តើពិធីបុណ្យចូលឆ្នាំចិនបានជះឥទ្ធិពលអ្វីខ្លះដល់ប្រជាជនកម្ពុជា?
2023.01.17

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីចិន និងវៀតណាមបានចាក់ឫសគល់ជ្រៅទៅក្នុងសង្គមកម្ពុជា។ គេសង្កេតឃើញថា ទាំងប្រជាពលរដ្ឋដែលមិនជាប់សែស្រឡាយចិន និងពលរដ្ឋជាប់សែស្រឡាយចិន ជាពិសេសមន្ត្រីរដ្ឋាភិបាលតែងតែនាំគ្នាប្រារព្ធបុណ្យនៃវប្បធម៌បរទេសនេះស្ទើរជារៀងរាល់ឆ្នាំ។ អ្នកឃ្លាំមើលថា ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះបានជះឥទ្ធិពលទាំងផលវិជ្ជមាន និងអវិជ្ជមានដល់សង្គមជាតិកម្ពុជា។
បុណ្យចូលឆ្នាំចិន និងវៀតណាមនឹងចូលមកដល់នៅថ្ងៃទី២២ ខែមករា នាពេលខាងមុខនេះហើយ។ ប្រជាពលរដ្ឋជាច្រើនរស់នៅរាជធានីភ្នំពេញ និងនៅទីប្រជុំជនតាមបណ្ដាខេត្តនានាចាប់ផ្ដើមមមាញឹកក្នុងការរៀបចំផ្ទះសម្បែង និងគ្រឿងសម្ភារៈសែនក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំបរទេសនេះ ការប្រារព្ធពិធីនេះជាវប្បធម៌របស់បរទេសក្ដី ក៏វាបានក្លាយទំនៀមទម្លាប់ប្រពៃណីសម្រាប់ពលរដ្ឋខ្មែរមួយចំនួនដែលជាប់សែស្រឡាយ ប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះស្ទើរជារៀងរាល់ឆ្នាំដែរ។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ លោក ស៊ុម រស់ កត់សម្គាល់ថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះមិនមែនតែពលរដ្ឋជាប់សែស្រឡាយចិនធ្វើពិធីរម្លឹកនោះទេ ប៉ុន្តែ ពលរដ្ឋដែលមិនជាប់សែស្រឡាយចិនមួយចំនួន ក៏តែងតែរម្លឹកពិធីចូលឆ្នាំចិននេះជារៀងរាល់ឆ្នាំដែរ។ លោកបន្តថា មូលហេតុដែលប្រពៃណីវប្បធម៌បរទេសជ្រួតជ្រាបដល់ពលរដ្ឋដោយសារតែឥទ្ធិពលវប្បធម៌នៃពិធីចូលឆ្នាំចិនជ្រៀតចូលកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជាជាយូរណាស់មកហើយ។ ម្យ៉ាងវិញទៀត លោកអះអាងថា មេដឹកនាំរដ្ឋាភិបាលសព្វថ្ងៃកំពុងទទួលរងឥទ្ធិពលនយោបាយពីប្រទេសចិនផងនោះ ដ្បិតមន្ត្រីកំពូលៗ និងក្រុមឧកញ៉ាមួយចំនួនតែនាំមុខក្នុងនឹងផ្សព្វផ្សាយពិធីចូលឆ្នាំចិន ដែលជាហេតុនាំឱ្យវប្បធម៌បរទេសបានរីកលូតលាស់ឆាប់រហ័សក្នុងសង្គមកម្ពុជា។
លោក ស៊ុម រស់៖«តាមអារម្មណ៍របស់ពួកគាត់ [ពលរដ្ឋ] អ្នកខ្លះគាត់មិនមែនជាជនជាតិចិនទេ តែលក្ខណៈគាត់ចង់ឱ្យគេមើលមកថា ជាជនជាតិចិន អ្នកពូកែរកស៊ីដូចជនជាតិចិន អ៊ីចឹងទៅ ក៏គាត់ធ្វើពិធីបុណ្យចូលឆ្នាំចិនដូចគេដូចឯងដែរទៅ។ មួយចំនួន ខ្ញុំកត់សម្គាល់ឃើញគាត់មិនមែនជាជនជាតិជាប់សែស្រឡាយចិនដូចគ្នា។ វាប៉ះពាល់អត្តសញ្ញាណប្រជាជនជាតិខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនាវាធ្វើឱ្យរូបភាពផ្ដល់ឱ្យក្មេងជំនាន់ក្រោយដែលគាត់ភ័ន្តច្រឡំថា ជាប្រពៃណីរបស់ជាតិខ្លួនឯង»។
រាល់មុនពេលជិតរដូវបុណ្យចូលឆ្នាំចិនម្ដងៗ នៅខាងមុខផ្ទះ ឬហាងអាជីវកម្មជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន ពួកគាត់តែងតែទិញសម្ភារៈនានាតុបតែងផ្ទះសម្បែង ជាពិសេស បិទក្រដាសក្រហមដែលមានអក្សរចិននៅលើទ្វារ និងជញ្ជាំង។ ក្រៅពីនេះ ការឡកមុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិននោះ ប្រជាជនចិន និងពលរដ្ឋខ្មែរជាប់សែស្រឡាយចិនមានជំនឿថា អាចបណ្ដេញអបទ្រព្យចង្រៃចេញពីគេហដ្ឋានរបស់ខ្លួន។
ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកំពត លោក អឿន សុភ័ណ្ឌ សង្កេតឃើញថា រាល់ដល់រដូវបុណ្យចូលឆ្នាំចិនប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកជាប់សែស្រឡាយចិនតែងរៀបចំធ្វើពិធីនេះគគ្រឹកគគ្រេង។ លោកអះអាងថា បើដល់រដូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរវិញពលរដ្ឋមួយចំនួនពុំសូវអើពើក្នុងការរៀបចំប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួនឱ្យបានធំដុំឡើយ។
លោក អឿន សុភ័ណ្ឌ៖«គេយករឿងចូលឆ្នាំចិនជាធំ ហើយចូលឆ្នាំខ្មែរយើង ដូចស្បើយបាត់ប្រជាប្រិយភាពខ្មែរ លេងឈូង បោះអង្គញ់បាត់អស់រលីងហើយ។ ដល់ពេលចូលឆ្នាំចិន អ៊ីចឹង ជួនកាលគេភាគច្រើនទូទៅដែរ ធ្វើតាមតែគ្នា ហើយតាមខ្ញុំដឹងដូចជាមិនជាប់សែស្រឡាយចិនអីទេ។ ខ្ញុំអត់ចង់ឱ្យគេមកប្រទេសយើងហើយ គេគ្រប់គ្រងយើងជាម្ចាស់ទឹកម្ចាស់ដី យើងត្រូវតែគោរពប្រពៃណីរបស់យើង»។
ជាទូទៅ ប្រជាជនចិន ឬអ្នកជាប់សែស្រឡាយចិន អបអរពិធីចូលឆ្នាំថ្មីចិននៅចន្លោះចុងខែមករា និងដើមខែកុម្ភៈ។ ចំណែក ពលរដ្ឋជាអាជីវករវិញភាគច្រើនលក់គ្រឿងសម្ភារៈសែន ដូចជា សាច់ជ្រូកខ្វៃ ផ្កាអង្គាសីល ផ្កាស្បៃរឿង បន្លែ ផ្លែឈើ មី នំពងទា និងគ្រឿងរណ្ដាប់សែនចិនផ្សេងៗ ទៀត។
រាល់ដល់រដូវបុណ្យចូលឆ្នាំចិនម្ដងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមមន្ត្រីជាន់ខ្ពស់ធំៗ រួមទាំងក្រុមឈ្មួញគ្រាក់ៗ ផងតែងតែផ្សព្វផ្សាយពិធីបុណ្យនេះនៅតាមបណ្ដាញសង្គម។ លើសពីនេះ ក្រុមឧកញ៉ាមួយចំនួនដូចជា កន្លងទៅអ្នកជំនួញដែលស្និទ្ធនឹង លោក ហ៊ុន សែន គឺលោក សុខ គង់ បានផ្ដល់អំណោយជាអាំងប៉ាវសម្រាប់កងកម្លាំងអាវុធហត្ថនៅរដូវបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០១៤ នៅភូមិគ្រឹះរបស់លោកនៅរាជធានីភ្នំពេញ ហើយកាលពីឆ្នាំ២០១៣ ភរិយារបស់ឧកញ៉ា ឡៅ ម៉េងឃីន ដែលទទួលសម្បទានដីតំបន់បឹងកក់ គឺអ្នកស្រី ជីង សុភាព ហៅយាយ ភូ បានចំណាយលុយប្រមាណ ២ម៉ឺនដុល្លារចែកអាំងប៉ាវដល់ក្រុមកងកម្លាំងប្រដាប់អាវុធហត្ថជិត ៥រយនាក់ ក្នុងពិធីចូលឆ្នាំចិននេះដែរ។ អ្នកឃ្លាំមើលរិះគន់ថា ការចែកអាំងប៉ាវនេះ គឺជាការទិញទឹកចិត្ត ដើម្បីឱ្យជួយផ្ដល់ប្រយោជន៍ពួកគេតាមរយៈការនាំកងកម្លាំងទាំងនោះទៅបង្ក្រាបពលរដ្ឋ នៅពេលដែលក្រុមឈ្មួញទាំងនោះត្រូវការតំបន់ណាមួយសម្រាប់អភិវឌ្ឍន៍។ ឧទាហរណ៍ រដ្ឋាភិបាលប្រើប្រាស់កងកម្លាំងទាំងនោះបង្ក្រាបសកម្មភាពតវ៉ារបស់ពលរដ្ឋនៅបឹងកក់ ក្នុងរាជធានីភ្នំពេញ។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់វិទ្យុអាស៊ីសេរីថា ការចែកអំណោយជាអាំងប៉ាវផ្ដល់ឱ្យកងកម្លាំងប្រដាប់អាវុធ គឺជាការធ្វើបុណ្យទាន និងចិត្តសប្បុរសនៃអ្នកមានលុយ។ លោកបន្តថា ពលរដ្ឋខ្មែរប្រារព្ធពិធីចូលឆ្នាំចិននេះ គឺជាសិទ្ធិសេរីភាពនៃជំនឿសាសនា ហើយរដ្ឋាភិបាល និងក្រសួងក៏មិនអាចហាមឃាត់ពលរដ្ឋប្រារព្ធពិធីនេះបានដែរ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ៖«ផ្ទះមួយៗ គាត់ធ្វើ មានណាទៅឃាត់បាន! អត់បានទេ! អត់មានឱ្យជឿលើជំនឿអ៊ីចឹងទៅចាប់ទៅអីអត់មាន។ វាអត់មានច្បាប់អីបញ្ជាក់ពីសេរីភាពនៃការគោរពនៃជំនឿសាសនា។ ជូនកាលយើងមិនអាចគេមិនជាប់ [សែស្រឡាយចិន] បានទេ ជូនកាលជាប់ ប៉ុនកាលមុនជីវភាពគ្រាន់តែមួយរស់ៗ គ្នារកតែពេលរកតែលុយចំណូលចំណាយសម្រាប់ សែនព្រេនវាអត់មានលុយ ដល់ឥឡូវគ្នារកស៊ីទទួលមានបានទៅរៀងធូរធារ គ្នាធ្វើទៅ!»។
ថ្វីដ្បិតតែការប្រតិបត្តិ និងគោរពជំនឿសាសនាមានការធានាដោយច្បាប់ក៏ដោយចុះ ក៏ពលរដ្ឋមួយចំនួនព្រួយបារម្ភថា បើឥទ្ធិពលនៃវប្បធម៌ចិន និងវៀតណាមកាន់តែរីកសាយនៅសង្គមកម្ពុជាកាន់តែខ្លាំង វប្បធម៌ប្រពៃណីខ្មែរខ្លះអាចនឹងងាយសាបរលាប និងប៉ះពាល់ដល់អធិបតេយ្យជាតិថែមទៀតផង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតចិនប្រចាំកម្ពុជា និងប្រធានលេខាធិការសមាគមមិត្តភាពកម្ពុជាចិន លោក ច័ន្ទ សុវណ្ណារ៉េត ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេសន៍ (Norway) លោក ម៉ែន ណាត អះអាងថា មូលហេតុដែលប្រពៃណីចូលឆ្នាំចិនបានជះឥទ្ធិពលដល់ពលរដ្ឋខ្មែរ គឺដោយសារតែមន្ត្រីរដ្ឋាភិបាល និងលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់តែងតែផ្សព្វផ្សាយវប្បធម៌ចិននេះ នៅពេលដល់រដូវចូលឆ្នាំចិនម្ដងៗ។ លោកបន្តថា ការណ៍ដែលរដ្ឋាភិបាល ជាពិសេសមន្ត្រីធំៗ និងក្រុមឧកញ៉ាបង្ហាញពីអត្តសញ្ញាណវប្បធម៌បរទេសនេះ នោះវានឹងធ្វើឱ្យពលរដ្ឋកាន់តែជ្រួតជ្រាបនៃវប្បធម៌របស់បរទេស។
លោក ម៉ែន ណាត៖ «ក្មេងៗ ជំនាន់ថ្មីហ្នឹង មិនយល់ថា អាហ្នឹងជាវប្បធម៌ដ៏ទៃទេ គឺវប្បធម៌ចិន យួនជាវប្បធម៌មួយនៃវប្បធម៌របស់ខ្លួនដូចករណីថ្មីៗ វិទ្យុមួយថា ចិនឥណ្ឌាហ្នឹងជាអ្នកកាត់ពូជខ្មែរអ៊ីចឹង មកអ៊ីចឹងឆ្កុយ គាត់អត់បានយល់ស្អីទៅប្រវត្តិសាស្ត្រយើងជាក់ស្ដែង។ អ៊ីចឹងទៅវាធ្វើឱ្យខូចប្រវត្តិសាស្ត្រ ភ្លេចការពារនូវប្រពៃណីវប្បធម៌របស់ខ្លួន អាហ្នឹងជាហានិភ័យ យើងមើលទៅថ្ងៃខាងមុខ»។
លោក ម៉ែន ណាត អះអាងទៀតថា ផលវិជ្ជមាននៃការប្រារព្ធពិធីចូលឆ្នាំចិន និងវៀតណាមនេះ គឺពលរដ្ឋទទួលបានការអនុវត្តន៍សិទ្ធិសេរីភាពពួកគាត់ស្របតាមច្បាប់ និងឆ្លុះបញ្ចាំងថា ពលរដ្ឋពុំបានរើសអើងការប្រតិបត្តិជំនឿវប្បធម៌បរទេសនោះទេ។ ម្យ៉ាងវិញទៀត ពលរដ្ឋក៏អាចលក់ទំនិញនានាក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះដែរ។ ចំណែក ផលអវិជ្ជមានវិញ លោក ម៉ែន ណាត ថ្លែងថា វប្បធម៌បរទេសកាន់តែមានឥទ្ធិពលដល់សង្គមកម្ពុជា នោះកូនខ្មែរជំនាន់ក្រោយ ក៏អាចនឹងភ័ន្តច្រឡំ ហើយប្រពៃណីជាតិសាសន៍របស់ខ្លួនក៏អាចនឹងងាយប្រឈមបាត់បង់ដែរ។
អ្នកឃ្លាំមើលអំពាវនាវដល់ប្រជាពលរដ្ឋថា គួរមានការស្ញប់ស្ញែងនឹងវប្បធម៌ខ្មែរ និងបង្ហាញពីអត្តសញ្ញាណរបស់ជាតិឱ្យបានច្រើន និងរួមគ្នាបន្តការអភិរក្សទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាជាងទទួលយកវប្បធម៌បរទេស ដែលអាចធ្វើឱ្យវប្បធម៌ជាតិសាសន៍របស់ខ្លួនងាយសាបរលាប និងពេលបាត់បង់ទាំងស្រុងទើបនាំគ្នាតវ៉ា និងស្ដាយក្រោយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។