អ្នកឃ្លាំមើលនិងបក្សប្រឆាំងលើកឡើងថា ដើម្បីបញ្ចៀសផលប៉ះពាល់ អាក្រក់ដល់ប្រទេសកម្ពុជា រដ្ឋាភិបាលត្រូវវិធានការដោយគ្មានការយោគយល់ ចំពោះអ្នកមានឈ្មោះជាប់ពាក់ព័ន្ធឧក្រិដ្ឋជនឆបោកតាមអនឡាញ ទោះអ្នកនោះមានឋានៈនិងបក្ខពួកធំប៉ុណ្ណាក៏ដោយ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា អ្នកដែលប្រព្រឹត្តខុសច្បាប់ ទោះមានសែស្រឡាយ ឬឥទ្ធិពលអំណាចបែបណាក៏ដោយ ត្រូវប្រឈមមុខច្បាប់ដោយសមាភាព។
អ្នកឃាំ្លមើល និងបក្សប្រឆាំងលើកឡើងថា ឧក្រិដ្ឋជនឆបោកតាមអនឡាញពាក់ព័ន្ធគ្រួសារត្រកូលហ៊ុន ប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា និងផលប្រយោជន៍ប្រជាពលរដ្ឋ ដោយសារតែបាត់ភ្ញៀវទេសចរ និងអ្នកវិនិយោគ មិនហ៊ានដាក់មកទុននៅកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងនៅបន្ទាប់ពីមានរបាយការណ៍ស៊ើបអង្កេតមួយកាលពីថ្ងៃទី១០ ខែកក្កដា របស់ក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រប្រព័ន្ធបច្ចេកវិជ្ជា របស់ចក្រភពអង់គ្លេសឈ្មោះ Elliptic ដែលរកឃើញអំពីការពាក់ព័ន្ធរបស់អ្នក ឧកញ៉ា ហ៊ុន តូ ក្នុងជំនួញទីផ្សារខ្មៅងងឹតនៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនអង់គ្លេស Elliptic បង្ហាញថា បងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺអ្នកឧកញ៉ា ហ៊ុន តូ គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន ហួយវ័ន គ្រុប»Huione Group។
ក្រុមហ៊ុនអង់គ្លេស Elliptic ឱ្យដឹងថា ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) នេះ ដែលជាបណ្ដាញទីផ្សារអនឡាញ ហួយវ័ន ហ្គារេនធី(Huione Guarantee)មានឈ្មោះអ្នកឧកញ៉ា ហ៊ុន តូ ជាអគ្គនាយកម្នាក់ផងនោះ ជាប់ទាក់ទងនឹងការរក ស៊ីបោកប្រាស់តាមអ៊ីនធឺណែតនិងសម្រួលប្រតិបត្តិការលាងលុយកខ្វក់ទូទាំង ពិភពលោក។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គមលោក ស៊ឹង សែនករុណា ប្រាប់វិទ្យុ អាស៊ីសេរីនៅថ្ងៃទី១២ ខែកក្កដាថា របាយការណ៍នេះ គឺជាតម្រុយបើកឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ហើយដាក់ចេញវិធានការដោយគ្មានការយោគយល់ ទោះអ្នកពាក់ព័ន្ធនោះមានឋានៈប៉ុណ្ណាក៏ដោយ ព្រោះគ្រប់គ្នាត្រូវស្ថិតនៅក្រោមច្បាប់។
លោក ស៊ឹង សែនករុណា៖ «ប្រទេសយើង បើកាលណាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្មានឈ្មួញអ្នករកស៊ីពីបណ្ដាលប្រទេសណាមួយគេហ៊ានបោះវិនិយោគទុន ទៅវិនិយោគនៅប្រទេសកម្ពុជាយើងទេ។ បញ្ហាហ្នឹងនេះ ខ្ញុំថា វាប៉ះពាល់ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះប្រទេសនៅឆាកអន្តរជាតិ គ្រាន់តែគេបើកព័ត៌មាននឹងមក គេថាប្រទេសកម្ពុជា គឺប្រទេសពោលពេញទៅឧក្រិដ្ឋកម្ម ហើយសុទ្ធសឹងតែជាសែស្រឡាយថ្នាក់ដឹកនាំប្រទេស»។
លោក ស៊ឹង សែនករុណា លើកឡើងដែរថា ភាពល្បីល្បាញនៃការរំលោភសិទ្ធិមនុស្ស អំពើបោកប្រាស់ និងឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជា ប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ លោកថា ដោយសារបញ្ហាទាំងនេះ ធ្វើឱ្យសហគមន៍អន្តរជាតិដកជំនួយ ដកប្រព័ន្ធអនុគ្រោះពន្ធ ហើយអ្នកវិនិយោគមិនហ៊ានមកដាក់ទុននៅកម្ពុជា ដែលធ្វើឱ្យពលរដ្ឋខ្មែរបាត់ការងារធ្លាក់ខ្លួនក្រីក្រ និងជំពាក់បំណុលវ័ណ្ឌក។លោក ស៊ឹង សែនករុណា៖«ស្ថានភាពនឹងវាអាចនឹងបន្តទៅទៀត ពីព្រោះថាអ្នកទាំងអស់ហ្នឹង គ្មាននរណា គេហ៊ានទៅវិនិយោគហ៊ានទៅប្រទេសកម្ពុជាទេ ពីព្រោះគិតថា អាចគ្រោះថ្នាក់ដល់គេ ពីព្រោះបទឧក្រិដ្ឋអីទាំងអស់នេះ ពិភពលោកគឺគេមិនចង់ឱ្យកើតមានឡើងទេ»។
អ្នកឯកទេសច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ កក្កដាថា ថ្វីត្បិតតែករណីនេះ មិនមែនជារឿងថ្មីសម្រាប់កម្ពុជាក៏ដោយ ប៉ុន្តែនៅតែជះផលអវិជ្ជមានធំធេងដល់មុខមាត់រដ្ឋាភិបាល និង ប្រទេសជាតិ។ លោកថា រដ្ឋាភិបាល ឬប្រទេសជាតិ មិនអាចបានចំណេញពីការនៅស្ងាត់ស្ងៀម ដោយព្យាយាមមិនអើពើទៅលើរបាយការណ៍របស់ក្រុមហ៊ុនអង់គ្លេស Ellipticដែលបានរកឃើញបែបនេះឡើយ។
លោក វ៉ន ចាន់ឡូតថា នៅពេលដែលប្រទេសមួយរកឃើញបញ្ហាច្បាស់ណាស់ របាយការណ៍នោះ នឹងទៅដល់ដៃរបស់រដ្ឋាភិបាល និងអ្នកជំនួញធំៗនៃប្រទេសផ្សេងៗទៀត ដូច្នេះ មិនមែនជា រឿងតូចតាចទេ ដូចដែលបានឃើញចំណាត់ការ នានាលើប្រទេសកម្ពុជាកន្លងមក។
លោកថា រឿងនេះ ធ្វើឱ្យបណ្ដាប្រទេសសេរីនិងនីតិរដ្ឋប្រយ័ត្នប្រយែងណាស់ ក្នុងការដាក់ចេញនូវយន្តការសហប្រតិបត្តិការជាមួយកម្ពុជា។
លោក វ៉ន ចាន់ឡូត៖ «កម្ពុជាយើងទទួលរងនូវផលប៉ះពាល់ជាច្រើនមកហើយ ដែលគេរកឃើញថា មានទាំងមន្ត្រី អ្នកជំនួញ ដែលមានដើមកំណើតខ្មែរពីដើមមករហូតមានជនបរទេស ដែលជាអ្នកជំនួញហើយ ទទួលបានសញ្ជាតិពីកម្ពុជា ហើយត្រូវបានសហគមន៍អន្តរជាតិគេរកឃើញពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋធំៗដូចជាលាងលុយ ជួញដូរ គ្រឿងញៀន»។ 071224KLA-A3
លោក លោក វ៉ន ចាន់ឡូត លើកឡើងថា ដំណោះស្រាយដ៏ល្អ គឺចាប់ផ្ដើមពីការ ហ៊ានទទួលស្គាល់ការពិតនៃបញ្ហា ហើយព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព ដោយឈរលើគោលការណ៍សុចរិតភាព តម្លាភាព និងនីតិរដ្ឋ ដើម្បីស្ដារទំនុកចិត្តពីសហគមន៍អន្តរជាតិនិងអ្នកវិនិយោគបរទេសត្រឹមត្រូវ។
លោក វ៉ន ចាន់ឡូត៖ «ការដោះស្រាយនៅទីនេះ គឺត្រូវឈរលើគោលការណ៍នីតិរដ្ឋ ឈរគោលការណ៍សុចរិតភាព ហើយនឹងតម្លាភាព។ ប្រសិនបើរកឃើញថា អ្នកកាន់អំណាចក្ដី អ្នកជំនួញដែលស្និទ្ធនឹងទៅអ្នកកាន់អំណាច បានប្រព្រឹត្តិបទឧក្រិដ្ឋ ដូច្នេះ អ្នកទាំងអស់នោះ ត្រូវតែមកទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ អ៊ីចឹងខ្ញុំជឿថា នេះជាចំណុចស្លាប់រស់ប្រទេសកម្ពុជា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង បានទេ ចំណែកអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ប្រាប់វិទ្យុ អាស៊ីសេរីនៅថ្ងៃទី១២ ខែកក្កដា ថា ជាទូទៅឆន្ទៈរបស់ក្រសួងមហាផ្ទៃអនុវត្តតាមច្បាប់ដោយផ្អែកលើភស្តុតាង ហើយអ្នកដែលប្រព្រឹត្តខុសច្បាប់ ទោះមានសែស្រឡាយ ឬឥទ្ធិពលអំណាចបែបណាក៏ដោយ ត្រូវប្រឈមមុខច្បាប់ដោយសមាសភាព។ ប៉ុន្តែ លោកបដិសេធឆ្លើយតបនឹងរបាយការណ៍របស់ក្រុមហ៊ុនអង់គ្លេស Elliptic និងឱ្យទៅសួរអ្នកនាំពាក្យរដ្ឋាភិបាលវិញ។
លោក ទូច សុឃៈ ៖«យើងមិនគិតថា អ្នកនោះមានសែស្រឡាយឬក៏អ្នកនោះមានឥទ្ធិពលឬក៏មានអំណាចបែបណាទេ ដូចមានការបញ្ជាក់ជារឿយៗរបស់ថ្នាក់ដឹកនាំកំពូលៗរួចហើយ ថាយើងអនុវត្តទៅតាមច្បាប់សំអាតផ្ទះយើង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានទេ នៅថ្ងៃទី១២ ខែកក្កដា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែកក្កដា ថា បញ្ហាឆបោកតាមអនឡាញនេះ បើរដ្ឋាភិបាលនៅតែទុកឱ្យនៅរ៉ាំរ៉ៃ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធំណាស់ ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគទុន រដ្ឋាភិបាលកម្ពុជាត្រូវតែមានវិធានការស៊ើបអង្កេតរកការពិត និងបោសសំអាត។
លោក រ៉ុង ឈុន៖ «ចំពោះគណបក្សកម្លាំងជាតិយើងគាំទ្រ នូវការបោកសំអាតចំពោះការឆបោក ក៏ដូចជា បញ្ហាឧក្រិដ្ឋជនអីនៅកម្ពុជា ដែលគេរកឃើញថា កម្ពុជានឹងឈានមុខគេនៅក្នុងតំបន់ហ្នឹង»។
អ្នកឃ្លាំមើលលើកឡើងថា ប្រជាពលរដ្ឋទូទៅត្រូវចូលរួមឱ្យសកម្ម ដើម្បីតាមដាន ពិនិត្យមើលអំពើកេងប្រវ័ញ្ចជាតិ ហើយហ៊ានធ្វើប្រតិកម្មបញ្ចេញមតិ បើមិនដូច្នោះទេ ប្រទេសកម្ពុជានឹងធ្លាក់ក្នុងដៃរបស់មនុស្សមួយក្រុមតូច ដែលប្រព្រឹត្តិឧក្រិដ្ឋកម្ម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋតាមចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។