ពលករ៖ បទពិសោធន៍ការងារនៅថៃ មិនអាចប្រើនៅកម្ពុជាបានទាំងស្រុងទេ
2014.07.24

ពលករខ្មែរជាង ២០ម៉ឺននាក់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា វិញចាប់ពីចុងខែឧសភា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ក្រោយពីបានចូលទៅធ្វើការខុសច្បាប់ក្នុងប្រទេសនោះ។ តាមការឲ្យដឹងពីពលករដែលត្រឡប់ពីប្រទេសថៃ វិញអះអាងថា បទពិសោធន៍ការងារ និងការរស់នៅប្រទេសថៃ នោះ មិនអាចអនុវត្តបានទាំងស្រុងទេនៅក្នុងប្រទេសកម្ពុជា ដែលមានទីផ្សារសេរីនោះទេ។
តើកត្តាអ្វីខ្លះដែលពលករខ្មែរអះអាងបែបនេះ?
នៅក្នុងរោងលក់គ្រឿងទេសនាភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ក្រុមពលករមួយចំនួនទើបត្រឡប់មកពីប្រទេសថៃ កំពុងជជែកពីបទពិសោធន៍ការងារនៅថៃ និងកម្រៃទទួលបាន។
ពលករមួយរូបឈ្មោះ ហ៊ុន សី អាយុ ៣៨ឆ្នាំ ឲ្យដឹងថា គាត់ទៅធ្វើការផ្នែកបេះផ្លែឈើនៅខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ។ លោកថា ការងារបេះផ្លែឈើនោះគាត់ស្ទាត់ជំនាញហើយ ព្រោះទៅស៊ីឈ្នួលថៃ តាំងពីឆ្នាំ១៩៩៣ មក។ លោកបន្តថា នៅថៃ គឺមានឧបករណ៍ងាយស្រួលធ្វើការ មានកន្លែងស្នាក់នៅ ប្រើទឹកភ្លើងមិនគិតលុយ តែគេយកពន្ធពីកម្រៃរកបានក្នុងកន្លះខែម្តង គេយកម្នាក់ ១៥០ ទៅ ៣០០បាតប្រាក់ថៃ៖ «បេះមៀន បេះគូលែន បើយើងប្រឹងបេះបានច្រើន បានលុយច្រើន។ បេះ ៣នាក់បានម្នាក់ប្រហែល ៣០០ដែរ ឡើងលើជណ្ដើរកាច់ដាក់ខេង ហើយរែកមានភ្នំមានអី ហើយរែកឡើងភ្នំចុះភ្នំអ៊ីចឹងទៅ។ បើបេះទម្លាក់ដល់ខេងខាងក្រោម ហើយរែកយកមកធ្វើទៀត រែកឆ្ងាយ បើវាបានជិតផ្លូវ គេមានផ្លូវឡានគេ គឺយើងបេះពីនោះមក មកធ្វើជិតផ្លូវឡានគេតែម្តង»។
ពលករឈ្មោះ កុយ នឿន អាយុ ៤០ឆ្នាំ នៅភូមិតាកុក ឃុំតានី ឲ្យដឹងថា គាត់ទើបត្រឡប់មកពីប្រទេសថៃ កាលពីខែពាក់កណ្ដាលខែមិថុនា។ លោកថា ធ្វើកម្មករសំណង់ផ្នែកឆាពូន ប្រែភាសាខ្មែរថា រៀបការ៉ូ និងបូកជញ្ជាំង។ លោកថា បទពិសោធន៍សាងសង់ពីប្រទេសថៃ បើយកមកអនុវត្តនៅប្រទេសកម្ពុជា គឺមិនអាចធ្វើបានដូចនៅថៃ ឡើយ។ នៅប្រទេសថៃ មានឧបករណ៍ច្រើនសម្រាប់ការពាររាងកាយ មិនឲ្យកម្មករមានគ្រោះថ្នាក់នៅពេលបំពេញការងារ។ នៅប្រទេសកម្ពុជា សូម្បីតែខ្សែក្រវាត់ឲ្យកម្មករប្រើពេលបូកជញ្ជាំងនៅអគារខ្ពស់ មេជាងច្រើនដាក់រន្ទាឲ្យកម្មករឈរទប់ធ្វើការ ដែលប្រថុយប្រថានខ្លាំងនឹងគ្រោះថ្នាក់។ ទន្ទឹមនោះ ការងារសំណង់នៅស្រុកខ្មែរ ឲ្យថ្លៃឈ្នួលថោក ហើយមិនសូវសម្បូរការងារធ្វើច្រើនដែរ។ ចំណែកប្រាក់ឧបត្ថម្ភ សុខភាព កន្លែងស្នាក់នៅ ប្រើទឹកភ្លើង ក៏រឹតតែមិនអាចអត់យកប្រាក់ដូចនៅថៃ បានដែរ៖ «នៅខ្មែរជួនកាលធ្វើទៅ ថៅកែមិនឲ្យលុយក៏ថ្ងៃនេះថ្ងៃនោះ ហើយយើងធ្វើការវាលំបាកធ្វើ ព្រោះធ្វើវាមិនបានលុយ ចាំថ្ងៃនេះថ្ងៃនោះ បើទៅថៃ គេកំណត់របស់គេ បើថាឥឡូវ កន្លះខែគេបើកម្តង គឺគេបើកដោយពិតប្រាកដ ដោយស្រួល គ្មានការតានតឹងអ្វី»។
ពលការិនីឈ្មោះ ប៉ាត ស្រីអីន នៅភូមិឫស្សី ឃុំតានី ឲ្យដឹងថា គាត់ទើបត្រឡប់មកដល់ផ្ទះកាលពីថ្ងៃទី២២ ខែមិថុនា។ លោកស្រីថា គាត់ត្រៀមទៅវិញនៅខែក្រោយ ព្រោះរដូវបេះផ្លែឈើមកដល់ហើយនៅខេត្តឈៀងរ៉ៃ។ លោកស្រីថា ការបេះផ្លែឈើនៅប្រទេសថៃ គឺបេះដោយដៃ ទើបបេះលឿន។ បើបេះផ្លែមៀន គឺដាក់ជណ្ដើរឡើងដើម ហើយប្រើដៃកាច់ រួចរៀបដាក់កែសជ័រ រែកយកទៅដាក់ឡាន។ លោកស្រីថា ការងារបេះផ្លែឈើដូចគាត់ធ្វើនៅចម្ការថៃ បើនៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់មានទេ។ ម្យ៉ាងទៀត គាត់មិនដឹងថា នៅក្នុងប្រទេសកម្ពុជា មានចម្ការធំៗត្រូវការកម្មករធ្វើការដែរ សូម្បីតែទឹកដីក្នុងខេត្តកំពត គាត់កំពុងរស់នៅនេះ ក៏គាត់មិនដឹងថា ចម្ការមាននៅឯណាខ្លះ ដែលអាចត្រូវការកម្មករធ្វើការបេះផ្លែឈើ៖ «គេបេះថ្នមផ្លែឈើគេហ្នឹងកុំឲ្យវាជាំ កុំឲ្យវាខូចអី គេបេះដាក់ខេង ដាក់តាកា (ឡាំងជ័រ) ដល់ហើយគេយកមកដាក់នៅក្រោមដើម គេរៀបដាក់តាកា រៀបដាក់អី បានគេថ្លឹងគិតលុយឲ្យយើង។ ផ្លែហ្នឹងគេបេះហើយ គេដាក់ទឹក គេជ្រលក់ទឹកកុំឲ្យវាឆាប់ស្រពោន។ អត់មានលាយថ្នាំទេ ទឹកយើងធម្មតា គេបើកពីក្បាលរ៉ូប៊ីនេមក គេឲ្យយើងជ្រលក់អីកុំឲ្យវាស្រពោន ជួនកាលទឹកភ្លៀងយើងហ្នឹង កុំឲ្យវាស្រពោន»។
ជំទប់ឃុំតានី លោក ពេជ្រ ទឹក ឲ្យដឹងថា នៅក្នុងឃុំនោះមានពលករត្រឡប់មកពីប្រទេសថៃ ជាង ៧០នាក់ ក្នុងនោះមានតែ ១០នាក់ទេ មិនទាន់ត្រឡប់ទៅប្រទេសថៃ វិញ៖ «តែបងប្អូនថា ខ្ញុំមិនទាន់នៅកើតទេ ឥឡូវធ្វើស្រែនេះឲ្យម៉ែឲ្យឪ ហើយឲ្យជួលគេខ្លះទៅ គាត់ទៅមួយឈុតទៀត ដើម្បីយកលុយមកសងគេ។ អ្នកខ្លះជំពាក់គេច្រើន អ្នកខ្លះមានកូនឈឺ ហើយវាមានការពាក់ព័ន្ធរឿងលុយកាក់ទៅ គ្នាក៏សម្រេចចិត្តថា ទៅម្តងទៀតទៅធ្វើហ្នឹង តាមរដ្ឋាភិបាលសព្វថ្ងៃថាចំនួន ៤ដុល្លារ និងគាត់ទៅធ្វើហ្នឹងមិនទាន់ឆ្លើយតបថា ៤ដុល្លារហ្នឹង បានយ៉ាងម៉េចៗ មិនទាន់ផ្តល់ព័ត៌មានមកដល់ ខ្ញុំក៏អត់ទាន់ដឹងបានច្បាស់ដែរ»។
ចំណែកពលករមកពីប្រទេសថៃ ដែរ នៅក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ទើបតែមកដល់ផ្ទះបានជាង ១០ថ្ងៃ នៅពេលឮព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ កំពុងជួយរៀបចំឲ្យពលករខ្មែរធ្វើការនៅថៃ ស្របច្បាប់ ពួកគេបានរៀបចំចេញដំណើរទៅប្រទេសថៃ វិញ។
លោកស្រី សឹម ម៉ឹក អាយុ ៥៦ឆ្នាំ នៅភូមិពុទ្ធិសាម ឃុំស្រង៉ែ ឲ្យដឹងថា ក្រុមគ្រួសារគាត់ទៅធ្វើការនៅប្រទេសថៃ ទាំងអស់គ្នា ព្រោះជំពាក់ប្រាក់គេច្រើន។ លោកស្រីថា ប្ដីប្រពន្ធគាត់ធ្វើការថែសួនដំណាំ ចំណែកកូនៗធ្វើផ្នែកសាងសង់ និងរោងចក្រផលិតចំណីសត្វ។ គាត់មិនចង់ត្រឡប់មកផ្ទះទេ ព្រោះគាត់នឹងបាត់ចំណូលប្រចាំថ្ងៃពីការថែសួនដែលងាយស្រួលនោះ៖ «នៅធ្វើការស្រុកខ្មែរ វាគ្មានការងារអី មានតែសំណង់អីបន្តិចបន្តួចនាយអាយ រកការងារមិនបាន យើងចាស់ៗអស់ហើយ ហើយយើងចងការលុយអង្គការហ្នឹង វាជំពាក់គេច្រើន។ ទៅថៃ ទៅតាមមេខ្យល់ បង់តែលុយក្នុងម្នាក់ ២.០០០បាត ត្រូវចងការគេទៅ។ ទៅតាមមេខ្យល់ហ្នឹងដេកផ្ទះសំណាក់តាមផ្លូវ មួយយប់មួយថ្ងៃបានដល់កន្លែង សុទ្ធតែលូនមុជចូលក្នុងព្រៃ»។
មេភូមិពុទ្ធិសាម លោក សុខ ស៊ុន ឲ្យដឹងថា ក្នុងភូមិនោះមានពលករទាំងចាស់ទាំងក្មេងជាង ៤០នាក់ ទើបមកពីប្រទេសថៃ បាន១ខែ ក៏នាំគ្នាត្រឡប់ទៅវិញ។ ពលករខ្លះទៅព្រំដែនធ្វើលិខិតឆ្លងដែន អ្នកខ្លះទៅភ្នំពេញរកការងារធ្វើបណ្ដោះអាសន្ន ព្រោះពួកគេគ្មានចំណូល ទោះបីរដូវធ្វើស្រែក៏គ្មានដីដាំស្រូវដែរ មកពីតំបន់នេះមានលិចទឹក។ អ្នកប្រកបរបរនេសាទមិនសូវជោគជ័យ ឯអ្នកធ្វើស្រែក៏ខ្វះខាត៖ «ក្នុងបញ្ហាគ្រួសារម្នាក់មាន ៣ ទៅ ៥នាក់អីទៅ ២ ទៅ ៣នាក់គាត់រត់ទៅថៃ ២ ទៅ ៣នាក់ គាត់ចូលរោងចក្រ។ គាត់ចែករំលែកគ្នាអ៊ីចឹង ប៉ុន្តែរឿងថាក្នុងស្រុកខ្មែរនេះមិនខ្វះការងារធ្វើទេ ប៉ុន្តែប្រជាពលរដ្ឋយើងចង់បានថវិកាច្រើន។ អ៊ីចឹងមនុស្សយើងលោភមិនចេះអស់ បើថានៅស្រុកខ្មែរ គាត់តែខេត្តតាកែវ ទទួលបាន ៥.០០០នាក់ ១ម៉ឺននាក់ក៏មានដែរ ប៉ុន្តែគាត់មិនធ្វើទេរោងចក្រ គេចាំតែទទួលតើ។ ប៉ុន្តែគាត់អនាធិបតេយ្យ គាត់មិនចេះជម្រាបអ្នកច្បាប់ណាថាគាត់ទៅណា គាត់ចង់ទៅណាគាត់ទៅៗ»។
នៅក្នុងខេត្តតាកែវ មានពលករខ្លះរាងចាលក្នុងការទៅធ្វើការនៅប្រទេសថៃ ព្រោះតែពួកគេធ្វើការធ្ងន់ បានចំណូលច្រើន តែមិនមានប្រាក់សល់ផ្ញើមកផ្ទះ។
កាលពីថ្ងៃទី១០ ខែកក្កដា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ខ្នះខ្នែងជួយសម្រួលការងារដល់ពលករខ្មែរ ដែលបន្តលួចស្នាក់នៅមិនស្របច្បាប់ ឲ្យរហ័សទៅចុះឈ្មោះក្នុងបញ្ជីនៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយក្នុងប្រទេសថៃ ក្នុងតំបន់ដែលពលករកំពុងស្នាក់នៅ។ ស្របគ្នានោះ ក៏ជួយអោយពួកគេអាចសុំបន្តទិដ្ឋាការស្នាក់នៅ និងសុំប័ណ្ណការងារអចិន្ត្រៃយ៍បន្ថែមទៀត ដើម្បីក្លាយជាពលករស្របច្បាប់។
លោក ជីម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុកពលករនៅស្ថានទូតខ្មែរ ប្រចាំក្រុងបាងកក ប្រទេសថៃ ឲ្យដឹងថា មជ្ឈមណ្ឌលច្រកចេញចូលតែមួយមានទីតាំងនៅខេត្តចំនួន៧ របស់ប្រទេសថៃ គឺខេត្តថាក់សិនហ្វាវ ខេត្តឈុនបុរី ខេត្តព្រះសាខន អាយុធ្យា ខេត្តរ៉ាក់យ៉ង ខេត្តសុងក្លា សមុទ្ទបាកាន ខេត្តសុរ៉ាត់តានី និងខេត្តសមុទ្ទសាខន។
ចំណែកក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រទេសកម្ពុជា ប្រកាសឲ្យពលករដែលធ្វើការនៅប្រទេសថៃ ពុំមានឯកសារស្របច្បាប់ ត្រូវទៅបំពេញបែបបទនៅការិយាល័យច្រកចេញចូលតែមួយក្នុងខេត្ត៤ គឺខេត្តប៉ៃលិន បន្ទាយមានជ័យ កោះកុង និងខេត្តឧត្តរមានជ័យ គឺច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនខេត្តប៉ៃលិន ច្រកព្រំដែនចាំយាម ខេត្តកោះកុង ច្រកព្រំដែនអូស្មាច់ ខេត្តឧត្តរមានជ័យ។ ពលករត្រូវមានរូបថត ៤x៦ ចំនួន ៣សន្លឹក និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕