ការចាប់ខ្លួននេះ តំណាងកម្មករទាំងពីរនាក់ អះអាងថា ដោយសារពួកគេបានទៅជួយការពារសិទ្ធិកម្មករដែលទាមទារឲ្យមានការដំឡើងប្រាក់ខែគោលពី ៦១ដុល្លារ ដល់ ១០០ដុល្លារ។
លោក ចាន់ វាសនា ដែលទើបដោះលែងពីការចាប់ឃុំ បានថ្លែងនៅម៉ោងជាង ៥ល្ងាចថា កម្មករបានសំណូមពរឲ្យសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា ជួយគាំទ្រ និងការពារផលប្រយោជន៍កម្មករដែលទាមទារចំនួន ២៥ចំណុច ដើម្បីឲ្យថៅកែរោងចក្រជួយដោះស្រាយ។ ស្រាប់តែម៉ោង ១២ និង ១៥នាទី ថ្ងៃត្រង់ សន្តិសុខរោងចក្រអីនឌូឈីនហ្កាវ័ន ជាង ២០នាក់ មកព័ទ្ធចាប់គាត់ និងលោក ម៉ៃ បូរ៉ា បោះលើឡានដឹកចូលរោងចក្រ ព្រមទាំងបានដកហូតទូរស័ព្ទដៃមិនឲ្យទាក់ទងមកខាងក្រៅថែមទៀត។
កម្មការិនីរោងចក្រកាត់ដេរអីនឌូឈីនហ្កាវ័ន កញ្ញា ឆា អេន ថ្លែងថា ដោយឃើញមានការចាប់ឃុំបុគ្គលិកសហជីពដែលកម្មករបានពឹងពាក់ឲ្យជួយនោះ ក្រុមកម្មករក្នុងរោងចក្រជាង ១.៥០០នាក់ បានផ្អាកការងារ ហើយចេញមកទាមទារឲ្យមានការដោះលែង។ ទើបនៅម៉ោង ៥ល្ងាច ក្រោយពីមានជំនួបរវាងឧកញ៉ា ស្រី សុធា និងតំណាងសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា មក ក៏បានយល់ព្រមដោះលែង ហើយកម្មករបញ្ឈប់ការតវ៉ា និងយល់ព្រមចូលធ្វើការវិញនៅសប្ដាហ៍ក្រោយ។
រោងចក្រកាត់ដេរអីនឌូឈីនហ្កាវ័ន មានទីតាំងនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដំណើរការកាត់ដេរសម្លៀកបំពាក់ជាង១ឆ្នាំមកនេះ ដោយមានកម្មករ និងបុគ្គលិកសរុបជាង ១.៥០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។