ស្ថានភាពរស់នៅរបស់មនុស្សចាស់នៅកម្ពុជា
2013.03.09

រដ្ឋាភិបាលបច្ចុប្បន្ន មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ និងចេញជាគោលនយោបាយផ្ដល់ប្រាក់ខែឱ្យមនុស្សចាស់ទាំងនោះ ដូចជាប្រទេសមួយចំនួននៅក្នុងពិភពលោកនៅឡើយទេ។
តើមនុស្សចាស់ខ្លះនៅក្នុងប្រទេសកម្ពុជា កំពុងរស់នៅស្ថានភាពបែបណា?
ប្រជាពលរដ្ឋកម្ពុជា ជាច្រើនដែលមានវ័យចំណាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ តែងព្រួយបារម្ភ និងគិតដល់ភ័ព្វវាសនារបស់ខ្លួនថា តើនឹងក្លាយទៅជាយ៉ាងណានៅពេលដែលប្រកបការងារចិញ្ចឹមជីវិតលែងកើត ហើយនៅរង់ចាំតែកូនៗផ្គត់ផ្គង់ និងចិញ្ចឹមដើម្បីតបស្នងវិញនោះ?
មានមនុស្សចាស់តិចតួចប៉ុណ្ណោះដែលមានទ្រព្យសម្បត្តិ ហើយកូនៗក៏មានជីវភាពធូរ ទើបមិនបានខ្វល់អំពីភ័ព្វវាសនាចុងក្រោយរបស់គេ។ ក៏ប៉ុន្តែ សម្រាប់មនុស្សចាស់ដែលគ្មានអ្នកទីពឹង ឬក៏កូនចៅក្រីក្រជាច្រើនទៀត គឺកំពុងប្រឈមមុខនឹងបញ្ហាជីវិតជាច្រើន ដោយសារតម្រូវការនៅតែមាន ក្រពះក៏នៅតែស្រេកឃ្លាន។ ស្ថានភាពបែបនេះ បង្ខំឱ្យមនុស្សចាស់ខ្លះនៅតែស្វែងរកការងារធ្វើ ដើម្បីបានកម្រៃប្រចាំថ្ងៃផ្គត់ផ្គង់តម្រូវការរបស់គាត់ ដូចជាទៅស៊ីឈ្នួលគេ ឬក៏អ្នកខ្លះក្លាយខ្លួនទៅជាអ្នកដើរសុំទាននៅតាមទីសាធារណៈជាដើម។
បុរសចំណាស់ម្នាក់អាយុ ៧២ឆ្នាំ គឺលោក អឿ ឆោម រស់នៅក្នុងទីរួមខេត្តសៀមរាប គាត់គឺមនុស្សមានវ័យជរា ខ្នងកោង និងចិញ្ចើមស្កូវប្ដូរពណ៌ពីខ្មៅក្លាយជាសទៅហើយ ក៏ប៉ុន្តែជារៀងរាល់ថ្ងៃ គាត់នៅតែចេញពីផ្ទះទៅជួយលើកដាក់ និងមើលថែអីវ៉ាន់ ដែលគេដឹកតាមរថយន្តតាក់ស៊ី ដើម្បីបានកម្រៃខ្លះទិញម្ហូបចំណីសម្រាប់ខ្លួនឯង និងប្រពន្ធរបស់គាត់។ គាត់បានមានប្រសាសន៍ថា លុយដែលគាត់រកបានពីការលើកដាក់អីវ៉ាន់នេះ គឺសម្រាប់ទិញម្ហូបអាហារខ្លះ និងសន្សំទុកដើម្បីព្យាបាលខ្លួនខ្លះ នៅពេលណាដែលគាត់មានជំងឺ។ លោក អឿ ឆោម បានបញ្ជាក់ថា គាត់មានកូនចំនួន ៣នាក់ ក៏ប៉ុន្តែលទ្ធភាពកូនៗដែលចិញ្ចឹមគាត់ គឺបានត្រឹមតែផ្ដល់បាយទឹកព្រឹកល្ងាចប៉ុណ្ណោះ មិនអាចផ្ដល់ចំណីឆ្ងាញ់ទៅតាមគាត់ចង់នោះទេ ពីព្រោះតែកូនៗរបស់គាត់មានជីវភាពក្រីក្រដែរ។
លោក អឿ ឆោម បានបង្ហាញអារម្មណ៍ថា ពលរដ្ឋខ្មែរដូចរូបគាត់ នៅពេលដែលមានវ័យចាស់ធ្វើអ្វីលែងកើត ហើយគ្មានការជួយជ្រោមជ្រែងពីអង្គការ ឬក៏រដ្ឋាភិបាលទាល់តែសោះនោះ គឺហាក់មានអារម្មណ៍ឯកោកាន់តែខ្លាំង៖ «ថ្ងៃណាយើងរកបានខ្លួនឯងទៅ ក៏គ្រប់គ្រាន់ទៅ ថ្ងៃណារកមិនបានខ្វះខាតដែរ។ សព្វថ្ងៃរស់នៅជាមួយកូន គ្នាវាក្រដែរ ថ្ងៃណាគ្នារកបានក៏គ្នាជួយឧបត្ថម្ភដល់យើងទៅ ណាខ្វះខាតបានត្រឹមចិញ្ចឹមកូនប្រពន្ធគ្នា។ ព្រួយបារម្ភអីចឹងដែរ បើកូនរកបានក៏ពឹងពាក់អាស្រ័យលើកូនបាន តែបើកូនរកមិនបានទៅ យើងមានអីទៀត មានតែពឹងកម្លាំងរបស់យើង។ វាឯកោហើយ ប្រទេសកម្ពុជា យើង ដល់ជីវិតមនុស្សចាស់ គឺមានតែជីវិតឯកោ វាគ្មានទីពឹង អត់មានបង្អែកអីឱ្យធំមាំឱ្យយើងផ្អែកបាន»។
លោក អឿ ឆោម បានឱ្យដឹងថា ថ្ងៃខ្លះគាត់រកប្រាក់បាន ១ម៉ឺនរៀល ឬ ២ម៉ឺនរៀល ហើយថ្ងៃខ្លះទៀត អត់បានមួយរៀលសោះក៏មាន។
ស្ត្រីចំណាស់ឈ្មោះ ហ៊ុល ឃឹម អាយុ ៧៧ឆ្នាំ គឺជាមនុស្សចាស់ម្នាក់ទៀតដែលកំពុងប្រឹងប្រែងរកកម្រៃសម្រាប់ជីវិតប្រចាំថ្ងៃ គាត់បានចាកចេញពីភូមិកំណើតនៅឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកដើរសុំទានតាមទីសាធារណៈក្នុងទីរួមខេត្តសៀមរាប ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍បរទេស។ គាត់បានមានប្រសាសន៍ថា គាត់មានកូនចំនួន ៣នាក់ សុទ្ធតែស្រី។ ពួកគេមានប្ដី និងមានកូនទៅហើយ។ ពួកគេមិនចង់ឱ្យគាត់ដើរសុំទានដូច្នេះទេ ដោយពួកគេតែងរួមគ្នាផ្គត់ផ្គង់បាយទឹក នំចំណី ក៏ប៉ុន្តែអ្វីដែលកូនៗបានផ្ដល់ឱ្យគាត់នោះ គឺមិនដូចតម្រូវការរបស់គាត់ឡើយ ទើបគាត់ដើរសុំទានពីអ្នកដទៃដូច្នេះ។
ស្ត្រីចំណាស់ ហ៊ុល ឃឹម៖ «កូនពៅអើយ! បានដើរត្រុកៗទៅ បានលុយ ១ម៉ឺន បានចេញថ្លៃផ្ទះ ទិញបាយ ទិញម្ហូបសព្វគ្រប់ និយាយឱ្យត្រង់។ អើកូនអើយ លុយដែលរកបានហ្នឹង មិនយកទៅឱ្យកូនចៅទេ គឺទុកសម្រាប់ជីវិតខ្លួនឯងត្រូវការហូបៗទៅ»។
ទស្សនាវដ្ដីក្នុងស្រុកមួយដែលបានដកស្រង់សម្ដីរបស់រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីខែឧសភា ឆ្នាំ២០១២ កន្លងទៅឱ្យដឹងថា ចំនួនមនុស្សចាស់នៅប្រទេសកម្ពុជា មានប្រមាណ ៨៨ម៉ឺននាក់។ រដ្ឋាភិបាលមិនមានលទ្ធភាពអាចផ្ដល់ជាប្រាក់ខែ ដើម្បីចិញ្ចឹមមនុស្សចាស់ទាំងនោះនៅឡើយទេ គឺមានតែជួយផ្នែកខ្លះៗទៅតាមរយៈការបង្កើតសមាគមមនុស្សចាស់ប៉ុណ្ណោះ។
លោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សរបស់លោកមានគោលនយោបាយផ្តល់ប្រាក់ខែឱ្យមនុស្សចាស់នៅទូទាំងប្រទេសចំនួន ៤ម៉ឺនរៀល ក្នុងម្នាក់ៗក្នុង១ខែ និងដំឡើងប្រាក់ខែប្រមាណ ១លានរៀល ឬក៏ ២៥០ដុល្លារអាមេរិក ឱ្យមន្ត្រីរាជការ។ លោក សុន ឆ័យ អះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត និងដឹកនាំរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតតំណាងរាស្ត្រនាខែកក្កដា ខាងមុខនេះ គឺនឹងចាប់អនុវត្តន៍គោលនយោបាយនេះនៅ ៣ខែក្រោយពីការឡើងកាន់អំណាច។
លោក សុន ឆ័យ៖ «សម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅហ្នឹង ឱ្យទទួលបាន ៤ម៉ឺនរៀលក្នុង១ខែ។ ការផ្ដល់ប្រាក់ជួយមនុស្សចាស់ គឺយើងបានសិក្សាអំពីប្រាក់ចំណូលលក់សំបុត្រចូលអង្គរវត្ត ដែលគេយកពីភ្ញៀវទេសចរ។ បញ្ហាមន្ត្រីរាជការ យើងនឹងត្រូវការប្រាក់ប្រហែល ៣០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គឺយើងចាំបាច់ឱ្យមានចែងនៅក្នុងច្បាប់ថវិកាជាតិ»។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលបានរិះគន់ទៅលើគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលចង់ផ្តល់ប្រាក់ខែជូនមនុស្សចាស់ជរា និងដំឡើងប្រាក់ខែជូនមន្ត្រីរាជការឱ្យស្មើ ២៥០ដុល្លារអាមេរិក នោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានហៅគោលនយោបាយនោះថា គ្រាន់តែជាទស្សនៈនៃយុទ្ធនាការឃោសនាបោះឆ្នោត និងទិញសន្លឹកឆ្នោតជឿប៉ុណ្ណោះ៖ «មិនមែនជាលទ្ធភាព និងការពិតដែលអាចធ្វើទៅបានទេ ពីព្រោះគណបក្សហ្នឹងគ្រាន់តែសន្យាមួយនៅលើខ្យល់ មិនមែនជាដំណើរទៅតាមលទ្ធភាពដែលអាចធ្វើទៅបានទេ ហើយយុទ្ធនាការឃោសនារបៀបអីចឹង យើងឃើញច្រើនដងហើយ បន្ទាប់ពីថាបើជាប់ទៅឱ្យនេះ បើជាប់ទៅឱ្យនោះ។ ឥឡូវយើងសួរថា កន្លងទៅ កឹម សុខា ជាប់មានកៅអីនៅក្នុងសភា តើគាត់បានឱ្យអ្វីខ្លះ?»។
កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ កន្លងទៅ រដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់ទៅលើការលុបបំបាត់ភាពក្រីក្រ ដោយបានធ្វើសេចក្តីព្រាងមួយស្ដីពីការគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ។
រដ្ឋាភិបាលបានចាត់ទុកភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែមិនអាចទទួលយកបានផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាថែមទាំងអាចធ្វើឱ្យបែកខ្ញែក និងអស្ថិរភាពនៅក្នុងសង្គមផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។