កម្មករ​រោងចក្រ ឈ្មោះ ប្រេស្ទិច ហ្គាមិន នៅ​ស្រុក​កណ្ដាល​ស្ទឹងជា​ច្រើន​នាក់ ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​រោងចក្រ​ទទួល​យក​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ

ដោយ មួង ណារ៉េត
2018.12.24
កម្មករ​​រោងចក្រ ប្រេស្ទិច ហ្គាមិន 622 ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ ប្រេស្ទិច ហ្គាមិន នៅ​ភូមិ​ជីម៉ៅ ឃុំ​ត្បែង ស្រុក​កណ្ដាល​ស្ទឹង នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៨ ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​ពួក​គេ ចូល​ធ្វើ​ការ​វិញ។
រូបថត៖ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ផ្ដល់​ឲ្យ

កម្មករ​រោងចក្រ​​មួយ​ឈ្មោះ ប្រេស្ទិច ហ្គាមិន (Prestige Garment) នៅ​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល ​ជាច្រើន​​នាក់ បាន​នាំគ្នា​ ធ្វើ​កូដកម្ម នៅ​ខាង​ក្រៅ​រោងចក្រ មិន​ចូល​ធ្វើការ​ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​សហជីព​ ឲ្យ​ចូល​ធ្វើការ​វិញ។ សង្គម​ស៊ីវិល ឃ្លាំមើល​សិទ្ធិ​ការងារ បញ្ជាក់​ថា តាម​ច្បាប់​ការងារ ថៅកែ​រោងចក្រ មិន​អាច​បញ្ឈប់​បុគ្គលិក ដោយ​គ្រាន់​តែ ពួកគេ​បង្កើត​សហជីព​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​កម្មករ ក្នុង​ការ​បង្កើត​សហជីព​ការពារ​ផល​ប្រយោជន៍​របស់​ក្រុម​កម្មករ។

តំណាង​កម្មករ​រោងចក្រ ​ប្រេស្ទិច ហ្គាមិន ដែល​រង​ការ​បញ្ឈប់ គឺ លោក ហួន សុវ៉ិត។ លោក ហួន សុវ៉ិត ​ឲ្យដឹង​ថា រោងចក្រ​ ប្រេស្ទិច ហ្គាមិន ទើប​ចាប់​ដំណើរ​ការ​នៅ ខែ​ឧសភា ហើយ​​មក​ដល់​ចុង​ឆ្នាំ​២០១៨​រោងចក្រ​មួយ​នេះ មិន​ទាន់​មាន​កម្មករ​ទេ ខណៈ​ដែល​ថៅកែ​ជនជាតិ​ចិន តែង​បាន​អនុវត្ត​ច្បាប់​តឹង​រ៉ឹង រំលោភ​ច្បាប់​ការងារ បង្ខំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឈប់​សម្រាក​បាន​តិចតួច បង្ខំ​ឲ្យ​កម្មករ​ថែម​ម៉ោង និង​មិន​អនុញ្ញាត​ឲ្យ​កម្មករ​បង្កើត​សហជីព ដោយ​ខ្លួន​ឯង​ទេ គឺ តម្រូវ​ឲ្យ​រដ្ឋបាល​រោងចក្រ​ជា​អ្នក​បង្កើត​សហជីព ទើប​បាន។

លោក ហួន សុវ៉ិត អះអាង​ថា ការ​បញ្ឈប់​រូប​លោក ​រដ្ឋបាល​រោងចក្រ​មិន​បាន​បញ្ជាក់​ហេតុផល​ទេ ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា គឺ ភាគី​រោងចក្រ​មិន​ពេញ​ចិត្ត ព្រោះ​កម្មករ​បាន​នាំគ្នា​បង្កើត​សហជីព ដោយ​ខ្លួន​ឯង ហើយ​បោះឆ្នោត​ឲ្យ​លោក ធ្វើជា​ប្រធាន​សហជីព​នោះ៖ «គេ​អត់មាន​អី​បញ្ជាក់​ជាមួយ​យើង​​ច្រើន​នោះ​ទេ គឺ​គេ​គ្រាន់​ថា​គេ​អត់មាន​ពាក្យ​អី​ត្រូវ​និយាយ​ជាមួយ​យើង​ច្រើន​ទេ គឺ​សំខាន់​គេ​ថា​គេ​អត់​ជឿ​យើង តែ តាម​ការ​ពិត​មិនមែន​ទេ​បង​មក​ពី​គេ​ដឹង​ពួក​​ខ្ញុំ​ថា​ចង់​បង្កើត​សហជីព​ដើម្បី​តវ៉ា​ជា​មួយ​រោងចក្រ​ព្រោះ រោងចក្រ​នេះ​មាន​បញ្ហា​ពុករលួយ​ច្រើន ធ្វើបាប​តែ​កម្មករ កាន់ជើង​តែ​ចិន ម៉ោង៤អីមានការប្រើគ្នា បង្វែរ​ចុះ​ចេះ​ណា គ្នា​ខ្លះ​មានផ្ទៃពោះ​ផង ជួនកាល​ប្រើ​គ្នា​ឡើង​ខក​ជើង​​ឡាន​ឈ្នួល​ដឹក​កម្មករ​រោងចក្រ»

​​រោងចក្រ​ ប្រេស្ទិច ហ្គាមិន ស្ថិត​នៅ​ភូមិ​ជីម៉ៅ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ លោក​ ហួន សុវ៉ិត រៀប​រាប់​ថា ក្រោយ​ពេល​កម្មករ ​ដឹង​ដំណឹង​ថា រោងចក្រ​បញ្ឈប់​រូប​លោក នៅ​ម៉ោង កម្មករ​ ​សម្រាក ពិសា​​អាហារ​ថ្ងៃ​ត្រង់​រួច គឺ​ម៉ោង​ប្រមាណ​ជាង​១១ ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៤ ធ្នូ កម្មករ​ជិត​១០០​នាក់ ជាមួយ​រូប​លោក​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម នៅ​មុខ​រោងចក្រ មិនព្រម​ចូល​ធ្វើ​ការ​វិញ​ទេ។ ប៉ុន្តែ​ ក្រោយ​ធ្វើ​កូដ​កម្ម​បាន​បន្តិច​ ភាគី​រោងចក្រ​បាន​ផ្ញើសារ​តាម​ទូរស័ព្ទ និង​ព្រមាន​ផ្ទាល់​មាត់​ថា នឹង​បញ្ឈប់​រាល់​កម្មករ ​ដែល​ធ្វើ​កូដកម្ម មិន​ព្រម​ចូល​ធ្វើ​ការ​វិញ៖ «ដល់ពេល​ខ្លះ​ពួកគាត់​ព្យាយាម​និយាយ​បង្វែរ​ដែរ បង​ដោយសារ​អ្នកខ្លះ​ត្រូវ​បាន​ថៅកែ​ចិន​គំរាម​តាម​ឆាត​ទូរស័ព្ទ។ ពួកគាត់​បាន​បើក​សារ​តាម​ឆាត​មក​ឲ្យ​ខ្ញុំ ស្តាប់​ចិន​ថា អ្នក​អត់ ធ្វើការ​ពេល​ថ្ងៃ​នឹង​នៅ​ថ្ងៃស្អែក​​តា​ស​​ហ៊ាន​ចូល​ធ្វើការ​វិញ ក៏​គេ​គំរាម​បញ្ឈប់​វិញ​ដែរ»

អាស៊ីសេរី មិន​មាន​ប្រភព​សុំ​ការ​បំភ្លឺ ពី​ខាង​ភាគី​រោងចក្រ ​ប្រេស្ទិច ហ្គាមិន បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ធ្នូ។

ក្នុង​ពេល​កូដកម្ម ក្រុម​កម្មករ​នៃ​រោងចក្រ​​ ប្រេស្ទិច ហ្គាមិន ក៏​បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ ដើម្បី​​សុំ​ពឹង​ពាក់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់​លោក ប៉ាវ ស៊ីណា ដើម្បី​ជួយ​ដោះស្រាយ​សំណើ​​កម្មករ ១០ចំណុច ជាមួយ​ភាគី​រោងចក្រ​ប្រេស្ទិច ហ្គាមិន ដូចជា ជួយ​អន្តរាគមន៍​ឲ្យ​រោងចក្រ​ទទួល​យក​សហជីព លោក ហួន សាវ៉ិត ចូល​ធ្វើ​ការ​វិញ ឲ្យ​រោងចក្រ​ធ្វើ​កាត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ប..ស ឲ្យ​កម្មករ នៅ​ពេល​កម្មករ​សុំ​ច្បាប់​កន្លះ​ថ្ងៃ ក្រុមហ៊ុន ឬ​រោងចក្រ មិន​ត្រូវ​កាត់​លុយ ឬ​កាត់​​ថ្លៃ​បាយ​កន្លះ​ខែ​របស់​កម្មករ​ទេ នៅពេល​កម្មករ​ឈឺ មាន​សំបុត្រ​ពេទ្យ ក្រុមហ៊ុន​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​គ្រប់​ចំនួន​ឲ្យ​កម្មករ ក្រុមហ៊ុន​មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​ថែម​ម៉ោង​ជា​ដើម។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធ​មនុស្ស និង​ការងារ លោក ឃុន ថារ៉ូ អះអាង​ថា ទាំង ​​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​សហជីព កម្មករ​មាន​សិទ្ធិ​ពេល​លេញ​ក្នុង​ការ​បង្កើត អង្គការ​វិជ្ជាជីវៈ​សហជីព​ ក្នុង​ការ​តំណាង​ឲ្យ​កម្មករ​ និយោជិក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ស្រប​ច្បាប់ នៅ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ ដោយ​អនុវត្តន៍​ទៅ​តាម​នីតិវិធី។ សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា មេ​ដឹក​នាំ​សហជីព ទទួល​បាន​ការ ​ការពារ​ពិសេស​ដោយ​ច្បាប់ ទាំង​មុន​ពេល​បង្កើត និង​ក្រោយ​ការ​បង្កើត​សហជីព និង​ ហាម​ឃាត់​និយោជក​ ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ចការ និង​សកម្មភាព​របស់​សហជីព ឬ​រក​លេស​ណា​មួយ​ក្នុង​ការ​បញ្ឈប់​មេ​ដឹក​នាំ​សហជីព។ ការ​បង្កើត​សហជីព​ទៀត​សោត មិន​តម្រូវ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ ដល់​និយោជក​​ទេ​ និង​ហាម​ឃាត់​មិន​ឲ្យ​និយោជក​​​រើសអើង​​សហជីព។ ចំណែក​ការ​បញ្ឈប់​មេ​ដឹក​នាំ​សហជីព​ដោយ​ខុស​នីតិវិធី​ច្បាប់ និយោជក​មាន​កាតព្វកិច្ច​ទទួល​យក​មេ​ដឹក​នាំ​សហជីព​នោះ ឲ្យ​ចូល​ធ្វើការ​វិញ។

តំណាង​កម្មករ លោក ហួន សុវ៉ិត ថា មិនចង់​​ឲ្យ​វិវាទ​នេះ បន្ត​ដល់​មន្ទីរ​ការងារ​ ខេត្ត​កណ្ដាល ឬ​ក្រសួង​ការងារ​ទេ ដូច្នេះ ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ ប្រេស្ទិច ហ្គាមិន​ ដោះ​ស្រាយ​ សំណូម​ពរ​កម្មករ និង​មិន​ត្រូវ​បញ្ឈប់​សហជីព​ ដោយ​គ្មាន​ហេតុផល​ដូច្នេះ​ទេ។ តំណាង​កម្មករ​រូប​នេះ ព្រមាន​ថា ប្រសិន​បើ​ភាគី​រោងចក្រ​​ នៅ​តែ​បន្ត​អូស​បន្លាយ​មិន​ព្រម​ដោះ​ស្រាយ​ទេ នៅ​ថ្ងៃ​បន្ត​បន្ទាប់​នឹង​មាន​កម្មករ​កាន់​តែ​ច្រើន ធ្វើ​កូដកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។