កម្មករ​រោងចក្រ​សោកស្ដាយ ដែល​រដ្ឋាភិបាល​គ្មាន​វិធានការ​រក្សា EBA និង​បង្ក​ទុក្ខ​លំបាក​ដល់​ពួក​គេ

ដោយ សុជីវី
2020.08.11
ហ៊ុន សែន EBA លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​កម្មករ​រោងចក្រ​មួយ​ចំនួន ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ ​និង​សោក​ស្ដាយ ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បណ្ដោយ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ​២០ភាគ​រយ​របស់​សហភាព​អឺរ៉ុប។ ពួកគេ​លើក​ឡើង​ថា​ ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ ពេល​នេះ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា គិតតែពី​អំណាច​ខ្លួន​ឯង ​ដោយ​មិន​ខ្វាយខ្វល់​អំពី​ប្រយោជន៍​កម្មករ​ទូទាំង​ប្រទេស​នោះ​ទេ។

ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូចៗ គ្នា​ថា​ ស្ថានភាព​ការងារ​របស់​ពួក​គេ​ នឹង​គ្មាន​ស្ថិរភាព ​ហើយ​ជីវភាព​របស់​ពួក​គេ​នឹង​កាន់​តែ​ធ្លាក់​ចុះ​ ខណៈ​ដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប ដាក់លើ​ប្រទេស​កម្ពុជា នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ពុធ​ទី១២​ ខែ​សីហា​ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​កែ​លម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​

កម្មករ​រោងចក្រ យីដា (YI Da) ផលិត​ខោ​ខូវប៊យ លោកស្រី ដោក សុវណ្ណ រៀបរាប់​ថា គ្រាន់​តែ​វិបត្តិ ជំងឺ​កូវីដ​តែ​មួយ​មុខ បាន​ធ្វើ​ឲ្យ​កម្មករ និង​រោងចក្រ​រងគ្រោះ​ត្រដរ​ខ្យល់​ទៅ​ហើយ ទម្រាំ​សហភាព​អឺរ៉ុប កាន់​ផ្ដាច់ EBA ២០ភាគ​រយ​ទៀត គឺ​កម្មករ នឹង​ពិបាក​រស់​បំផុត។ លោកស្រី ជឿជាក់​ថា​ ការ​បាត់បង់ EBA ២០ភាគ​រយ​នេះ មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ដូច្នេះ​រោងចក្រ​ជា​ច្រើន​ដែល​នាំ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប អាច​នឹង​បិទ​ទ្វារ ហើយ​រោងចក្រ​ដែល​នាំ​ផលិតផល​ទៅ​កាន់​ប្រទេស​ផ្សេង​ក្រៅ​ពី​អឺរ៉ុប ក៏​អាច​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ៖ «យើង​មើល​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​នៃ​ជំងឺ​កូរ៉ូណា យើង​មាន​ផល​ប៉ះពាល់​រឿង​លុយ​បង់​ធនាគារ រឿង​អាហារ​ហូបចុក។ ដូច្នេះ​រឿង​ដែល​រោងចក្រ​បិទ​ទ្វារ​នេះ មាន​បញ្ហា​រួច​ហើយ ហើយ​ការ​ផ្តល់​លុយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន ៤០ដុល្លារ​នោះ គឺ​មាន​ការ​ពិបាក​មែនទែន យឺតយ៉ាវ​ខ្លាំង​ទម្រាំ​កម្មករ​ទទួល​បាន​លុយ​នោះ។ បន្ទាប់​មក​ទៀត ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ ៣០ដុល្លារ​ដែរ តែ​ប៉ុណ្ណឹង​វា​មិន​គ្រាប់​ទេ។ កម្មករ​យើង​ទទួល​ហានិភ័យ​ច្រើន ហើយ​អ្នក​ខ្លះ​រហូត​ដល់​លក់​ដី​ទៀត​ផង»

លោកស្រី​បន្ថែម​ថា កម្មករ​ក្នុង​រោងចក្រ​តែងតែ​ជជែក និង​សួរ​នាំ​គ្នា​អំពី​បញ្ហា EBA ហើយ​អ្នក​ខ្លះ​ខក​ចិត្ត​ដែល​រដ្ឋាភិបាល មិន​អាច​ដោះ​ស្រាយ​រឿង​នេះ​បាន។

កម្មករ​មួយ​រូប​ទៀត ធ្វើ​ការ​ក្នុង​រោងចក្រ​ផលិត​ខោ​អាវ​កីឡា នៅ​សង្កាត់​ភ្នំពេញ​ថ្មី គឺ​លោកស្រី យ៉ន យឺត ថ្លែង​ថា កម្មករ​ភាគ​ច្រើន សុទ្ធតែ​បាន​ដឹង​ឮ​ពី​ការ​បាត់បង់ EBA ហើយ​សុទ្ធតែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោកស្រី ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ នេះ តំណាង​រោង​ចក្រ បាន​ជូន​ដំណឹង​ដល់​កម្មករ​ថា រោងចក្រ​អាច​នឹង​ពិបាក​ក្នុង​ការ​បន្ត​ឈរ​ជើង​នៅ​កម្ពុជា ក្រោយ​បាត់បង់ EBA«ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ជា​កម្មករ គឺ​ទី​មួយ រឿង​គ្រួសារ បើ​យើង​មាន​ការ​ធ្វើ​យើង​អាច​មាន​លុយ​ខ្លះ​ផ្ញើ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ទី២ ពួក​ខ្ញុំ ជំពាក់​លុយ​ខាង​មីក្រូ​ហិរញ្ញវត្ថុ ត្រូវ​បង់​ឲ្យ​គេ​រាល់​ខែ ហើយ​បើ​សម្រាប់​ខ្ញុំ​ត្រូវ​បង់​ឲ្យ​គេ​មួយ​ខែ ១៧០ដុល្លារ ដូច្នេះ​វា​អស់​ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់ខែ​ខ្ញុំ​បាត់​ទៅ​ហើយ។ បាត់បង់ EBA នេះ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង រក​អ្វី​ប្រៀប​ពុំ​បាន​ទេ ព្រោះ​អី​ចំណេះ​ចេះ​ដឹង​ដូច​ជា​ពួក​ខ្ញុំ ធម្មតា​ធ្វើ​បាន​តែ​ជា​ការងារ​រោងចក្រ​អ៊ីចឹង មិន​អាច​ទៅ​ធ្វើ​ការងារ​អី​ផ្សេង​បាន​ទេ។ ពួក​ខ្ញុំ​ប្រឈម​មុខ​ខ្លាំង ហើយ​សោក​ស្ដាយ​ខ្លាំង​បំផុត ដែល​រដ្ឋាភិបាល ធ្វើ​ឲ្យ​កម្មករ​ប្រឈម​មុខ និង​ពិបាក​វេទនា​ដល់​ពួក​ខ្ញុំ»

កាល​ពី​ខែមិថុនាកន្លង​ទៅ អង្គការ​ចំនួន​ ៣ រួម​មាន អង្គការ លីកាដូ សម្ព័ន្ធ​សហជីព​កម្ពុជា និង​អង្គការ​សង់ត្រាល់ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​សង្ខេប​មួយ​ស្ដីពី​ភាព​ជំពាក់​បំណុល​ច្រើនលើស​លុប​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍ បង្ហាញ​ថា កម្មករ​ធ្វើ​ការ​​ក្នុង​វិស័យ​កាត់ដេរ​ស្ទើរ​ទាំង​អស់ ​ធ្លាក់​ខ្លួន​​ជំពាក់​បំណុល​វ័ណ្ឌ​ក និង​គ្មាន​លទ្ធភាព​សង​បំណុល​វិញ ប្រសិន​បើ​ការងារ​របស់​ពួក​គេ​ត្រូវ​បន្ត​ព្យួរ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​អំពី​ផល​ប៉ះពាល់ បង្ក​ឡើង​ដោយ​ការ​បាត់​បង់ EBA នៅ​ឡើយ​ផង ។

កម្មករ​ម្នាក់​ទៀត​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា ក្រោយ​បាត់​បង់ EBA នេះ គឺ​កម្មករ​ទូទាំង​ប្រទេស នឹង​អាច​ជួប​គ្រោះ​ធំ​ពីរ​យ៉ាង គឺ​ទី១ កម្មករ​មួយ​ចំនួន អាច​នឹង​បាត់បង់​ការងារ​ធ្វើ​តែ​ម្តង​ដោយសារ​រោងចក្រ​បិទ​ទ្វារ ។ ករណី​ទី២ ទោះ​បី​ជា​កម្មករ​មួយ​ចំនួន​ទៀត អាច​នៅ​មាន​ការងារ​ធ្វើ​ក្តី ក៏​ពួក​គេ​នឹង​បាត់​បង់​អត្ថប្រយោជន៍​ផ្សេងៗ ហើយ​រោងចក្រ នឹង​ឆ្លៀត​ឱកាស ឈប់​ដំឡើង​ប្រាក់​ខែ​ដូច​ឆ្នាំ​មុនៗ ទៀត​ផង៖ «ចង់​ស្នើ​ទៅ​ក្រសួង​ការងារ និង​រដ្ឋាភិបាល បើក​ចិត្ត​ឲ្យ​ទូលាយ និង​សម្លឹង​ឲ្យ​វែង​ឆ្ងាយ​ពី​អនាគត​របស់​កម្មករ ព្រោះថា កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្មែរ នេះ ខ្ទង់​ថា ៩៥ភាគ​រយ​ដែល​ជំពាក់​បំណុល​ខាង​ធនាគារ ម្ល៉ោះ​ហើយ​គាត់​ពិបាក​ក្នុង​លទ្ធភាព​រក​សង​ធនាគារ​ណាស់ ហើយ​យើង​ក៏​មិន​ចង់​ឃើញ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​លំបាក​វេទនា​ដែរ»

ទោះ​យ៉ាង​ណា​ក្ដី កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុខ ឥសាន អះអាង​ជាថ្មី​ទៀត​ថា រដ្ឋាភិបាល​នឹង​មិន​ទាមទារ​ប្រព័ន្ធ​អនុគ្រោះ EBA ចំនួន ២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​នោះ ត្រឡប់​មក​វិញ​ឡើយ។

កម្មការិនី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ ប៊ឺរី អឹភើរែល ខេមបូឌា (Berry Apparel (Cambodia) លោកស្រី វង្ស យូរី រៀបរាប់​ថា កម្មករ​ភាគ​ច្រើន មិន​សប្បាយ​ចិត្ត​នោះ​ទេ ពេល​ឮ​ដំណឹង​ថា រដ្ឋាភិបាល មិន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រពន្ធ​អនុគ្រោះ ព័ន្ធEBA។ លោកស្រី ស្ដី​បន្ទោស​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ គឺ​កំពុង​បង្ក​ទុក្ខ​លំបាក​ដល់​កម្មករ៖ «ពេល​ណា​ដក EBA ពួក​ខ្ញុំ​នឹង​ខ្វះ​ខាត អត់​មាន​ការងារ​ធ្វើ ហើយ​ពួក​ខ្ញុំ​នឹង​លំបាក។ បញ្ហា​ទី១ យើង​កំពុង​ល្បី​រឿង​កូវីដ​ស្រាប់​ផង ដូច្នេះ​រោងចក្រ អាច​នឹង​បិទ។ យើង​នឹង​ពិបាក​រឿង​ជីវភាព​ក្នុង​គ្រួសារ ដោយសារ​បង​ប្អូន​មួយ​ចំនួន បាន​ខ្ចី​លុយ​ធនាគារ ហើយ​ពេល​ខ្លះ​ធនាគារ ក៏​អត់​មាន​យោគយល់​ពួក​ខ្ញុំ​ដែរ»

គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ចិត្ត​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា កាលពី​ថ្ងៃ​ទី១២ កុម្ភៈ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១២ សីហា។ គណៈកម្មការ​អឺរ៉ុប​សម្រេច​ចិត្ត​បែប​នេះ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ដិត​ដល់ ដោយ​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយពី​គោលការណ៍​ពាណិជ្ជកម្ម​​អឺរ៉ុប។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​ព្យាករណ៍​ថា កម្មករ ៧៥០.០០០​នាក់​នឹង​ប្រឈម​ភាព​​​​អត់​ការ​ងារ​ធ្វើ នៅ​ពេល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន ២០ភាគ​រយ ហើយ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​របស់​​កម្មករ​​ ខ្ទង់ ៣លាន​នាក់​​ផ្សេង​ទៀត​ នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ដែរ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សង្កត់​ធ្ងន់​ទៀត​ថា ការដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជា​ទិញ​ថែម​​ទៀត ហើយ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ការងារ​សម្រាប់​កម្មករ ហើយ​ឱកាស​ការងារ​នេះ នឹង​បាត់​បង់​ជា​រៀង​រហូត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។