ចរន្តអគ្គិសនីនៅសៀមរាបត្រូវកាត់ផ្តាច់ដោយរថយន្តបុកបង្គោលភ្លើង
2013.03.01

ការបាក់បង្គោលអគ្គិសនីនេះ បានធ្វើឲ្យមានការកាត់ផ្ដាច់ចរន្តអគ្គិសនីទៅខេត្តសៀមរាប ឬពុំមានភ្លើងប្រើប្រាស់គ្រប់តាមតម្រូវការ។
ក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិម៉ៅការចរន្តអគ្គិសនីផ្ដាច់មុខ តភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសថៃ មកប្រទេសកម្ពុជា កំពុងចុះត្រួតពិនិត្យការខូចខាតបង្គោលចរន្តអគ្គិសនីចំនួនជាង ១០ដើម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធន់តូច និងរថយន្តធន់ធំចំនួនពីរគ្រឿង ដែលបានបើកបរផ្ទុយទិសដៅគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភូមិអូររំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក កែវ ប៊ុនយឿត អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តកាមរី ដែលបានដឹកប្រហុក បើកបរមកពីខេត្តសៀមរាប ទៅចូលខេត្តបន្ទាយមានជ័យ បានបុកជាមួយនឹងរថយន្តយីឌុបដឹកថ្ម ដែលបើកបរទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត។
លោក កែវ ប៊ុនយឿត៖ «ឡានដឹកប្រហុកកាមរី ដឹកមកពីសៀមរាប ឆ្ពោះទៅប៉ោយប៉ែត នេះតាមយើងមើលគោលដៅ ហើយមកដល់ហ្នឹងវាក់ជាមួយឡានដឹកថ្មចេញពីភ្នំធំយើងមង្គលបុរី ឆ្ពោះទៅសៀមរាប ហើយបានបុកពាក់កណ្ដាលផ្លូវធ្លាក់ទៅស្នាមភ្លោះ ទៅប៉ះបង្គោលភ្លើងរបស់ក្រុមហ៊ុនថៃ បណ្ដាលឲ្យបាក់បង្គោលភ្លើងនោះ ១០បង្គោល វាកាច់បាក់ពាក់កណ្ដាល វាអត់ដំណើរការបាន ហើយកន្លែងខ្លះធ្លាក់រយាបដល់ដី»។
សមត្ថកិច្ចប៉ូលិសសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះទំនងកើតឡើងដោយសារតែអ្នកបើកបររថយន្តតូចដឹកប្រហុកនោះ ទំនងដូចជាងងុយដេក ហើយរ៉េចង្កូតទៅបុករថយន្តធំ ធ្វើអោយរថយន្តធំរ៉េចង្កូតបន្តទៅបុកបង្គោលភ្លើង។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់នេះមិនបណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនោះទេ៖ «តៃកុងឡានហ្នឹង វារត់គេចចេញពីកន្លែងកើតហេតុអស់ ឡានប្រហុករហាចពេញផ្លូវ ល្បឿនលឿន ហើយយើងសន្និដ្ឋានអាលឿន ហើយចូលទៅបុកបង្គោលប៉ុណ្ណា បុកល្បើកទាំងគ្រឹះទៀត»។
ចំពោះរថយន្តបង្កគ្រោះថ្នាក់ទាំងពីរគ្រឿង ត្រូវបានប៉ូលិសយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។ ក្រៅពីការបាក់បង្គោលចរន្តអគ្គិសនីដល់ដីចំនួន ១០ដើម នៅមានបង្គោលភ្លើងជាច្រើនដើមទៀតដួលទ្រេតបណ្ដាលឲ្យចរន្តអគ្គិសនីដែលក្រុមហ៊ុនបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
ប្រធានអគ្គិសនីកម្ពុជា ខេត្តបន្ទាយមានជ័យ លោក ពុធ សុភក្ត្រ បានបញ្ជាក់ថា បង្គោលចែកចាយចរន្តអគ្គិសនី ត្រូវបានកាត់ផ្ដាច់នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ធ្វើឲ្យខេត្តសៀមរាប ដែលទទួលប្រើប្រាស់ចរន្តអគ្គិសនីពីខេត្តបន្ទាយមានជ័យ ពុំអាចមានចរន្តអគ្គិសនីប្រើប្រាស់។ គេពុំដឹងថា ថ្ងៃណាទើបអាចមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនោះទេ។ លោកបន្តថា យ៉ាងណាក៏ដោយ ខាងអគ្គិសនីខេត្តកំពុងតែទំនាក់ទំនងជាមួយក្រុមហ៊ុនចែកចាយភ្លើងពីប្រទេសថៃ ដើម្បីរកបង្គោលភ្លើងទៅដាំជំនួសបង្គោលដែលបានដួលរលំនោះឡើងវិញ។ ក្រុមហ៊ុនស៊ីភីធីអិល (CPTL) ដែលទទួលបានសិទ្ធិតភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសថៃ មកខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាអ្នកទទួលខុសត្រូវក្នុងការរៀបដាក់ដាំបង្គោលភ្លើងនេះឡើងវិញ។
លោក ពុធ សុភក្ត្រ៖ «ខាងភាគ ស៊ីភីធីអិល សៀមរាប ហ្នឹងគេមកដែរ គេទាក់ទងទៅក្រុមហ៊ុនមួយទៀត ដើម្បីមកធ្វើឡើងវិញពីភ្នំពេញមក ព្រោះឡាននៅបន្ទាយមានជ័យ អត់មានឡានណាដឹកសសរ ២២ម៉ែត្រហ្នឹងទេ មានតែ ១២ម៉ែត្រ។ អ៊ីចឹងឡានវាត្រូវការឡានវែងដឹកពីប៉ោយប៉ែត មកដើម្បីជួសជុលឡើងវិញ។ បង្គោលនោះ បង្គោលមកពីថៃ ប៉ុន្តែគេស្តុកនៅប៉ោយប៉ែត»។
ប្រធានអគ្គិសនីកម្ពុជា ខេត្តបន្ទាយមានជ័យ លោក ពុធ សុភក្ត្រ បានបញ្ជាក់ថា នៅខេត្តសៀមរាប គេមានម៉ាស៊ីនភ្លើងមានកម្លាំង ១០មេហ្គាវ៉ាត់ ប៉ុន្តែតម្រូវការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃនៅខេត្តសៀមរាប ឡើងទៅ ៤០-៤៥មេហ្គាវ៉ាត់ ដូច្នេះហើយខេត្តសៀមរាប មិនអាចមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
អភិបាលខេត្តសៀមរាប លោក សូ ភិរិន បានបញ្ជាក់បន្ថែមថា កម្លាំងម៉ាស៊ីនភ្លើងនៅខេត្តសៀមរាប មិនអាចផ្ដល់ថាមពលអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់នោះទេ ប៉ុន្តែលោកអះអាងថា អាជ្ញាធរខេត្តនឹងខិតខំប្រឹងប្រែងសហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលធ្វើការដោះស្រាយបញ្ហានេះ៖ «កំពុងធ្វើកិច្ចការងារហ្នឹង មិនឲ្យលំបាក បញ្ហាអាជីវកម្ម បញ្ហាទេសចរ ហើយម៉ាស៊ីននៅកន្លែងខ្លះ ក៏គេមានម៉ាស៊ីនឯកជនត្រៀមដែរ នៅពេលរដ្ឋផ្គត់ផ្គង់មិនគ្រប់ និយាយទៅយើងយកចិត្តទុកដាក់គ្រប់បែបយ៉ាងទាំងអស់»។
បណ្ដាញចរន្តអគ្គិសនីតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប បានកាត់ផ្ដាច់ទាំងស្រុងនៅព្រឹកថ្ងៃទី២៨ កុម្ភៈ ដោយសារបង្គោលភ្លើងអគ្គិសនីដែលមានកម្ពស់ខ្ពស់រហូតទៅដល់ ២២ម៉ែត្រនោះ ត្រូវបាក់ខូចខាតរួចមក។ រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងថា ការជួសជុលដាំបង្គោលអគ្គិសនីនោះឡើងវិញ នឹងត្រូវចំណាយអស់រយៈពេលប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែមន្ត្រីជំនាញរបស់ក្រុមហ៊ុនថៃ ស៊ីភីធីអិល ដែលទទួលម៉ៅការ បានបញ្ជាក់ថា យ៉ាងតិចក៏ចំណាយរយៈពេល ១ខែដែរ។ បញ្ហានេះអាចធ្វើឲ្យខេត្តសៀមរាប ខ្វះភ្លើងអគ្គិសនីប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។