តើមូលហេតុអ្វីបានជាឧក្រិដ្ឋកម្មឆបោកតាមអនឡាញអាចរីកដុះដាលបានយ៉ាងឆាប់រហ័សដូចផ្សិតនៅកម្ពុជា? ហេតុផលចម្បងមួយក្នុងចំណោមហេតុផលនានា គឺថា ឧក្រិដ្ឋកម្មនេះអាចមានជាប់ពាក់ព័ន្ធនឹងក្រុមអ្នកមានលុយមានអំណាច ជាពិសេសថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ចាំកាងការពារពីក្រោយ។
ការរីកដុះដាលនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញប្រព្រឹត្តដោយជនជាតិចិន ចេញពីទឹកដីកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភខ្លាំង។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ថ្លែងថា ឧស្សាហកម្មឆបោកតាមអនឡាញនឹងមិនអាចរីកដុះដាលដូចផ្សិតនៅកម្ពុជាបានឡើយ ប្រសិនបើគ្មានការកាងការពារពីក្រោយពីសំណាក់ក្រុមមេដឹកនាំកំពូលៗ រាប់ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក។
៖«ប៉ូលិសកម្ពុជា ភ័យខ្លាចក្រុមម៉ាហ្វីយ៉ាចិនខ្លាំង ដោយសារតែពួកគេដឹងថាក្រុមម៉ាហ្វីយ៉ាចិនទាំងនោះមិនមែនប្រតិបត្តិការតែឯកឯងនោះទេ...។ ក្រុមម៉ាហ្វីយ៉ាចិន ត្រូវបានការពារទាំងស្រុងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន។ គ្មានផ្លូវទេដែលឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាដែលរកលុយបានជាង១២ពាន់លានដុល្លារ ហើយដែលមានជនរងគ្រោះជាង១សែននាក់នៅតាមកាស៊ីណូធំៗ អាចប្រតិបត្តិការបាន ប្រសិនបើគ្មានការគាំទ្រដោយផ្ទាល់ ឬការពាក់ព័ន្ធដោយផ្ទាល់ ពីសំណាក់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា»។
អ្នកស្រី មូរ សុខហួរ ថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាមួយរៀបចំតាមប្រព័ន្ធអនឡាញដោយវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) កាលពីដើមខែកក្កដា ស្ដីពីអំពើឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីក្រុមអ្នកជំនាញមួយចំនួន។
អ្នកស្រី មូរ សុខហួរ បន្តថាក្រុមម៉ាហ្វីយ៉ាចិនទាំងនេះ ទទួលបានសញ្ជាតិខ្មែរតាមរយៈក្រសួងមហាផ្ទៃ។ អ្នកស្រីទទូចឱ្យសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធដទៃទៀត សហការគ្នាដាក់ទណ្ឌកម្មជាក់លាក់តាមគោលដៅទៅលើក្រុម គ្រួសារលោក ហ៊ុន សែន បក្ខពួករបស់លោក និងក្រុមឧកញ៉ាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។
អ្នកស្រី មូរ សុខហួរ៖«ដល់ពេលហើយដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលព្រួយបារម្ភពីសន្តិសុខរបស់ពួកគេ ហានិភ័យដល់សន្តិសុខ និងហានិភ័យសន្តិសុខកម្ពុជាផងដែរនោះ ត្រូវសហការគ្នាដាក់ទណ្ឌកម្មជាក់លាក់តាមគោលដៅ និងតាមដានលុយរបស់លោក ហ៊ុន សែន បក្ខពួករបស់គាត់ គ្រួសាររបស់គាត់ និងក្រុមឧកញ៉ារបស់គាត់។ យើងបានព្យាយាមជាច្រើនឆ្នាំមកហើយដើម្បីផ្តល់ដំណឹងដល់រដ្ឋាភិបាលនៃចក្រភពអង់គ្លេសដោយសារតែឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន មានទ្រព្យសម្បត្តិនៅទីនោះ។ ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាអ្នកការពារឱ្យក្រុមម៉ាហ្វីយ៉ាចិន។ ឈ្មោះរបស់ពួកគេមាននៅក្នុងរបាយការណ៍ទាំងអស់។ តើយើងនៅរង់ចាំអីទៀត?»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) អ្នកស្រី ជូ ប៊ុនអេង ទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។ ក៏ប៉ុន្តែ អ្នកស្រីអះអាងប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាមិនមែនជាអ្នកបង្កើតបទល្មើសនេះទេ តែ«រងគ្រោះ»ដោយសារកម្ពុជាត្រូវបានប្រើប្រាស់ធ្វើជាកន្លែងប្រព្រឹត្តបទល្មើស។ អ្នកស្រី បដិសេធមិនឆ្លើយពីការជាប់ពាក់ព័ន្ធ ឬការឃុបឃិតណាមួយដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
អ្នកស្រី ជូ ប៊ុនអេង៖«វាធ្ងន់ធ្ងរពីព្រោះកម្ពុជារងគ្រោះដោយសារគេប្រើប្រាស់កម្ពុជាធ្វើជាកន្លែងប្រព្រឹត្តបទល្មើស។ អ៊ីចឹងសួរថាហេតុអីក៏ប្រើប្រាស់ស្រួលម្ល៉េះ?ប្រទេសណាក៏ដោយ ឥឡូវយើងគិតមើលថា តើប្រទេសនីមួយៗមានគេមកចូលធ្វើបទល្មើសនៅក្នុងប្រទេសខ្លួនឯងដោយប្រើប្រាស់ប្រព័ន្ធហ្នឹងទេ?មានដូចគ្នា។ អ៊ីចឹងហើយ បានជាខ្ញុំប្រាប់ពីដំបូងមកថា យើងអត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាហ្នឹងទេ...។ ហើយដល់ទៅយើងវាយតម្លៃមកថាវាកាន់តែច្រើន ឬក៏មានការឃុបឃិតអីយ៉ាងម៉េច ខ្ញុំមិនដឹងថានិយាយថាម៉េចឱ្យត្រូវទេ»។
ផ្ទុយពីការបកស្រាយនេះ អ្នកជំនាញនៃវិទ្យាស្ថានអាមេរិកដើម្បីសន្តិភាព (USIP) លោក ចាកុប ស៊ីមស៍ (Jacob Sims) មានប្រសាសន៍ថា មូលហេតុមួយដែលជំរុញឱ្យឧក្រិដ្ឋកម្មឆបោកអនឡាញរីកដុះដាលនៅកម្ពុជានេះ គឺដោយសារតែក្រុមអ្នកមានអំណាចនៅកម្ពុជា អាចជាអ្នកនៅពីក្រោយការប្រតិបត្តិការផ្តាច់មុខនៃឧស្សាហកម្មឆបោកតាមអនឡាញនេះ។
លោក ចាកុប ស៊ីមស៍៖«ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចនយោបាយបែប«ឯងជួយអញ អញជួយឯង»នៅកម្ពុជានេះហើយ ទើបបានជាឧស្សាហកម្មឆបោកអនឡាញទំនងជាធ្វើឡើងផ្ដាច់មុខដោយក្រុមអ្នកមានអំណាចនៅកម្ពុជា។ របាយការណ៍របស់យើងបានកត់សម្គាល់ជាពិសេស ដូចជាករណីលោក ចេន ហ្ស៊ី និងលោក លី យ៉ុងផាត់។ ពួកគេគឺជាតួអង្គឥស្សរជនដែលពាក់ព័ន្ធនឹងរដ្ឋ ហើយវិនិយោគលើទីតាំងប្រព្រឹត្តអំពើឆបោកតាមអនឡាញទាំងនោះ។ ប៉ុន្តែ ដូចដែលអ្នកស្រី មូរ សុខហួរ បានរៀបរាប់អ៊ីចឹង បញ្ជីឈ្មោះម្ចាស់ទីតាំងដ៏មានអំណាចទាំងនោះ មានវែងអន្លាយ ក្នុងនោះរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រី ទីប្រឹក្សាសំខាន់ៗ និងសមាជិកគ្រួសាររបស់នាយករដ្ឋមន្ត្រី។ នៅកម្ពុជា មនុស្សដែលសំខាន់ៗទាំងនោះ ពិតជាមានសមត្ថភាពដោយគ្មានការត្រួតពិនិត្យ ក្នុងការធ្វើឱ្យស្ថាប័នរដ្ឋទន់ខ្សោយដើម្បីបម្រើឱ្យផលប្រយោជន៍ឯកជនរបស់ពួកគេ»។
វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព(USIP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) កាលពីខែឧសភា បានរកឃើញថា ក្រុមអ្នកមានអំណាចនៅកម្ពុជា ជាអ្នកចាំកាង«ការពារ»ឧស្សាហកម្មឆបោកតាមអនឡាញ ដោយសារតែភាពចំណេញកប់ក្តោងនៃឧស្សាហកម្មមួយនេះ។ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាននេះ ប៉ាន់ស្មានថា កម្ពុជាតែឯងលូចលុយពីពិភពលោកយ៉ាងហោចណាស់ជាង ១២ពាន់៥រយលានដុល្លារក្នុងមួយឆ្នាំតាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ។ ចំនួនទឹកលុយបានមកពីឧស្សាហកម្មឆបោកនេះ ស្មើនឹងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ផ្លូវការរបស់ប្រទេសក្រីក្រមួយនេះ។
យ៉ាងហោចណាស់ មានឧកញ៉ាល្បីឈ្មោះនៅកម្ពុជា ៤រូប ដែលស្និទ្ធនឹងត្រកូល«ហ៊ុន» រងនូវការសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។ ឧកញ៉ាទាំងនោះ រួមមានដូចជា លោក ចេន ហ្ស៊ី ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, លោក ទ្រី ភាព ជាបេសកជនពិសេស និងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន , លោក កុក អាន ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងមានគោរមងារជាអ្នកឧកញ៉ា និងលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរបស់គណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នជាប្រធានសមាគមឧកញ៉ាកម្ពុជា។
អង្គការសហប្រជាជាតិរកឃើញកាលពីខែសីហា ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានមនុស្ស១សែននាក់ បានក្លាយជាជនរងគ្រោះដោយសារតែការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
