ក្រសួងរ៉ែ និងថាមពល ប្រកាសពីគម្រោងកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់វិស័យ៤ សំខាន់ៗ រយៈពេល ៥ខែ ដែលនឹងចាប់ផ្តើមពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០២០ ដើម្បីជំរុញឱ្យបន្តសេវាផលិតកម្ម ក្នុងអំឡុងពេលរាតត្បាតសកលនៃជំងឺកូវីដ១៩ (Covid-19)។
មន្ត្រីសង្គមស៊ីវិលស្វាគមន៍ចំពោះវិធានការទាំងនេះ ប៉ុន្តែស្នើសុំឱ្យរដ្ឋាភិបាលគិតគូរ ដោះស្រាយបញ្ហាទឹកភ្លើង ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ឱ្យដឹងថា វិស័យ៤សំខាន់ៗ ដែលនឹងទទួលបានការកាត់បន្ថយតម្លៃអគ្គិសនី ២៥% រួមមានវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងវិស័យសេវាកម្ម។
លោក ស៊ុយ សែម ប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា វិធានការកាត់បន្ថយតម្លៃអគ្គិសនីរយៈពេល ៥ខែនេះ គឺជាការលើកទឹកចិត្ត និងផ្ដល់លទ្ធភាពដល់វិស័យទាំងនេះដែលរងផលប៉ះពាល់ផ្សេងៗ អាចបន្តប្រតិបត្តិការអាជីវកម្ម និងសកម្មភាពផលិតកម្មរបស់ខ្លួន ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩នេះ។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា ការកាត់បន្ថយតម្លៃអគ្គិសនី ២៥%នេះ គឺសម្រាប់ពេល ៥ខែ ចាប់ពីខែមិថុនា ដល់ខែតុលា ហើយតម្លៃចុះនេះ គឺផ្អែកទៅលើបរិមាណប្រើប្រាស់ថាមពលអគ្គិសនីជាមធ្យម ក្នុងរយៈពេល ៣ខែចុងក្រោយ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២០នេះ។
អាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយជុំវិញរឿងនេះ ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានទេ ដោយលោកលើកទូរស័ព្ទហើយ ចុចផ្ដាច់ទៅវិញ ដោយប្រាប់ថា រវល់។ ប៉ុន្តែលោកបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកសាទរចំណាត់ការនេះ ពីព្រោះ GMAC ធ្លាប់ស្នើសុំរឿងនេះកន្លងមក។ លោក ខេន លូ បន្តថា វិធានការនេះនឹងជួយដល់រោងចក្រដែលផ្អាកដំណើរការ ហើយក៏កាត់បន្ថយបន្ទុករបស់រោងចក្រផ្សេងទៀត។
ចំណែកមន្ត្រីសង្គមស៊ីវិលវិញ ក៏ស្វាគមន៍វិធានការទាំងនេះ ប៉ុន្តែស្នើសុំឱ្យរដ្ឋាភិបាលគិតគូរ ដោះស្រាយបញ្ហាទឹកភ្លើង ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ ដូចជាកម្មករនិងកសិករជាដើម។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា រដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃអគ្គិសនីដល់សហគ្រាសតូចធំ គឺជារឿងល្អ ពីព្រោះតម្លៃអគ្គិសនីនេះ គឺវាថ្លៃជាងប្រទេសជិតខាងទៅហើយ ដូច្នេះ ការបន្ធូរបន្ថយតម្លៃនេះ គឺជួយបានច្រើនដល់វិស័យឧស្សាហកម្មកាត់ដេរ៖ «ក្រុមហ៊ុនកន្លងមក ក៏បានស្នើដល់រដ្ឋាភិបាលដែរឱ្យចុះតម្លៃអគ្គិសនីនេះ។ ខ្ញុំគិតថា ការចុះតម្លៃ នាពេលនេះ ពិតជាបានចូលរួមចំណែកឱ្យក្រុមហ៊ុន អាចដំណើរបាន។ ប៉ុន្តែបើចុះរយៈពេលយូរ ជាជាងតែ ៥ខែ នោះវាអាចទាក់ទាញអ្នកវិយោគទុនរយៈពេលវែង»។
ពាក់ព័ន្ធនឹងវិស័យកសិកម្មវិញ ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន បង្ហាញជំហរគាំទ្រចំពោះការកាត់បន្ថយតម្លៃអគ្គិសនីនេះ។ ក៏ប៉ុន្តែលោកស្នើសុំឱ្យរដ្ឋាភិបាល គិតគូរដោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលបានបាត់បង់ការងារនិងប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារការរាតត្បាតសកលនៃជំងឺកូវីដ១៩នេះ៖ «ខ្ញុំគិតថា នេះជាយុទ្ធសាស្ត្រមួយ របស់រដ្ឋាភិបាលក្នុងការគាំទ្រលើវិស័យឧស្សាហកម្ម និងផលិតកម្ម ដើម្បីធានាវិស័យទាំងនេះ អាចដំណើរការបាន។ ប៉ុន្តែខ្ញុំគិតថា ការគាំទ្រនេះ គឺចំពោះអ្នកដែលមានលទ្ធភាពធនធានខ្លះ រួចទៅហើយ ដូចនេះខ្ញុំសូមអំពាវនាវឱ្យរដ្ឋាភិបាល គួរតែបន្ថូរបន្ថយជួយសម្រាលដល់អ្នកក្រីក្រផង»។
ស្ថិតិក្រសួងការងារឱ្យដឹងថា រហូតមកដល់ពេលនេះ មានកម្មករជាង ១សែន ១ម៉ឺននាក់ ត្រូវបានរោងចក្រសុំព្យួរការងារ មានសរុបទាំងអស់ ជាង ៣៣០រោងចក្រ ប៉ុន្តែរោងចក្រជាង ១០០ បានដំណើរការឡើងវិញ។ ដូច្នេះ មានរោងចក្រចំនួន ២៣៧ កំពុងព្យួរកិច្ចសន្យាការងារកម្មករជាស្ថាពរ។ ចំណែករោចចក្រ ចំនួន ២០ បិទជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។