លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​

0:00 / 0:00

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​សុទ្ធសាធ ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​មាន​ភាព​ឯករាជ​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក។ រីឯ​អ្នក​វិភាគ​យល់​ថា ដើម្បី​ឱ្យ​ការ​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ​ជា​ការ​ផ្សះផ្សា​ជាតិ និង​បម្រើ​ផល​ប្រយោជន៍​ជាតិ លុះ​ត្រា​តែ​អ្នក​នយោបាយ​គ្រប់​រូប ងាក​មក​ធ្វើ​ការ​រួម​គ្នា​ឡើង​វិញ។

អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៦ ខែឧសភា បញ្ជាក់​សា​ជា​ថ្មី​ថា រដ្ឋាភិបាល​កម្ពុជា គឺ​ជា​អ្នក​ផ្ដួចផ្ដើម​លើ​គម្រោង​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ​ ហើយ​បន្ទាប់​មក​រដ្ឋាភិបាល​បាន​ស្នើសុំ​រដ្ឋាភិបាល​ចិន​ឱ្យ​គាំទ្រ​លើ​គម្រោង​នេះ គឺ​មិនមែន​ចិន​ជា​អ្នក​ជំរុញ ឬ​ផ្ដួចផ្ដើម​គំនិត​ឱ្យ​សាងសង់​នោះ​ឡើយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ លោក ហ៊ុន សែន អំពាវនាវ​អ្នក​សារព័ត៌មាន និង​អ្នកវិភាគ​នានា ឱ្យ​ឈប់​យក​នយោបាយ​ប្រឆាំង​ចិន ដោយ​ភ្ជាប់​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ថា ជា​ព្រែក​ជីក​បម្រើ​ឱ្យ​កង​ទ័ព​ចិន។

លោក​ ហ៊ុន សែន៖«ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​គ្រាន់​តែ​គូស​បញ្ជាក់​ថា ព្រែក​ជីក​ហ្វូណន​តេជោ គឺ​ជា​ព្រែក​ជីក​ដែល​ផ្ដួចផ្ដើម​គំនិត​ទាំង​ស្រុង​ដោយ​ភាគី​កម្ពុជា ចិន​មិន​បាន​ដឹង​រឿង​នេះ​ទេ»។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា លោក​មិន​ត្រូវ​ការ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​វៀតណាម​ស្អប់​គ្នា នឹង​យក​គ្នា​ធ្វើ​ជា​សត្រូវ​នោះ​ទេ ហើយ​លោក​ថា ការ​ជីក​ព្រែក​ជីក​នេះ នឹង​បន្សល់​ទុក​ដល់​កម្ពុជា​លើស​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នោះ​គឺ​ឯករាជ្យ​ខាង​នយោបាយ​លើ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​របស់​កម្ពុជា។

ការ​ចេញ​មុខ​ពន្យល់​ជា​ថ្មី​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ដោយ​សារ​លោក​មើល​ឃើញ​ថា នៅ​តែ​មាន​ការ​អត្ថាធិប្បាយ​អវិជ្ជមាន​អំពី​គម្រោង​សាងសង់​ព្រែកជីក​មួយ​នេះ ជា​ពិសេស​នោះ គឺ​ការ​បន្ត​អត្ថាធិប្បាយ​អំពី​ការ​ប្រើប្រាស់​ព្រែកជីក​សម្រាប់​បម្រើ​ផល​ប្រយោជន៍​យោធា​របស់​ចិន ឬ​ថា គម្រោង​នេះ​ចិន​ជា​អ្នក​ផ្ដួច​ផ្ដើម និង​ចុង​ក្រោយ​នេះ មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ថា ព្រែក​ជីក​នេះ សាងសង់​ឡើង ដើម្បី​បង្កើត​ជា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នៅ​ថ្ងៃ​អនាគត​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ បណ្ឌិត សេក សុជាតិ យល់​ថា នេះ​គ្រាន់​តែ​ជា​សារ​របស់​អ្នក​នយោបាយ ដើម្បី​ផល​ចំណេញ​របស់​ខ្លួន​ប៉ុណ្ណោះ។ បណ្ឌិត សេក សុជាតិ យល់​ថា​ដើម្បី​ឱ្យ​ព្រែក​ជីក​នេះ​ក្លាយ​ជា​ការផ្សះផ្សា​ជាតិ ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​លុប​បំបាត់​ការ​សង្ស័យ​ពី​អន្តរជាតិ ​រដ្ឋាភិបាល​គួរតែ​ងាក​មក​ធ្វើ​ការ​ជា​មួយ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

បណ្ឌិត សេក សុជាតិ៖«ខ្ញុំ​នៅ​តែ​គាំទ្រ ចំពោះ​ការ​ជីក​ព្រែក ក៏​ប៉ុន្តែ​ចង់​ឱ្យ​មាន​ការ​ជីក​ព្រែក​មួយ​ប្រកប​ដោយ​តម្លាភាព ហើយ​ដាក់​ចេញ​ជា​គោលការណ៍​យុទ្ធសាស្ត្រ​រួម​របស់​ខ្មែរ ដោយ​ហ៊ាន​ធានា​ចំពោះ​បញ្ហា​ថា កម្ពុជា​នឹង​មិន​ផ្ដល់​ឱកាស​ឱ្យ​បរទេស​ណា​ម្នាក់​ប្រើប្រាស់​ព្រែក​ជីក​នេះ ដើម្បី​តែ​​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ ឬ​ដើម្បី​តែ​គេង​ចំណេញ​ផល​ប្រយោជន៍​ណា​មួយ​ពី​ប្រទេស​ជិត​ខាង​ ឬ​នយោបាយ​អន្តរជាតិ​ជា​ដើម»។

បណ្ឌិត សេក សុជាតិ ថា អ្នក​នយោបាយ​គ្រប់​រូប ជា​ពិសេស អ្នក​នយោបាយ​មក​ពី​គណបក្ស​កាន់​អំណាច​គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ​បំភ្លេច​នូវ​គំនុំ​ផ្ទាល់​ខ្លួន និង​ធ្វើ​នយោបាយ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ហើយ​លោក​យល់​ថា អ្នក​នយោបាយ​គួរ​តែ​យក​ឱកាស​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ ដើម្បី​ផ្សះផ្សា​ជាតិ។

បណ្ឌិត សេក សុជាតិ៖«ប្រសិន​បើ​អ្នក​នយោបាយ​ស្រឡាញ់​ជាតិ ស្រឡាញ់​សង្គម​ចង់​ឃើញ​ប្រជាពលរដ្ឋ​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​គួរ​តែ​ទម្លាក់​ចោល​ភាព​មានះ»។

អនុ​ប្រធាន​ទី១ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា បាន​ធ្វើ​បទ​បង្ហាញ​ព័ត៌មាន​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ដល់​តំណាង​ស្ថានទូត​​ចំនួន​២៤ ប្រចាំ​នៅ​កម្ពុជា​រួម​មាន​ស្ថានទូត​សហ​អាមេរិក​ ស្ថានទូត​ចក្រភព​​អង់គ្លេស​ និង​ស្ថានទូត​វៀតណាម​ជា​ដើម​ ហើយ​លោក ស៊ុន ចាន់ថុល ក៏​បញ្ជាក់​ថា​ ការ​សាងសង់​​ព្រែក​ជីក​ហ្វូណនតេជោ​នេះ​គឺ ដើម្បី​បម្រើ​ដល់​សេដ្ឋកិច្ច និង​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​តែង​ថ្លែង​ការពារ​ពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ម្ដង​ហើយ​ម្ដង​ទៀត​ ជា​ពិសេស​ក្រោយ​ពី​អ្នក​ជំនាញ របស់​វៀតណាម​វាយតម្លៃ​ថា ព្រែកជីក​ហ្វូណន​តេជោ មិន​ត្រឹម​តែ​ជា​គម្រោង​មួយ ដែល​បម្រើ​ឱ្យ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែម​តាំង​មាន​តម្លៃ​ចម្បង​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន​ទៀត​ផង។

កម្ពុជា​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ ក្រោម​កិច្ចព្រមព្រៀង​សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ដែល​មាន​រយៈ​ពេល ៥០ឆ្នាំ។ គម្រោង​ដែល​មាន​តម្លៃ ១ពាន់ ៧រយ​លាន​ដុល្លារ​នេះ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់ នៅ​ចុង​ឆ្នាំ២០២៤ ហើយ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ២០២៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។