អ្នក​ជំនាញ​ថា​ទិន្នន័យ​ក្រសួង​ការងារ​រឿង​ពលរដ្ឋ​ស្ទើរ​គ្រប់​គ្នា​មាន​ការ​ងារ​ធ្វើ​នោះ ខ្វះ​សុក្រឹតភាព

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ និង​អ្នក​សិក្សា​ស្រាវជ្រាវ មិន​ជឿជាក់​លើ​តួលេខ​របស់​ក្រសួង​ការងារ​ ដែល​ថា​ ពលរដ្ឋ​គ្រប់​អាយុ​ធ្វើ​ការ​ស្ទើរ​តែ​ទាំង​អស់​មាន​ការ​ងារ​ធ្វើ​នោះ​ទេ។ ពួក​គេ​អះអាង​ថា តួលេខ​នេះ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ខ្លាំង​ពេក ចំពោះ​វិស័យ​ការងារ​ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅបរទេស ដើម្បី​រក​ការងារ​ធ្វើ និង​មាន​ពលរដ្ឋ​ជា​ច្រើន​ទៀត​កំពុង​ធ្វើ​ការ​ដោយ​មាន​ផលិតភាព​ការងារ​ទាប​នៅ​ឡើយ។

អ្នក​ជំនាញ​អះអាង​ថា​ ការ​ប្រើប្រាស់​តួលេខ​ដែល​គ្មាន​ភាព​សុក្រឹត​និង​មិន​អាច​ទុកចិត្ត​បាន​នឹង​ធ្វើ​ឱ្យ​របប​លោក​ ហ៊ុន​សែន​ ដាក់​ចេញ​ខុស​នូវ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ការងារ​។ប្រតិកម្ម​របស់​ក្រុម​អ្នក​ជំនាញ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ​អះអាង​ថា​ស្ទើរតែ​ទាំងអស់​នៃ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​សុទ្ធតែ​មានការ​ងារ​ធ្វើ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា​ លោក​មិន​មាន​ជំនឿ​លើ​តួលេខ​របស់ក្រ​សួង​ការងារ​នេះ​ឡើយ​ដោយសារ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បន្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដដែល។ ម្យ៉ាង​វិញ​ទៀត លោក​ថា ពលរដ្ឋ​រាប់​លាន​នាក់​នៅ​តែ​រស់​ក្នុង​ស្ថានភាព​ក្រីក្រ និង​ងាយ​ធ្លាក់​ខ្លួន​ក្រីក្រ​ ដែល​នេះ​បង្ហាញ​ថា ពួក​គាត់​មិន​ទាន់​មាន​សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ​នៅ​ឡើយ។ លោក​យល់​ថា ​តួលេខ​នៃ​អ្នក​មាន​ការងារ​ធ្វើ​ដល់​ទៅ​ជិត ១០០ភាគ​រយ​បែប​នេះ​ អាច​ចេញ​មក​ពី​ការ​កំណត់​និយមន័យ​ខុស៖ «គាត់​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្មែរ គឺ​ជាង ៩៩ % មាន​ការងារ​ធ្វើ ដូច្នេះ​គោល​នយោបាយ​ដែល​រៀប​ថា​ នឹង​ផ្ដល់​ឱ្យ​អ្នក​អត់​ការងារ​ធ្វើ​មាន​ចំនួន​ប៉ុណ្ណេះ ឬក៏​ចាស់​ជរា ប៉ុណ្ណេះ ប៉ុណ្ណោះ ​គោល​នយោបាយ​ហ្នឹង​គឺ​ខុស។ បើ​គោល​នយោបាយ​ហ្នឹង​ខុស​ហើយ មានន័យ​ថា ការ​រៀប​ចំ​ផែន​ការ​អភិវឌ្ឍ​របស់​រដ្ឋ​ហ្នឹង​ វា​អត់​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ វា​អត់​ខុស​អ្វី​ពី​យើង​ទៅ​ពិនិត្យ​សុខភាព​ទេ ( កាលណា ) យើង​ពិនិត្យ​ខុស យើង​នឹង​​ដាក់​ថ្នាំ​ខុស»

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​អះ​អាង​ថ្មីៗ នេះ​ថា អាត្រា​មាន​ការ​ងារ​ធ្វើ​របស់​ពលរដ្ឋ​កម្ពុជា​មាន​ជាង​ ៩៩,៣ភាគ​រយ ខណៈ​ភាព​អត់​ការងារ​ធ្វើវិញ​មាន​តែ​ ០,៧ភាគ​រយ​ប៉ុណ្ណោះ នៃ​កម្លាំង​ពលកម្ម​សរុប​ជិត ១០លាន​នាក់។ លោក​បន្ថែម​ថា​ គិត​ត្រឹម​ឆ្នាំ២០១៨ ពលរដ្ឋ​ខ្មែរ​ជាង ៤លាន ៨សែន​នាក់​ កំពុង​មាន​ការ​ងារ​ធ្វើ។

តួលេខ​ដែល​រដ្ឋមន្ត្រី​រូប​នេះ​បាន​បង្ហាញ​មាន​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ឡើយ​ដោយសារ​កម្លាំង​ពលកម្ម​សរុប​មាន​ជិត ១០លាន​នាក់ ដូច្នេះ​បើ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​ជាង ៩៩ភាគ​រយ​មែន​នោះ​ចំនួន​អ្នក​មាន​ការងារ​ធ្វើ​គួរតែ​មាន​យ៉ាង​ហោច​ណាស់​ក៏ ៩លាន​នាក់​ដែរ​ មិន​មែន​មាន​ត្រឹម​តែ​ជាង ៤លាន ៨សែន​នាក់​នោះ​ឡើយ។ លោក អ៊ិត សំហេង មិន​បាន​បក​ស្រាយ​ចំណុច​នេះ​ឡើយ​ ហើយ​ក៏​មិន​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា​តើ​អ្វី​ជា​កត្តា​កំណត់​នៃ​ភាព​មាន​ការ​ងារ​ធ្វើ​នោះ។

សកម្មជន​សិទ្ធិ​ការងារ​លោក មឿន តុលា ថ្លែង​ថា​នេះ គឺ​ជា​ចំណុច​ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា តួលេខ​របស់​ក្រ​សួង​ការងារ​មិន​មាន​សុក្រឹតភាព​ឡើយ។ លោក​យល់ថា​ ចំនួន​កម្លាំង​ពលកម្ម​ដែល​បាត់​នេះ​ទំនង​ជា​ក្រុម​មនុស្ស​ដែល​ធ្វើ​ការងារ​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ និង​ជា​អ្នកធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​ដូច​ជា​ស្ត្រី​មេផ្ទះ​ជាដើម។ លោក​ជំរុញ​ឱ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​បើក​ចិត្ត​ឱ្យ​ទូលាយ​ ដើម្បី​ទទួល​យក​ការពិត​និង​ប្រើប្រាស់​ទិន្នន័យ​ដែល​ត្រឹម​ត្រូវ​ ដើម្បី​ឱ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង​ សួរ​ ជា​ច្រើន​ដង​ក៏​ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក ង៉ែត ជូ​ ថ្លែង​ថា កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​នឹង​រឿង​ការងារ​នេះ។ លោក​ថា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បន្ត​រស់​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​ពឹង​ផ្អែក​លើ​បុគ្គល​ម្នាក់​ ឬ​ពីរ​នាក់​ជា​បង្គោល​នៅ​ក្នុង​គ្រួសារ​ ចំណែក​ផលិតភាព​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ហើយ​ក្រៅ​ពី​នេះ​ នៅ​មាន​បញ្ហា​ខ្វះ​ខាត​កម្លាំង​ពលកម្ម​ជំនាញ​ និង​កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ​ថែម​ទៀត។ លោក​សង្កត់​ធ្ងន់​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ខិតខំ​បន្ថែម​ទៀត​នោះ គឺ​ការ​បង្កើន​ការងារ​នៅ​ក្នុង​ស្រុក​ និង​ការ​បំពាក់បំប៉ន​ជំនាញ​បច្ចេកទេស​ឱ្យ​បាន​កាន់តែ​ច្រើន៖ «កាល​ណា​យើង​មិន​ទទួល​ស្គាល់​ការងារ​ដែល​មិន​សូវ​មាន​ផលិត​ភាព​ខ្ពស់​ ហើយ​យើង​រាប់​ថា ជា​ការងារ​ដែរ យើង​អត់​បាន​កំណត់​ឱ្យ​បាន​ច្បាស់​ពី​កម្រិត​នៃ​ការងារ​ យើង​រាប់​ថា ​ខ្លួន​ឯង​កសិករ​ដែរ ប៉ុន្តែ​ធ្វើ​ស្រែ​មួយ​ឆ្នាំ​ មួយ ឬ​ពីរ​​រដូវ បាន​ផល​តិច​តួច​ ជីវភាព​លំបាក។ អ៊ីចឹង​បាន​ន័យ​ថា វា​មិន​បាន​ពេញ​សមត្ថភាព​ផ្នែក​ខាង​ផលិត​កម្ម​ទេ។ បើ​យើង​មើល​ប្រទេស​គេ​អ្នក​មាន ឬ​មាន​ការ​រីកចម្រើន គេ​ធ្វើ​ការ​ច្រើន​ម៉ោង ក៏​ប៉ុន្តែ​យើង​ធ្វើ​ការ​តិច​តួច ឧទាហរណ៍​ថា ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ស្រូវ​ម្ដង​ ឬ​ពីរ​ដង ហើយ​យើង​ប្រើ​ពេល ១០ ទៅ ២០ថ្ងៃ ដើម្បី​រស់​មួយ​ឆ្នាំ​ដែរ អ៊ីចឹង​វា​ពិបាក»

តួលេខ​របស់ក្រ​សួង​ការងារ​បង្ហាញ​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង ១លាន ២សែន​នាក់​ ខណៈ​ពលរដ្ឋ​ប្រមាណ ៣លាន​ ៦សែន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ស្រុក។ តួលេខ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​មានការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​មាន​ជាង ១លាន ៤សែន​នាក់ ធ្វើ​ការ​ឱ្យ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​និង​ជាង​ ២ លាន​ ២ សែន​នាក់​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត​ មាស​ នី​ ថ្លែង​ថា លោក​មិន​ហ៊ាន​វាយតម្លៃ​ថា​ទិន្នន័យ​របស់ក្រ​សួង​ការងារ​នេះ​ត្រឹមត្រូវ​ ឬ​មិន​ត្រឹមត្រូវ​នោះ​ឡើយ ​ព្រោះ​លោក​មិនទាន់​បាន​ឃើញ​របាយការណ៍​នោះ។ ក៏ប៉ុន្តែ​លោក​កត់សម្គាល់​ថា​របាយការណ៍​របស់​ស្ថាប័នរដ្ឋ​ច្រើនតែ​ជា​របាយការណ៍​លម្អៀង​ទៅ​រក​រដ្ឋាភិបាល និង​ចាក​ឆ្ងាយ​ពី​ការពិត​ជាក់​ស្ដែង។ លោក​មើល​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​ធ្វើការ​បាន​ប្រាក់ចំណូល​ទាប​ និង​មិន​ទៀងទាត់​ខ្លះ​ទៀត​ធ្វើ​ការងារ​បន្ទាប់បន្សំ​ដែល​មិន​អាច​ចិញ្ចឹម​ខ្លួន​រស់​ ហើយក៏​មាន​ខ្លះ​ទៀត​ធ្វើ​ការងារ​គ្មាន​ប្រាក់ចំណូល​ ដូចជា​ កិច្ចការ​ងារ​ផ្ទះ​ជាដើម។​ ដូច្នេះ​លោក​ថា ​ក្រសួង​គួរតែ​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​កម្រិត​នៃ​ភាព​មានការ​ងារ​ធ្វើ​របស់​ពលរដ្ឋ៖ «គួរ​តែ​បែង​ចែក​ថា អ្នក​​​មាន​ការ​ងារ​ធ្វើ​ដែល​កម្រិត​អាច​ធ្វើ​ជា​អ្នក​មាន​បាន​ធូរធារ​ហ្នឹង​មាន​ប៉ុណ្ណេះ​ភាគរយ ហើយ​អ្នក​មាន​ការងារ​ធ្វើ​ដែល​អាច​មាន​ជីវភាព​សមរម្យ​ហ្នឹង​មាន​ប៉ុណ្ណេះ​ភាគរយ រីឯ​អ្នក​មាន​ការងារ​ធ្វើ​ដែល​គ្រាន់​តែ​បាន​មួយ​រស់ៗ នោះ បាន​ប៉ុណ្ណេះ ហើយ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ ប៉ុន្តែ​វា​ពិបាក​រស់​ទៅ​ទៀត​នោះ​មាន​ប៉ុន្មាន​ភាគរយ។ កាល​ណា​យើង​បែង​ចែក​ឱ្យ​ច្បាស់ អា​ហ្នឹង​បាន​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ដើម្បី​ឆ្លើយ​តប ប៉ុន្តែ​ប្រសិន​បើ​យើង​យក​អ្នក​មាន​ការងារ​ធ្វើ​ យក​តែ​ទិន្នន័យ ៩៩ % មក​និយាយ ខណៈ​ដែល​ប្រមាណ​ជា ២០ % ឬក៏ ៣០ % នៃ​ពលរដ្ឋ​​ហ្នឹង​ជា​ឧទាហរណ៍ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ការងារ​ធ្វើ​មែន ប៉ុន្តែ​ជា​ការងារ​បន្ទាប់​បន្សំ ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ​ចិញ្ចឹម​គ្រួសារ​​​គាត់​បាន​ស្រួល​នោះ អា​ហ្នឹង​គឺ​បង្ហាញ​ពី​ភាព​មិន​រឹង​មាំ​នៃ​គ្រឹះ​សេដ្ឋកិច្ច​ជាតិ​ហើយ»

ថ្វីត្បិត​​ក្រសួង​ការងារ​នៃ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា ​ពលរដ្ឋ​ខ្មែរ​ជិត​ ១០លាន​នាក់ មាន​ការ​ងារ​ធ្វើ​មែន​ ក៏​របាយការណ៍​ជាច្រើន​បាន​បង្ហាញ​ថា​ ភាព​អត់​ការងារ​ធ្វើ​នៅតែ​ជា​បញ្ហា​ប្រឈម​សំខាន់​ ដែល​របប​នេះ​ត្រូវ​ដោះ​ស្រាយ​ដដែល។

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​និង​ការ​អភិវឌ្ឍ​ រក​ឃើញ​ថា ​ភាព​អត់​ការងារ​ធ្វើ​ប្រាក់ខែ​ទាប​និង​កង្វះខាត​ជំនាញ​ស្របតាម​តម្រូវការ​ទីផ្សារ​គឺជា​បញ្ហា​អាទិភាព​សម្រាប់​យុវជន​។ចំណែក​ឯ​អង្គការ​សហប្រជាជាតិ​វិញ​ក៏​រក​ឃើញ​ដែរ​ថា​ ភាព​គ្មាន​ការងារ​ធ្វើ​ គឺ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​យុវជន​នៅ​កម្ពុជា។ របាយការណ៍​វិភាគ​ស្ថានភាព​យុវជន​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​ថា​ កម្លាំង​ពលកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់ ៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ​ហើយនិង​ឈាន​ដល់ ៤០ម៉ឺន​នាក់​នៅ​ពេល​ខាងមុខ​ប៉ុន្តែ​ឧស្សាហកម្ម​កាត់ដេរ​ទេសចរណ៍​ និង​សំណង់​ ជាដើម​មិនទាន់​បាន​កើន​ឡើង​គ្រប់គ្រាន់​ដើម្បី​ស្រូប​យកកម្លាំង​ពលកម្ម​ទាំងនោះ​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។