ចំពោះវិធានការត្រួតពិនិត្យលើកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការនឹងរៀបចំវគ្គសិក្សាបន្ថែម ដើម្បីបំប៉នដល់អ្នកបើកបររថយន្តដឹកទំនិញធន់ធ្ងន់ និងចុះពិនិត្យស្ថានភាពផ្លូវគមនាគមន៍ឡើងវិញ ខណៈក្រសួងមហាផ្ទៃ សន្យាថានឹងពង្រឹងការអនុវត្តច្បាប់ ដោយចុះត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពយានយន្តនៅតាមក្រុមហ៊ុនដឹកជញ្ជូន។
លោក ពៅ ម៉ាលី អគ្គនាយករងអគ្គនាយកដ្ឋានដឹកជញ្ជូនក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី១៣ មីនា ថា វិធានការមានច្រើន ក៏ប៉ុន្តែវិធានការអាទិភាព គឺក្រសួងសាធារណការ និងដឹកជញ្ជូន ធានាផ្ដល់គ្រូបង្រៀនច្បាប់ចរាចរណ៍ដល់អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ ព្រោះយល់ថា អ្នកបើកបរជាកត្តាសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៖ «គោលការណ៍សំខាន់របស់យើងហ្នឹង គឺយើងធ្វើយ៉ាងម៉េចពញ្ញាក់ស្មារតីដល់ក្រុមហ៊ុនទាំងអស់ គាត់យកចិត្តទុកដាក់ឡើងវិញពីរឿងបញ្ហា និយាយរួមគឺអ្នកបើកបរ។ ទី២ ឲ្យគាត់យកចិត្តទុកដាក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យមានសំបកកង់ ភ្លើងស៊ីញ៉ូអីត្រឹមត្រូវ ដាក់ផ្លាកសញ្ញាឲ្យបានត្រឹមត្រូវ»។
លោក ពៅ ម៉ាលី ដែលជាអគ្គលេខាគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរនោះ បញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញតំណាងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មកចូលកិច្ចប្រជុំមួយនៅថ្ងៃទី១៣ មីនា ដើម្បីប្រកាសវិធានការថ្មីនេះ។ លោកឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ មានក្រុមហ៊ុនជាច្រើនបានត្អូញត្អែរថា ក្រុមហ៊ុនខ្វះអ្នកបើកបររថយន្តខ្នាតធំ ខណៈដែលតំណាងក្រុមហ៊ុនខ្លះទៀតត្អូញត្អែរអំពីអ្នកបើកបរខ្វះសមត្ថភាពយល់ដឹងអំពីព័ត៌មានបឋម ស្ដីអំពីបច្ចេកទេសរថយន្តដែលខ្លួនកំពុងបើកបរ។ លោកបន្តថា ទន្ទឹមពេលនេះដែរ ក្រសួងសាធារណការបានសម្រេចបើកវគ្គបំប៉នបច្ចេកទេសដល់អ្នកបើកបររបស់ក្រុមហ៊ុន ដើម្បីឲ្យពួកគេអាចតាមទាន់សម័យបច្ចេកវិទ្យាទំនើបបានខ្លះ។
លោក ពៅ ម៉ាលី បញ្ជាក់ថា មានក្រុមហ៊ុនរថយន្តកុងតឺន័រមួយចំនួនមិនបានអនុវត្តន៍តាមច្បាប់ចរាចរណ៍ជើងគោកបានកំណត់ ដូចជាសំបកកង់រថយន្តចាស់ ហ្វ្រាំងមិនស៊ី ខ្វះប្រព័ន្ធភ្លើង ជាដើម។
លោកឧត្ដមសេនីយ៍ យន់ ឈុន្នី អគ្គស្នងការរងនគរបាលជាតិ បានប្រកាសក្នុងកិច្ចប្រជុំនៅក្រសួងសាធារណការនោះដែរថា ស្នងការនគរបាលជាតិ និងបញ្ជូនកម្លាំងនគរបាលចុះទៅពិនិត្យប្រព័ន្ធសុវត្ថិភាពរថយន្តកុងតឺន័រ នៅតាមក្រុមហ៊ុន។ លោកឲ្យដឹងដែរថា ក្នុងរយៈពេល ៤ខែ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែកុម្ភៈ ឆ្នាំ២០១៣ នេះ មានមនុស្សប្រហែល ៤៥០នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ផ្ទួនគ្នានៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣ ដែលបង្កឡើងដោយរថយន្តកុងតឺន័រ និងរថយន្តសណ្ដោងរបស់ក្រុមហ៊ុនស្រាបៀអង្គរ ប៉ះជាមួយរថយន្តក្រុមតារាចម្រៀង បណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់។
លោកឧកញ៉ា សូ ងួន ប្រធានក្រុមហ៊ុនដឹកជញ្ជូន សូ ងួន បានយល់ស្របប្រសាសន៍របស់លោក ពៅ ម៉ាលី អគ្គនាយករងនាយកដ្ឋានដឹកជញ្ជូនក្រសួងសាធារណការ។ ក៏ប៉ុន្តែ ស្របពេលនេះដែរ លោកសំណូមពរឲ្យក្រសួងសាធារណការត្រួតពិនិត្យរថយន្តធន់តូចផង ព្រោះថារថយន្តតូច និងរថយន្តជាលក្ខណៈគ្រួសារ ក៏បង្កគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ដែរ។
ចំណែកលោក ស៊ិន ស៊ីសុកេត ប្រធានរដ្ឋបាលក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស្ស (Mekong Express) ក៏យល់ស្របដូចលោក សូ ងួន ដែរ បានសុំឲ្យរដ្ឋាភិបាលផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការ ព្រោះពួកគាត់មិនទាន់យល់ដឹងច្បាប់ចរាចរណ៍នៅឡើយ ព្រោះពួកគាត់អាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងសំខាន់ដែរ នៅតាមដងផ្លូវជាតិ។
ទាក់ទងចំនួនរថយន្តធ្វើអាជីវកម្មដឹកជញ្ជូននេះ លោក ពៅ ម៉ាលី បានបញ្ជាក់ថា ចំនួនរថយន្តចេះតែកើនឡើងជាលំដាប់ ដោយសារតម្រូវការទីផ្សារ។ លោបានស្រង់របាយការណ៍ក្រសួងថា យានយន្តដែលធ្វើអាជីវកម្មដឹកជញ្ជូនសរុបទាំងអស់ជាង ១សែន ៦ម៉ឺនគ្រឿង ចុះបញ្ជីឆ្នាំ២០១២។ ក្រៅពីនេះ មានរថយន្តដឹកអ្នកដំណើរធន់តូចជាង ១ម៉ឺន ៨ពាន់គ្រឿង រថយន្តដឹកអ្នកដំណើរធន់ធំជាង ៨ពាន់គ្រឿង។ រថយន្តដឹកទំនិញធន់តូចមានជាង ៥ម៉ឺន ១ពាន់គ្រឿង និងរថយន្តដឹកទំនិញធន់ធំរួមទាំងរថយន្តកុងតឺន័រផង ចំនួនជាង ៨ម៉ឺន ២ពាន់គ្រឿង។ ចំនួននេះមិនគិតចំនួនរថយន្តដែលមិនមកចុះបញ្ជី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។