ម្តាយនិងបងប្អូនបង្កើតបណ្ឌិត កែម ឡី គ្រោងធ្វើពិធីបុណ្យរំលឹកខួប ៤ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ។ ការធ្វើពិធីរំឭកខួបនេះ ដើម្បីបន្តទាមទាររកយុត្តិធម៌និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
គ្រួសារបណ្ឌិត កែម ឡី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលគោរពស្រឡាញ់បណ្ឌិត កែម ឡី ឱ្យចូលរួមពិធីបុណ្យខួប ៤ឆ្នាំ នៃថ្ងៃឃាតកម្មលោក ដែលគ្រោងធ្វើនៅទីតាំងតម្កល់សពរបស់លោក គឺស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ផ្ដើមពីព្រឹកថ្ងៃទី១០ ខែកក្កដា។បងស្រីបង្កើតរបស់បណ្ឌិត កែម ឡី គឺលោក កែម ថាវី ថ្លែងថា ពិធីបុណ្យរំឭកខួបនេះ ធ្វើឡើងតែមួយ ថ្ងៃប៉ុណ្ណោះ ព្រោះមិនមានថវិកាគ្រប់គ្រាន់ និងដោយសារខ្លាចអាជ្ញាធររារាំងដូចកាលពីឆ្នាំ កន្លងទៅ៖ «បើមានថវិកា ខ្ញុំនឹងធ្វើមួយយប់មួយថ្ងៃដូចមុនហើយ ប៉ុន្តែដោយសារយើងអត់ដែរ យើងធ្វើទៅតាមនឹងទៅ តែបើឱ្យខានគឺអត់ខានទេ ទោះបីជាអត់ម៉េច ក៏នៅ ខំត្រដរធ្វើដែរ។ ខ្ញុំមិនដែលភ្លេចទេ តែខ្ញុំនិយាយអត់កើត ហើយធ្វើបុណ្យនេះ បើយើងធ្វើធំដុំទៅខ្លាចគេឃាត់គេអីទៀត សូម្បីតែយើងចាក់បទចម្រៀងក៏មិនបានដែរ។ ពួកខ្ញុំរស់នៅរាល់ថ្ងៃនេះ ដូចស្លាប់។ វាណែនពេញទ្រូងទាំងម៉ែទាំងកូន»។
លោកស្រី កែម ថាវី បន្តថា ការរៀបចំពិធីបុណ្យខួប៤ឆ្នាំនេះ ក្រៅពីការឧទ្ទិសបុណ្យកុសលដល់បណ្ឌិត កែម ឡី តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ពិធីបុណ្យនេះ ក៏ជាការបង្ហាញក្ដីនឹករលឹក ការគោរពស្រឡាញ់បណ្ឌិត កែម ឡី ដែរ និងការបន្តទាមទារយុត្តិធម៌បន្តទៀត។ បងស្រីរបស់បណ្ឌិត កែម ឡី រូបនេះ រៀបរាប់ទាំងក្ដុកក្ដួលថា ក្រុមគ្រួសាររបស់លោក មិនអាចរស់នៅដោយ ស្ងប់ចិត្តឡើយ ប្រសិនបើគ្មានយុត្តិធម៌ពិតសម្រាប់បណ្ឌិត កែម ឡី៖ « គេស្លាប់គ្រប់គ្នាគេយកឃើញមានហេតុមានផលអីត្រឹមត្រូវហើយដល់យើងនេះ វានៅដូចបិទមុខអ៊ីចឹងហា។ ខ្ញុំនៅតែនឹកប្អូនខ្ញុំនៅស្រស់ ទោះបីស្លាប់ហើយ ទោះបីជា ធ្វើអ្វីក៏គេឃាត់ធ្វើអី ក៏គេហាម។ ខ្ញុំឆ្អែតណាស់។ បើគេរកយុត្តិធម៌ឃើញ ក៏យើងអស់ចិត្តខ្លះដែរ។ ខ្ញុំនៅតែបន្តទាមទារអ៊ីចឹង ប៉ុន្តែមិនដឹងធ្វើម៉េចឥឡូវនេះ។ យើងមិនដឹងថា ទាមទារយុត្តិធម៌តាមវិធីអី បើគេថា គេចាប់បានហើយឃាតកនេះ តែយើងមិនអាចទទួលយកបានទេចំពោះជួប សម្លាប់នឹង ។ដល់ពេលគេស្ងាត់ឈឹងអ៊ីចឹង យើងមិនដឹងធ្វើម៉េច »។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ អំពើឃាតកម្មនេះ តុលាការបានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសាធារណជននៅតែមិនអស់ចិត្តនៅឡើយ ព្រោះពួកគេសុទ្ធតែជឿថា ជាបុរសក្រីក្ររស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាបរូបនេះ មិនអាចធ្វើរឿងនេះបានតែម្នាក់ឯងនោះឡើយ។ ទំនងជាដើម្បីបញ្ចៀសការរិះគន់ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ ទោស ក៏ប៉ុន្តែតុលាការខកខានមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីយ៉ាងខ្លីដូចកន្លងមកដែរថា សំណុំរឿងទីមួយដែលផ្ដោតលើការកាត់ទោសបុគ្គល អឿត អាង បានបិទបញ្ចប់ហើយ ចំណែកសំណុំរឿងទី២ កំពុងឋិតក្នុងដំណើរការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកភាគីពាក់ព័ន្ធ ឬអ្នកនៅពីក្រោយ ។ ទោះជាយ៉ាងណា លោកមិនបញ្ជាក់ថា ដំណើរការស៊ើបអង្កេតនេះ មានលទ្ធផលបែបណានោះទេ ដោយជំរុញឱ្យសួរទៅខាងតុលាការក្រុងភ្នំពេញវិញ៖ « ក្នុងសំណុំរឿងនេះ ជនដៃដល់ត្រូវបានរកឃើញ និងផ្ដន្ទាទោសរួចហើយ ចំណែកសំណុំរឿងពាក់ព័ន្ធនឹងអ្នកដទៃទៀតនេះ កំពុងស្ថិតក្នុងដំណាក់កាលនីតិវិធី របស់តុលាការ។ អ៊ីចឹងអាចទាក់ទងទៅខាងតុលាការទៅ គេនឹងអាចពិចារណា ថា អាចនឹងផ្តល់ព័ត៌មានឱ្យបាន ឬក៏អត់ផ្អែកទៅលើការសម្ងាត់នៃការស៊ើបអង្កេត »។
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី គឺលោក សេង លាង បាននិយាយថា លោកស្ដាប់មិនលឺ និងបានផ្ដាច់ទូរស័ព្ទ នៅពេលដឹងថា អាស៊ីសេរីសួរនាំអំពីលទ្ធផលនៃការស៊ើបអង្កេតក្នុងសំណុំរឿងនេះ ហើយទោះបីជាអាស៊ីសេរី ព្យាយាម ទូរស័ព្ទទៅជាច្រើនដងទៀត ក៏មិនមានអ្នកទទួលទៀតដែរ៖ « បងថា ម៉េច ? អត់លឺផង ។ ស្ដាប់អត់បានផង »។
អាស៊ីសេរី ក៏មិនអាចសុំការឆ្លើយតបរឿងនេះពីស្នងការនគរបាលក្រុងភ្នំពេញ លោក ស ថេត និង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកយល់ឃើញដូចក្រុមគ្រួសារជនរងគ្រោះដែរថា អាជ្ញាធរ នៅមិនទាន់ផ្ដល់យុត្តិធម៌ពិតប្រាកដនៅឡើយទេ។ លោកកត់សម្គាល់ថា អាជ្ញាធរនិងតុលាការ គ្មានឆន្ទៈស៊ើបអង្កេតក្នុងសំណុំរឿងបណ្ឌិត កែម ឡី ឡើយ ព្រោះមកទល់ពេលនេះ អាជ្ញាធរ នៅតែប្រើពាក្យថា កំពុងបន្តស៊ើបអង្កេតបន្ត ប៉ុន្តែមិនបានបង្ហាញថា តើមានមនុស្សប៉ុន្មាននាក់ ពាក់ព័ន្ធ និងត្រូវបានស៊ើបអង្កេតនោះទេ៖ « ៤ឆ្នាំទៅហើយ យើងអត់ទាន់ឃើញពន្លឺនៃយុត្តិធម៌នៅឡើយ។ សាធារណជនគេយល់ថា អឿត អាង នេះ គេមិនទាន់ទុកចិត្តថា ជាឃាតកនោះទេ។ ដូច្នេះទើប ចេះតែមានការអំពាវនាវ និងទាមទារឱ្យសមត្ថកិច្ចវែកមុខឃាតក ឬក៏ជនដៃដល់ពាក់ព័ន្ធនៅពីក្រោយទៀត ដើម្បីឱ្យមានការអស់ចិត្ត ហើយអាចទទួលបាននូវយុត្តិធម៌ »។
ទន្ទឹមគ្នានេះ លោក ស៊ឹង សែនករុណា មើលឃើញថា អាជ្ញាធររដ្ឋាភិបាល តែងតែរឹតត្បិតការជួបជុំប្រារព្ធ ខួបបណ្ឌិត កែម ឡី ដូចករណីឆ្នាំកន្លងទៅ អាជ្ញាធរ បានចាប់ខ្លួនយុវជនពីរនាក់ដែរ គឺយវុជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ។ ទោះជាយ៉ាងណា លោក ជឿថា ក្រុមអ្នកពីគោរពស្រលាញ់បណ្ឌិតកែម ឡី នៅតែមានបំណងយកកម្រងផ្កាទៅដាក់នៅកន្លែងឃាតកម្ម បណ្ឌិតកែម ឡី ផ្ទាល់ និងខ្លះទៀតនឹងទៅចូលរួមពិធីបុណ្យនៅកន្លែងតម្កល់សពរបស់លោក។
លោក ស៊ឹង សែនករុណា បន្ថែមថា ថ្វីដ្បិតតែលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់រយៈពេល៤ឆ្នាំហើយក្ដី ក៏សង្គមស៊ីវិល ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងមន្ត្រីរាជការ សិស្សនិស្សិត និងព្រះសង្ឃជាដើម នៅតែរន្ធត់ សោកស្ដាយនិងគោរពស្រលាញ់ដល់វីរភាពរបស់លោកបណ្ឌិត កែម ឡី ម្ល៉ោះហើយទើបមានពិធីបុណ្យខួប៤ឆ្នាំ និងបន្តទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ស្ទើរគ្រប់ទីកន្លែងទាំងក្នុងប្រទេសកម្ពុជា និងនៅឯក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។