញ់​បោក​អ្នក​បន្លំ​លក់​វិញ្ញាសា​ប្រឡង​បាក់ឌុប

0:00 / 0:00

ក្រសួង​អប់រំ​យុវជន​និង​កីឡា អំពាវនាវ​ឲ្យ​សាធារណជន មាតាបិតា ឬ​អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំង​អស់ ប្រុងប្រយ័ត្ន និង​កុំ​ឲ្យ​ចាញ់​បោក​ជន​ខិល​ខួច​មួយ​ចំនួន​ដែល​បន្លំ​លក់​វិញ្ញាសា​សម្រាប់​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ទី​៥ ខែ​សីហា ខាង​មុខ។

ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រួយ​បារម្ភ​ពី​ការ​បែក​ធ្លាយ​វិញ្ញាសា​ក្លែងក្លាយ​នៅ​មុន​ពេល​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប។

ក្រសួង​អប់រំ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ថា​ សព្វថ្ងៃ​នេះ​មាន​ជន​ខិលខូច​មួយ​ចំនួន​បាន​ធ្វើ​វិញ្ញាសា​គ្រប់​មុខ​វិជ្ជា​សម្រាប់​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ដោយ​ភូត​កុហក​ថា ជា​វិញ្ញាសា​បែក​ធ្លាយ​មុន​ពេល​ប្រឡង ក្នុង​បំណង​លក់ ឬ​ចែកចាយ​ដើម្បី​រក​ប្រាក់​ចំណេញ។

​ក្រសួង​អប់រំ ក៏​បាន​កត់សម្គាល់​ថា មុន​ការ​ប្រឡង​ឃើញ​មាន​ការ​បើក​បង្រៀន​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ដោយ​ប្រើ​ទម្រង់​វិញ្ញាសា​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល ឬ​ដូចគ្នា​ទៅ​នឹង​វិញ្ញាសា​ដែល​ធ្លាប់​បាន​ចេញ​នៅ​ពេល​កន្លង​មក ដែល​ទង្វើ​បែប​នេះ​បង្ក​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ពី​គ្រប់​មជ្ឈដ្ឋាន និង​សាធារណជន ថា​មានការ​បែក​ធ្លាយ​វិញ្ញាសា។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក រស់ សាលីន បញ្ជាក់​ថា វិញ្ញាសា​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៣-​២០១៤ នេះ មិន​អាច​បែក​ធ្លាយ​បាន​ទេ ដោយសារ​តែ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន និង​រដ្ឋលេខាធិការ​ក្រសួង​ទទួល​បន្ទុក​ប្រឡង ជា​អ្នក​ទទួល​បន្ទុក​ចេញ​វិញ្ញាសា​ប្រឡង​លើក​នេះ។ លោក​ពន្យល់​ថា ថ្នាក់ដឹកនាំ​ក្រសួង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​ការ​រៀបចំ​យ៉ាង​ប្រយ័ត្ន​មិន​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា​ចេញ​ក្រៅ​ឡើយ។

​លោក រស់ សាលីន៖ «ថ្នាក់ដឹកនាំ​នីមួយៗ​គាត់​គ្រប់គ្រង​ប្រយ័ត្ន​ណាស់ ព្រោះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ផ្ទាល់​ទី​មួយ។ ទី​ពីរ មិន​មាន​ភាគី​ពាក់ព័ន្ធ​ណា​ដែល​ចូល​រួម ដូច្នេះ​វិញ្ញាសា​នៅ​ក្នុង​រង្វង់​ដៃ​តែមួយ ដូច្នេះ​មិន​អាច​បែក​ធ្លាយ​បាន​ទេ»

កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ សីហា ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ទូទាំង​ប្រទេស​ចំនួន​ជាង ៩​ម៉ឺន​នាក់ (៩៣.៤៥៦)។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បញ្ជាក់​ថា ក្រសួង​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ចុះ​អន្តរាគមន៍ ហាម​មិន​ឲ្យ​មាន​កន្លែង​ថតចម្លង​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​ជា​ដាច់​ខាត នៅ​ពេល​ប្រឡង​បាក់​ឌុប។ ក្នុង​ករណី​នៅ​តែ​មាន​បើក​ថតចម្លង​នោះ ជន​ប្រព្រឹត្ត​នឹង​ទទួល​ការ​ពិន័យ ឬ​ទទួលទោស​ទៅ​តាម​បទល្មើស​ជាក់ស្ដែង។

​ក្រសួង​អប់រំ​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​លើ​ការ​ប្រឡង​គ្រប់​ប្រភេទ​ដោយ​កំណត់​ទិស​ស្លោក​ថា «អ្នក​ចេះ​គឺ​ជាប់»។ ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ខាង​ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរការ​ប្រឡង​នេះ ពិត​ជា​រលូន​និង​ដំណើរការ​ទៅ​បាន​ដូច​អ្វី​ដែល​ក្រសួង​រំពឹង​ទុក គឺ​ការ​ប្រឡង​ប្រកប​ទៅ​ដោយ​ការ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​និង​លទ្ធផល​អាច​ទទួល​យក​បាន។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដោយ​បាន​ដាក់​មន្ត្រី​អង្គភាព អ្នក​ស្ម័គ្រ​ចិត្ត​ជា​សង្គម​ស៊ីវិល​ជាង ២​ពាន់​នាក់ គ្រោង​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​នេះ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​ព្រមាន​ចំពោះ​អ្នក​សង្កេត​ការណ៍​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំ​ក្រសួង និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាច​នឹង​ទទួល​វិន័យ​បញ្ឈប់​ពី​តួនាទី​ជា​អ្នក​សង្កេតការណ៍ ឬ​បើ​ធ្ងន់ធ្ងរ អាច​ទទួល​ពិន័យ​ទោស​តាម​ច្បាប់។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​ព្រមាន​ដាក់​វិន័យ​ចំពោះ​បេក្ខជន​ប្រឡង​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​នៅ​ពេល​ប្រឡង​ដែរ។ វិន័យ​ទាំងនោះ​មាន​ទាំង​ការ​កំណត់​ឱ្យ​ធ្លាក់ ការ​បណ្ដេញ​ពី​បន្ទប់​ប្រឡង ការ​ផ្អាក​មិន​ឱ្យ​ប្រឡង​ពីរ​ឆ្នាំ​បន្ត​បន្ទាប់។ ករណី​ខ្លះ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​គ្រឹះស្ថាន​សិក្សា រួច​ត្រូវ​បញ្ជូន​ទៅ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។