សហគមន៍​បារម្ភ​ពី​ការ​ថយ​ចុះ​ត្រី​ក្រោយ​ឃើញ​មាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​ទន្លេសាប​ខេត្ត​កំពង់ធំ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​នេសាទ​បារម្ភ​ជាថ្មី​ទៀត ពី​ការ​ថយចុះ​ទិន្នផល​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប ក្រោយ​គេ​ឃើញ​មាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ។

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជា​សហគមន៍​នេសាទ រស់នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ថា អាជ្ញាធរ​ធូររលុង​ច្រើន​ក្នុង​ការ​អនុវត្ត​ច្បាប់​នេសាទ ធ្វើ​ឱ្យ​បទល្មើស​នេសាទ​នៅតែ​កើត​មាន​ច្រើន ក្នុង​តំបន់​បឹង​ទន្លេសាប។

ប្រជា​សហគមន៍​រស់នៅ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ លោក ឆាយ ចែង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២៧ កុម្ភៈ​ថា ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ចាប់​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្ត​កំពង់ធំ។ ទោះជា​យ៉ាងណា​លោក​ថា​អាជ្ញាធរ​គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា ព្រោះ​កន្លងទៅ​អាជ្ញាធរ​តែង លម្អៀង​ទៅ​បុគ្គល​មាន​លុយ​មានអំណាច​ក្នុង​ការ​អនុវត្ត​ច្បាប់ ធ្វើ​ឱ្យ​ជនល្មើស​មិន​រាងចាល។

លោក ឆាយ ចែង៖ «អាជ្ញាធរ​គួរតែ​អនុវត្ត​ស្មើភាព​គ្នា កន្លងមក​គេ​តែងតែ​គេ​ចោទ​ប្រកាន់​ថា លម្អៀង​។ យើង​គួរតែ​ឆ្លុះកញ្ចក់​ខ្លួនឯង បើ​ត្រឹមត្រូវ​អត់ បើ​ត្រឹមត្រូវ​កែប្រែ​ទៅ​។ យើង​អនុវត្ត​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់»។

កាលពី​ថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៤ មន្ត្រី​រដ្ឋបាល​ជលផល ខេត្ត​កំពង់ធំ​បាន​បង្ក្រាប​បទល្មើស​ជល​ផល ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ដោយ​រឹបអូស បាន​របាំង​ស្បៃ​មុង​ចំនួន ៨ របាំង ប្រវែង ៨០០​ម៉ែត្រ លបឡុក​ចំនួន ១៦ គ្រឿង លប​ឡូ ចំនួន ៣២​មាត់ បង្គោល​ឈើ​ចំនួន ៦០០​ដើម និង​ឧបករណ៍​ឆក់​មួយ​ចំនួន​ទៀត​។ រីឯ​ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់។

ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​រិះគន់​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) បង្ហាញ​ពី​ឧបករណ៍​នេសាទ ប្រភេទ លបឡុក ដែល​គេ​ដាក់​ពង្រាយ​ពាស​ពេញ​បឹង​ទន្លេសាប ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។

ឆក់.jpg
សកម្មភាព​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ បាន​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​តំបន់​បឹង​ទន្លេសាប កាល​ពី​ថ្ងៃទី​១៦ កុម្ភៈ ២០២៤។ រូប៖ មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ បង្ហោះ​តាម​បណ្ដាញ​សង្គម

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ បាន​ថត​បង្ហោះ​ដោយ​ប្រើ​ឧបករណ៍​ថត​ពីលើ​អាកាស ឬ​ហៅថា ត្រូន (Drone) បង្ហាញ​ភស្តុតាង​ជា​រូបភាព​ជាក់ស្តែង មាន​ទម្រង់​ដូចជា​សញ្ញា​ព្រួញ ដែល​គេ​សម្គាល់​ថា ជា​ឧបករណ៍​នេសាទ​ប្រភេទ លបឡុក មាន​លទ្ធភាព​ចាប់​ត្រី​តូច​ធំ​បាន​គ្រប់​ប្រភេទ នៅ​រដូវ​ទឹក​ស្រក។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ លោក ជិន ស៊ីថា និង អភិបាល​ខេត្ត​នេះ លោក ងួន រតនៈ ដើម្បី​សុំ​អធិប្បាយ​បន្ថែម​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៧ កុម្ភៈ។

ជុំវិញ​រឿង​នេះ​នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា ការប្រើ​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់​នៅ​រដូវ​ទឹក​ស្រក​ធ្វើ​ឱ្យ​ត្រី​មេ​ពូជ​ធំៗ​ប្រឈម​នឹង​ដាច់​ពូជ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​និង​ប្រជា​សហគមន៍​សហការ​គ្នា​ផ្តល់​ព័ត៌មាន​ពី​បទ​ល្មើស​នេសាទ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

លោក លាង ប៊ុនលាភ៖ «បញ្ហា​នេះ​សូម​ឱ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​ប្រជា​សហគមន៍​សូម​មេត្តា​ចូលរួម​យ៉ាងសកម្ម ដើម្បី​លុបបំបាត់​ការ​ចាប់​ត្រី​ខុសច្បាប់​ហ្នឹង​បើ​មិន​ដូច្នោះ​ទេ ជលផល​យើង​ខ្សោយ បឹង​ទន្លេសាប​កំពុង​ទឹក​ទាប​ស្រាប់»។

កាលពី​ខែ​មីនា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​អភិបាលខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​។ លោក ហ៊ុន សែន បាន​ស្ដីបន្ទោស​អភិបាលខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ថា មិន​ត្រូវ​មើលស្រាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នោះ​ទេ ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ។

ក៏ប៉ុន្តែ​ប្រជា​សហគមន៍​សង្កេតឃើញ​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​តាមតែ​ព្រឹត្តិការណ៍​ឬ​តាម​បទបញ្ជា​ម្តងម្កាល​រួច​ក៏​ស្ងាត់​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បទល្មើស​នេសាទ​នៅតែ​កើត​មាន​ដដែលៗ​ជាច្រើន​អាណត្តិ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។