លោក ហ៊ុន តូ ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​លើ​លោក ហេង សិទ្ធី ដែល​ចោទ​លោក​ថា ឆបោក​ប្រាក់​ជន​បរទេស និង​នៅ​ពី​ក្រោយ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ

ដោយ សុ ជីវី
2025.01.09
លោក ហ៊ុន តូ ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​លើ​លោក ហេង សិទ្ធី ដែល​ចោទ​លោក​ថា ឆបោក​ប្រាក់​ជន​បរទេស និង​នៅ​ពី​ក្រោយ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ក្មួយប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន តូ (រូបកណ្ដាល) និង​បុរស​ជនជាតិចិន ដែលអះអាងថា ឈ្មោះ ស៊ុន រ៉ុយហ្វេង (Sun Ruifeng) ត្រូវចាញ់បោក​លោក ហ៊ុន តូ ៩លាន​ដុល្លារ។
រូប៖ ហ្វេសប៊ុកលោក ហេង សិទ្ធី

ក្មួយ​បង្កើត​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ត្រូវ​ជា​បង​ជីដូន​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ អះអាងថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្ដឹង​បក​ទៅ​កាន់​អតីត​អ្នក​ឧកញ៉ា​ម្នាក់​ឈ្មោះ ហេង សិទ្ធី ដែល​ចោទ​ប្រកាន់​ថា លោក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ឆបោក​លុយ​អ្នក​ជំនួញ​ជនជាតិ​ចិន (China)។ ក្រសួង​យុត្តិធម៌​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​លើ​សំណុំរឿង​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី ទៅ​លើ​លោក ហ៊ុន តូ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ពាក់ព័ន្ធ​អំពើ​ពុករលួយ និង​អំពើ​កាង​ល្បែង​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ក្មួយ​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បដិសេធ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម ដែល​ចោទ​ថា លោក​នៅ​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ជា​ជន​ឆបោក​លុយ​រាប់​លាន​ដុល្លារ​ពី​អ្នក​ជំនួញ​ជនជាតិ​ចិន។

លិខិត​ចំហ​ដែល​មាន​ហត្ថលេខា​របស់​លោក ហ៊ុន តូ កាល​ពី​ថ្ងៃ​ទី៨ ខែមករា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ឱ្យ​ដឹង​ថា លោក ហ៊ុន តូ ហាក់​ព្យាយាម​បង្ហាញ​ប្រាប់​មហាជន​ថា ខ្លួន​ជា​មនុស្ស​ស្អាតស្អំ និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី គឺ​ផ្ទុយ​ពី​ការ​ពិត បំភាន់​មតិ​សាធារណជន មាន​ចេតនា​ទុច្ចរិត និង​ទម្លាក់​កំហុស​លើ​រូប​លោក។ លោក ហ៊ុន តូ អះអាង​ថា លោក​ក៏​រង​ការ​គំរាម​កំហែង​សម្លាប់​ពី​សំណាក់​លោក ហេង សិទ្ធី ផង​ដែរ។ ក្នុង​លិខិត​ដដែល​លោក ហ៊ុន តូ បញ្ជាក់​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្ដឹង​បក និង​តតាំង​ក្ដី​តាម​ផ្លូវ​ច្បាប់​ជាមួយ លោក ហេង សិទ្ធី។ លោក ហ៊ុន តូ ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​លោក ហេង សិទ្ធី ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​លោក។

ទន្ទឹម​នឹង​ការ​បកស្រាយ​បែប​នេះ លោក ហ៊ុន តូ ដែល​លោក ហេង សិទ្ធី វាយ​តម្លៃ​ថា ជា​មនុស្ស​មាន​ចរិត​កោងកាច និង​មាន​អំណាច​ពេញ​ដៃ​ធ្វើ​ជំនួញ​បែប​ឧក្រិដ្ឋ​នៅ​កម្ពុជា ក៏​មាន​កេរ្តិ៍​ឈ្មោះ​អាស្រូវ​ជា​ច្រើន និង​ត្រូវ​បាន​ស្ថាប័ន​កាសែត​អន្តរជាតិ​ផ្សព្វផ្សាយ​កន្លង​មក​ថា លោក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស គ្រឿងញៀន ការ​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ឆ្លើយតប​នឹង​រឿង​នេះ អតីត​អ្នក​ឧកញ៉ា ហេង សិទ្ធី ក៏​បាន​ប្រកាស​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៩ ខែមករា​ថា លោក ហ៊ុន តូ ដើរ​តួ​ជា​ជន​សប្បុរស​ក្លែងក្លាយ ដើម្បី​បិទបាំង​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា លោក​ក៏​មិន​បាន​គំរាម​សម្លាប់​លោក ហ៊ុន តូ នោះ​ដែរ ព្រោះ​លោក​ថា លោក ហ៊ុន តូ មាន​ការ​កាង​ការពារ​ពី​សំណាក់​លោក ហ៊ុន សែន និង​មាន​អំណាច​លើស​តុលាការ និង​អាច​បញ្ជា​ស្ថាប័ន​រដ្ឋ​កំពូលៗ មួយ​ចំនួន ដូចជា ក្រសួង​យុត្តិធម៌​ជា​ដើម។

លោក ហេង សិទ្ធី៖«តាំង​តែ​ពី​ក្មេង​មក ហ៊ុន តូ ឯង​ជា​មនុស្ស​ពាល​អត់​ចូល​សាលា អត់​ចេះ​អក្សរ​ធ្វើ​បាប​គេ ដើរ​ចាប់​កូនស្រី​គេ លួច​ប្រព័ន្ធ​គេ ធ្វើ​បាប​អ្នក​រកស៊ី ល្បួង​គេ​ទៅ​ផ្ទះ​ផឹកស៊ី ហ៊ុន តូ ឯង​បាន​ដាក់​ស្អី​គេ​ខ្លះ ទៅ​ឱ្យ​គេ​ផឹកស៊ី​ហ្នឹង? នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ គ្មាន​នរណា​ហ៊ាន​គំរាម​សម្លាប់ ហ៊ុន តូ ឯង​ទេ អ្នក​ណា​ក៏​គេ​ដឹង​ថា ហ៊ុន តូ ឯង​នេះ គឺ​មាន​អំណាច​ណាស់ អំណាច ហ៊ុន តូ ឯង​នេះ​ចង់​ខ្លាំង​ជាង​នាយក​រដ្ឋមន្ត្រី​ទៀត​ផង។ មួយ​វិញ​ទៀត ពាក្យ​ថា គំរាម​សម្លាប់ បើ​គេ​គំរាម​សម្លាប់ ហ៊ុន តូ ឯង​មែន ហ៊ុន តូ ឯង​បញ្ចេញ​ភស្តុតាង​ថា កន្លែង​ណា ដែល​គេ​គំរាម​សម្លាប់ ហ៊ុន តូ ឯង? ហ៊ុន តូ ឯង​ដើរ​លាប​ពណ៌​គេ​គ្រប់​គ្នា»

នៅ​ថ្ងៃ​ទី៩ ខែមករា លោក ហេង សិទ្ធី ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺ​តាម​ទំព័រ​ហ្វេសប៊ុក ដោយ​បន្ត​ចោទ​ប្រកាន់​ថា លោក ហ៊ុន តូ គឺ​ជា​អ្នក​ផ្ដល់​ការ​ការពារ​ដល់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​បាន​ប្រើ​ឧបាយកល​នានា ដើម្បី​យក​ទ្រព្យ​សម្បត្តិ​របស់​លោក។ លោក ហេង សិទ្ធី សង្កត់​ធ្ងន់​ថា លោក​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នោះ​ទេ ដោយសារ​តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ឃុបឃិត​គ្នា​ជាមួយ​លោក ហ៊ុន តូ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អះអាង​ក្នុង​លិខិត​នោះ​ថា បាន​ត្រៀម​ខ្លួន​ប្ដឹង​លោក ហ៊ុន តូ ទៅ​កាន់​តុលាការ​អន្តរជាតិ និង​តុលាការ​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា ប្រទេស​អង់គ្លេស អូស្ត្រាលី អាមេរិក និង​តុលាការ​ចិន ដើម្បី​ឱ្យ​ជួយ​ស្វែងរក​យុត្តិធម៌។

លោក ហេង សិទ្ធី គឺ​ជា​ប្រធាន​ក្រុមហ៊ុន ម៉ារីថាម គ្រុប (Maritime Group) និង​ធ្លាប់​មាន​ងារ​ជា​អ្នកឧកញ៉ា​ជា​ច្រើន​ឆ្នាំ ហើយ​លោក​ក៏​ធ្លាប់​បរិច្ចាគ​លុយ​ចំនួន ១លាន​ដុល្លារ​ជូន​រដ្ឋាភិបាល លោក ហ៊ុន សែន កាល​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ (Covid-19) និង​បាន​បរិច្ចាគ​លុយ​ចំនួន ១០ម៉ឺន​ដុល្លារ​ជូន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​របស់​អ្នកស្រី ប៊ុនរ៉ានី កាល​ពី​ឆ្នាំ២០២២។ លោក ហេង សិទ្ធី កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​គោរមងារ​អ្នកឧកញ៉ា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តាម​សំណើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពេល​លោក​បាន​ទម្លាយ​រឿង​អ្នក​ជំនួញ​ជនជាតិ​សិង្ហបុរី (Singapore) មាន​សញ្ជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ភួ ហ្គេច សេង (Phua Gek Seng) ហៅ​តាក់ (Tak) ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រតិបត្តិការ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

ក្រោយៗ មក​ទៀត លោក ហេង សិទ្ធី ក៏​បន្ត​ចោទ​ប្រកាន់ និង​សរសេរ​ពាក្យ​បណ្ដឹង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​លោក ប្ដឹង​ទៅ​កាន់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទាក់ទង​នឹង​លោក ហ៊ុន តូ រួម​ទាំង​មន្ត្រី​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត អភិបាល​ខេត្តកណ្ដាល លោក គួច ចំរើន និង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​លោក ហេង សិទ្ធី ចោទ​ថា ពួក​គេ​ទាំង​នោះ បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ឆបោក​អ្នក​ជំនួញ ការពារ​ក្រុម​ឧក្រិដ្ឋជន និង​ទទួល​លុយ​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន​ជា​ថ្នូរ​នឹង​ការ​ការពារ​របរ​ឧក្រិដ្ឋ​ពួក​គេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ចំណុះ​ឱ្យ​ក្រសួង​មួយ​នេះ ចេញ​សេចក្ដី​ប្រកាស​បដិសេធ​ជា​បន្ត​បន្ទាប់ និង​ចាត់​ទុក​ថា គ្មាន​មូលដ្ឋាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ។

ក្នុង​ចំណោម​បុគ្គល​ដែល​លោក ហេង សិទ្ធី ចោទ​ប្រកាន់​ក្នុង​នោះ គឺ​លោក ហ៊ុន តូ ក្មួយ​ប្រុស​លោក ហ៊ុន សែន មាន​រឿងរ៉ាវ​អាស្រូវ​ជា​ច្រើន ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម និង​បាន​រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​រត់ពន្ធ​គ្រឿង​ញៀន អាភៀន និង​ធ្វើ​សកម្មភាព​លាង​លុយ​កខ្វក់ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​អំឡុង​ខែឧសភា ឆ្នាំ២០២៤។ កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២៤ ដដែលនោះ ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ឈ្មោះ «អេលីបទីក (Elliptic)» ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) បាន​លាតត្រដាង​ថា លោក ហ៊ុន តូ ពាក់ព័ន្ធ​យ៉ាង​សកម្ម​នឹង​ប្រាក់​ចំណេញ​បាន​មក​ពី​អំពើ​លាង​លុយ​កខ្វក់​ពី​ការ​ឆបោក​តាម​អនឡាញ នៅ​ជុំវិញ​ពិភពលោក តាម​រយៈ​កម្មវិធី​ទីផ្សារ​អនឡាញ​ឈ្មោះ «ហួយវ័ន ហ្គារេនធី (Huione Guarantee)» និង​ក្រុមហ៊ុន​របស់​លោក​ឈ្មោះ «ហួយវ័ន ផេ (Huione Pay)»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​បង​ជីដូន​មួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿងរ៉ាវ​ទាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែមករា។ ចំណែក អតីត​អ្នក​ឧកញ៉ា ហេង សិទ្ធី ក៏​វិទ្យុ​អាស៊ី​សេរី​ព្យាយាម​ទាក់ទង ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​លោក​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ប៉ុន្តែ គ្មាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយនេះ។

នាយក​ប្រតិបត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ផ្អែក​តាម​ការ​ចោទ​ប្រកាន់ និង​ព័ត៌មាន​ផ្សព្វផ្សាយ​របស់​លោក ហេង សិទ្ធី មិន​អាច​យក​ជា​ផ្លូវការ​បាន​នៅ​ឡើយ ប្រសិនបើ​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា ស្ថានភាព​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ពុករលួយ​នៅ​សង្គម​កម្ពុជា នៅតែ​មិន​ទាន់​មាន​ចំណុច​វិជ្ជមាន​នៅ​ឡើយ។

លោក ប៉ិច ពិសី៖ «យើង​គិត​ថា អ្វី​ដែល​គាត់ [ហេង សិទ្ធី] បាន​លើក​ឡើង ឬ​ផ្សាយ​ហ្នឹង​ជា​តម្រុយ ជា​ព័ត៌មាន​បឋម​មួយ ដែល​ទាមទារ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​បន្ថែម។ ប្រសិនជា​គាត់​ហ៊ាន​ក្លាហាន​ដាក់​ពាក្យ​បណ្ដឹង​ដោយផ្ទាល់ទៀត អាហ្នឹងខ្ញុំគិតថា គាត់ដាក់ភស្តុតាងមក ដើម្បីឱ្យគេស៊ើបអង្កេត។ ជា​ទូទៅ​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម គេ​មិនអាចសន្និដ្ឋានភ្លាមទេថា អា​ហ្នឹង​វា​ប្រាកដ​ជា​អ៊ីចឹង។ ទាល់តែ​មានការស៊ើបអង្កេតស្របតាមច្បាប់របស់យើង។ ដោយឡែក ពាក់ព័ន្ធនឹងល្បែងអនឡាញមកដល់ពេលនេះ កម្ពុជាគួរតែចាប់ផ្ដើមដោះបញ្ហាហ្នឹង ដោយសារ​តែ​បញ្ហាល្បែងអនឡាញហ្នឹងពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្សេងទៀត ការជួញដូរមនុស្ស ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ បញ្ហា​គ្រឿងញៀន​ក៏​ពាក់ព័ន្ធ​ដែរ។ យើងបានដឹងហើយបញ្ហានេះ គឺជាឧបសគ្គ​មួយ​ក្នុង​ការវិនិយោគរបស់យើង និងក្នុងការជំរុញសេដ្ឋកិច្ចរបស់យើង ជាពិសេស ធ្វើ​ឱ្យ​កិត្តិនាម​មិន​សូវ​ល្អ​ទេ»

ចំណែក​មេធាវី ជូង ជូងី មានប្រសាសន៍ថា ក្នុងសំណុំរឿងចោទប្រកាន់របស់អតីតឧកញ៉ា ហេង សិទ្ធី ទោះ​បី​ស្ថិតក្នុងរូបភាពណាក៏ដោយលោកថា ការចោទប្រកាន់របស់លោក ហេង សិទ្ធី ហាក់​ជា​តម្រុយ និងទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និង​ដោយ​ឯករាជ្យ។

មេធាវី ជូង ជូងី៖ «គោលការណ៍ច្បាប់អត់គិតពីរឿងពាលស៊ីពាលទេ ហើយក៏អត់គិតពីរឿងវាយគ្នាទៅវិញទៅមកដែរ។ គោលការណ៍ច្បាប់កាលណាមានតម្រុយគួរឱ្យសង្ស័យថា មានបទឧក្រិដ្ឋ បទល្មើសកើតឡើងដែលប៉ះពាល់ដល់សង្គមសមត្ថកិច្ចត្រូវតែស៊ើបអង្កេតភ្លាម អត់ត្រូវយកលេសថា ពាលស៊ីពាល យកលេសថា ចោទគ្នាទៅវិញទៅមកអត់ត្រូវយកលេសហ្នឹងទេ។ ពាលស៊ីពាល ចោទគ្នាទៅវិញទៅមកទុកមួយអន្លើ។ ផ្លូវច្បាប់គឺច្បាប់។ កាលណាមានតម្រុយបទល្មើសមិនប្រកាន់ថា អ្នកណាទេសមត្ថកិច្ចត្រូវតែបើកការស៊ើបអង្កេតភ្លាម ដើម្បីឱ្យឃើញការពិត។ប្រសិនបើមិនពិតយើងផ្ដល់ភាពស្អាតស្អំដល់អ្នកដែលត្រូវបានគេចោទប្រកាន់។ ប៉ុន្តែ បើជាការពិតគឺយើងត្រូវតែបង្ក្រាបបទល្មើសហ្នឹងភ្លាម ដើម្បីកុំឱ្យផ្ដល់ផលលំបាកដល់សង្គមជាតិដែលរាស្ត្រជាអ្នករងគ្រោះ»

មេធាវី ជូង ជូងី ព្រមាន​ថា ការណ៍​ដែល​ក្រសួង​យុត្តិធម៌​មិន​បង្ហាញ​ឆន្ទៈ​ស៊ើប​អង្កេត​បទល្មើស ដែល​មាន​តម្រុយ​គួរ​ឱ្យ​សង្ស័យ​នោះ ប្រៀប​បី​ដូចជា​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុម​ជន​ល្មើស នៅតែ​អាច​បន្ត​ប្រព្រឹត្ត​បទល្មើស​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។