ក្រសួង​ការបរទេស​កម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​​ករណី​​បង្ខាំង​ជនជាតិ​ថៃ​ម្នាក់​​បូម​​ឈាម​លក់​នៅ​​ខេត្ត​ព្រះ​សីហនុ

0:00 / 0:00

ក្រសួង​ការ​បរ​ទេស​កម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​ជុំវិញ​​ករណី​​ស្រ្តី​ជនជាតិ​ថៃ​ម្នាក់​​ប្រឈម​គ្រោះ​ថ្នាក់​ពី​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស​នៅ​​កម្ពុជា ដោយអះ​អាង​ថា គ្មាន​​មូល​ដ្ឋាន​​ត្រឹម​ត្រូវ និង​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នៅ​ឡើយ។ ការ​បដិសេធ​នេះ គឺ​បន្ទាប់​ពី​សារ​ព័ត៌​មាន​ថៃ បាន​ចុះ​ផ្សាយ​អំពី​ស្រ្តី​ជន​ជាតិ​ថៃ​រូបនោះ​ត្រូវ​បានជន​ជាតិ​ចិន​មួយ​ក្រុម​បូម​ឈាម​លក់ ហើយ​បំរុង​នឹង​វះ​កាត់​យក​សរីរាង្គ​នៅ​ខេត្ត​ព្រះ​សីហនុ។ មន្រ្តី​​អង្គ​ការ​​​សង្គម​​​​ស៊ីវិល​​​​ជំរុញ​​​ដល់​​​អាជ្ញាធរ​កម្ពុជា បើក​ការ​​ស៊ើប​​អង្កេត​​ឱ្យ​​បាន​ហ្មត់ចត់ដើម្បី​​ទប់​​ស្កាត់​អំពើ​​ឧក្រិដ្ឋ​​ទាំង​​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព។ អាជ្ញាធរ​កម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​ជុំវិញ​​ករណី​​ស្រ្តី​ជន​ជាតិ​ថៃម្នាក់​​ប្រឈមគ្រោះ​ថ្នាក់​ពី​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស​នៅ​​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរ​ទេស​កម្ពុជា​លោក ជុំ សុន្ទរី បាន​បំភ្លឺ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​អន​ឡាញ​ឈ្មោះ​ថៃ អ៊ិចស្សាមីន័រ​ (Thai​ Examiner)​ កាល​ពី​ថ្ងៃទី១២ ខែ​មីនា ទាក់​ទង​ទៅ​នឹង​ស្រ្តី​ជន​ជាតិ​ថៃ​ម្នាក់​អះ​អាងថា ​នាង​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ពី​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស​នៅ​កម្ពុជា​នោះ គឺអាជ្ញាធរ​មាន​សមត្ថ​កិច្ច​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​បដិសេធ​រួច​ហើយ ដោយ​សារ​ការ​លើកឡើង​នោះ​​គ្មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ​ពិត​ប្រាកដ។ លោក​បន្ត​ថា ​ករណី​នេះ ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ក៏​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ស្វែង​រក​ការបញ្ជាក់​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃទី១៣ ខែមីនា កម្ពុជា​ពុំ​ទាន់​ទទួល​បាន​ការបញ្ជាក់​​ណា​​មួយ​ថា ​មាន​រឿង​បែប​នេះ​កើត​ឡើង​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា​ សារ​ព័ត៌​មាន​ឌឹក ថៃហ្គរ ​(The Thaiger) ​បាន​ចុះ​ផ្សាយដោយ​ដក​ស្រង​សម្តី​របស់​ជំនួយ​ការ​ស្នង​ការ​នគរ​បាល​ជន​ជាតិ​ថៃ​លោក សុរាឆាត ហាក់ផន​ (Surachate Hakpharn) ​បាន​បញ្ជាក់​ថា ​ស្រ្តី​ជន​ជាតិ​ថៃម្នាក់​នោះ​ត្រូវគេ​ល្បួង​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​ខុស​ច្បាប់​នៅ​តាម​រយៈ​ទូរស័ព្ទ​ដោយ​ជន​ជាតិ​​ចិន តែ​នាង​ត្រូវ​ទទួល​រង​ការ​វាយ​ដំ ចាប់ឃុំខ្លួន និង​បង្អត់​អាហារ បន្ទាប់​ពីបដិសេធ​មិន​ព្រម​ធ្វើ​ការ។ ប្រភព​ដដែល​ថា​ ស្រ្តី​រូប​នោះ​ត្រូវ​គេ​បញ្ជូន​ពី​តំបន់​មួយនៅ​ជាប់​ព្រំដែន​វៀតណាម​ទៅ​កន្លែង​ផ្សេង​ទៀត ដែល​ក្នុង​បន្ទប់​មាន​ឧបករណ៍​វះកាត់​ជាច្រើន បន្ទាប់​មក​ក្រុម​ក្មេង​ទំនើង​ជន​ជាតិ​ចិន​បាន​បូម​ឈាម​នាង​៣ទៅ​៤​កំប្លោក ហើយ​ហៀប​នឹង​យក​នាង​ទៅ​វះ​កាត់​ដើម្បី​យក​សរីរាង្គ​​ ប៉ុន្តែ​នាង​រត់​គេចខ្លួន​ បន្ទាប់មក​សមត្ថ​កិច្ច​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្រុងប៉ោយ​ប៉ែត​ដើម្បី​ព្យាបាល​រហូត​ដល់​នាង​មាន​កម្លាំង​ឡើង​វិញ។

វិទ្យុអាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុលោក ជួន ណារិន ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី១៣ ខែមីនា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំមាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​​ទទួល​​បន្ទុក​កិច្ច​ការ​​ទូទៅ​​នៃ​​អង្គការ​​លីកាដូ​​លោក អំ សំអាត មាន​ប្រសាសន៍​ថា ​ប្រសិន​ករណី​នេះ​កើត​ឡើង​មែន​នោះ គឺ​​ជា​​ការ​​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បារម្ភ​អំពី​សុវត្ថិភាព ជា​ពិសេស​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ ដូច​ជា​ភ្ញៀវ​ទេស​ចរណ៍ និង​អ្នក​វិនិយោគ​ជាដើម។ លោក​សង្កេត​ឃើញ​​ថា អាជ្ញាធរ​កម្ពុជា​ហាក់​ឆ្លើយ​តប​ដោយ​បដិសេធ​ឆាប់រហ័សដែលរឿង​នេះ​​​គួរ​​រង​​ចាំ​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត និង​កិច្ច​សហការ​ជា​មួយអាជ្ញាធរ​​ថៃ​ជា​មុន​សិន។ លោក​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​យក​ចិត្តទុក​ដាក់​ចាត់​វិធាន​ការ​តឹង​រ៉ឹង លុប​បំបាត់​បទ​ល្មើស ព្រម​ទាំង​ស៊ើប​​អង្កេត​​ឱ្យ​​បាន​ច្បាស់​​លាស់ ដើម្បី​​បង្ហាញ​កិច្ច​សហ​ប្រតិ​បត្តិការ និង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ឱ្យ​ប្រសិទ្ធភាព​ដល់​ពលរដ្ឋ៖ «អង្គ​ការ​ជាតិ​និង​អន្តរ​ជាតិ​ទទូច​ឱ្យ​រដ្ឋា​ភិបាល ចាត់​វិធាន​ការ​តឹង​​រ៉ឹង ដើម្បី​លុប​បំបាត់​អំពើ​ទាស​ភាព​រាល់​បទ​ល្មើស​ទាំង​ឡាយ​កើត​ចេញ​អំពីបរទេស​និង​បរទេស​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តំបន់​អភិវឌ្ឍន៍ ធ្វើយ៉ាង​​មិច​​លុប​បំបាត់​កុំ​ឱ្យ​មាន​ការ​យក​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​បទ​ល្មើស»។

ករណី​ស្ត្រី​ជន​ជាតិ​ថៃ​នេះ គឺ​ជា​ករណី​ទី​ពីរ​ហើយ។ កាល​ពី​ថ្មីៗ​នេះ ក៏​មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ លី អាយុ​ជាង​៣០​ឆ្នាំ​​​អះ​អាង​​ថា លោក​​​ត្រូវ​​បាន​គេ​​បោក​បញ្ឆោត​​ឱ្យ​បង្ហូរ​​ឈាម​​របស់​​គាត់​​ជា​​ច្រើន​​ដង​​នៅ​​កម្ពុជា​​ចាប់​​តាំង​​ពី​​ខែ​​សីហា ឆ្នាំ២០២១។ លោក​​​បន្ត​ថា ​គេ​បាន​​​​​វាយ​​​ដំ​​ជា​​ច្រើន​​​ដង​​នៅ​អគារ ដែល​​លោក​​​ស្គាល់​ឈ្មោះ​ថា ជីនស៊ី ១០​ (Jinshui 10)​ និងកៃបូ ​(Kaibo) នៅ​​ក្នុង​​បរិវេន​ឆៃ​ណា​​ថោន​ (Chinatown) ក្បែរ​​ឆ្នេរ​អូរ​​ត្រេះ ក្រុង​​ព្រះ​​សីហនុ និង​​នៅ​​ខេត្ត​កោះ​កុង​​ផង​​ដែរ។ លោក លី ​​បញ្ជាក់​​ថា លោក​​​ត្រូវ​​​បាន​​​គេ​​​បូម​​ឈាម​​​ក្នុង​​​បរិមាណ​​ដ៏​ច្រើន រហូត​​​ដល់​​លោក​​​មាន​​​បញ្ហា​​​សុខ​ភាព​​ធ្ងន់ធ្ងរ​​អំឡុង​​​ពេល​​​នោះ។ ប៉ុន្តែ​ករណី​នេះ ក៏​ត្រូវ​បានអាជ្ញាធរ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី១០ ខែមីនា ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​រួម​គ្នា​​មួយ​ដោយ​ពួក​គេ​​​ព្រួយ​​បារម្ភ​​ជា​​ខ្លាំង​​ចំពោះ​ការ​​កើន​​ឡើង​​នៃ​ការ​​ជួញ​​ដូរ​​មនុស្ស ​ការ​ចាប់​​បង្ខំ​​ឲ្យ​​ធ្វើ​​ពលកម្ម​ អំពើ​​ទាសភាព និង​​ទារុណ​កម្ម នៅ​តាម​​បរិវេន​​អគារ​​នានា​នៅ​​កម្ពុជា។ ក្រុម​​អង្គ​ការ​​ក្នុង​​ស្រុក​និង​​អន្តរ​ជាតិ បាន​ចង​ក្រង​​ការ​​រាយការណ៍​​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​​គណនី​​បណ្តាញ​​សង្គម​​របស់​​ជន​រង​​គ្រោះ​​រក​​ឃើញ​​ថា មាន​​មនុស្ស​​រាប់​ពាន់​​នាក់ ដែល​ភាគ​​ច្រើន​​ជា​​ជន​បរទេស​ ត្រូវ​​​បាន​​ទទួល​​រង​​គ្រោះ​នៃ​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​​យ៉ាង​​ធ្ងន់ធ្ងរ​​។ ពួក​គេ​ក៏​បាន​បញ្ជាក់​​ថា ការ​​រំលោភ​បំពាន​​ពាក់​ព័ន្ធ​​នឹង​​ជនបរ​ទេស​ ដែល​​ត្រូវ​​បាន​​ចាប់​ជំរិត លក់ ជួញដូរ ឬត្រូវ​បោក​​បញ្ឆោត ឲ្យ​ទទួល​​ការ​ងារ​​នៅ​​ក្នុង​​ខេត្ត​មួយ​ចំនួន រួមមាន ខេត្ត​ព្រះ​សីហនុ ភ្នំពេញ ពោធិ៍សាត់ កោះកុង ជា​ដើម។ បន្ទាប់​មក​ពួក​គេ​​ត្រូវ​បាន​​ឃុំ​ខ្លួន​ ក្នុង​​បរិវេណ​​អគារ​ធំៗ និង​​ត្រូវ​​បង្ខំ​​ឲ្យ​ធ្វើ​ការ​​លើស​ម៉ោង គ្មាន​ពេល​​សំរាក​​ជា​ដើម។ ជន​រង​គ្រោះ​​ដែល​បាន​​រត់​គេច​​ខ្លួន​​រួច បាន​​រាយការណ៍​​ថា ពួក​គេ​ត្រូវ​បាន​​ធ្វើ​បាប​​ទាំង​​រាង​កាយ ផ្លូវ​ចិត្ត រង​អំពើ​​ហិង្សា​​ពី​​សំណាក់​ក្រុម​​ដែល​​បង្ខាំង​​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។