លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​គ្រោះថ្នាក់​ចរាចរណ៍ និង​ល្បែង​ស៊ីសង

លោក ហ៊ុន ម៉ាណែ​ត បញ្ជា​ឱ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក្រាប​ល្បែងស៊ីសង​។ មន្ត្រី​សង្គម​ស៊ីវិល​ថា បទល្មើស​នឹង​មិន​ធ្លាក់​ចុះ​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​មិន​បង្ក្រាប​ឱ្យ​សកម្ម ម៉ឺងម៉ាត់ និង​កាត់ផ្ដាច់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន និង​ទីតាំង​ល្បែងស៊ីសង​ទាំងនោះ។

ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៩ ខែ​កុម្ភៈ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធភាព ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក្រាប​ល្បែងស៊ីសង។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​មូលដ្ឋាន និង​នៅ​តាម​ក្រសួង​ស្ថាប័ន អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​លុប​បំបាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ប៉ះពាល់​ដល់​អាយុជីវិត និង​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ។

ការ​ដាក់​បញ្ជា​របស់ លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​បទល្មើស​គ្រឿងញៀន ករណី​គ្រោះថ្នាក់​ចរាចរណ៍​និង​បទល្មើស​ល្បែងស៊ីសង​កំពុង​កើតឡើង​ច្រើន។

នាយក​ប្រតិបត្តិ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និង​លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ ទោះជា​យ៉ាងណា លោក ហេង គឹមហុង ថា មូលហេតុ​បទល្មើស​ទាំងនេះ​នៅតែ​មាន​កើនឡើង គឺ​ដោយសារតែ​អាជ្ញាធរ​មិន​បាន​អនុវត្ត​សកម្ម ម៉ឺងម៉ាត់ និង​កាត់ផ្ដាច់​ប្រភព​នៃ​ការ​នាំចូល​គ្រឿងញៀន និង​ទីតាំង​ល្បែងស៊ីសង​ជាដើម។

លោក ហេង គឹមហុង៖ «វា​ធ្វើ​ឱ្យ​យើង​ខាតបង់​សេដ្ឋកិច្ច​មូលដ្ឋាន​ដែរ ទី​ពីរ​ធ្វើ​ឱ្យ​ខាតបង់​ធនធាន​នៅ​ពេល​ដែល​មនុស្ស​ស្លាប់​ដោយសារ​គ្រឿងញៀន​ច្រើន ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន វា​ក៏​ជា​ចរន្ត​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការខាតបង់​ទៅលើ​ធនធានមនុស្ស​របស់​យើង ការខូចខាត និង​ការ​គ្រោះថ្នាក់ ក៏​ប៉ះពាល់​ទៅដល់​ចរន្ត​សេដ្ឋកិច្ច និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​សណ្ដាប់ធ្នាប់»។

លោក ហេង គឹមហុង បន្ថែម​ថា រដ្ឋាភិបាល​ក៏​គួរ​បន្ថែម​យន្តការ​ផ្សេងទៀត​ដូចជា​ការអប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង​ល្បែងស៊ីសង ព្រមទាំង​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​យល់ដឹង​ច្បាប់​ចរាចរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។