លោក ហ៊ុន ម៉ាណែត បញ្ឈប់លោក ខេង យ័ន ពីតំណែងអភិបាលក្រុងកែប
2024.01.13

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ឈប់តំណែងអភិបាលក្រុងកែបលោក ខេង យ័ន ដោយសារតែប្រើប្រាស់អំណាចនិងតួនាទី មិនត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋនិងពលរដ្ឋ។ អ្នកឃ្លាំមើលថា ការបញ្ឈប់តំណែងមន្ត្រីដែលប្រព្រឹត្តខុសជារឿងល្អដើម្បីផ្ដល់គំរូភាព ប៉ុន្តែត្រូវឈរលើគោលការណ៍យុត្តិធម៌។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើគណនីហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួននៅថ្ងៃទី១២ ខែមករា ដោយភ្ជាប់ជាមួយអនុក្រឹត្យថា លោកត្រូវបញ្ចប់មុខតំណែងអភិបាលក្រុងកែបក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)រកឃើញថា លោក ខេង យ័ន បានប្រើប្រាស់អំណាចនិងតួនាទីប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ពលរដ្ឋជាច្រើន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែមករា ថា ករណីបញ្ចប់តំណែងអភិបាលក្រុងកែបលោក ខេង យ័ន ជារឿងល្អ បើរកឃើញថា បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរពិតមែន។ ក៏ប៉ុន្តែ លោកថាអាជ្ញាធរពាក់ព័ន្ធត្រូវហ៊ានបើកបង្ហាញទោសកំហុសទាំងនោះឱ្យសាធារណជនបានដឹង និងទប់ស្កាត់មន្ត្រីផ្សេងៗទៀត។
លោក សេក សុជាតិ៖ «បើយើងមើលទៅជ្រុងមួយទៀតផ្នែកផ្លូវច្បាប់ ជាទូទៅមុនដាក់ការចោទប្រកាន់ ឬដាក់ការសង្ស័យទៅលើថ្នាក់ដឹកនាំនៅក្នុងអង្គភាពរបស់រដ្ឋទាមទារឱ្យមានភស្តុតាងច្បាស់លាស់ ហើយត្រូវបញ្ជាក់មានការរៀបចំឯកសារ បទដ្ឋាន និងភស្តុតាងច្បាស់លាស់ទើបអាច ដាក់ជាចំណោទអនុវត្តតាមផ្លូវច្បាប់បាន»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអតីតអភិបាលក្រុងកែប លោក ខេង យ័ន អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចន្ទវិច្ឆិកា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែមករា។
តែយ៉ាងណាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ការបញ្ឈប់តំណែងអភិបាលក្រុងរូបនេះដោយសារតែមានជាប់ព័ន្ធការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ តាមរយៈការកិបកេងទ្រព្យសម្បត្តិរបស់រដ្ឋ។
ការបញ្ចប់តំណែងអភិបាលក្រុងកែបរូបនេះ មានរយៈពេល១០ថ្ងៃ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ លោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប គឺលោក អ៊ិន ហ៊ុន បន្ទាប់ចេញពីប្រជុំនៅថ្ងៃទី២ មករា តែក្រោយមក ក៏ដោះលែងវិញដោយអះអាងថា ភាន់ច្រឡំ។
លោក ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់លើហ្វេសប៊ុករបស់ខ្លួនបន្ថែមថា រដ្ឋាភិបាលប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» ឬដកតំណែងមន្ត្រីបានប្រព្រឹត្តអំពើខុសឆ្គង ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
ប៉ុន្តែ អ្នកតាមដានបញ្ហាសង្គមលើកឡើងថា ការអះអាងរបស់រដ្ឋាភិបាលបានតែចំពោះមន្ត្រីដែលពុំសូវមានអំណាច និងគ្មានបក្ខពួកប៉ុណ្ណោះ ចំណែកមន្ត្រីដែលស្និទ្ធនឹងរដ្ឋាភិបាលអាចរួចខ្លួន។
ជាឧទាហរណ៍ ក្រុមឧកញ៉ាមួយចំនួនដូចជា សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាលោក លី យ៉ុងផាត ដែលរងការចោទថា មានជាប់ពាក់ព័ន្ធ ការរំលោភយកដីពលរដ្ឋនៅខេត្តកោះកុង រាប់ម៉ឺនហិកតារ និងឧកញ៉ា ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់របស់ លោក ហ៊ុន សែន រងការចោទថា ជាប់ពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់ដ៏ធំនៅកម្ពុជា ប៉ុន្តែអ្នកទាំងនេះមិនត្រូវបានដាក់ទោសទណ្ឌនោះទេចំណែកអង្គភាពប្រឆាំងអំពើពុករលួយពុំធ្វើការស៊ើបអង្កេតនោះដែរ។
ចាប់តាំងពីមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី គឺ លោក ហ៊ុន ម៉ាណែត មកគេសង្កេតឃើញថារដ្ឋាភិបាលបានដកហូតមន្ត្រីនគរបាលជាបន្តបន្ទាប់។ ចាប់តាំងពីដើមខែមករា មានមន្ត្រីនគរបាល១២នាក់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
លើសពីនេះ កាលពីចុងឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិ៥០ រូប ចេញពីលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បន្ទាប់ពីផ្ទុះរឿងអាស្រូវទារប្រាក់ ១០ម៉ឺនដុល្លារ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចង់ឃើញរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះមន្ត្រីណា ដែលប្រព្រឹត្តកំហុសដូចជា ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ការរំលោភដីធ្លីពលរដ្ឋ ការជួញដូរឈើខុសច្បាប់ និងការជួញដូរគ្រឿងញៀនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។