ពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​ការ​ដាច់​ភ្លើង​និង​ទឹក​ស្ទើរ​រាល់​ថ្ងៃ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងភ្នំពេញ​បាន​ត្អូញត្អែរ​អំពី​ការ​ដាច់​ភ្លើង និង​ទឹក​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឱ្យ​ពួកគេ​ពិបាក​រស់នៅ និង​ជួប​បញ្ហា​ក្នុង​ការ​បំពេញការងារ។ ប៉ុន្តែ​ក្រោយពេល​មាន​ត្អូញត្អែរ​ដូចនេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​ចេញ​មុខ​សូមទោស​ពលរដ្ឋ និង​ស្នើ​ឱ្យ​មានការ​យោគយល់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុងភ្នំពេញ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម លោក នៅ សារ៉ូន ឱ្យ​អាស៊ីសេរី​ដឹង​ថា មកដល់​ថ្ងៃ​ទី​១៧ មីនា ម្តុំ​លោក​រស់នៅ​ភ្លើង​នៅ​ដាច់​ដដែល។ លោក​បន្ត ថ្ងៃនេះ​ភ្លើង​ម្ដង​មាន ម្ដង​ដាច់​ធ្វើ​ឱ្យ​មានការ​លំបាក​ខ្លាំង។

ទន្ទឹម​នឹង​ការ​ត្អូញត្អែរ​ករណី​ទីក្រុង​ភ្នំពេញ​ជួប​បញ្ហា​ដាច់​ទឹក និង​ដាច់​ភ្លើង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ក្នុង​នោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក៏បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​សរសេរ​ជា​កំណាព្យ​បង្ហោះ​ពេញ​បណ្ដាញ​ហ្វេសប៊ុក។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ទួលគោក លោក ជា សុធា ឱ្យ​អាស៊ីសេរី​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​ក្រុងភ្នំពេញ​ដាច់​ភ្លើង​ស្ទើរ​គ្រប់កន្លែង​ហើយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​ឆ្នាំនេះ រាជធានី​ភ្នំពេញ​ជួប​បញ្ហា​នេះ​ញឹកញាប់​ជាង​ឆ្នាំមុន។ លោក​ថា ក្រៅពី​ជួប​បញ្ហា​ដាច់​ភ្លើង ទឹក​ក៏​មាន​បញ្ហា ដែរ​គឺ​ពេលខ្លះ​មាន​និង​ពេលខ្លះ​បើក​ចេញ​តិចៗ​ដែល​រឿង​ទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់ នៅ​របស់​ពលរដ្ឋ​និង​ការ​ប្រកប​អាជីវកម្ម៖ «មួយរយៈ​ហ្នឹង​ទឹក​ខ្សោយ​កន្លែង​ខ្វះ​ដាច់​កន្លែង​ខ្សោយ​បើ​អត់​ចង់​ចេញ ភ្លើង​ពេលខ្លះ​ក៏​មាន​ពេលខ្លះ​មាន​វិញ​ទៅ​អត់​ទៀងទាត់ ពេល​ខ្វះ​ទឹក​ខ្វះ​ភ្លើង​អ៊ីចឹង​ទៅ​យ៉ាប់​ណាស់​អ្វីៗ​គាំង»។

លោក​លើក​ជា​សំនួរ​ថា រដ្ឋាភិបាល​ទើប​អួតអាង​ថា ក្រោយ​មាន​វត្តមាន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​ប៉ុន្តែ​ហេតុអ្វី​ទីក្រុង​ភ្នំពេញ​ដែល​ជា​បេះដូង​ប្រទេស​កម្ពុជា​ជួប​បញ្ហា​ខ្វះ​ភ្លើង​ប្រើប្រាស់​ដូច្នេះ?។

ពលរដ្ឋ​រូប​នេះ​បន្ត​ទៀត​ថា ដើម្បី​អាច​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក និង​អគ្គិសនី​ប្រើប្រាស់​រដ្ឋាភិបាល​គួរ​សិក្សា​ពី​បញ្ហា​ពាក់ព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​ដូច​ជា​ការ​បម្រែបម្រួល​អាកាសធាតុ ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ជាដើម៖ «ប្រ​ទស​យើង​មាន​ទឹក​មាន​ទន្លេ​គ្រប់​កន្លែង​នៅ​ខ្វះ​ទឹក​ដល់​អ៊ីចឹង​ទៅ​វា​ចំឡែក ធម្មតា​នៅ​ពេល​កាប់​បំផ្លាញ​ព្រៃឈើ​ហើយ​ទឹក​ត្រូវ​បាន​គេ​គ្រប់គ្រង​អ៊ីចឹង​ទៅ​វា​ខ្វះ​ហើយ​ទឹក»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​កណ្ដាល​ក្រុងភ្នំពេញ​ម្ដុំ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កញ្ញា ឡេង ចិន្តា​

​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ដាច់​ភ្លើង និង​ទឹក​រយៈ​ប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កញ្ញា​ជាខ្លាំង​ដោយ​កញ្ញា​ត្រូវ​រត់​ទៅ​ធ្វើការ​នៅ​ហាង​កាហ្វេ ឬ​កន្លែង​មាន​ភ្លើង​គ្រប់​គ្រាប់​ដើម្បី​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់លើ។ កញ្ញា ឡេង ចិន្តា ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​កញ្ញា​ធុញថប់​ណាស់ ព្រោះ​កន្លែង​ការងារ​គ្មាន​ភ្លើង​ប្រើប្រាស់​ទៅ​ហើយ​ពេល​មក​ដល់​ផ្ទះ​ត្រូវ​ក្តៅ​ស្អុះស្អាប់​គ្មាន​ភ្លើង​ប្រើ និង​គ្មាន​ទឹក​ងូត​ទៀត​ផង៖ «ដាច់​ភ្លើង​ដូច​គេ​ដូច​ឯង​ដាច់​យូរៗ​រាល់ដង ដាច់​ពេលយប់​ដាច់​មួយ​ភ្លែតៗ​អ៊ីចឹង​ណា ប៉ុន្តែ​នេះ​ដាច់​រាប់​ជា​ម៉ោង និយាយ​ទៅ​រំខាន​ការងារ អត់​យល់ថា ហេតុ​អី​បាន​មេឃ​កាន់តែ​ក្តៅ​ដាច់​ភ្លើង​ខ្ញុំ​គ្រាន់​មាន​ជា​ចម្ងល់ ប៉ុន្តែ​មិនដែល​ដឹង​ថា​មកពី​អី​ទេ»។

រីឯ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ ក៏​បង្ហាញ​ការ​មិន​ពេញចិត្ត​នឹង​រៀបរាប់​ពី​ទុក្ខ​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម​មួយ​នេះ​យ៉ាង​ព្រោងព្រាត។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ លោក សំ នឿន បាន​បង្ហោះ​សារ​ជា​កំណាព្យ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ទាក់ទង​នឹង​បញ្ហា​ដាច់​ភ្លើង និង​ទឹក​ថា “​សុក្រ​ស្មុគ​ដូច​សៅរ៍ ដាច់​ភ្លើង មេឃ​ក្ដៅ កូនចៅ​ដេក​ព្រួយ ស្រូវ​ស្រែ​ប្រែ​ស្វិត ចិត្ត​ចាប់​រញ្ជួយ ទឹក​ភ្លើង​រាស្ត្រ​ព្រួយ សូម​ជួយ​កុន​កែ”។

ហ្វេសប៊ុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ជូនដំណឹង​ថ្ងៃ​ទី​១៧ មីនា ថា ករណី​ដាច់​ភ្លើង​ក្នុង​ក្រុងភ្នំពេញ​នៅតែ​បន្ត​កើតមាន​ដដែល។ ប្រភព​បន្ត​ថា ករណី​ដាច់​ចរន្តអគ្គិសនី​នៅ ភូមិ​កប់​ស្រូវធំ និង ភូមិ​កប់​ស្រូវតូច សង្កាត់​គោករកា ខណ្ឌ​ព្រែ​ព្នៅ​ហើយ​ពេលនេះ​ក្រុមការងារ​បច្ចេកទេស​កំពុង​ធ្វើការ​ពិនិត្យ ដើម្បី​ជួសជុល និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឱ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​។ កាលពី​ថ្ងៃ​ទី​១៥ មីនា អគ្គិសនី​កម្ពុជា​ជូនដំណឹង​ថា ការ​ដាច់​ភ្លើង​ដោយសារ​អាកាសធាតុ ក្ដៅ​ខ្លាំង​តម្រូវការ​នៃ​ការប្រើប្រាស់​អគ្គិសនី​មានការ​កើន​ឡើង ដូច្នេះ​ធ្វើ​ឱ្យ​តំបន់​ខ្លះ​នៅ​ភ្នំពេញ​ជួប​បញ្ហា​ដាច់​ភ្លើង​។

ជុំវិញ​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី ឱ្យ​អាស៊ីសេរី​ដឹង​យ៉ាង​ខ្លី ថា ករណី​នេះ​ទាក់ទង​ទៅ​នឹង​បញ្ហា​បច្ចេកទេស​របស់​អគ្គិសនី​កម្ពុជា។

ខណៈ​មានការ​រិះគន់​ផ្ទួនៗ​ពី​ពលរដ្ឋ​ដូចនេះ ប្រមុខ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ល្ងាច​ថ្ងៃទី​១៦ ខែ​មីនា ថ្លែង​ថា ក្រុងភ្នំពេញ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ចរន្តអគ្គិសនី​រហូតដល់ ៤០០​មេហ្គាវាត់។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា​ត្រូវ​ទិញ​ភ្លើង ពី​នាវា​របស់​ប្រទេស​តួកគី ហើយ​នៅ​ពេល​នេះ​កំពុង​រង់ចាំ​នាវា​ប្រទេស​តួកគី​ធ្វើ​ដំណើរ​មក​កម្ពុជា។

លោក​ស្នើ​ទៅ​ពលរដ្ឋ សូម​ឱ្យ​មានការ​យោគយល់​ចំពោះ​បញ្ហា​នេះ និង​ស្នើ​ទៅ​ម្ចាស់​សណ្ឋាគារ និង​កន្លែង​អាជីវកម្ម ផ្សេងទៀត​ដែល​មាន​ម៉ាស៊ីនភ្លើង​ខ្លួនឯង​ប្រើ​ម៉ាស៊ីន​ខ្លួន​សិន​ទៅ​។ លោក ហ៊ុន សែន បញ្ជាក់​ថា បញ្ហា​ខ្វះខាត​អគ្គិសនី​នេះ​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​ដែល​បាន​ធ្វើ​ឱ្យ​ខ្វះ​ទឹក និង ធ្វើ​ឱ្យ​វារីអគ្គិសនី​មួយ​ចំនួន​មិន​អាច​ផលិត​ថាមពល​បាន​គ្រប់គ្រាន់​។ ទោះ​មានការ​អំពាវនាវ​របស់​លោក ហ៊ុន សែន បែបនេះ​ក្តី ពលរដ្ឋ​មួយ​ចំនួន​យល់ថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ គួរ​លាឈប់​ពី​តំណែង ព្រោះ​មន្ត្រី​រូប​នេះ​គ្មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការ​គ្រប់គ្រង​ការងារ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។