អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងអាណាព្យាបាល នៅខេត្តព្រះសីហនុ ស្នើឱ្យអភិបាលខេត្តព្រះសីហនុ ទើបទទួលតំណែងថ្មី ជួយលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងហ្គេម និងឆ្នោតកន្ទុយលេខ កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យនាមូលដ្ឋាននេះ ឱ្យមានប្រសិទ្ធភាព។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ពួកគេកំពុងចាំមើលប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តទាំង ១៣ចំណុចរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទើបទទួលតំណែងថ្មី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ មានផលវិជ្ជមានត្រឹមកម្រិតណា?។
កាលពីចុងខែមិថុនា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅចំពោះមុខលោក ស ខេង ក្នុងអំឡុងពេលមកទទួលតំណែងថ្មី ថា នឹងប្ដេជ្ញាថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះឱ្យបានល្អ។ លោក គួច ចំរើន ក៏បានលើកយកការប្តេជ្ញាចិត្ត លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យមានផលវិជ្ជមាន។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមអង្គការការពារសិទ្ធិមនុស្សច្រើនទៀត ឱ្យដឹងថា រាល់ថ្ងៃនេះល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន៖ បៀ អាប៉ោង ជល់មាន់ ល្បែងហ្គេមតាមអ៊ីនធឺណិត ជាពិសេសល្បែងឆ្នោតកន្ទុយលេខ បានរីកដូចផ្សិត និងមានភាពអនាធិបតេយ្យបំផុត នាមូលដ្ឋានក្រុងព្រះសីហនុ។ អ្នកស្រីបន្តថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ មិនទាន់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ គឺអាជ្ញាធរខេត្តព្រះសីហនុ អនុវត្តមិនទាន់មានប្រសិទ្ធភាពទេ។
បន្ថែមលើនេះ អ្នកស្រី ជៀប សុធារី ក៏បានស្នើដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី ជួយលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មានកន្ទុយលេខ និងល្បែងហ្គេម មានទីតាំងនៅតាមផ្សារ តាមផ្ទះ និងល្បែងហ្គេម ដែលកំពុងធ្វើសកម្មភាពនៅក្បែរសាលារៀនមួយចំនួន នាក្រុងព្រះសីហនុ ឱ្យបានជាស្ថាពរ៖ «អ៊ីចឹងទាក់ទងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ហ្នឹង គឺនៅក្នុងនោះវាមានល្បែងស៊ីសងគ្រប់មុខហ្នឹងដែរ។ ជាពិសេសល្បែងស៊ីសងទាំងអស់ហ្នឹងវាបានកើតមាននៅកន្លែង ក្បែរៗសាលារៀន។ ហើយអាណាព្យាបាល ដែលមានកូនៗ វីវក់នឹងល្បែងស៊ីសងទាំងអស់ហ្នឹង គឺពួកគាត់មានការពិបាកចិត្តមែនទែន ហើយគាត់បានសំណូមពរ ឱ្យអាជ្ញាធរបិទល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ហ្នឹងចោលឱ្យអស់ជាស្ថាពរតែម្ដង»។
បន្ថែមលើនេះ អ្នកស្រី ជៀប សុធារី អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គមប្រចាំខេត្តព្រះសីហនុ បានអះអាងថា រាល់ថ្ងៃនេះ កម្លាំងកងរាជអាវុធហត្ថ និងនគរបាលខេត្តព្រះសីហនុ មិនទាន់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដាក់ចេញ គឺអនុវត្តមិនទាន់មានប្រសិទ្ធភាពទេ។ អនុវត្តមិនមានប្រសិទ្ធភាព ក៏ព្រោះតែសង្កេតឃើញថា រាល់ថ្ងៃនេះ ល្បែងស៊ីសងគ្រប់ប្រភេទ- បទល្មើសគ្រឿងញៀន និងចោរលួច ឆក់ ជាពិសេសបទល្មើសចាប់ជំរិតមនុស្សជាដើម នៅតែបន្តកើតមានជាច្រើនករណី នាក្រុងព្រះសីហនុ៖ «អ៊ីចឹងខ្ញុំក៏ស្នើសុំដល់ឯកឧត្ដមអភិបាលខេត្តព្រះសីហនុថ្មីហ្នឹង ធ្វើយ៉ាងណាសហការជាមួយសមត្ថកិច្ចអាជ្ញាធរនៅតាមមូលដ្ឋាននានា ក្នុងខេត្តនេះ។ ទោះបីល្បែងស៊ីសងទាំងអស់ហ្នឹង ស្របច្បាប់ក៏ដោយ ក៏យើងមិនចង់ឱ្យកើតមាននោះទេ គឺឱ្យកើតមានតែនៅក្នុងកាស៊ីណូធំៗបានហើយ។ កុំឱ្យកើតមានល្បែងស៊ីសងតូចតាចកំប៉ិកកំប៉ុក ជាពិសេសនៅក្បែរសាលារៀន ទោះបីវិទ្យាល័យក៏ដោយ បឋមសិក្សាក៏ដោយ គឺកុំឱ្យកើតមានតែម្ដង។ ព្រោះយើងព្រួយបារម្ភខ្លាំងណាល្បែងស៊ីសងទាំងអស់ហ្នឹងបានប៉ះពាល់ដល់ការសិក្សា របស់កុមារ និងយុវជនទាំងអស់ហ្នឹង»។
ស្រដៀងគ្នាដែរ សម្រាប់អាណាព្យាបាល រស់នៅក្រុងព្រះសីហនុ ក៏បានរិះគន់ចំពោះសកម្មភាពការងារសមត្ថកិច្ចមូលដ្ឋាន ដែលទុកបណ្ដោយឱ្យទីប្រជុំជនក្រុងទេសចរណ៍មួយនេះ កើតមានល្បែងស៊ីសងគ្រប់ប្រភេទ មានទាំងឆ្នោតកន្ទុយលេខ ហ្គេម បៀអាប៉ោង និងជល់មាន់ជាដើម អាចបន្តធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ប៉ុន្តែបែរជាសមត្ថកិច្ចមិនព្រមចុះបង្ក្រាបទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។