កម្មករ​រោងចក្រ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ ឬ​បន្ទប់​ជួល

ដោយ នៅ វណ្ណារិន
2023.09.24
កម្មករ​រោងចក្រ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ ឬ​បន្ទប់​ជួល ផ្ទះ​ជួល​ក្នុង​តំបន់​ក្រហម ជា​តំបន់​បិទ​ខ្ទប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​តាម​បណ្ដោយ​ផ្លូវ វេង ស្រេង ក្នុង​ភូមិ​ដំណាក់​ធំ ៣ សង្កាត់​ស្ទឹងមានជ័យ៣ រាជធានី​ភ្នំពេញ ដែល​កម្មករ​នាំ​គ្នា​ទាមទារ​ឱ្យ​ម្ចាស់​ផ្ទះ​ បញ្ចុះ​តម្លៃ​ជួល ៥០ភាគ​រយ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០២១។
រូប៖ កម្មករផ្ដល់ឱ្យ

កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​ស្នើ​ដល់​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ ឬ​បន្ទប់​ជួល​ឱ្យ​មាន​ប្រសិទ្ធភាព។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៃ​កិច្ចសន្យា​ផ្ទះ​ជួល​ឱ្យ​ម៉ឺងម៉ាត់ ព្រមទាំង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដើម្បី​ប្រយោជន៍​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។

កម្មករ​រោងចក្រ​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​កុំឱ្យ​ម្ចាស់​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​ដំឡើងថ្លៃ​ដូច​ឆ្នាំ​កន្លង​ទៅ​។ ទន្ទឹម​នឹង​នេះ ពួកគេ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​កុំឱ្យ​ឡើង​ខ្ពស់ ព្រមទាំង​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ជាក់លាក់​នូវ​តម្លៃ​អគ្គិសនី និង​តម្លៃ​ទឹក​សម្រាប់​កម្មករ​កម្មការិនី​ផង​ដែរ ក្នុង​ការ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគេ។

កម្មករ​ធ្វើការ​នៅ​រោងចក្រ​ផលិត​កាបូប ឌីឡាក់ នៅ​រាជធានី​ភ្នំពេញ​លោក សួន រតនា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ថា លោក​ចំណាយ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​ការ​បង់ថ្លៃ​ជួល​បន្ទប់​មួយ​ទំហំ ២​ម៉ែត្រ គុណ​នឹង ៣​ម៉ែត្រ នៅ​ជិត​កន្លែងធ្វើការ​ដើម្បី​ស្នាក់នៅ​មួយ​ជាមួយ​ប្រពន្ធ ដោយ​ពុំ​មាន​កិច្ចសន្យាជួល​បន្ទាប់​តាមច្បាប់​នោះ​ទេ។ លោក​មើល​ឃើញ​ថា ដំណើរ​ការ​ចរចា​ដំឡើង​ប្រាក់ខែ​គោល ប្រចាំឆ្នាំ​គ្រាន់តែ​ផ្តល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ហាក់​ធ្វើឡើង​តឹងតែង ប៉ុន្តែ​ម្ចាស់ផ្ទះ​អាច​ដំឡើងថ្លៃ​ជួល​បន្ទប់ ទឹក​ភ្លើង រួម​ទាំង​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ជា​ហូរហែ​មក​នេះ ដោយ​គ្មាន​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ និង​ចាត់វិធានការ​ដោះស្រាយ​នោះ​ឡើយ។

លោក សួន រតនា៖ «ខ្ញុំ​ស្នើសុំ​ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​មិន​ថា នៅ​តំបន់​របស់ខ្ញុំ​ទេ គឺ​ទូទាំង​ប្រទេស​តែម្តង​សូមកុំ​ដំឡើងថ្លៃ​អី ពីព្រោះ​កម្មករ​ដូច​ខ្ញុំ​ធ្វើ​រោងចក្រ​តាំង​ពី​ដើម​មក​ហើយ ប្រាក់​ខែ​ឡើង​តែ​តួលេខ​តែ​លុយ​ដែល​កម្មករ​ទទួល​បាន​នៅ​ដដែល»

ស្រដៀង​គ្នា​នេះ​ដែរ កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ទៀត​ជួល​បន្ទប់​នៅ​សង្កាត់​ស្ទឹងមានជ័យ លោកស្រី ព្រហ្ម សុភី ប្រាប់​ថា បច្ចុប្បន្ន​ជីវភាព​គ្រួសារ​លោកស្រី​រស់នៅ​កាន់តែ​លំបាក ដោយសារតែ​ចំណូល​ដែល​រកបាន​ពុំ​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​គ្រួសារ​ឱ្យ​បាន​គ្រប់គ្រាន់ ខណៈ​លោកស្រី​ត្រូវ​បង់ថ្លៃ​ជួល​បន្ទប់​ប្រចាំខែ ៥៥​ដុល្លារ ដែល​ឆ្នាំមុន​លោកស្រី​ចំណាយ​តែ​៥០​ដុល្លារ បូក​រួម​ទាំង​ការ​ចំណាយ​ថ្លៃ​ទឹក​ភ្លើង​១៥​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​ថែមទៀត​។ លោកស្រី​បន្ថែម​ថា អំឡុង​ការ​ចរចា​ប្រាក់ខែ​គោល​កំពុង​ដំណើរការ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​នោះ ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​លោកស្រី​រស់នៅ​បាន​បង្ហើប​ព័ត៌មាន​ពី​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​បណ្តើរៗ​ដែរ។ លោកស្រី​ស្នើ​អាជ្ញាធរ​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​កុំ​ដំឡើងថ្លៃ​បន្ទប់ ដោយសារ​ស្ថានភាព​លំបាក​នេះ ពីព្រោះ​កម្មករ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ចំណាយ​បន្ថែម​ទៀត​នេះ​បាន​ទេ។

លោកស្រី ព្រហ្ម សុភី៖ «ខ្ញុំ​មាន​ផល​លំបាក​ខ្លាំង​ដោយសារ​ប្រាក់ខែ​ឡើង​បាន​តិច​ហើយ​ផ្ទះ​ជួល​កាន់តែ​កើនឡើង​ថែម ដល់ពេល​ការងារ​ឥឡូវ​អត់​បាន​ថែម​ម៉ោង​ដូច​ពីមុន​ទៀត កម្មករ​ព្រួយបារម្ភ​ត្រង់​ចំណុច​ហ្នឹង អ៊ីចឹង​ផ្ទះ​ជួល​ឡើង​ម្តង​សុទ្ធតែ ៥​ដុល្លារ ដែល​ធ្វើ​កម្មករ​មាន​ផល​លំបាក អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា នាយករដ្ឋមន្ត្រី​ថ្មី ហ៊ុន ម៉ាណែត នឹង​មើល​ឃើញ​ពី​ផល​លំបាក​របស់​កម្មករ»

ថ្មីៗ​នេះ​ម្ចាស់ផ្ទះ​មួយចំនួន​ចេញ​សេចក្តី​ជូន​ដំណឹង​ដំឡើងថ្លៃ​ជួល​ផ្ទះ ឬ​បន្ទប់​ចាប់​ពី​ថ្ងៃទី​១ ខែ​តុលា​ខាងមុខ​នេះ ហើយ​ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​តៗ​គ្នា​ដែល​ធ្វើ​ឱ្យ​អ្នក​ជួល​បន្ទប់​គេ​រស់នៅ​ជា​ពិសេស​កម្មករ​ព្រួយបារម្ភ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​នឹង​សំណើ​របស់​កម្មករ​នេះ​បាន​ទេ នៅ​ថ្ងៃទី២៤ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សព្វថ្ងៃ​ស្ថានភាព​កម្មករ​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ជាពិសេស​ការ​ចាយវាយ​កើនឡើង ហើយ​កម្មករ​ភាគច្រើន​ចំណាយ​ប្រាក់​ចន្លោះ​ពី ៣០​ដុល្លារ ទៅ​ជាង ៥០​ដុល្លារ​សម្រាប់​បន្ទប់​ជួល​។ លោក​បន្ត​ថា​ការ​ដំឡើង​ថ្លៃ​បន្ទប់ ឬ​ផ្ទះ​ជួល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ កម្មការិនី​រោងចក្រ​បន្ថែម​ទៀត​។ មេ​សហជីព​រូប​នេះ​យល់​ថា ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ រដ្ឋាភិបាល​គួរតែ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​ច្រើន ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​វិញ​ត្រូវតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កិច្ចសន្យា​ជួល​ផ្ទះ និង​ចុះ​ធ្វើ​អធិការកិច្ច​ចំពោះ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​តាម​តែ​ចិត្ត។

លោក អាត់ ធន់៖ «វា​ប៉ះពាល់​លើ​ការ​ចំណាយ​របស់​គាត់​(​កម្មករ​) ខ្ញុំ​បញ្ជាក់​ថា ទាល់តែ​ធ្វើ​ទាំង​ព្រម​ពី​ព្រោះ​ច្បាប់​មាន ហើយ​ត្រូវ​មាន​វិធានការ​អនុវត្ត​ច្បាប់ ដោយ​ត្រូវ​ចុះ​តាមដាន​ឱ្យ​ត្រឹមត្រូវ​កុំ​ថា អ្នក​មាន​ខ្សែ ឬ​អ្នក​ដែល​មាន​ផ្ទះ នៅ​តំបន់​ជួល​ហ្នឹង បន្ទប់​មិន​បាន​សង្កេត តែ​ទៅ​សង្កេត​ផ្ទះ​ផ្សេង ហើយ​ការ​ដាក់​ពិន័យ​ត្រូវ​ដាក់​កម្រិត​ណា​ឱ្យ​សមស្រប នឹង​ទីផ្សារសេរី​ដែល​គេ​(​ម្ចាស់​ផ្ទះ​ជួល​)​រកស៊ី​អាច​ធ្វើ​ជំនួញ​បាន»

កន្លងទៅ​កម្មករ​រោច​ក្រ​កាត់ដេរ​តែងតែ​រអ៊ូ​ករណី​ម្ចាស់​ផ្ទះ​ជួល​មួយចំនួន​បាន​ដំឡើង​ថ្លៃ​ឈ្នួល​តាម​អំពើ​ចិត្ត បន្ទាប់​ពី​ប្រាក់​ឈ្នួល​របស់​កម្មករ​ដំឡើង​បាន​តិចតួច។ ពួកគាត់​ស្នើ​ដល់​ម្ចាស់​ផ្ទះ​ជួល ឬ​បន្ទប់​រក្សា​តម្លៃ​ជួល​សម្រាប់​កម្មករ​កុំឱ្យ​ដំឡើងថ្លៃ​ក្នុង​ស្ថានភាព​ដែល​ពួកគេ​លំបាក​ដូច​សព្វថ្ងៃ​នេះ។

ច្បាប់​ស្ដីពី​ភតិសន្យា​ពិសេស ឬ​ហៅថា​ច្បាប់​ជួល​ផ្ទះ មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើងថ្លៃ​ផ្ទះ​សម្រាប់​កម្មករ និស្សិត និង​សិស្ស ដែល​ជួល​ផ្ទះ ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​នៃ​ការជួល​ផ្ទះ និង​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ជួល​ផ្ទះ​អាច​ឈប់​ជួល​ពេលណា​ក៏បាន។ ប៉ុន្តែ​ក្រុម​កម្មករ និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ផ្ទះ​ជួល​មើលឃើញ​ថា ម្ចាស់​ផ្ទះ​ជួល មិន​បាន​អនុវត្ត​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​មិន​បាន​ចាត់វិធានការ​ម្ចាស់​ផ្ទះ​ជួល​ដែល​មិន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។