នារី​បម្រើ​សេវា​កម្សាន្ត​ខ្លះ នៅ​ប្រឈម​ភាព​គ្មាន​ការងារ​ធ្វើ និង​ខ្លះ​ទៀត​រួមគ្នា​ដេរ​ម៉ាស់​លក់

0:00 / 0:00

ស្ត្រី​បម្រើ​សេវា​កម្សាន្ត​មួយ​ចំនួន បាន​រួមគ្នា​បង្កើត​ជា​ក្រុម​ដេរ​ម៉ាស់​លក់ ដោយសារតែ​ពួកគេ​បាន​បាត់បង់​ការងារ​ជាច្រើន​ខែ​មក​ហើយ​។ ពួកគេ​ស្នើ​ទៅ​សាធារណជន ជួយ​គាំទ្រ​ទិញ​ម៉ាស់​ដើម្បី​អាច​ឱ្យ​ពួកគេ ទទួល​បាន​ថវិកា​សម្រាប់​ចិញ្ចឹមជីវិត ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​បិទ​កន្លែងធ្វើការ​ពួកគេ។

ក្រុម​ស្ត្រី​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត និង​មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការងារ​ផ្នែក​នេះ នៅតែ​ទទូច​ដល់​រដ្ឋាភិបាល ឲ្យ​ជួយឧបត្ថម្ភ​ថវិកា ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ព្រោះ​ពួកគាត់​បាន​បាត់បង់​ការងារ​ជាច្រើន​ខែ​មក​ហើយ។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​សេវា​កម្សាន្ត​ម្ដង​ទៀត ក្រោយ​មាន​ការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ​-១៩ រលក​ទី​២ ចាប់​តាំង​ពី​ថ្ងៃទី៤ ខែ​វិច្ឆិកា គឺ​ក្រោយ​ថ្នាក់​នាំ​រដ្ឋាភិបាល​ធ្វេស​ប្រហែល និង​បំពាន​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពេល​ជួប​មន្ត្រី​ការបរទេស​ហុងគ្រី ដែល​ផ្ទុក​ជំងឺ​កូវីដ​-១៩ ហើយ​ដែល​នាំ​ឲ្យ​ជំងឺ​នេះ​ចម្លង​រាលដាល និង​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដល់​សេដ្ឋកិច្ច​ជាតិ។

ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល បិទ​កន្លែង​ការងារ​លោកស្រី​នៅ​ហាង​ខារ៉ាអូខេ កាលពី​ខែ​មីនា​នោះ​មក លោកស្រី​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅឡើយ​ទេ​។ លោកស្រី​ប្រាប់​ទៀត​ថា ទន្ទឹម​នឹង​គ្មាន​ការងារ​ធ្វើ​ពេលនេះ លោកស្រី​ថែមទាំង​មាន​ផ្ទៃពោះ​ទៀត​ផង ដែល​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី កាន់​តែ​មាន​បន្ទុក​ចំណាយ​បន្ថែម​ទៀត៖ « អូន​អើយ​តាំងពី​កូរ៉ូណា​មក ខ្វះ​ខាង​លុយកាក់ គេ​បិទ​រក​លុយ​មិនបាន​។ ឲ្យ​អូន​ឯង​ជួយ​ទៅ​ថ្នាក់លើ​ឲ្យ​ជួយ​ផង ជួយ​ត្រឹម​ថ្លៃ​បន្ទប់​ក៏បាន »

រដ្ឋាភិបាល​បាន​សម្រេច​បិទទ្វារ​សេវាកម្ម​សេវា​កម្សាន្ត ដូចជា​ហាង​ខារ៉ាអូខេ និង​រោង​ភាពយន្ត កាលពី​ថ្ងៃ​ទី១៧ ខែ​មីនា ក្នុង​ហេតុផល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។ ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​មក រដ្ឋាភិបាល​មាន​ការ​បន្ធូរបន្ថយ​ខ្លះ ដោយ​អនុញ្ញាត​ឲ្យ​ហាង​ខ្លះ បើក​ដំណើរ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ទោះ​យ៉ាង​ណា​ក្នុង​ពេល​មា​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ ជា​លើក​ទី​២​នេះ រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា បាន​បញ្ជា​ឲ្យ​បិទ​ហាង​ខារ៉ាអូខេ (KTV) ក្លឹប​កម្សាន្ត រោង​ភាពយន្ត និង​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស ដើម្បី​បង្ការ​ជំងឺ​នេះ។

ស្ថានភាព​លំបាក​ស្រាប់ មិន​ទាន់​បាន​ធូរស្រាល​ផង ឥឡូវ​ស្រាប់តែ​បន្ទុក​មួយ​ទៀត បាន​ចូល​មកដល់​។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​អ្នកស្រី អ៊ូ ទេពផល្លីន ដែល​ធ្វើ​ការងារ​ផ្នែក​វិស័យ​សេវា​កម្សាន្ត សង្កេត​ឃើញ​ថា ស្ត្រី​បម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​មួយ​ចំនួន ជាច្រើន​ខែ​មក​នេះ នៅតែ​ជួប​បញ្ហា​គ្មាន​ការងារ និង​ជួប​ការ​លំបាក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ អ្នកស្រី​យល់​ថា ក្នុង​ការ​ផ្ទុះ​ជំងឺ​កូវីដ​-១៩ ជា​លើក​ទី​២​នេះ គួរណា​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ជួយឧបត្ថម្ភ​ប្រាក់​ដល់​ក្រុម​ស្ត្រី​ទាំងនេះ ទើប​អាច​ជួយ​សម្រាល​បន្ទុក​ពួកគាត់​បាន​ខ្លះ៖ « បើសិនជា​អូស​បន្លាយ​តទៅទៀត ស្ថានភាព​អ៊ីចឹង​តទៅ​ទៀត ពលរដ្ឋ​ប្រឈមមុខ​ភាព​អត់​ឃ្លាន​ដាច់​បាយ​ខ្លាំង​មែនទែន​ ! ដូច្នេះ​ស្នើ​ទៅ​រដ្ឋាភិបាល​ពិនិត្យមើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ កុំ​យក​ហេតុផល​ថា យក​តែ​វិស័យ​នាំមុខ​សេដ្ឋកិច្ច​ហ្នឹង វិស័យ​កាត់ដេរ »

ទាក់ទង​ករណី​នេះ អាស៊ីសេរី​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​ការងារ​លោក ហេង សួរ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន តែ​អ្នក​ទាំងពីរ​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​។​

អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​រដ្ឋាភិបាល​ហាក់​មិនបាន​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​នេះ អង្គការ​អ្នកស្រី​បាន​ផ្ដួចផ្ដើម​បង្កើត​ការងារ​ដល់​ស្ត្រី​ក្នុង​វិស័យ​កម្សាន្ត​មួយ​ចំនួន ដែល​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ខេត្ត​សៀមរាប​។ អ្នកស្រី​បន្ត​ថា អង្គការ​អ្នកស្រី​បាន​ផ្ដល់​ថវិកា​ដល់​ក្រុម​ស្ត្រី​ចំនួន​១០​នាក់ ឱ្យ​រៀន​កាត់ដេរ​ធ្វើ​ម៉ាស់​ក្រណាត់ ដោយ​ម្នាក់​ផ្ដល់​ថវិកា ១៥​ដុល្លារ ឬ ៦​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ​។ អ្នកស្រី​ប្រាប់​ទៀត​ថា ពេល​ពួកគេ​រៀន​ចេះ​អង្គការ​រៀបចំ​ឱ្យ​អ្នក​ទាំងនោះ ដេរ​ម៉ាស់ ដោយ​អង្គការ​ជា​អ្នក​ចេញ​ផ្ដល់​ថវិកា​លើ​ថ្លៃ​ក្រណាត់ ឧបករណ៍ សម្ភារៈ និង​មធ្យោបាយ​ផ្សេងៗ ហើយ​អង្គការ​ផ្ដល់​ថវិកា​មួយ​ពាន់​រៀល នៅ​ពេល​ពួកគាត់​ដេរ​បាន​ម៉ាស់​បាន​មួយ ៖ « តាមរយៈ​ការ​ចំណាយ​កម្លាំង​ពលកម្ម​គឺ ១ . ០០០ រៀល​ហ្នឹង​ឲ្យ​គាត់​ទាំងអស់ ឯ​វត្ថុធាតុដើម យើង​ផ្ដល់​ជូន​ពួកគាត់ »

អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់​ទៀត​ថា ម៉ាស់​ដែល​ក្រុម​ស្ត្រី​ដេរ​បាន អង្គការ​លក់​តម្លៃ​បួន​ពាន់​រៀល​ឬ​ស្មើ​មួយ​ដុល្លារ​ក្នុង​ម៉ាស់​មួយ​។ អ្នកស្រី​បញ្ជាក់​ថា អង្គការ​មិន​បាន​យក​ចំណេញ​លើ​ការផលិត​ម៉ាស​នេះ​ទេ ដោយ​រាល់​ថវិកា​លក់​ម៉ាស់ បាន​យក​សម្រាប់​ទិញ​ផលិត​ធាតុ​ដើម ឬ​ក្រណាត់​សម្រាប់​ឱ្យ​ក្រុម​ស្ត្រី​ផលិត​ម៉ាស់​បន្ត​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ពេលនេះ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ បាន​ស្នើ​ទិញ​ម៉ាស់​ប៉ុន្តែ​សម្រាប់​ទីផ្សារ​ទូទៅ មិនសូវ​ឃើញ​មាន​អតិថិជន​ទាក់ទង​ទិញ​នោះ​ទេ​។ ទោះ​យ៉ាងណា​អ្នកស្រី​ថា សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម កំពុង​ស្វះស្វែង​ពង្រីក​ទីផ្សារ ដើម្បី​ផ្ដល់​ការងារ​បន្ថែម​ដល់​ស្ត្រី​សេវា​កម្សាន្ត​នេះ៖ « ទោះបី​ដេរ​ហ្នឹង ខ្លះ​ទ្រាំ​អត់​បាន ដោយសារ​អត់​ម៉ាស៊ីន​។ ម៉ាស៊ីន​ថ្លៃ គ្មាន​លទ្ធផល​ទិញ »

យោង​តាម​ហ្វេសប៊ុក​របស់​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម (Cfswf Cambodia) ឱ្យដឹងថា ម៉ាស់​ដេរ​ដោយ​ដៃ​នេះ ធ្វើ​ពី​សាច់​ក្រណាត់​មានគុណ​ភាព​ល្អ​មិន​ហប់ មិន​បែកញើស ព្រោះ​ជា​ក្រណាត់​តេតារ៉ុង ត្រជាក់ ដោយ​ផលិត​គិត​ពី​ផាសុកភាព​អ្នកប្រើប្រាស់ ងាយ​បោក​សម្អាត មិន​កាន់​ស្នាម​ប្រឡាក់ ឬ​ធូលី បោក​ប្រើប្រាស់​បាន​ច្រើនដង​ព្រោះ​អ្នក​ផលិត​គិត​ពី​បរិស្ថាន កាត់​បន្ថយ​សំរាម​នៅ​លើ​ផែនដី និង​ធ្វើ​ដោយ​ក្តី​ស្រឡាញ់​។ ម៉ាស់​១​ប្រអប់​តម្លៃ​១០​ដុល្លារ​មាន ១០​ម៉ាស់​។ ប្រភព​ដដែល​បន្ត​ថា តម្លៃ​ម៉ាស់​ថ្លៃ​បន្តិច បើ​ធៀប​លើ​ទីផ្សារ តែ​ពួកគាត់​បាន​ជ្រើសរើស​នូវ​សាច់​ក្រណាត់ ដែល​មាន​គុណភាព​ល្អ។

ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​លោកស្រី ឆេង គឹមយ៉ាន ដែល​ជា​អ្នកដឹកនាំ​ក្រុម​ស្ត្រី​ដេរ​ម៉ាស់ នៅ​ខេត្ត​សៀមរាប ប្រាប់​ថា ក្រុម​លោកស្រី​មាន​សមាជិក​ទាំងអស់​ប្រាំ​នាក់ បាន​ដេរ​ម៉ាស់​ប្រមាណ​ជាង ៤​ខែ​មក​ហើយ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ក្រុម​លោកស្រី តែង​ជួប​គ្នា​ជាប្រចាំ ដើម្បី​ដេរ​ម៉ាស់​នេះ ហើយ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​ម៉ាស ក្រុម​លោកស្រី​ចែក​ស្មើៗ​គ្នា។

លោកស្រី​ប្រាប់​ថា ថវិកា​ក្នុង​ខែ​ខ្លះ លោកស្រី​ទទួល​បាន ៦០​ដុល្លារ ហើយ​ខែ​ខ្លះ​ទៀត ដែល​មាន​ការ​បញ្ជាទិញ​ច្រើន លោកស្រី​អាច​ទទួល​បាន​ថវិកា ១៧០​ដុល្លារ ក្នុង​មួយ​ខែ​។ លោកស្រី​អះអាង​ថា ចំណូល​នេះ មាន​សារៈសំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​លោកស្រី ក្នុង​គ្រា​ដែល​គ្មាន​ការងារ​ធ្វើ​បែប​នេះ៖ « និយាយ​រួម យើង​បាន​ខាង​សហព័ន្ធ គាត់​ជួយ​មក​បាន​ធូរ​មួយ​គ្រាៗ​ដែរ​។ បើ​សិន​យើង​អត់​បាន​ខាង​ណឹង​ទេ គឺ​ពួក​យើង​ពិបាក​ដែរ ដូច​គិត​មើល​ចំណូល​រាល់ថ្ងៃ យើង​អត់​មាន​ចំណូល​ចូល​ទេ ដោយសារ​យើង​អត់​ការងារ​ធ្វើ »

ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​លោកស្រី ភឿង សីណា ប្រាប់​ថា ការ​ធ្វើ​ម៉ាស់​នេះ គឺ​ក្រុម​លោកស្រី​ធ្វើ​ផ្ចិត​ផ្ដង់ មាន​អនាម័យ​ល្អ​។ តែ​ទោះ​យ៉ាងណា លោកស្រី​ត្អូញត្អែរ​ថា ខែ​ខ្លះ​នៅ​ពេល​មិន​សូវ​មាន​ការ​បញ្ជាទិញ លោកស្រី​ក៏​ទទួល​បាន​ចំណូល​តិច​ទៅតាម​ហ្នឹង​ដែរ ដែល​ធ្វើ​ឱ្យ​ការរស់នៅ​របស់​លោក​ស្រី​ជួប​ការ​លំបាក និង​ខ្វះខាត។

ស្ត្រី​រូប​នេះ​ស្នើ​ទៅ​ពលរដ្ឋ​ទូទៅ ឬ​អតិថិជន ជួយ​ទិញ​ម៉ាស់​របស់​ក្រុម​លោកស្រី ដើម្បី​ឱ្យ​ក្រុម​ស្ត្រី​ដែល​គ្មាន​ការងារ​ធ្វើ អាច​រក​បាន​ប្រាក់ចំណូល​ខ្លះ​គ្រាន់​ចិញ្ចឹម​ជីវិត៖ « ចង់​ឱ្យ​អតិថិជន​ជួយ​ទិញ​ម៉ាស់​ដើម្បី​ឱ្យ​ទិញ​បាន​ច្រើន​ទៅ ស្ត្រី​មេម៉ាយៗ គាត់​បាន​ការងារ​ធ្វើ​ទៅ​ណា គ្រាន់​បាន​លុយ​ទិញ​ម្ហូប​ឱ្យ​កូន »

ក្រុម​ស្ត្រី​សេវា​កម្សាន្ត​ដែល​រួមគ្នា​ដេរ​ម៉ាស់​យល់ថា បើ​មាន​អតិថិជន​គាំទ្រ​ជួយ​ទិញ ឬ​ជាវ​ម៉ាស់​របស់​ពួកគាត់​ច្រើន នឹង​អាច​ធ្វើ​ឱ្យ​ពួកគាត់ អាច​រស់​បាន​ដោយ​ខ្លួនឯង ដោយ​មិន​បាច់​សុំ​ថវិកា​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​នោះ​ទេ ដោយ​កន្លងមក ពួកគាត់​មិន​អាច​ពឹង​ឲ្យ​រដ្ឋាភិបាល​ជួយ​អ្វី​បាន​នោះ​ដែរ ព្រោះ​រដ្ឋាភិបាល តែង​ច្រានចោល​សំណើ​ពួកគាត់​។ ពួកគាត់​រំពឹង​ថា ការ​ដេរ​ម៉ាស់​នេះ នឹង​ក្លាយ​មុខរបរ​ថ្មី​មួយ សម្រាប់​ពួកគាត់ ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។