EDC ថា អ្នក​ប្រើ​ប្រព័ន្ធ​ថាមពល​សូឡា តែមួយ​មុខ​មិន​ចាំបាច់​ធ្វើ​ស្វ័យ​ប្រកាស​ទេ

2024.07.11

ពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ការណ៍​ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ប្រកាស​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្វ័យ​ប្រកាស​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ឬ​ហៅថា​សូ​ឡា (Solar) នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​ការ​ប្រកប​របរ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ពីព្រោះ​បច្ចុប្បន្ន​ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល​។ ពួកគាត់​យល់​ឃើញ​ថា បញ្ហា​នេះ​នឹង​បង្ក​ឱ្យ​ពួកគាត់​មាន​ភាពស្មុគស្មាញ ហើយ​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ដោយ​ងាក​ប្រើ​ចង្កៀង​ជំនួស​។ ចុងក្រោយ​នេះ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចេញ​មុខ​បកស្រាយ​សាជាថ្មី​ថា អ្នក​ប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​សូ​ឡា តែមួយ​មុខ មិន​ចាំបាច់​ធ្វើ​ស្វ័យ​ប្រកាស​ទេ។

ក្រោយពី​រដ្ឋាភិបាល​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ឬ​សូ​ឡា ទាំងអស់​ត្រូវ​ចុះ​កិច្ចសន្យា​ប្រើប្រាស់​ថ្លៃ​សូ​ឡា​ជាមួយ​អ្នកផ្គត់ផ្គង់​ដើម្បី​ដាក់ពាក្យ​ស្វ័យ​ប្រកាស​ពី​ការប្រើប្រាស់​សូ​ឡា ពេល​នេះ​មាន​ពលរដ្ឋ​មួយចំនួន​នាំគ្នា​ដោះ​បន្ទះ​សូឡា​ចេញពី​លើដំបូល​ផ្ទះ និង​ខ្លះ​ទៀត​បារម្ភ​ពី​ការ​ផាក​ពិន័យ​ពី​រដ្ឋាភិបាល។

កសិករ​នៅ​ខេត្ត​បាត់ដំបង និង​ជាជាង​ត​បណ្ដាញ​អគ្គិសនី លោក ប៉ុន របាំង ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​ប្រើ​ប្រព័ន្ធ​សូឡា​ដែល​មាន​អនុភាព​៥៥០វ៉ាត់ ចំនួន​៣​ផ្ទាំង និង​សូ​ឡា​តូចៗ​មួយ​ចំនួន​ទៀត​ដើម្បី​បូមទឹក​ស្រោច​ដំណាំ និង​ប្រើប្រាស់​នៅក្នុង​ផ្ទះ​។ លោក​បន្ត​ថា សូឡា​គ្រប់​អនុភាព​ទាំងអស់​ពុំគួរ​ធ្វើ​ស្វ័យ​ប្រកាស ឬ​តម្រូវ​ឱ្យ​បង់ថ្លៃ​ចូល​រដ្ឋ​ទៀត​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​ដែល​នាំចូល​បាន​បង់ពន្ធ​រួចរាល់​ហើយ។

លោក ប៉ុន របាំង៖ «សម្រាប់​ទស្សនៈ​របស់ខ្ញុំ​វិញ​រាល់​សូឡា​មិន​ថា ចំនួន​ប៉ុន្តែ​ទេ​ត្រូវ​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ប្រើ​ប្រាស់ ឬ​ក្រុមហ៊ុន​គឺ​គាត់​អត់​មាន​ទៅជា​ដាក់​កំហិត​កំណត់​ប្រើ​ប៉ុណ្ណេះ​យកពន្ធ​ប៉ុណ្ណោះ​យកពន្ធ​ទេ​និយាយ​ចំ​ក្នុង​ចិត្ត​ខ្ញុំ​អត់​សប្បាយចិត្ត​ពេល​គាត់​យកពន្ធ​នៅ​លើ​ផ្ទាំង​សូឡា»

លោក ប៉ុន របាំង ពន្យល់​ថា ការ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ជាមួយនឹង​ប្រព័ន្ធ​សូឡា​គឺ​មិន​បង្ក​ឱ្យ​មាន​ការ​ជ្រាប​ចរន្ត​នោះ​ឡើយ ប៉ុន្តែ​បើ​មាន​ករណី​ជ្រាប​ចរន្ត​គឺ​ដោយសារ​អ្នកបច្ចេកទេស​មិន​បាន​បំពាក់​ឧបករណ៍​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​អគ្គិសនី​កម្ពុជា​កាត់ផ្ដាច់​ចរន្ត​ដើម្បី​ត​បណ្ដាញ​ខ្សែភ្លើង ឬ​មាន​កំហូច​នៅត្រង់​កន្លែង​ណាមួយ​នោះ ភ្លើង​ដែល​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​មិនអាច​ជ្រាប​ចូល​ក្នុង​បណ្ដាញ​អគ្គិសនី​កម្ពុជា​បាន​នោះ​ទេ ដោយសារតែ​ប្រព័ន្ធ​ហ្វ្រេ​កង់​របស់​ប្រព័ន្ធ​សូ​ឡា និង​បណ្ដាញ​អគ្គិសនី​កម្ពុជា​ខុសគ្នា។

លោក ប៉ុន របាំង៖ «ប្រសិនជា​វា​មាន​ចរន្ត​ជ្រាប បើសិនជា​ភ្លើង​ហ្នឹង​ជ្រាបចូល​ទៅ​ក្នុង​ប្រព័ន្ធ​សូ​ឡា​អាហ្នឹង​វា​នឹង​ផ្ទុះ​ឆេះ ហើយ​អត់​អាច​ឆ្លង​បានទេ​ព្រោះ​ហ្វ្រេកង់​វា​ខុសគ្នា​។ ហ្វ្រេកង់​ខុសគ្នា​សាំង​ក្រូន​ចូលគ្នា​នឹង​ឆេះ​ដោយសារ​មាន​ប្រភេទ​ហ្វ្រេកង់​រលក​ស៊ីនុយ​សូអ៊ីត​ឡើង​ចុះៗ​គឺ​វា​ខុសគ្នា​ពីព្រោះ ប្រព័ន្ធ​ចរន្ត​ជាប់ (DC)​ផ្សេង​ប្រភេទ​សូ​ឡា​ផ្សេង ហើយ​ប្រភេទ​ភ្លើង​ចេញពី​សូ​ឡា​ហ្នឹង​វា​មាន​ហ្វ្រេកង់​ខុសពី​ហ្វ្រេកង់​ចេញ​ពី​ឌីណាម៉ូ​ពី​ម៉ាស៊ីន​ភ្លើង (Generator) ផ្សេង»

ចំណែកឯ ពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោកស្រី ហ៊ី ធឿន ថ្លែង​ថា លោកស្រី​ព្រួយបារម្ភ​បញ្ហា​ដែល​រដ្ឋាភិបាល​តម្រូវ​ឱ្យ​លោកស្រី​ធ្វើ​ស្វ័យ​ប្រកាស ពីព្រោះ​បច្ចុប្បន្ន​លោកស្រី​រក​ព្រឹក​ខ្វះ​ល្ងាច​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​នោះ​ទេ​។ លោកស្រី​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ឱ្យ​លោកស្រី​បង់ពន្ធ​លើ​ការប្រើប្រាស់​សូ​ឡា លោកស្រី​នឹង​ងាក​មក​ប្រើប្រាស់​ចង្កៀង​ប្រេង​កាត​វិញ។

លោកស្រី ហ៊ី ធឿន៖ «ប្រសិនជា​គេ​ឱ្យធ្វើ​អ្នកខ្លះ​អត់​មិន​បាន​ប្រហែល​ជា​គេ​ធ្វើ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មាន​ចិត្ត​មួយ​ថា វា​មិន​សម​ទេ គ្នា​ខំ​ទិញ​សូឡា​អស់​លុយ​ហើយ​មក​បង់ពន្ធ ធ្វើ​លិខិត​ទៀត​ពីព្រោះ​សូ​ឡា​គេ​ដើរ​លក់​តើ​មិន​ឱ្យ​ខាង​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​បែបបទ​ឱ្យ​ត្រឹមត្រូវ​ទៅ​ចាំ​លក់​ឱ្យ​ពលរដ្ឋ​ប្រើ​ទី​១​។ ទី​២​បើ​ថា ពលរដ្ឋ​ពិបាក​ពេក​សម្រាប់​រូប​ខ្ញុំ​គិតថា ចង់​អុជចង្កៀង​ដូចដើម​ពីព្រោះ​វា​ឈឺចាប់​ហ្នឹង​ការ​រង​ទុក្ខ​ពេក​ឱ្យ​តែ​ពលរដ្ឋ​មាន​ស្អី​ក៏​ខុស»

ក្ដី​បារម្ភ​របស់​ពលរដ្ឋ​នេះ កើត​ឡើង​ក្រោយ​ពី​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ កាលពី​ថ្ងៃទី​០៤ ខែ​កក្កដា បាន​ចេញ​សេចក្ដីប្រកាស​មួយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​ទាំងអស់​ទៅ​ធ្វើ​ស្វ័យ​ប្រកាស​ពី​ការដំឡើង និង​ប្រើប្រាស់​ជាមួយ​អ្នកផ្គត់ផ្គង់​អគ្គិសនី ឬ​អគ្គិសនី​កម្ពុជា​។ លោក​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សូឡា មិន​ព្រម​ទៅ​ប្រកាស ចន្លោះ​ពី​ថ្ងៃ​ទី​០៤ ខែកក្កដា រហូតដល់​ថ្ងៃទី​១៥ ខែសីហា ហើយ​លោក​ព្រមាន​ពលរដ្ឋ​ដែល​មិនទាន់​ធ្វើ​ស្វ័យប្រកាស​នឹង​ត្រូវ​ផាកពិន័យ ឬ​ឱ្យ​បង់ថ្លៃ​ប៉ះប៉ូវ ហើយ​ប្រឈម​ការ​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​ជា​បណ្ដោះអាសន្ន​។ ទោះជា​យ៉ាងណា លោក យឹម វិសិដ្ឋ មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផាកពិន័យ​នោះ​ទេ។

ការ​ព្រមាន​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រិះគន់​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បង្ហាញ​ការ​មិន​ពេញ​រហូតដល់​ពលរដ្ឋ​ខ្លះ​រុះរើ​បន្ទះ​សូ​ឡា​ចេញ​ពី​ដំបូលផ្ទះ​វិញ ដោយសារ​ខ្លាច​រដ្ឋ​យក​ពន្ធ។ ប៉ុន្តែ​ក្រោយពី​មាន​ប្រតិកម្ម​ជុំ​ទិស​បែបនេះ លោក យឹម វិសិដ្ឋ និង​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ទី នរិន្ទ បាន​ចេញ​មក​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី៦ ខែ​កក្កដា។

ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក យឹម វិសិដ្ឋ បាន​បកស្រាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ថា គោលបំណង​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សូឡា ធ្វើ​ស្វ័យ​ប្រកាស​គឺ​ដើម្បី​ចង់​ដឹង​ពី​ចំនួន​ពលរដ្ឋ​ប្រើប្រាស់ និង​ការពារ​ការ​ជ្រាប​ចរន្ត​នៅពេល​មានការ​ត​បណ្ដាញ​នៅ​ក្បែរ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​ដោយ​ត​ភ្ជាប់​ពី​បណ្ដាញ​អគ្គិសនី​ជាតិ​។ លោក យឹម វិសិដ្ឋ បញ្ជាក់​ថា ការ​ប្រកាស​នេះ​គឺ​ធ្វើ​តែ​ចំពោះ​ពលរដ្ឋ ឬ​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម​ណា​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​សូឡា​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​ជាតិ និង​តម្រូវ​ឱ្យ​បង់ប្រាក់​ថ្លៃ​ប៉ះប៉ូវ ហើយ​ប្រឈម​នឹង​ការ​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​ជា​បណ្ដោះអាសន្ន។ ដោយឡែក​ពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា​ដោយ​មិន​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី រួមមាន អំពូល​សូ​ឡា​នៅ​តាម​ទី​សាធារណៈ ម៉ូទ័រ​បូមទឹក​ជាដើម គឺ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​ប៉ះប៉ូវ​ឬ​ធ្វើ​ស្វ័យ​ប្រកាស​នោះ​ទេ។

លោក យឹម វិសិដ្ឋ៖ «ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​គាត់​បាន​ដំឡើង​នេះ ហើយ​ធ្វើ​ស្វ័យ​ប្រកាស​គឺ​ប្រព័ន្ធ​ទាំងឡាយ​ណា​ដែល​គាត់​បាន​ប្រើប្រាស់​គាត់​បាន​ដំឡើង​ហើយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ប្រើប្រាស់​ជាមួយ​បណ្ដាញ​ផ្ទះ ឬ​ទីតាំង​របស់​គាត់។ ដោយឡែក​ប្រព័ន្ធ​ផ្សេងទៀត​ដែល​យើង​ហៅថា​ប្រព័ន្ធ​ប្រើប្រាស់ ដាច់​ដោយឡែក ដូចជា​អំពូល​សូឡា​នៅ​តាម​របង​ក៏ដោយ បំភ្លឺ​តាមផ្លូវ​សាធារណៈ​ទូទៅ​ក៏ដោយ​ដែល​មាន​ម៉ូទ័រ​បូមទឹក​ក៏ដោយ​ឆ្នាំង​ដាំបាយ​ក៏ដោយ​មិន​ពាក់ព័ន្ធ​ធ្វើ​ស្វ័យ​ប្រកាស​នោះ​ទេ»

ប្រព័ន្ធ​សូ​ឡា​គឺជា​ប្រព័ន្ធ​បម្លែង​ពន្លឺព្រះអាទិត្យ​ឱ្យ​ទៅ​ជា​ថាមពល​អគ្គិសនី ដោយ​តម្រូវការ​ប្រើប្រាស់​ថាមពល​មាន​លក្ខណៈ​ខុសគ្នាៗ​ទៅតាម​ប្រភេទ​គ្រឿង​ទទួល ដូច្នេះ​ទើប​គេ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ភ្លើង DC ប្រព័ន្ធ​ភ្លើង​AC និង​ប្រព័ន្ធ​ភ្លើង​កូនកាត់​ឬ​ហៅថា Hybrid​។ ប្រព័ន្ធ​ភ្លើង Hybrid គឺ​ការ​ភ្ជាប់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ ឬ​សូឡា ទៅជា​មួយ​បណ្ដាញ​អគ្គិសនី​ជាតិ​ដែល​មាន​តង់ស្យុង​២២០​វ៉ុល (220V)

សូឡា​មាន​២​ប្រភេទ គឺ​សូឡាផានែល (Solar panels) ប្រើប្រាស់​សម្រាប់​លំនៅឋាន និង​សូឡាស៊ែល (Solar cell) ប្រើប្រាស់​នៅ​លើ​ដំបូល​អាគារ​ពាណិជ្ជកម្ម ឬ​ភ្ជាប់​ជាមួយ​ម៉ាស៊ីនភ្លើង និង​ប្រភព​ថាមពល​ផ្សេងៗ។

ចំណែកឯ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ទី នរិន្ទ ថ្លែង​ថា គ្រប់​ប្រភព​ថាមពល​ទាំងអស់​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង​នោះ​ក៏​មាន​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​សូ​ឡា​ផង​ដែរ។

លោក ទី នរិន្ទ៖ «គ្រាន់តែ​បញ្ជាក់​ជា​គោលនយោបាយ​ធំៗ​តាម​ពិត​ទៅ​ប្រភព​អី​ក៏ដោយ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ហើយ​ពន្លឺព្រះអាទិត្យ​នេះ គឺជា​ប្រភព​មួយ​អ៊ីចឹង ការបង្កើត​ប្រភព​ពន្លឺព្រះអាទិត្យ នេះ​វា​មាន​តាំងពី​ការបង្កើត​ស្ថានីយ​ពន្លឺព្រះអាទិត្យ​ធំៗ​ដែល​ធ្វើ​ដោយ​អគ្គិសនី​កម្ពុជា ហើយ​ហ្នឹង​ការ​ដាក់​ពន្លឺ​ដំបូល​អាគារ ឬក៏​ដំបូលផ្ទះ គេហដ្ឋាន​តាម​ផ្ទះ​នីមួយៗ»

ទោះជា​មានការ​បកស្រាយ​ដូច្នេះ​ក្ដី​រដ្ឋាភិបាល​នៅតែ​រង​ការរិះគន់​ពី​មហាជន​ដដែល​ដោយសារ​ពលរដ្ឋ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​នោះ​ទេ ប៉ុន្តែ​បែរជា​ជំរិត​ទារពន្ធ​ពី​ពួកគាត់​ទៅវិញ។

ដោយសារតែ​ខ្លាច​ពលរដ្ឋ​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​០៩ ខែកក្កដា ថា ប្រព័ន្ធ​សូឡា​ដែល​មិន​ភ្ជាប់​ជាមួយ​ជា​បណ្ដាញ​អគ្គិសនី​ជាតិ ហើយ​ដែល​មាន​ទំហំ និង​អនុភាព​ចាប់ពី​៨០​វ៉ា​ត់ រហូតដល់​១​ពាន់​វ៉ាត់ ឬ​លើស​ពី​នេះ​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្វ័យ​ប្រកាស ឬ​ជូនដំណឹង​ដល់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ឡើយ។

លោក កែវ រតនៈ៖ «ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​យក​ឱកាស​នេះ​អំពាវនាវ​ឱ្យ​បងប្អូន​មួយចំនួន​ដែល​មាន​គំនិត​មិនសូវ​ជា​ចង់​ដឹង ប៉ុន្តែ​របៀប​ជា​បង្កើត​ជា​បញ្ហា​ផ្សេងៗ​សូម​ឱ្យ​គិតថា​នេះ​ជា​បញ្ហា​រួមគ្នា​ដែល​យើង​អាច​សិក្សា​ដើម្បី​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​ស្រុកទេស​យើង​ក៏ដូចជា​សង្គម​គ្រួសារ​យើង​។ ចាប់​ដំបូង​អំពី​បញ្ហា​ប្រព័ន្ធ​បណ្ដាញ​ពន្លឺព្រះអាទិត្យ​ដែល​យើង​ប្រើប្រាស់​មិន​ពាក់ព័ន្ធ​ជាមួយនឹង​ប្រកាស ឬមួយ​រាយការណ៍​ទៅ​អ្នកណា​ទាំងអស់ គឺ​អត់​ចាំបាច់​រាយការណ៍​អត់​ចាំបាច់​ប្រកាស ហើយ​ប្រើ​ដោយ​សេរី»

កាលពី​ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ប្រកាស​អះអាង​ថា រដ្ឋាភិបាល​បាន​ខាត​ទឹកប្រាក់​ចំនួន​១៣០​លាន​ដុល្លារ ដើម្បី​ទប់​ថ្លៃ​ខាតបង់​ក្នុង​ការ​បញ្ចុះតម្លៃ​អគ្គិសនី លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍។

ទាក់ទង​នឹង​ភាព​ចម្រូងចម្រាស​នេះ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​បកស្រាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សូ​ឡា​គឺជា​រឿង​ល្អ ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន​បាន​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល ពីព្រោះ​បញ្ហា​ប្រឈម​ដែល​កើត​មានឡើង​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​។ លោក​បន្ត​ថា បច្ចុប្បន្ន សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្សត់ខ្សោយ ទើប​ពួកគាត់​ចង់​ឬ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ ឬ​សូឡា។

លោក ស៊ឹង សែនករុណា៖ «ហើយ​ពួកគាត់​មិន​គិត​ថា វា​ជា​បញ្ហា​សម្រាប់​ពួកគាត់​ការពារ​នូវ​អ្វី​ដែល​ជា​សមត្ថភាព​ដូច​ដែល​អាជ្ញាធរ​ខិតខំ​ពន្យល់​អី​ទាំង​អស់ហ្នឹង​ទេ​។ ខ្ញុំ​យល់​ថា បច្ចុប្បន្ន​នេះ​រវាង​មន្ត្រី​រវាង​សាធារណជន​ដែល​ប្រើប្រាស់​រាល់​ការ​លើកឡើង​របស់​មន្ត្រី​ទាំងអស់​ហ្នឹង​លេង​មានការ​ជឿជាក់​លេង​មាន​ការ​អនុវត្ត​តាម ឬក៏​ការគោរព​តាម​អី​អស់ហើយ​វា​ហាក់ដូចជា​ប្រព័ន្ធ​នឹង​លេង​មានការ​ទុកចិត្ត​រវាង​រដ្ឋ​ហើយ និង​រាស្ត្រ»

បច្ចុប្បន្ន​កម្ពុជា​នាំចូល​ថាមពល​អគ្គិសនី​ពី​ថៃ វៀតណាម និង​ឡាវ រួម​នឹង​ប្រភព​អគ្គិសនី​បម្រុង​ផ្សេងៗ​មួយ​ចំនួន​ទៀត។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០៤០ ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​វិនិយោគ​បង្កើន​អានុភាព​ប្រភព​អគ្គិសនី​ក្នុង​ស្រុក។

ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​សូឡា ហើយ​ត្រូវ​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់​ពី​គោលនយោបាយ​ទាំងនោះ​។ ពួកគាត់​ថា ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ពលរដ្ឋ​នៅ​តាម​ជនបទ​អាច​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។