អតីត​គ្រូបង្រៀន​សាលា​អន្តរជាតិ​កម្ពុជា​ទាមទារ​មិន​ឲ្យ​បិទ​លិខិត​បញ្ឈប់​ពី​ការងារ​មុខ​សាលា

0:00 / 0:00

អតីត​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ម្នាក់ ស្នើសុំ​កុំ​ឲ្យ​សាលា​បិទ​លិខិត​បញ្ឈប់​ពី​ការងារ​នៅ​មុខ​សាលា និង​នៅ​មុខ​សាខា​សាលា​ផ្សេង​ទៀត ដោយ​លើក​ឡើង​ថា ការ​ចោទ​របស់​សាលា​ខុស​ពី​ការ​ពិត និង​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​សាលា បដិសេធ​សំណើ និង​ទាមទារ​ឲ្យ​អតីត​គ្រូ​រូប​នេះ ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ជា​បន្ទាន់ បើ​មិន​ចង់​មាន​រឿង​ធំ​ជាង​នេះ។

ក្រៅ​ពី​បញ្ចប់​កិច្ចសន្យា​ការងារ​ដោយ​មិន​ផ្តល់​សំណង ឬ​ប្រាក់​ឈ្នួល ភាគី​សាលា​អន្តរជាតិ​កម្ពុជា ព្រមាន​ថា​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ការ​ដែល​អ្នកគ្រូ​ហ៊ាន​បក​ក្រដាស​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ចេញ​ពី​ក្តារខៀន​ព័ត៌មាន។

អង្គុយ​នៅ​ក្នុង​ផ្ទះ​តូច​ចង្អៀត​នៃ​ជាន់​ទី​៣ ដែល​មាន​សមាជិក​គ្រួសារ​ជិត ១០​នាក់ នៅ​ម្តុំ​សាលា​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ កញ្ញា សេក សុខុម ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ចំណោម​អ្នក​រក​ចំណូល​ជួយ​ផ្គត់ផ្គង់​គ្រួសារ ប៉ុន្តែ​នៅ​ពេល​នេះ សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​សាលា​អន្តរជាតិ​កម្ពុជា ភ្ជាប់​ដោយ​ពាក្យ​ថា បុគ្គល​រូប​នេះ​មាន​អាកប្បកិរិយា​មិន​ល្អ ធ្វើ​ឲ្យ​យុវតី​មាន​វ័យ ២៤​ឆ្នាំ​រូប​នេះ ព្រួយ​បារម្ភ​ថា នឹង​ប្រឈម​បាត់បង់​ការងារ​ជា​លើក​ទី​២៖ «ខ្ញុំ​មិន​ដែល​ឮ​ថា​សាលា​ណា ឬ​ក្រុមហ៊ុន​ណា​និយាយ​បុគ្គលិក​ដែល​បញ្ឈប់​នោះ មាន​អាកប្បកិរិយា​មិន​ល្អ​ទេ ព្រោះ​ថា បើ​អាកប្បកិរិយា​មិន​ល្អ មាន​សាលា​ណា ឪពុក​ម្ដាយ​កុមារ​ណា​ឲ្យ​កូន​គេ​មក​រៀន​ជាមួយ​ខ្ញុំ»

កញ្ញា សេក សុខុម បាន​ចុះ​កិច្ចសន្យា​បំពេញ​ការងារ​នៅ​សាលា​អន្តរជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ ជា​គ្រូបង្រៀន​ថ្នាក់​មត្តេយ្យ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ៥៥​ដុល្លារ​ក្នុង​មួយ​ខែ។ កញ្ញា​ត្រូវ​សាលា​បញ្ចប់​កិច្ចសន្យា​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រោយ​ពេល​ដាក់​ពាក្យ​សុំ​ឈប់ ប៉ុន្តែ​សាលា​មិន​យល់ព្រម​តាម​សំណើ បែរ​ជា​បញ្ចប់​មុន​ការ​ស្នើសុំ។ ក្រោយ​ការ​បញ្ឈប់ អតីត​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​ដែល​បង្រៀន​អស់​រយៈពេល​ជាង ២​ខែ​នៅ​ឡើយ។

តាម​គោលការណ៍​សាលា​អន្តរជាតិ​កម្ពុជា បុគ្គលិក​ដែល​ចុះ​កិច្ចសន្យា​ធ្វើ​ការងារ​នៅ​សាលា​នេះ លុះត្រា​ធ្វើ​ការ​បាន​មួយ​ឆ្នាំ​សិន ទើប​មាន​សិទ្ធិ​ដាក់​ពាក្យ​ឈប់​ពី​ការងារ ដោយ​ផ្តល់​ដំណឹង​មក​សាលា​ឲ្យ​ដឹង​មុន​មួយ​ខែ។ ការ​សុំ​ឈប់​មុន​កុងត្រា​នេះ ត្រូវ​ភាគី​សាលា​ចោទ​ប្រកាន់​កញ្ញា​ធ្វើ​ខុស​គោលការណ៍ និង​ច្បាប់​របស់​សាលា។

នាយក​សាលា​អន្តរជាតិ​កម្ពុជា សាខា​បាក់ទូក លោក ពុំ ស៊ីនឿន ដែល​បញ្ឈប់​ការងារ កញ្ញា សេក សុខុម ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​សាលា​បញ្ឈប់​កិច្ចសន្យា​ការងារ​អ្នកគ្រូ សេក សុខុម ព្រោះ​អ្នកគ្រូ​រូប​នេះ​ទាមទារ​ឈប់​មុន​កិច្ចសន្យា ទោះ​សាលា​មិន​យល់ព្រម​តាម​ការ​ស្នើសុំ ក៏​កញ្ញា​នៅ​តែ​ទាមទារ។ ដូច្នេះ លោក​ក៏​បញ្ឈប់​នៅ​ពេល​នោះ​តែ​ម្តង។ លោក​ប្រាប់​ទៀត​ថា នៅ​ពេល​អ្នកគ្រូ សេក សុខុម សុំ​ឈប់​នោះ បាន​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​មក​ថ្នាក់​ដឹក​នាំ​សាលា ដែល​សាលា​យល់​ថា បុគ្គលិក​រូប​នេះ​មាន​អាកប្បកិរិយា​មិន​ល្អ៖ «គាត់ (អ្នកគ្រូ សេក សុខុម) សុំ​ឈប់ តែ​សាលា​មិន​ព្រម​ឲ្យ​ឈប់ គាត់​នៅ​តែ​ចចេស​សុំ​ឈប់​ដដែល ចឹង​យើង​បញ្ឈប់​គាត់​តែ​ម្តង​ទៅ»

ចំពោះ​ការ​ទាមទារ​សុំ​បញ្ឈប់​បិទ​ផ្សាយ​ពាក្យ​បញ្ឈប់​ពី​ការងារ ឬ​លិខិត​សុំ​ទោស នាយក​សាលា​អន្តរជាតិ​កម្ពុជា សាខា​បាក់ទូក សុំ​ឲ្យ​មិន​ឆ្លើយ​តប ព្រោះ​ថា​មិន​មែន​ជា​តួនាទី​របស់​លោក។

ស្រាយ​បំភ្លឺ​សំណើ​នេះ នាយក​គ្រប់គ្រង​សាលា​អន្តរជាតិ​កម្ពុជា លោក គា បូរ៉ាក ឆ្លើយ​តប​ថា សាលា​មិន​អាច​ធ្វើ​តាម​ការ​ស្នើសុំ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ទាមទារ​ឲ្យ កញ្ញា សេក សុខុម មក​ឆ្លើយ​បំភ្លឺ​នៅ​សាលា។ អ្នក​គ្រប់គ្រង​សាលា​រូប​នេះ ថា​នឹង​អាច​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្នុង​ករណី កញ្ញា សេក សុខុម បាន​បក​ក្រដាស​សេចក្តី​ជូន​ដំណឹង​របស់​សាលា​ចេញ​ដោយ​គ្មាន​ការ​អនុញ្ញាត៖ «ខ្ញុំ​កំពុង​តែ​ចង់​ជួប​គាត់​ផង (អ្នកគ្រូ សេក សុខុម) ព្រោះ​គាត់​បាន​ហែក​ប្រកាស​របស់​សាលា​ផង បើ​គាត់​មិន​ព្រម​មក​ជួប​ទេ យើង​នឹង​មាន​វិធានការ»

សាលា​អន្តរជាតិ​កម្ពុជា ស្ថិត​នៅ​ម្តុំ​សាលា​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥
សាលា​អន្តរជាតិ​កម្ពុជា ស្ថិត​នៅ​ម្តុំ​សាលា​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ (RFA/Brach Chev)

ប៉ុន្តែ​ក្នុង​ករណី​នេះ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ យល់​ថា ការ​ដែល​ភាគី​សាលា​បញ្ចប់​កិច្ចសន្យា​មុន​ការ​ស្នើសុំ​របស់​បុគ្គលិក ភាគី​សាលា​ត្រូវ​ផ្តល់​សំណង ឬ​ការ​ខូចខាត​របស់​បុគ្គលិក។

មាត្រា​៧៣ នៃ​ច្បាប់​ការងារ​នៅ​កថាខណ្ឌ​ទី​៣ ចែង​ថា ការ​រំលាយ​កិច្ចសន្យា​ដោយ​ឆន្ទៈ​របស់​និយោជក​តែ​ឯកឯង​មុន​កាល​កំណត់ ក្រៅ​ពី​មូលហេតុ​កំហុស​ធ្ងន់ធ្ងរ ឬ​ករណី​ប្រធាន​សក្តិ បើក​សិទ្ធិ​ឲ្យ​កម្មករ​និយោជិត​ទទួល​ជំងឺ​ចិត្ត​ដែល​ចំនួន​យ៉ាង​តិច ស្មើ​នឹង​ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​រហូត​ដល់​ពេល​ចប់​កិច្ចសន្យា។

ប្រធាន​ការិយាល័យ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ក្នុង​ករណី​នេះ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​របស់​សាលា​មិន​ពិត​ទេ អ្នកគ្រូ សេក សុខុម អាច​ប្ដឹង​ភាគី​សាលា​ពី​បទ​បរិហារ​កេរ្តិ៍។ លោក​មេធាវី​បន្ត​ទៀត​ថា ការ​ដែល​ភាគី​កិច្ច​ម្ខាង​នៃ​សន្យា សុំ​ឈប់​មុន​កុងត្រា កើត​ឡើង​ដោយសារ​ស្ថានភាព​ការងារ​នោះ​មិន​អំណោយ​ផល​ដល់​ភាគី​និយោជិត ហើយ​ករណី​នេះ​ក៏​មិន​មែន​ជា​កំហុស​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​បិទ​ផ្សាយ​ជា​សាធារណៈ​នោះ​ដែរ៖ «គេ​ធ្វើ​អត់​គ្រប់​ឆ្នាំ គេ​សុំ​ឈប់​ថា​គេ​មនុស្ស​មិន​ល្អ វា​មិន​មែន​ចឹង ព្រោះ​ជួនកាល​ការងារ​នោះ​គេ​អត់​ពេញ​ចិត្ត»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា និយាយ​ថា ការ​ដែល​ភាគី​សាលា​បិទ​សេចក្តី​ជូន​ដំណឹង​មាន​រូបថត ជា​ការ​បំពាន​សិទ្ធិ​បុគ្គល។ លោក​ស្នើ​ឲ្យ​លោក​នាយក​សាលា ពន្យល់​ឲ្យ​បាន​ច្បាស់​ថា តើ​អ្វី​ទៅ​ជា​អាកប្បកិរិយា​មិន​សមរម្យ? លោក​ថា ការ​ទាមទារ​របស់ អ្នកគ្រូ សេក សុខុម ឲ្យ​សាលា​បញ្ឈប់​បិទ​ប្រកាស​ជា​រឿង​ត្រឹមត្រូវ ហើយ​សាលា​គួរ​ធ្វើ​លិខិត​សុំ​ទោស អ្នកគ្រូ សេក សុខុម៖ «ការ​ដែល​បញ្ឈប់​គេ ហើយ​មាន​បិទ​រូប​ផ្សាយ​មាន​ឥរិយាបថ​មិន​សមរម្យ ជា​រឿង​បរិហារ​កេរ្តិ៍។ ខាង​សាលា​គួរ​តែ​ពិចារណា ប្រសិន​អ្នកគ្រូ​នោះ​ប្ដឹង​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ផ្លូវ​ច្បាប់»

ជា​ញឹកញាប់​គេ​អង្កេត​ឃើញ​ថា ភាគី​ក្រុមហ៊ុន ឬ​ម្ចាស់​រោងចក្រ​សហគ្រាស​មួយ​ចំនួន តែង​តែ​បិទ​ប្រកាស ឬ​បង្ហោះ​រូបភាព ក៏ដូចជា​សេចក្តី​ជូន​ដំណឹង​ពី​ការ​បញ្ឈប់​បុគ្គលិក​នៅ​ក្នុង​បណ្ដាញ​សារព័ត៌មាន ឬ​បណ្ដាញ​សង្គម​ជាដើម។ ជុំវិញ​ករណី​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ស្នើ​ឲ្យ​ភាគី​និយោជក គួរ​តែ​បញ្ឈប់​សកម្មភាព​ទាំង​នេះ ព្រោះ​ប៉ះពាល់​កិត្តិយស​បុគ្គល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។