ក្រុមតំណាងកម្មកររោងចក្រហាណា (Hana (Cambodia) 1Inc) នៅខណ្ឌពោធិ៍សែនជ័យ ជាងមួយរយ (១៤០)នាក់ តំណាងឲ្យកម្មករជាងប្រាំមួយ ៦៦៩នាក់ នាំគ្នាដាក់ញត្តិស្វែងរកដំណោះស្រាយវិវាទការងារ នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម្ដុំដើមពោធិ៍មុខវត្តបទុមវតី នៅព្រឹកថ្ងៃទី៨ កក្កដា។
តំណាងកម្មករម្នាក់ លោកស្រី ឡុង ស្រីម៉ុច ប្រាប់ថា មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកញត្តិរបស់ក្រុមកម្មករ តែមិនបានសន្យាថា នឹងដោះស្រាយឲ្យទេ។ លោកស្រី ប្រាប់ថា មូលហេតុដែលក្រុមកម្មករ យកញត្តិទៅដាក់នៅខុទ្ទកាល័យ គឺដើម្បីទាមទារអត្ថប្រយោជន៍បិទរោងចក្រ ២ចំណុច គឺប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់ជូនដំណឹង ព្រោះថៅកែមិនព្រមទូទាត់សំណង ២ចំណុចនេះឲ្យ និងការចរចាកាលពីថ្ងៃទី៧ កក្កដា មិនសះជាគ្នា។
លោកស្រីប្រាប់ថា ក្រុមកម្មករបាននាំគ្នាងើបតាំងពីទៀបភ្លឺ ជិះរ៉ឺម៉ក (Pass app) ទៅដាក់ញត្តិនៅខុទ្ទកាល័យ ហើយក្រោយពេលមន្ត្រីខុទ្ទកាល័យ ព្រមទទួលញត្តិរួច មន្ត្រីខណ្ឌដូនពេញ បានរកឡានដឹកកម្មករមកដល់មុខរោងចក្រវិញ។
ការស្វះស្វែងរកដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រីជាថ្មីទៀតនេះ បន្ទាប់ពីមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៧ កក្កដា បានចុះទៅសម្របសម្រួលវិវាទការងារនេះ រវាងកម្មករ ជាមួយថៅកែរោងចក្រ ហាណា តែមិនសះជាគ្នា។
អ្នកគ្រប់គ្រងទូទៅ នៅរោងចក្រ ហាណា អ្នកស្រី ទី សុធីតា ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ កក្កដាថា ការមិនសះជា មកពីកម្មករ និងថៅកែ សំអាងច្បាប់រៀងខ្លួន ដោយកម្មករសំអាងលើច្បាប់ការងារ ឯខាងភាគីថៅកែ សំអាងលើលិខិតរបស់មន្ត្រីក្រសួងការងារ ដែលបានយកចេញច្បាប់ការងារ ហើយពន្យល់ថា ការបិទរោងចក្រភ្លាមៗ ដោយសារជួបវិបត្តិជំងឺកូវីដ១៩ (Covid-19) មិនចាំបាច់ទូទាត់ប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់ជូនដំណឹងទេ។
អ្នកស្រី អះអាងថា រោងចក្រពិតជារងវិបត្តិជំងឺកូវីដ១៩ខ្លាំងមែនរហូតដល់ខ្ចីលុយពីអ្នកបញ្ជាទិញ មកបើកឲ្យកម្មករ បាន៣ចំណុចតាមច្បាប់ ហើយឥវ៉ាន់ចុងក្រោយកំពុងជាប់ស្ទះ ក្នុងរោងចក្រ ដោយសារកម្មករតវ៉ា មុខរោងចក្រ មិនឲ្យបានដឹកចេញ។
អ្នកគ្រប់គ្រងរោងចក្រដដែល និយាយថា ខាងរោងចក្រ បានសម្បទានឲ្យកម្មករខ្លះហើយ ក្នុងការចរចាកាលពីថ្ងៃទី៧ កក្កដា តែកម្មករមិនព្រម ដូច្នេះរោងចក្រស្វាគមន៍ការចរចាបន្តទៀត ឬអាចបន្តឡើងតុលាការបាន។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការ សង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេតឃើញថា វិវាទការងារនេះ កើតឡើងដោយសារសេចក្ដីបំភ្លឺ ឬលិខិតរបស់ប្រធាននាយកដ្ឋានអធិការកិច្ចការងារ លោក អ៊ុក ចាន់ធូ កាលពីថ្ងៃទី២៥ មិថុនា ដែលបានបកស្រាយឲ្យថៅកែកាត់លុយអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករ ២ចំណុច នៅពេលបិទរោងចក្រ ដោយសារវិបត្តិជំងឺកូវីដ១៩។ អ្នកឃ្លាំមើលសិទ្ធិការងាររូបនេះថា ការបកស្រាយនេះ គឺផ្ទុយពីច្បាប់ការងារ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា ក្រុមសហជីពកំពុងត្រៀមឯកសារប្ដឹងទាមទារឲ្យតុលាការ មោឃភាពសេចក្ដីបំភ្លឺរបស់អាជ្ញាធរវិស័យការងារ ដ៏ចម្រូងចម្រាសនេះចោល។ លោក អាត់ ធន់ ថា សេចក្ដីបំភ្លឺនេះផ្ទុយពីច្បាប់ និងធ្វើឲ្យខាតប្រយោជន៍ស្របច្បាប់របស់កម្មករ។
តំណាងកម្មកររោងចក្រ ហាណា លោកស្រី ឡុង ស្រីម៉ុច ប្រាប់ថា នៅព្រឹកថ្ងៃទី៩ កក្កដា កម្មករនឹងនាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ ដើម្បីទាមទារលុយអត្ថប្រយោជន៍ ២ចំណុចទៀត ឲ្យទាល់តែបានត្រឹមត្រូវតាមច្បាប់ការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។