ជនជាតិ​ចាម​ជាង​២០០​នាក់​រំដោះ​យក​ជន​សង្ស័យ​នេសាទ​ខុស​ច្បាប់

ប្រជាពលរដ្ឋ​ជា​ជនជាតិ​ចាម រាប់​រយ​នាក់ បាន​លើក​គ្នា​មក​ជួយ​រំដោះ​អ្នក​នេសាទ​ជនជាតិ​ចាម ចំនួន ១២​នាក់ ដែល​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ចាប់​យក​មក​ទីស្នាក់ការ​សន្តិសុខ​បេ០៧ (B07) ក្នុង​ខេត្ត​កំពង់ឆ្នាំង ចោទ​ពី​បទ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ តែ​ប្រជា​នេសាទ​ចាម ទាំង​នោះ​បដិសេធ។
ដោយ មណ្ឌល កែវ
2013.04.05
Share on WhatsApp
Share on WhatsApp
នេសាទ​ជនជាតិ​ចាម តវ៉ា កំពង់ឆ្នាំង ៣០៥ ប្រជា​នេសាទ​ចាម ដែល​មក​តវ៉ា​ចំពោះ​ការ​ហាម​ឃាត់​ការ​នេសាទ​របស់​ពួក​គាត់ និង​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Mondul Keo

ប្រធាន​ស្នាក់​ការ​សន្តិសុខ​បេ០៧ (B07) លោក សុខ ស៊ីឡូ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​មេសា ថា ប្រជា​នេសាទ​ជនជាតិ​ចាម ជាង ២០០​នាក់ បាន​ប្រើ​ហិង្សា​ដោយ​លើក​គ្នា​មក​ឡោមព័ទ្ធ​ស្នាក់​ការ​សន្តិសុខ​បេ០៧ ព្រម​ទាំង​បាន​រំដោះ​យក​មនុស្ស ទូក និង​ឧបករណ៍​នេសាទ​ដែល​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ចាប់ និង​ត្រៀម​បញ្ជូន​ទៅ​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត។

លោក សុខ ស៊ីឡូ៖ «យើង​បាន​អង្វរ​គាត់​ថា ចាំ​ឲ្យ​ថ្នាក់​លើ​សម្រេច​ឲ្យ​គាត់។ តែ​លុះ​ដល់​ឡាន​យើង​មក​ដឹក​យក​មនុស្ស​ទៅ វា​ក៏​ខ្លាច​ដូច​អ្នក​មុនៗ វា​ក៏​នាំគ្នា​ធ្វើ​សកម្មភាព​រំដោះ​យក​គ្នា​វា​តែ​ម្ដង។ ខ្ញុំ​បាន​រាយការណ៍​ទៅ​មេៗ គាត់​ក៏​ថា​មិន​ដឹង​ធ្វើ​ម៉េច​ទេ បើ​សភាព​ក៏​ដល់​ទៅ​អ៊ីចឹង​ហើយ​នោះ បើ​យើង​មាន​គ្នា​តែ ១០​នាក់ ឯ​អ្នក​ស្រុក​ដល់​ទៅ​ជិត ៣០០​នាក់​នោះ បើ​យើង​ប៉ះ​ទង្គិច​ទៅ បញ្ហា​វា​រឹត​តែ​ធំ»

កាល​ពី​ព្រលប់​ថ្ងៃ​ទី៣ ខែ​មេសា កង​រាជ​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​បេ០៧ ចាប់​បាន​អ្នក​នេសាទ​ជនជាតិ​ចាម ចំនួន ១២​នាក់ ដែល​កំពុង​ធ្វើ​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​មង​បង្ក្រាប នៅ​ចំណុច​ខាង​កើត​ព្រែក​ដៃដុល ស្ថិត​ក្នុង​ភូមិ​ត្អួររលំ ឃុំ​កំពង់ហៅ ស្រុក​កំពង់លែង។ បន្ទាប់​ពី​បាន​នាំ​អ្នក​នេសាទ​ទាំង ១២​នាក់ និង​ទូក​នេសាទ​មក​ដល់​ទីស្នាក់ការ​ត្រៀម​បញ្ជូន​ទៅ​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​ចាម​ប្រមាណ​ជាង ២០០​នាក់ មក​រំដោះ​យក​ទាំង​មនុស្ស និង​វត្ថុ​តាង​ទៅ​តែ​ម្ដង។

យ៉ាង​នេះ​ក្ដី ក្នុង​ការ​ជួប​សម្ភាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី៥ មេសា ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រជា​នេសាទ​ជនជាតិ​ចាម ទាំង​នោះ​បាន​បដិសេធន៍​ថា ពួក​គេ​ពុំ​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

បុរស​អ្នក​នេសាទ​ម្នាក់​ឈ្មោះ មិត ប្លាទិន បាន​ឲ្យ​ដឹង​ថា ការ​នេសាទ​របស់​ពួក​គាត់ គឺ​នៅ​ក្រៅ​ដែន​អភិរក្ស ម្យ៉ាង​ទៀត ឧបករណ៍​នេសាទ "មង​បង្ក្រាប" នេះ​ពុំ​មាន​ចែង​ក្នុង​ច្បាប់​ហាម​ឃាត់​ទេ​នា​ពេល​កន្លង​ទៅ ដូច្នេះ​ពួក​គាត់​ប្រើ​មង​បង្ក្រាប គឺ​ពុំ​មាន​អ្វី​ខុស​ច្បាប់​ទេ។ ប៉ុន្តែ កម្លាំង​កង​រាជ​អាវុធហត្ថ បាន​ប្រើ​អំណាច​ចាប់​ពួក​គាត់​ទាំង​បំពាន ទើប​ពួក​គាត់​នាំគ្នា​មក​ជួយ​អ្នក​នេសាទ​ទាំង ១២​នាក់​នោះ៖ «ពួក​ខ្ញុំ​ឮ​ថា​សម្ដេច ហ៊ុន សែន កាត់​ឡូត៍​នេសាទ​បើក​ឲ្យ​ប្រជាជន​រក។ ពួក​ខ្ញុំ​ក៏​នាំគ្នា​មក​រក​ទៅ អត់​ដឹង​ថា មង​បង្ក្រាប ខុស​ច្បាប់ ឬ​អី​ទេ ព្រោះ​អត់​ឃើញ​ចែង​ក្នុង​ច្បាប់​ហាម។ ពួក​ខ្ញុំ​រក​នៅ​ក្រៅ​ដែន​អភិរក្ស​ទេ តែ​មក​ចោទ​ថា​ក្នុង​ដែន​អភិរក្ស​វិញ។ តាម​ចាប់​ទូក​យួន ៤​ទូក តែ​រត់​រួច​អស់ ២​ទូក ស្រាប់​តែ​មក​ចាប់​ពួក​ខ្ញុំ​ដែល​រក​ខាង​ក្រៅ​នេះ​មក​ជំនួស​វិញ»

កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ ក៏​មាន​ការ​ចាប់​អ្នក​នេសាទ​ជា​ជនជាតិ​ចាម ជាច្រើន​នាក់​ដែរ។ មន្ត្រី​ជំនាញ​ផ្នែក​ជលផល និង​មន្ត្រី​ថ្នាក់​ខេត្ត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​នេសាទ​ដែល​បាន​ចាប់​មក​នេះ មាន​ខ្លះ​ពុំ​បាន​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​ទេ តែ​ក្នុង​ពេល​ចុះ​ទៅ​បង្ក្រាប ក៏​ប្រមូល​យក​មក​ទាំងអស់។ មន្ត្រី​ទាំង​នោះ​បន្ត​ថា ដោយ​នេះ​ជា​បញ្ជា​របស់​ថ្នាក់​លើ ដូច្នេះ​ទាល់​តែ​មាន​បញ្ជា​ពី​ថ្នាក់​លើ ទើប​ថ្នាក់​ខេត្ត​ហ៊ាន​ធ្វើ​ការ​ពិនិត្យ​បញ្ហា​នេះ។

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​រំដោះ​យក​ជន​សង្ស័យ គឺ​ជា​សកម្មភាព​ខុស​ច្បាប់។ ប៉ុន្តែ សកម្មភាព​នេះ​ក៏​ជា​ការ​បង្ហាញ​ថា ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់ ទើប​គាត់​ប្រព្រឹត្ត​អំពើ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។