កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​បុគ្គលិក​សណ្ឋាគារ​នៅ​ភ្នំពេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ការងារ

កម្មករ​រោងចក្រ​កាត់ដេរ អិមអិល (ML INTIMATE APPAREL) នៅ​ខេត្តបន្ទាយមានជ័យ​ប្រមាណ​៤០០​នាក់ និង​បុគ្គលិក​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​៥០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ព្រមៗ​គ្នា ដើម្បី​ទាមទារ​ថៅកែ និង​ក្រសួង​ការងារ​ស្វែងរក​ដំណោះស្រាយ​ការងារ ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​លើកឡើង​ថា បញ្ហា​រោងចក្រ​កាត់ដេរ អិមអិល នៅ​ខេត្តបន្ទាយមានជ័យ​កន្លង​ទៅ អង្គការ​ជាតិ​-​អន្តរជាតិ ធ្លាប់​រក​ឃើញ​ថា រោងចក្រ​នោះ បាន​រំលោភ​សិទ្ធិ​ការងារ​កម្មករ ហើយ​ក្រសួង​ការងារ​គួរតែ​ចុះ​ធ្វើ​អធិការកិច្ច​ពិសេស។

កម្មករ​ក្រុមហ៊ុន​អិមអិល អ៊ិនធីមេត អាប់ប៉ារ៉ែល (ML INTIMATE APPAREL) ដែល​ជា​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ ប្រមាណ​៤០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា បាន​ជួបជុំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្នួល នៅ​ខាងមុខ​រោងចក្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស អូរនាង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ការ​តវ៉ា​នេះ ក្រុម​កម្មករ​បាន​ធ្វើ​ពហិការ​មិន​ចូល​ធ្វើការ​វិញ​នោះ​ទេ លុះត្រាតែ​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្នួល​ជាមុន​សិន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គការ​សង់ត្រាល់។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា នៅ​ពេល​ថៅកែ​រោងចក្រ ខកខាន​មិន​បាន​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​ទៀងទាត់​ដល់​កម្មករ នោះ​ជា​កំហុស​ធ្ងន់ធ្ងរ​មួយ។ លោក​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ អឹមអិល ធ្លាប់​ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភសិទ្ធិ​កម្មករ​ជាច្រើន​ករណី ជាពិសេស​គឺ​ការរើសអើង​សហជីព ហើយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ក៏​ធ្លាប់​ដាក់​ក្រុមហ៊ុន​នេះ ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន និង​ត្រួតពិនិត្យ​នូវ​ការ​អនុលោម​តាមច្បាប់​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ លើកឡើង​ថា ក្រសួង​ការងារ​គួរតែ​ចាត់​ឲ្យ​ក្រុម​អធិការកិច្ច​ពិសេស ចុះ​ធ្វើ​អធិការ​កិច្ច​រោងចក្រ​កាត់ដេរ​មួយ​នេះ។

លោក ឃុន ថារ៉ូ៖ «ខាង​អង្គការ​សង់ត្រាល់​របស់​យើង​ក៏បាន​ប្ដឹង​ករណី នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅដល់​ថ្នាក់ដឹកនាំ​សហជីព និង​ជំរុញ​ឲ្យ​មានការ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ចូល​ធ្វើ​ការងារ​វិញ ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​មិនទាន់​មាន​វិធានការ ឬ​ចំណាត់ការ​ណា​ទេ តែ​ខណៈ​​ដែល​បញ្ហា​ជាច្រើន​មិនទាន់​បាន​ធ្វើការ​ដោះស្រាយ ហើយ​រក​ឃើញ​ថា មានការ​រំលោភសិទ្ធិ​ការងារ​ច្រើន​នៅក្នុង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ករណី​នៃ​ការ​ចេញ​តវ៉ា​ដោយ​មិន​មាន​ការ​បើកប្រាក់​ឈ្នួល​នេះ ខ្ញុំ​គិតថា វា​គួរតែ​មាន​ការ​ធ្វើ​អធិការកិច្ច​ពិសេស ព្រោះ​កន្លងមក​ក៏​មាន​ការ​ធ្វើ​អធិការកិច្ច​ដែរ ប៉ុន្តែ​ធ្វើឡើង​នៅពេល​ដែល​មាន​ការ​តវ៉ា»។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​ភាគី​ក្រុមហ៊ុន អិមអិល អ៊ិនធីមេត (ML INTIMATE APPAREL) ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៥ ខែ​មេសា។

ដោយឡែក នៅមុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ដដែល​នេះ បុគ្គលិក​កម្មករ​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phukeethra) ប្រមាណ​៥០​នាក់ បាន​ប្រមូល​ផ្តុំគ្នា ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កន្លែង​ធ្វើការ។

ប្រធាន​សហជីព នៃ​សណ្ឋាគារ​សូហ្វីតែលភ្នំពេញ ភូគីត្រា លោក ផាត់ សារួន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ មេសា​ថា ការ​ជួបជុំ​ដាក់​ញត្តិ​នៅថ្ងៃ​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ការងារ លោក ហេង សួរ ចាត់​បញ្ជូន​វិវាទ​ការងារ​ស្ដីពី​អនុសញ្ញា​រួម ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បន្ទាប់ពី​វិវាទ​ការងារ​នេះ បាន​អូសបន្លាយ​ពេល​យូរ​មក​ហើយ។

លោក ផាត់ សារួន៖ «ខ្ញុំ​សុំ​ស្នើសុំ​ឲ្យ​ឯកឧត្តម​ជួយ​បញ្ជូន​សំណុំរឿង​របស់​សហជីព និង​សណ្ឋាគារ​សូហ្វីតែល​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​រួម​មិនទាន់​ចុះហត្ថលេខា​នោះ ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជួយ​អន្តរាគមន៍ ហើយ​ជួយ​រក​ដំណោះស្រាយ​ជូន​បងប្អូន​កម្មករ ដែល​កំពុង​ជួប​បញ្ហា​នៅពេល​បច្ចុប្បន្ន»។

ការ​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​នេះ ក្រោយពី​នាយកដ្ឋាន​វិវាទ​ការងារ បាន​ផ្សះផ្សា​វិវាទ​នេះ ចំនួន​២​លើក​រួចមក​ហើយ កាលពី​ខែ​មករា ឆ្នាំ​២០២៤ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​ដំណោះស្រាយ​វិវាទ​ការងារ​បាន​ឡើយ។ សហជីព​ឲ្យ​ដឹង​ថា ការចរចា​កំណត់​លក្ខខណ្ឌ​នៃ​អនុសញ្ញា​រួម បាន​ធ្វើឡើង​រួចរាល់​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ប៉ុន្តែ​ភាគី​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ភូគីត្រា បាន​ព្យាយាម​អូស​បន្លាយពេល​ចុះហត្ថលេខា​លើ​អនុសញ្ញា​រួម​នោះ ដែល​ធ្វើ​ឲ្យ​បាត់បង់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​បុគ្គលិក​កម្មករ រាប់​ចាប់​ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ មេសា។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន បាន​សរសេរ​សារ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា អនុសញ្ញា​រួម​ជា​កិច្ចព្រមព្រៀង​រវាង​ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ និង​និយោជក ឬ​ភាគី​ក្រុមហ៊ុន ហើយ​ភាគី​ទាំងពីរ​ត្រូវ​ជជែក​គ្នា​ដោយ​ការយោគយល់​។ លោក​បន្ត​ថា បន្ទាប់​ពី​ព្រមព្រៀងគ្នា និង​ចុះហត្ថលេខា​លើ​អនុសញ្ញា​រួម​រួចរាល់ ត្រូវ​យក​អនុសញ្ញា​រួម​នោះ​មក​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ។

អ្នកនាំពាក្យ​រូប​នេះ ថា ជា​គោលការណ៍ ភាគី​ម្ខាង​មិនអាច​បង្ខំ​ភាគី​ម្ខាង​ទៀត ឲ្យ​អនុវត្ត​តាម​លក្ខខណ្ឌ ដែល​មិនទាន់​ព្រមព្រៀងគ្នា​បាន​ឡើយ​។ អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏​លើកទឹកចិត្ត​ឲ្យ​ភាគី​ទាំងពីរ ចរចា​គ្នា​ដោយ​សន្តិវិធី ក្នុង​គោលដៅ​បង្កើត​ការព្រមព្រៀង​មួយ។

ទោះជា​យ៉ាងណា សហជីព និង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ទទូច​ដល់​ក្រសួង​ការងារ ដោះស្រាយ​វិវាទ​ទាំងនេះ ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​កម្មករ​បន្ត​រងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។