របប​ក្រុង​ភ្នំពេញ​គ្រោង​កែ​ច្បាប់​ការងារ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​អតីតភាព​៦​ខែ​ម្ដង

ដោយ មាន ឫទ្ធិ
2018.05.30
Share on WhatsApp
Share on WhatsApp
អ៊ិត សំហេង ២០១៧ ៦២២ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី៣០ ឧសភា បាន​ស្ដី​បន្ទោស​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ដោះស្រាយ​មិន​ទាន់​ចប់​ករណី​បញ្ហា​កម្មករ​និយោជិក ទាមទារ​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​អតីត​ភាព​ការងារ ដោយសារ​តែ​ថៅកែ​រោងចក្រ​បាន​រត់​ចោល។

ថ្លែងនៅចំពោះមុខកម្មករនិយោជិតជាង១ម៉ឺន៥ពាន់នាក់ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក អ៊ិត សំហេង ប្រញាប់​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ចប់ និង​រាយការណ៍​ឲ្យ​លោក ជៀសវាង​ករណី​កម្មករ​និយោជិក​បន្ត​ធ្វើ​បាតុកម្ម ឬ​ដើរ​ដាក់​ញត្តិ​នៅ​គេហដ្ឋាន​របស់​លោក។

លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ របប​របស់​លោក​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​ពាក់ព័ន្ធ​នឹង​រយៈ​ពេល​កំណត់​ដោយ​ច្បាប់ នៃ​ការ​បើក​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​អតីត​ភាព​ការងារ​ជូន​កម្មករ​និយោជិក។ លោក​ថា វិសោធនកម្ម​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ ត្រូវ​តែ​បើក​ប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ​និយោជិក រៀង​រាល់ ៦​ខែ​ម្ដង ជា​កំហិត ដើម្បី​ជៀសវាង​បញ្ហា​ថៅកែ​រោងចក្រ​រត់​ចោល​រោងចក្រ ឬ​ប្រកាស​ក្ស័យធន ក្នុង​គោល​បំណង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​នេះ ហើយ​បន្ទុក​នេះ ត្រូវ​ធ្លាក់​ទៅ​លើ​របប​របស់​លោក​ទៅ​វិញ៖ «ម្ដង​នោះ​ខ្ញុំ​បាន​បើក​ឲ្យ នៅ​រោងចក្រ​មួយ​នៅ​ខេត្ត​កណ្ដាល មាន​រហូត​ដល់​ទៅ ១២​លាន​ដុល្លារ​អាមេរិក។ ក្នុង ១២​លាន​ដុល្លារ​នោះ យើង​ពិនិត្យ​ឃើញ​ថា បើ​និយាយ​ពី​ប្រាក់​ខែ​ទៅ​វិញ​តិចតួច​ណាស់។ ប៉ុន្តែ​បែរ​ជា​ប្រាក់​អត្ថប្រយោជន៍​វា​ធំ​ពេក កម្មករកម្មការិនី​ខ្លះ​បាន​រហូត​ដល់​ទៅ ២​ម៉ឺន​ដុល្លារ ខ្លះ ១​ម៉ឺន​ដុល្លារ ខ្លះ៧ ទៅ ៨​ពាន់​ដុល្លារ។ ដូច្នេះ បាន​សេចក្ដីថា យើង​បណ្ដោយ​ទុក​ឲ្យ​ជំពាក់​កម្មករ​យូរ​ពេក ដល់​ទៅ​ពេល​ម្ចាស់​រោងចក្រ​ដួល​រលំ ទម្ងន់​អំរែក​ទាំង​ប៉ុន្មាន​ធ្លាក់​មក​លើ​រាជរដ្ឋាភិបាល​ទាំង​អស់។ អ៊ីចឹង​ទេ ក្នុង​ខែ៦ នេះ (ខែ​មិថុនា) ច្បាប់​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម ៦ខែ ត្រូវ​បើក​ជូន​ម្ដង មិន​ត្រូវ​ឲ្យ​ជំពាក់​យូរ​ទេ»

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រក​ឃើញ​ថា មាន​រោងចក្រ​ចំនួន ៩ ត្រូវ​ថៅកែ​រត់ចោល ដោយ​មិន​បាន​បើក​ប្រាក់​ខែ ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ​និយោជិក ហើយ​ក្រសួង​បាន​ដោះ​ស្រាយ​រួច​បាន​ចំនួន ៤រោងចក្រ​ហើយ នៅសល់ ៥ រោងចក្រ​ទៀត ដែល​ក្រសួង​កំពុង​ប្រមូល​ទិន្នន័យ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​សហជីព ធ្លាប់​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​របប​លោក ហ៊ុន សែន មាន​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​ចាត់ការ​លើ​ក្រុម​ថៅកែ​រោងចក្រ ដែល​តែងតែ​រត់​ចោល​កម្មករ​និយោជិក មិន​ទទួល​ខុស​ត្រូវ ចំពោះ​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​អតីតភាព​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។