រដ្ឋាភិបាល​ចាត់​វិធាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ដឹក​ទំនិញ

រដ្ឋាភិបាល​ចាប់​ផ្ដើម​ចាត់​វិធាន​ការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ និង​បច្ចេកទេស​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ បង្ក​ឡើង​ដោយ​រថយន្ត​សណ្ដោង​កុងតឺន័រ បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់​រួច​មក។

0:00 / 0:00

ចំពោះ​វិធាន​ការ​ត្រួត​ពិនិត្យ​លើក​នេះ ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន មាន​ផែន​ការ​នឹង​រៀបចំ​វគ្គ​សិក្សា​បន្ថែម ដើម្បី​បំប៉ន​ដល់​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់ និង​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​គមនាគមន៍​ឡើង​វិញ ខណៈ​ក្រសួង​មហាផ្ទៃ សន្យា​ថា​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដោយ​ចុះ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត​នៅ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន។

លោក ពៅ ម៉ាលី អគ្គនាយក​រង​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៣ មីនា ថា វិធាន​ការ​មាន​ច្រើន ក៏ប៉ុន្តែ​វិធាន​ការ​អាទិភាព គឺ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ធានា​ផ្ដល់​គ្រូ​បង្រៀន​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ដោយ​ឥត​គិត​ថ្លៃ ព្រោះ​យល់​ថា អ្នក​បើកបរ​ជា​កត្តា​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍៖ «គោលការណ៍​សំខាន់​របស់​យើង​ហ្នឹង គឺ​យើង​ធ្វើ​យ៉ាង​ម៉េច​ពញ្ញាក់​ស្មារតី​ដល់​ក្រុមហ៊ុន​ទាំងអស់ គាត់​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​ពី​រឿង​បញ្ហា និយាយ​រួម​គឺ​អ្នក​បើកបរ។ ទី២ ឲ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​មាន​សំបក​កង់ ភ្លើងស៊ីញ៉ូ​អី​ត្រឹមត្រូវ ដាក់​ផ្លាក​សញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ»

លោក ពៅ ម៉ាលី ដែល​ជា​អគ្គ​លេខា​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ដែរ​នោះ បញ្ជាក់​ថា ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​មក​ចូល​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី១៣ មីនា ដើម្បី​ប្រកាស​វិធាន​ការ​ថ្មី​នេះ។ លោក​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នោះ មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ត្អូញត្អែរ​ថា ក្រុមហ៊ុន​ខ្វះ​អ្នក​បើកបរ​រថយន្ត​ខ្នាត​ធំ ខណៈ​ដែល​តំណាង​ក្រុមហ៊ុន​ខ្លះ​ទៀត​ត្អូញត្អែរ​អំពី​អ្នក​បើកបរ​ខ្វះ​សមត្ថភាព​យល់​ដឹង​អំពី​ព័ត៌មាន​បឋម ស្ដី​អំពី​បច្ចេកទេស​រថយន្ត​ដែល​ខ្លួន​កំពុង​បើកបរ។ លោក​បន្ត​ថា ទន្ទឹម​ពេល​នេះ​ដែរ ក្រសួង​សាធារណ​ការ​បាន​សម្រេច​បើក​វគ្គ​បំប៉ន​បច្ចេកទេស​ដល់​អ្នក​បើកបរ​របស់​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពួក​គេ​អាច​តាម​ទាន់​សម័យ​បច្ចេកវិទ្យា​ទំនើប​បាន​ខ្លះ។

លោក ពៅ ម៉ាលី បញ្ជាក់​ថា មាន​ក្រុមហ៊ុន​រថយន្ត​កុងតឺន័រ​មួយ​ចំនួន​មិន​បាន​អនុវត្តន៍​តាម​ច្បាប់​ចរាចរណ៍​ជើង​គោក​បាន​កំណត់ ដូច​ជា​សំបក​កង់​រថយន្ត​ចាស់ ហ្វ្រាំង​មិន​ស៊ី ខ្វះ​ប្រព័ន្ធ​ភ្លើង ជាដើម។

លោក​ឧត្ដម​សេនីយ៍ យន់ ឈុន្នី អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រសួង​សាធារណ​ការ​នោះ​ដែរ​ថា ស្នងការ​នគរបាល​ជាតិ និង​បញ្ជូន​កម្លាំង​នគរបាល​ចុះ​ទៅ​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​កុងតឺន័រ នៅ​តាម​ក្រុមហ៊ុន។ លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល ៤​ខែ គឺ​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ មាន​មនុស្ស​ប្រហែល ៤៥០​នាក់ បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

វិធាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្ទួន​គ្នា​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​យប់​ថ្ងៃ​ទី៧ មីនា ឆ្នាំ​២០១៣ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ និង​រថយន្ត​សណ្ដោង​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ ប៉ះ​ជាមួយ​រថយន្ត​ក្រុម​តារា​ចម្រៀង បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់។

លោក​ឧកញ៉ា សូ ងួន ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន សូ ងួន បាន​យល់​ស្រប​ប្រសាសន៍​របស់​លោក ពៅ ម៉ាលី អគ្គនាយក​រង​នាយកដ្ឋាន​ដឹក​ជញ្ជូន​ក្រសួង​សាធារណ​ការ។ ក៏ប៉ុន្តែ ស្រប​ពេល​នេះ​ដែរ លោក​សំណូមពរ​ឲ្យ​ក្រសួង​សាធារណ​ការ​ត្រួត​ពិនិត្យ​រថយន្ត​ធន់​តូច​ផង ព្រោះ​ថា​រថយន្ត​តូច និង​រថយន្ត​ជា​លក្ខណៈ​គ្រួសារ ក៏​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្លាំង​ណាស់​ដែរ។

ចំណែក​លោក ស៊ិន ស៊ីសុកេត ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​មេគង្គ​អ៊ិចប្រេស្ស (Mekong Express) ក៏​យល់​ស្រប​ដូច​លោក សូ ងួន ដែរ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ ព្រោះ​ពួក​គាត់​មិន​ទាន់​យល់​ដឹង​ច្បាប់​ចរាចរណ៍​នៅ​ឡើយ ព្រោះ​ពួក​គាត់​អាច​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​សំខាន់​ដែរ នៅ​តាម​ដង​ផ្លូវ​ជាតិ។

ទាក់ទង​ចំនួន​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​នេះ លោក ពៅ ម៉ាលី បា​ន​បញ្ជាក់​ថា ចំនួន​រថយន្ត​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ដោយសារ​តម្រូវ​ការ​ទីផ្សារ។ លោ​បាន​ស្រង់​របាយការណ៍​ក្រសួង​ថា យានយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​សរុប​ទាំងអស់​ជាង ១​សែន ៦​ម៉ឺន​គ្រឿង ចុះ​បញ្ជី​ឆ្នាំ​២០១២។ ក្រៅ​ពី​នេះ មាន​រថយន្ត​ដឹក​អ្នក​ដំណើរ​ធន់​តូច​ជាង ១​ម៉ឺន ៨​ពាន់​គ្រឿង រថយន្ត​ដឹក​អ្នក​ដំណើរ​ធន់​ធំ​ជាង ៨​ពាន់​គ្រឿង។ រថយន្ត​ដឹក​ទំនិញ​ធន់​តូច​មាន​ជាង ៥​ម៉ឺន ១ពាន់​គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​រួម​ទាំង​រថយន្ត​កុងតឺន័រ​ផង ចំនួន​ជាង ៨​ម៉ឺន ២​ពាន់​គ្រឿង។ ចំនួន​នេះ​មិន​គិត​ចំនួន​រថយន្ត​ដែល​មិន​មក​ចុះ​បញ្ជី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។