កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន្ដ លើក​គ្នា​ទៅ​ក្រសួង​ការងារ​សួរនាំ​រឿង​ញត្តិ​ពី​រដ្ឋមន្ត្រី

ដោយ ជាតិ ចំណាន
2018.05.09
Share on WhatsApp
Share on WhatsApp
កម្មករ ហ្វឹស ហ្គាវ័ន្ត ៦២២ រូបភាព​កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន្ត (First Gawon) កំពុង​តវ៉ា​ទាមទារ​ប្រាក់​ខែ នៅ​មុខ​រោងចក្រ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo Provided

ក្រុម​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ (First GAWON Apparel) នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី៩ ឧសភា បាន​នាំគ្នា​ដើរ​ថ្មើរជើង ទៅ​រក​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​សួរនាំ​ញត្តិ​របស់​ពួកគាត់ ដែល​បាន​ដាក់​កាលពី​ថ្ងៃ​ទី​២៤ មេសា។ អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ចេញ​មុខ​ជួល​ឡាន​ឲ្យ​ពួកគាត់​ជិះ​ដោយ​សមត្ថកិច្ច​អះអាង​ថា ដើម្បី​កុំ​ឲ្យ​ស្ទះ​កកស្ទះ​ចរាចរណ៍ និង​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រុងភ្នំពេញ ជាដើម។

កម្មករ​ប្រាប់​ថា ពួកគាត់​មាន​គ្នា ប្រហែល​១០០​នាក់ បានសម្រេច​ចិត្ត​ដើរ​ដោយ​ថ្មើរជើង ទៅ​សួរនាំ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ពី​រឿង​ញត្តិ​ទាមទារ​សុំ​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ដែល​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់ តាមច្បាប់​ការងារ​កំណត់។

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី សុខ វណ្ណា ឲ្យ​ដឹង​ថា ពួកគាត់​បាន​បរាជ័យ​ក្នុង​ការ​ដើរ​ថ្មើរជើង ទៅ​រក​រដ្ឋមន្ត្រី​នៅ​ក្រសួង​ការងារ ដោយសារ​អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​រារាំង និង​សម្របសម្រួល​ឲ្យ​ពួកគាត់​ជិះ​ឡាន​ទៅវិញ ដោយ​ធានា​ចេញថ្លៃ​ជួល​ឡាន​២​គ្រឿង ដើម្បី​ដឹក​កម្មករ​ទាំងអស់ ទៅ​ក្រសួង​ការងារ៖ «មុនដំបូង​ពួក​បង​ថា ធ្វើ​ថ្មើរ​ជើង​ដែរ​ក៏ប៉ុន្តែ​ពួកគាត់ មក​ថា​ដើរ​វា​ឆ្ងាយ ហើយ​ណាមួយ​ពួកគាត់​នឹកឃើញ​ថា​ចាស់ៗ​ពួកគាត់​ឃើញ​អីចឹង ក៏​ជួល​ឡាន ឲ្យ​ជិះ ណាមួយ​បង​សប្បាយចិត្ត​តិចៗ​ដែរ ដែរ​ខាង​ខណ្ឌ​អី​មាន​ទឹកចិត្ត​ជួល​ឡាន​ឲ្យ​ពួក​បង​ជិះ​ដែរ នោះ ប៉ុន្តែ​បង​នៅតែ​មិន​សប្បាយចិត្ត​ទេ​ព្រោះ​អី​ការងារ​បង​ដែរ​ចង់បាន​មិនទាន់​បានសម្រេច»

ជម្លោះ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ អូស​បន្លាយ​តាំងពី​ខែ​មករា ដើម​ឆ្នាំ​២០១៨ មក​។ ក្រុម​កម្មករ បាន​ចោទ​ថៅកែ​រោងចក្រ​តែង​ប្រើប្រាស់​ផ្លូវ​តុលាការ​ដើម្បី​បង្ខំ​ឲ្យ​កម្មករ ចូល​ធ្វើ​ការ​វិញ ក្នុង​រយៈពេល​មិនបាន​បើកប្រាក់​ឈ្នួល​ជាច្រើន​ខែ​កន្លង​មក​នេះ​។ ពួកគាត់​ថា ដើម្បី​រង់ចាំ​ទទួល​ប្រាក់​ឈ្នួល និង​ជៀសវាង​ថៅកែ​មាន​លេស​ចោទ កម្មករ និង​សហជីព ថា​មាន​ចរិត​ញុះញង់ ឬ​បិទ​ផ្លូវ ជាដើម ពួកគាត់​បាន​បង្ខំចិត្ត​ចូល​ធ្វើ​ការ​វិញ តាម​សេចក្ដី​បង្គាប់​របស់​តុលាការ ជា​ច្រើនដង​មក​ហើយ បើ​ទោះជា​ពួកគាត់ មិន​បាន​ទទួល​ប្រាក់ខែ​ក៏ដោយ។ ជាង​នេះ​ទៅ​ទៀត ជាច្រើន​ខែ​មកនេះ ពួកគាត់​បាន​នាំគ្នា​បោះតង់ វេច​ចាន ឆ្នាំង មុង ភួយ មក​ស្នាក់​នៅ និង​ដាំបាយ​ហូប​នៅមុខ​រោងចក្រ ព្រោះតែ​គ្មាន​ប្រាក់ បង់ថ្លៃ​ផ្ទះ​ជួល។ កាលពី​ក្នុង​កំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨ ក្រុម​កម្មករ​នៃ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ អះអាង​ថា ពួកគាត់​បាន​ធ្វើ​ពិធី​ទទួល​ទេវតា នៅមុខ​រោងចក្រ ដោយសារ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត។

ក្រុម​កម្មករ បាន​ចោទ ថា ថៅកែ​រោងចក្រ​ហ្វឺស ហ្គាវ័ន្ដ បាន​រំលោភច្បាប់​ការងារ និង​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​កម្មករ តាំងពី​អំឡុង​ឆ្នាំ​២០១៥ ហើយ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ថៅកែ​រោងចក្រ​មិន​បាន​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទេ ដោយសារ​ប្រាប់​ថា គ្មាន​លទ្ធភាព។

អាស៊ីសេរី មិន​អាច​រក​ប្រភព ទាក់ទង​ទៅ​ខាង​ភាគី​ថៅកែ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ ដែល​កម្មករ​អះអាង​ថា ជា​ជនជាតិ​កូរ៉េ​ខាងត្បូង ឈ្មោះ ផាក ក្យុងហ៊ី បានទេ នៅ​ថ្ងៃ​ទី​៩ ឧសភា។

ប្រធាន​សហជីព​ស៊ី​ខៅ​ឌូ​ប្រចាំ​រោងចក្រ​ហ្វឹស ហ្គាវ័ន្ដ លោក ខឹម មករា ប្រាប់​ថា មន្ត្រី​គណៈកម្មការ​គ្រប់គ្រង​កូដកម្ម​គ្រប់មុខ​សញ្ញា និង​ក្រុម​អធិការកិច្ច នៃ​ក្រសួង​ការងារ សន្យា​ថា​នឹង​យក​សំណើ​ របស់​កម្មករ​រុញ​ទៅ​មន្ត្រី​អគ្គនាយកដ្ឋាន និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ព្រោះ​នៅ​ថ្ងៃ​ទី៩ ឧសភា មន្ត្រី​ទាំងនោះ មិន​នៅ​ក្រសួង​ទេ ដោយ​អម​ដំណើរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជួប​កម្មករ​នៅ​ខេត្ត​ស្វាយរៀង អស់ហើយ។ សហជីព ប្រាប់​ថា មន្ត្រី​ប្រចាំការ​នៅ​ក្រសួង​ការងារ មិនបាន​សន្យា​អ្វី​ក្រៅ​ពី​នេះ​ទេ និង​ព្យាយាម​សម្របសម្រួល រវាង​កម្មករ និង​តំណាង​ក្រុមហ៊ុន ដោយ​ភាគី ថៅកែ​រោងចក្រ រក្សា​ជំហរ​ដដែល គឺ ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​រយៈពេល​៣​ខែ គឺ​៥១​ដុល្លារ៖ «ក្នុង​សំណើ​ដែល​បាន​សម្របសម្រួល​ព្រឹក​មិញ​នេះ ពួកគាត់ លើក​ហេតុផល​ពីរ ទី​មួយ​ខាង​និយោជិត ដែល​គេ​តំណាង​មក​នឹង​គឺ គាត់​មាន​គោលជំហរ ដដែល គាត់​ឲ្យ​ភាគី​ខាង​កម្មករ​រោងចក្រ​ក្នុង​ខែ​មួយ ខែ​ពី ខែ​បី និង ៥១​ដុល្លារ ប៉ុន្តែ ខាង​សហជីព​បាន​សម្របសម្រួល​ទៅ​ភាគី​ខាង តំណាង​រោងចក្រ​វិញ ថា​លុយ​ចំនួន ៥១ដុល្លារ​ក្នុង រយៈ ពេល​បី ខែ​កន្លង​ទៅ​នោះ កម្មករ មិន​អាច​ទទួល​យក​បាន​ទេ»

ក្រុម​កម្មករ​រោងចក្រ​ហ្វឹស ហ្គា​វ័​ន្ដ បញ្ជាក់​ថា នឹង​នៅតែ​នាំគ្នា​បន្ត​ដេក​ក្នុង​តង់​មុខ​រោងចក្រ​បន្ដ​ទៀត ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ គឺ លោក អ៊ិត សំហេង ហើយ​នៅ​សប្ដាហ៍​ក្រោយ​ពួកគាត់​នឹង​ទូរស័ព្ទ​ទៅ​សួរ​មន្ត្រី​ក្រសួង​ការងារ​ម្ដងទៀត អំពី​ញត្តិ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។