ប្រជាពលរដ្ឋ និងសង្គមស៊ីវិលនៅខេត្តកំពង់ធំ មើលឃើញថា អាជ្ញាធរខេត្តកសាងរូបសំណាកស្តូបគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនវៀតណាម នៅកណ្ដាលក្រុង គឺជារឿងមិនល្អឡើយ និងបង្ហាញថាវៀតណាម នៅតែមានឥទ្ធិពលលើកម្ពុជា បន្តទៀត។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរខេត្តបានកសាងស្តូបនោះនៅខាងក្រោយរូបសំណាកដំរីជាន់ខ្លាឲ្យកាន់តែធំជាងមុនទ្វេដង ដើម្បីបង្ហាញការចាប់អារម្មណ៍ដល់សាធារណជនកាន់តែខ្លាំង។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលយល់ថា វប្បធម៌ដឹងគុណវៀតណាម គឺល្មមដល់ពេលបញ្ឈប់ ហើយគិតគូររឿងសុខទុក្ខប្រជាពលរដ្ឋខ្មែរ ជៀសវាងបង្ហាញថា ឥទ្ធិពលវៀតណាម នៅតែមានលើរាជរដ្ឋាភិបាលខ្មែរបន្តទៀតនោះ។
ពលរដ្ឋមួយរូបនៅសង្កាត់កំពង់រទេះ លោក ថៃ ធីម មានប្រសាសន៍ថា លោកមិនពេញចិត្តឡើយនៅពេលឃើញអាជ្ញាធរខេត្តសម្រេចកសាងស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនវៀតណាម នៅចំកណ្ដាលក្រុងបែបនេះ។ លោកបន្តថា ស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ ត្រូវបានគេកសាងនៅតាមវាលស្រែ ប៉ុន្តែអាជ្ញាធរហាក់យកចិត្តទុកដាក់ខ្លាំងណាស់ចំពោះស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនវៀតណាម ទៅវិញ។ បន្ថែមពីនេះ លោកមើលឃើញថា ការដឹងគុណវៀតណាម របៀបនេះ គឺកាន់តែបង្ហាញអំពីឥទ្ធិពលវៀតណាម នៅតែគ្របដណ្ដប់ក្នុងសង្គមខ្មែរបន្តទៀត៖ « ខ្ញុំថាយកល្អឲ្យអាជ្ញាធរ រដ្ឋាភិបាល អាជ្ញាធរ ខេត្តកំពង់ធំ គាត់ដកស្តូបហ្នឹងចេញ មិនអាចយកស្តូបដែលជាស្តូបរំឭកយុទ្ធជនជនបរទេស មក ដាក់កណ្ដាលក្រុង មកដាក់ទីប្រជុំជនបែបហ្នឹងទេ » ។
ស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនវៀតណាម ដែលកសាងឡើងពេលនេះ គឺកសាងនៅលើស្តូបចាស់នៅខាងក្រោយរូបដំរីជាន់ខ្លា។ កាលពីឆ្នាំ២០១៥ មានប្រតិកម្មពីពលរដ្ឋមួយចំនួនថា អាជ្ញាធរបានយករូបដំរីជាន់ខ្លាចេញ ហើយដាក់ស្តូបគោរពវិញ្ញាណក្ខន្ធវៀតណាម ជំនួស ប៉ុន្តែព័ត៌មាននេះ អាជ្ញាធរខេត្តបានច្រានចោល ពីព្រោះស្តូបនោះមានតាំងពីយូរ ចំណែករូបដំរីជាន់ខ្លានៅកន្លែងដដែល ហើយបានកែលំអឲ្យស្អាតថែមទៀត។ ក្រោយពេលមានប្រតិកម្មបែបនេះមិនយូរប៉ុន្មាន អាជ្ញាធរខេត្តបានកសាងស្តូបនោះឲ្យកាន់តែធំឡើងទ្វេដង។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ គណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី លើកឡើងថា ការសម្រេចកសាងស្តូបវិញ្ញាណក្ខន្ធនោះ គឺខាងលោកមិនបានដឹងឡើយ។ លោកបន្តថា អាជ្ញាធរខេត្តយកចិត្តទុកដាក់រឿងស្តូបនេះខ្លាំងណាស់ ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងខេត្តទេ។ ជាក់ស្តែង អគារសាលាឃុំ ឬសាលាសង្កាត់មួយចំនួន នៅមិនទាន់មានផង៖ « ដូចជានៅសង្កាត់ អូរគន្ធរ នៅសង្កាត់កំពង់ធំ ជាដើមហ្នឹង មិនមានអគាររដ្ឋបាលសាធារណៈសម្រាប់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផង ប៉ុន្តែយើងមើលរដ្ឋាភិបាលបែ រ ជាយកចិត្តទុកដាក់ទៅ កសាងស្តូប យួន ដែលមានស្រាប់ទៅហើយហ្នឹង ពីមុនតូច ឥឡូវធំ គឺមែនទែន » ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍នៅថ្ងៃទី១៣ កញ្ញា ថា ពុំមែនដូចការលើកឡើងរបស់ពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងឡើយ។ ផ្ទុយទៅវិញ លោកថាការកសាងស្តូបនោះ គឺដើម្បីជាការកែលំអសោភ័ណភាពក្រុងឲ្យកាន់តែស្រស់ស្អាត ព្រមទាំងបង្ហាញពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដោយគ្មានឥទ្ធិពលវៀតណាម មកលើខ្មែរទេ។ លោកបន្តថា ស្តូបនោះពុំទាន់មានឈ្មោះជាផ្លូវការឡើយ ហើយថវិកាកសាង គឺបានមកពីសប្បុរសជន ពិសេសម្ចាស់ក្រុមហ៊ុនវៀតណាម មួយចំនួន ពោលគឺមិនបានប៉ះពាល់ថវិកាជាតិ។ បន្ថែមពីនេះ រចនាបថកសាង គឺជាលក្ខណៈខ្មែរសុទ្ធសាធ មិនប៉ះពាល់ប្រពៃណីវប្បធម៌របស់ជាតិទេ៖ « ផ្ទុយទៅវិញ យើងមានតែការកែលំអសោភ័ណភាពក្រុងឲ្យមានល្អប្រសើរឡើងវិញ ហើយទីតាំងដែលយើង ធ្វើដើម្បីជាចំណងមិត្តភាពហ្នឹង អាហ្នឹងជារឿងធម្មតារបស់ប្រទេស » ។
បច្ចុប្បន្ន ស្តូបគោរពវិញ្ញាណក្ខន្ធនេះកសាងបានជាង ៧០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ប៉ុន្តែលោក គង់ វិមាន មិនដឹងពីការចំណាយប្រាកដទេ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ការធ្វើបែបនេះមិនចាំបាច់ឆ្លងយោបល់ពីសមាជិកក្រុមប្រឹក្សាខេត្ត ពីព្រោះអភិបាលខេត្តអាចសម្រេចបាន លើកលែងតែរឿងធំៗ ពិសេសការងាររដ្ឋបាល ទើបតម្រូវឲ្យមានការប្រជុំសម្រេចពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត។
ចាប់តាំងពីវៀតណាម លើកទ័ពចូលផ្ដួលរំលំខ្មែរក្រហម និងលើកបន្តុបរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៧៩ មក ស្តូបអនុស្សាវរីយ៍ជាច្រើនត្រូវបានរដ្ឋាភិបាលថ្មីនេះសាងសង់ឡើងដើម្បីរំឭកនូវចំណងមិត្តភាពរវាងកងទ័ពកម្ពុជា-វៀតណាម និងដើម្បីបង្ហាញការដឹងគុណចំពោះវៀតណាម ដែលបានជួយផ្ដួលរំលំពួកខ្មែរក្រហម។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញូង សាមឿន យល់ថា ដល់ពេលនេះទៅហើយ មិនគួរនិយាយរឿងគុណស្រ័យទៀតឡើយ ពីព្រោះលោកថា វៀតណាម ក៏ជំពាក់គុណប្រទេសកម្ពុជា មិនតិចដែរ។ ជាក់ស្តែងលោកថា មានពលរដ្ឋវៀតណាម ជាច្រើនបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ជាហូរហែតាំងពីឆ្នាំ១៩៧៩ មក ព្រមទាំងគុណសម្បត្តិជាច្រើនផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។