លោក ហ៊ុន សែន ថា​កម្មករ​រោងចក្រ​មិន​ចាំបាច់​បង់​លុយ​ថ្លៃ​ទឹក​ឲ្យ​ម្ចាស់​ផ្ទះ​ទៀត​ទេ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ បាន​រៀបចំ​រួច​រាល់​ហើយ​នូវ​យន្តការ​ដែល​មិន​បាច់​ឲ្យ​កម្មករ​កម្មការិនី និង​សិស្ស​និស្សិត ត្រូវ​បង់​លុយ​ថ្លៃ​ទឹក​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដូច​មុន​ទៀត​ទេ។ សហជីព​គាំទ្រ​វិធានការ​របស់​ប្រមុខ​រដ្ឋាភិបាល ប៉ុន្តែ​មិន​សូវ​ជឿជាក់​លើ​ការ​អនុវត្ត​ជាក់ស្តែង​របស់​មន្ត្រី​ថ្នាក់​ក្រោម។

យន្តការ​ដែល​កម្មករ​រោងចក្រ​មិន​ចាំបាច់​បង់​លុយ​ថ្លៃ​ទឹក​ឲ្យ​ម្ចាស់​ផ្ទះ​ដូច​មុន ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​របស់​កម្មករ​កម្មការិនី​មួយ​ផ្នែក​ទៀត​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ទឹក​ស្អាត​និរោធន៍ ជំហាន​ទី​២ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​រដ្ឋាករ​ទឹក បាន​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​ទឹក​ដល់​កម្មករ​កម្មការិនី សិស្ស​និស្សិត ដែល​ពួក​គេ​អាច​បង់​លុយ​ថ្លៃ​ទឹក​តាម​តម្លៃ​រដ្ឋ​បាន​កំណត់ មិន​មែន​តាម​ការ​កំណត់​ពី​ម្ចាស់​ផ្ទះ​ជួល៖ «ឥឡូវ​នេះ​តម្លៃ​ទឹក​ត្រូវ​បាន​កំណត់ ក្រសួង ស្ថាប័ន​អ្នក​ផ្គត់ផ្គង់​ទឹក​ដែល​ធ្វើ​ឲ្យ​កម្មករ​របស់​យើង​ធូរ​ស្រាល​នៅ​ក្នុង​ការ​បង់​តម្លៃ​ទឹក​ក៏​ដូច​ជា​ថ្លៃ​ភ្លើង​ដែរ»

តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន រដ្ឋ​តម្រូវ​ឲ្យ​បង់​លុយ​ថ្លៃ​ទឹក​មួយ​ម៉ែត្រ​គូប​តម្លៃ ១.២៥០​រៀល ប៉ុន្តែ​ម្ចាស់​ផ្ទះ​ជួល​ទាមទារ​ក្នុង​មួយ​ម៉ែត្រ​គូប​ចាប់​ពី ២.០០០​រៀល​ឡើង​ទៅ។

ទាក់ទង​រឿង​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ លោក ស៊ឹម ស៊ីថា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ភាគច្រើន​នៅ​ភ្នំពេញ រស់នៅ​តាម​ផ្ទះ​ជួល ទទួល​បាន​ការ​តភ្ជាប់​ប្រព័ន្ធ​ភ្លើង​ដែល​មិន​ចាំបាច់​បង់​លុយ​ទៅ​ម្ចាស់​ផ្ទះ​ជួល ប៉ុន្តែ​ការ​តភ្ជាប់​បណ្ដាញ​ទឹក​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ លោក​បន្ត​ទៀត ការ​តភ្ជាប់​បណ្ដាញ​ទឹក​មាន​ភាព​ស្មុគស្មាញ​ជាង​ភ្លើង ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ ដោយ​មាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ទាមទារ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ផ្តល់​កិច្ច​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ៖ «តើ​អ្វី​ដែល​គាត់ (លោក​នាយករដ្ឋមន្ត្រី) ហើយ​តើ​អាជ្ញាធរ​ចាប់​ផ្ដើម​ធ្វើ​អត់ ហើយ​ពេល​ធ្វើ​ទៅ​ហើយ កម្មករ​យើង​ទទួល​បាន​ផល ខ្ញុំ​គិត​ថា មាន​ប្រយោជន៍ ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​អត់​បាន​ដូច​ច្បាប់​ជួល​ផ្ទះ​អ៊ីចឹង»

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​រង​ព្យុះ​ភ្លៀង​ព្រោះ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ពេញ​ចិត្ត​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​មាន​ការ​ចូលរួម​យ៉ាង​ផុសផុល​របស់​ក្រុម​កម្មករ​កម្មការិនី គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​កម្មការិនី​ច្រើន ដូចជា​ការ​ធ្វើ​ច្បាប់​ផ្ទះ​ជួល​ក្នុង​បំណង​មិន​ឲ្យ​ម្ចាស់​ផ្ទះ​ជួល ដំឡើង​ថ្លៃ​តាម​ចិត្ត តភ្ជាប់​បណ្ដាញ​ភ្លើង​រដ្ឋ​ដល់​បន្ទប់​កម្មករ និង​ចុង​ក្រោយ​នេះ គឺ​ការ​តភ្ជាប់​បណ្ដាញ​ទឹក​ដល់​កម្មករ និង​សិស្ស​និស្សិត​ថែម​ទៀត។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ដើម្បី​សម្រួល​ដល់​ការ​បង់​លុយ​ដល់​កម្មករ​កម្មការិនី​ដោយ​មិន​បាច់​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ពី​កន្លែង​ការងារ និង​កន្លែង​ស្នាក់នៅ៖ «ទាល់​តែ​មាន​វិធានការ​ថា​តើ​ឲ្យ​គ្នា​បង់​នោះ តើ​បង់​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ជិត​បំផុត ព្រោះ​ថា កម្មករ កម្មការិនី​គ្មាន មិន​មាន​សោហ៊ុយ​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​ទេ»

សព្វថ្ងៃ​នេះ នៅ​ពេល​រដ្ឋ​បាន​តភ្ជាប់​បណ្ដាញ​ភ្លើង​ដល់​កម្មករ​កម្មការិនី ពួក​គេ​អាច​បង់​ប្រាក់​នៅ​ទីស្នាក់ការ​អគ្គិសនី​កម្ពុជា បង់​លុយ​តាម​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ការ​បង់​ថ្លៃ​ទឹក​នឹង​ធ្វើ​ដូច្នេះ ឬ​យ៉ាង​ណា​នោះ​ទេ។

របាយការណ៍​ចុង​ក្រោយ​របស់​អគ្គិសនី​កម្ពុជា បង្ហាញ​ថា យុទ្ធនាការ​ចុះ​ភ្ជាប់​ចរន្ត​អគ្គិសនី​តម្លៃ ៦១០​រៀល​ជូន​អ្នក​ជួល​ផ្ទះ បាន​ជាង ២៣​ម៉ឺន​បន្ទប់​ហើយ (២៣៤.៤២០​បន្ទប់)។ ការ​ជួយ​សម្រួល​ជីវភាព​របស់​កម្មករ​កម្មការិនី​របស់​រដ្ឋាភិបាល​កន្លង​ទៅ ឃើញ​ការ​តភ្ជាប់​ចរន្ត​អគ្គិសនី​ទទួល​បាន​ជោគជ័យ​ច្រើន ប៉ុន្តែ​ចំណាត់ការ​ក្រៅ​ពី​នេះ មិន​ទាន់​ឃើញ​ចេញ​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។