សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់អ្នកបើករថយន្តទៅបុកនិស្សិតស្រីម្នាក់បណ្ដាលឱ្យស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ពីបទបើកបរដោយធ្វេសប្រហែលបណ្ដាលឱ្យអ្នកដទៃស្លាប់ និងបាននាំទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ)។ ទោះយ៉ាងណាក្តីគ្រួសារជនរងគ្រោះ បានដាក់ ពាក្យប្ដឹងទាមទារសំណង ២០ម៉ឺនដុល្លារ និងស្នើសុំឱ្យអាជ្ញាធរចាត់ការជនបង្កតាមផ្លូវច្បាប់។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ឱ្យដឹងតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ក្រោយពីពិនិត្យសំណុំរឿង និងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា គឺតំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យស្លាប់អ្នកដទៃតាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ក្រោយការចោទប្រកាន់នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ប៊ុន ធី បាន ចេញដីកាឱ្យនាំខ្លួន កញ្ញា យិន ម៉ាណា ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសជាក្រោយតាមកំណត់ច្បាប់។
ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរី នៅការសម្រេចរបស់តុលាការថាជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រីអាយុប្រហែល ១៧ឆ្នាំត្រូវបានឪពុកនាំចូលមកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីទទួលកំហុសតាមការកំណត់របស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៩ ខែមីនាបន្ទាប់ពីរត់គេចមួយរយៈដោយសារនាងមានអារម្មណ៍ភិតភ័យ។
លោកបន្តថា អាជ្ញាធរបានអនុវត្តច្បាប់ត្រឹមត្រូវដោយមិនយោគយល់ ឬធូររលុង និងពន្យារពេល ដូចការចោទនោះទេ គ្រាន់តែអាជ្ញាធរមានផលលំបាកក្នុងការអនុវត្តច្បាប់ និងត្រូវការប្រមូលភស្តុតាងឱ្យបានគ្រប់គ្រាន់៖ « តាមពិត ! គ្នា ( សមត្ថកិច្ច ) អនុវត្តមិនងាយស្រួលដូចដែលគាត់និយាយទេ។ អ្វីដែលយើងបានធ្វើ គឺធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ យើងមិនមានការលើកឡើងឬក៏យ៉ាងម៉េចទេ ហើយក៏មិនមានការរើសអើងអ្នកណាជាអ្នកណាដែរ គឺធ្វើតាមច្បាប់ទាំងស្រុង»។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះម្ដាយជនរងគ្រោះ លោកស្រី ផាត់ ពៅ ក៏បានដាក់បណ្ដឹងជូនស្នងការនគរបាលរាជធានីភ្នំលោក ស ថេត ដោយទាមទារឱ្យផ្ដន្ទាទោសជនបង្កតាមផ្លូវច្បាប់ ឱ្យបានតឹងរ៉ឹងបំផុត និងទាមទារសំណង២០ម៉ឺនដុល្លារបន្ទាប់ពីកូនស្រីរបស់ខ្លួនបានស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ជនរងគ្រោះឈ្មោះ ឌុំ រីដា ភេទស្រី វ័យ២២ឆ្នាំ គឺជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យផារ៉ាហ្គន និងធ្លាប់ជាសិស្សពូកែអក្សរសាស្ត្រខ្មែរទូទាំងប្រទេស។ ជនរងគ្រោះមានទីលំនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ម្ដាយជនរងគ្រោះរៀបរាប់ថា កាលពីថ្ងៃទី២៦ ខែមីនា ជនបង្កឈ្មោះ យិន ម៉ាណា បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូកូនស្រីរបស់ខ្លួនទាំងកម្រោលបណ្ដាលឱ្យប៉ើងផ្ទប់នឹងរបងផ្ទះនៅក្បែរនោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ បន្ទាប់ពីកើតហេតុជនបង្កមិនបានចុះមើល ឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្តែបានបន្ថែមល្បឿនរត់គេចបាត់ស្រមោលតែម្ដង។ លោកស្រីស្នើសុំឱ្យស្នងការនគរបាលរាជធានីភ្នំពេញជួយពិនិត្យ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាការចោទប្រកាន់របស់តុលាការទៅលើជនបង្ក គឺស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែ លោកជំរុញឱ្យតុលាការស៊ើបអង្កេតបន្ថែមទៀត ព្រោះជនបង្ក បានបើករត់គេចពីការទទួលខុសត្រូវដូច្នេះជនបង្កអាចប្រឈមការបន្ថែមស្ថានទម្ងន់ទោសផងដែរ៖ «ក្នុងករណីមួយទៀត បើសិនជាជនបង្កនេះ ក្រោមអាយុបើកបរ ហើយទទួលបានប័ណ្ណបើកបរប្រភេទ ( ខ ) នេះហើយមានការចេញប័ណ្ណឱ្យមនុស្សដែលមិនគ្រប់អាយុបែបនេះ គឺអានេះក៏គេត្រូវស៊ើបអង្កេតបទល្មើសតទៅទៀតដែរមិនអាចចប់ទេ។ សំណុំ រឿង នេះយើងចង់ឱ្យក្លាយទៅជាសំណុំរឿងគំរូសម្រាប់ការបើកបរនៅក្នុងប្រទេសជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យមនុស្សស្លាប់និងខូចខាត់ទ្រព្យសម្បត្តិ»។
មាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីចែងថា ជនណាបើកបរដោយធ្វេសប្រហែលខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលទៅ១០លានរៀល។ ករណីជនបង្កបើកបរដោយគ្មានប័ណ្ណបើកបរ និងបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវគឺត្រូវផ្ដន្ទាទោស ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀលព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ។
លោក សន ជ័យ យល់ថា ការឈានដល់ការអនុវត្តច្បាប់នេះ ក៏មានការរួមចំណែកពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែរ ដែលបានបង្ហាញភស្តុតាងជាច្រើននិងបានទាមទារយុត្តិធម៌ជូនជនរងគ្រោះ ព្រមទាំងបញ្ចប់វប្បធម៌បុកហើយរត់ ឬវប្បធម៌និទ្ទណ្ឌភាព បើពុំដូច្នេះករណីនេះ នឹងមានភាពអយុត្តិធម៌ លើគោកដូចសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីទៀត ជាពិសេស ករណីបុក ហើយរត់។ ជាក់ស្ដែងការផ្សព្វផ្សាយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ក៏បានធ្វើឱ្យមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ចាប់អារម្មណ៍និងបានចេញបញ្ជាឱ្យសមត្ថកិច្ចត្រូវតែតាមចាប់អ្នកបើករថយន្តមួយនេះឱ្យបាន។
ប្រធានស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក គង់ រតនៈ ឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុង ១ថ្ងៃបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនជាង ៥នាក់ ដោយមានកត្តារួមផ្សំជាច្រើនដូចជា ការអនុវត្តច្បាប់នៅធូររលុង អ្នកប្រើប្រាស់ផ្លូវខ្វះការគោរពច្បាប់ បើកបរហួសល្បឿនកំណត់ និងបញ្ហាគ្រឿងស្រវឹងជា ដើម៖ «ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នាឱ្យចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយក៏សំណូមពរដល់រដ្ឋាភិបាលក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធមេត្តាពង្រឹងនូវតម្លាភាពនៃការអនុវត្តច្បាប់និងរឹតបន្តឹងច្បាប់ឱ្យបានទូលំទូលាយហើយឱ្យមានគណនេយ្យភាពមាន តម្លាភាពសម្រាប់ពលរដ្ឋទូទៅ។ ប្រសិនបើយើងមិនធ្វើអ៊ីចឹងទេ ប្រទេសយើងប្រហែលជានឹងដើរថយក្រោយដែលយើងមិនអាចដើរទៅមុខដូចប្រទេសជិតខាងយើងទេ»។
ករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់នេះកំពុងក្លាយជាវប្បធម៌អាក្រក់មួយនៅកម្ពុជា សូម្បីតែលោក ជាម យៀប ជាសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាក៏ធ្លាប់បុកអ្នកធ្វើដំណើរលើដងផ្លូវ ហើយរត់ដែលបណ្ដាលឱ្យស្ត្រីជាប្រពន្ធមានផ្ទៃពោះស្លាប់ និងប្ដីរងរបួសធ្ងន់ក្នុងស្រុកកៀនស្វាយកាលពីឆ្នាំ២០១៣។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចាត់ទុកករណីនេះ គឺជាគំរូអាក្រក់ជាអំពើនិទ្ទណ្ឌភាព និងបង្ហាញថា របបក្រុងភ្នំពេញគ្មានឆន្ទៈដោះស្រាយបញ្ហាសុវត្ថិភាពលើដងផ្លូវឡើយ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើអាជ្ញាធរនិងប្រព័ន្ធយុត្តិធម៌នៅតែបរាជ័យក្នុងកាតព្វកិច្ចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដូច្នេះថ្ងៃណាមួយគ្រួសារជនរងគ្រោះ ឬពលរដ្ឋអាចនឹងដើរតួជាតុលាការកាត់ក្តីជនល្មើសដោយខ្លួនឯង ដែលធ្វើឱ្យសង្គមនេះកាន់តែឃោរឃៅ។ ពួកគេ សំណូមពររបបក្រុងភ្នំពេញប្រែងកសាង និងរក្សា ទំនុកចិត្តសាធារណជន លើអង្គភាពប៉ូលិស តុលាការ និងស្ថាប័នរដ្ឋដើម្បីធានាជានិច្ចនូវយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។