ការស្វែងរកកិច្ចអន្តរាគមន៍របស់អ្នកភូមិរស់នៅលើទឹកនេះ កើតមានឡើងក្រោយពីក្រុមសមត្ថកិច្ចចម្រុះបានចុះទៅហាមឃាត់អ្នកភូមិពាក់កន្ទេល មិនឲ្យនេសាទនៅក្នុងឡូត៍លេខ១ ដែលជាដែននេសាទរបស់រាស្ត្រ។
ប្រជានេសាទក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរិះគន់សមត្ថកិច្ចថា បានចុះបង្ក្រាបបទល្មើសនេសាទខុសគោលដៅ និងផ្ទុយពីខ្លឹមសារនៃបទបញ្ជារបស់ប្រមុខមេដឹកនាំរដ្ឋាភិបាល។
លោក វឿន វណ្ណៈ ជាពលរដ្ឋរស់នៅឃុំកោះជីវាំង បានថ្លែងថា សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបបទល្មើសបរណរ៉ាវ ឬហៅថាស្បៃមងក្រឡាល្អិតរបស់ប្រជាពលរដ្ឋជាច្រើនម្ចាស់ នៅឡូត៍លេខ១ ប៉ុន្តែបទល្មើសនេសាទនេះមាននៅក្នុងឡូត៍លេខ២ ដែលជាតំបន់អភិរក្សនោះ ពួកគេពុំបានទៅបង្ក្រាបនោះឡើយ។
លោក វឿន វណ្ណៈ៖ «ក្រុមសមត្ថកិច្ច មានប៉ូលិស មានជលផល មានប៉េអិម មានទាហាន កាប់បំផ្លាញរបស់ខ្ញុំអស់នៅដីរាស្ត្រ តែចំពោះដីអភិរក្ស គេដាក់បាន ចំពោះខ្ញុំប្រជាពលរដ្ឋទាំងអស់ដាក់ដីរាស្ត្រដាក់អត់បាន ជាង ២០០គ្រួសារ។ ខ្ញុំសុំផ្ដិតមេដៃបានតែជាង ៦០នាក់ទេ ដែលយកឡើងមកនេះ។ អ្នកនេសាទស្រុកទន្លេ អត់មានស្រែ មានភ្លឺ ខ្ញុំបាទសុំតែរស់ទេ អត់ចង់ធ្វើបានធ្វើមានទេ»។
បញ្ហានេះ ប្រជាពលរដ្ឋចាត់ទុកជាការអនុវត្តផ្ទុយពីយុទ្ធសាស្ត្រកែទម្រង់ធនធានមច្ឆាជាតិរបស់រដ្ឋាភិបាល។ ច្បាប់ និងបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសនារយៈកាលកន្លងមកនោះ មានពិតមែន ប៉ុន្តែមានមន្ត្រីក្រោមឱវាទ មិនបានអនុវត្តទប់ស្កាត់រាល់បទល្មើសនេសាទ។
អ្នកភូមិម្នាក់ទៀតឈ្មោះ សូ សៀង បានអះអាងថា សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់មានការរើសអើង។ នៅភូមិពាក់កន្ទេល មានប្រជានេសាទខ្លះបានបង់លុយទៅសមត្ថកិច្ចម្នាក់ចំនួន ១លានរៀល ប៉ុន្តែក្រោយមក ពួកគេបានចុះកាប់បំផ្លាញបរណរ៉ាវ នោះ ប៉ុន្តែនៅឡូត៍លេខ២ មានបទល្មើសនៅកើតមានដដែល៖ «ភូមិពាក់កន្ទេល ជាភូមិបណ្ដោះអាសន្នទេ ប៉ុន្តែខ្ញុំមានបញ្ហារកទៅរកមិនបាន គេកាប់ ឲ្យពួកខ្ញុំអត់បានរកផង។ កាលពីថ្ងៃទី២១ ខ្ញុំ គេ ១លាន ប៉ុន្តែនៅតែគេកាប់ចោលទៀត កាលពីថ្ងៃទី២១ បួននាក់ ម្នាក់ ១លាន បួននាក់អស់ ៤លាន»។
លោក យិន ម៉េងលី ជាអ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានថ្លែងថា សមាគមអាដហុក នឹងធ្វើកិច្ចអន្តរាគមន៍ជួយអ្នកភូមិទៅអាជ្ញាធរស្រុកឯកភ្នំ ដើម្បីជំរុញឲ្យអាជ្ញាធរពិនិត្យមើលការលំបាករបស់អ្នកភូមិរស់នៅលើទឹកបឹងទន្លេសាប នោះឡើងវិញ។ លោកបានរិះគន់ចំពោះសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចុះយកលុយពីអ្នកភូមិថា ជាជំងឺរ៉ាំរ៉ៃយូរហើយ៖ «ចំណាត់ការបែបទឹកលុយនេះ ជារឿងមួយដែលវាមានយូរហើយ មានបទបញ្ជាស្រែកពីលើមក។ ប៉ុន្តែ នៅខាងក្រោមនេះ នៅដដែល នេះជាបញ្ហាមួយដែលលំបាក ហើយក៏ជាអំពើពុករលួយមួយដែរ។ អានេះត្រូវតែចុះធ្វើការអង្កេតពីអាជ្ញាធរ ឬក៏ស្ថាប័នពាក់ព័ន្ធ ការយកលុយនេះ»។
ឡូត៍នេសាទទាំងអស់នៅជុំវិញបឹងទន្លេសាប ត្រូវបានដកហូតមកដាក់ជាសម្បត្តិរដ្ឋវិញ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលហាមឃាត់មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចាប់ត្រី ហើយបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេស រួមគ្នាទប់ស្កាត់បទល្មើសនេសាទ តែអនុញ្ញាតឲ្យមានការនេសាទជាលក្ខណៈគ្រួសារ និងត្រូវរួមគ្នាការពារតំបន់អភិរក្សត្រីក្នុងបឹងទន្លេសាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។