សហជីពស្នើរដ្ឋាភិបាលថ្មីដំឡើងប្រាក់ឈ្នួលគោលដល់ ២២០ដុល្លារជូនកម្មករនៅឆ្នាំ២០២៤
2023.08.26
សហជីពឯករាជ្យជំរុញរដ្ឋាភិបាលថ្មីដំឡើងប្រាក់ឈ្នួលគោលជាង២០ដុល្លារ ឬ២២០ដុល្លារជូនកម្មករនៅឆ្នាំ២០២៤ ទើបពួកគាត់អាចរស់នៅបានសមរម្យ ស្របពេលកម្ពុជាប្រឈមនឹងអតិផរណា។ ការលើកឡើងនេះ ធ្វើឡើងមុនពេលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងជួបជជែកជាមួយភាគីពាក់ព័ន្ធនៅពេលខាងមុខនេះ។
មេដឹកនាំសហជីពឯករាជ្យបានកំណត់យកតួលេខ២២០ដុល្លារ ដើម្បីត្រៀម យកទៅចរចាប្រាក់ឈ្នួលគោលក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរ ដែលមានត្រីភាគី គឺភាគីរដ្ឋាភិបាល និយោជក និងភាគីសហជីពតំណាងកម្មករនៅពេលខាងមុខនេះ។
សហជីពកំណត់តួលេខនេះ បានមកពីលទ្ធផលនៃការស្រាវជ្រាវ ៧ចំណុច ដូចជាការចំណាយក្នុងការរស់នៅរបស់កម្មករ អត្រាអតិផរណា ស្ថានភាពគ្រួសារ ផលិតភាព ភាពប្រកួតប្រជែង ទីផ្សារ និងចុងក្រោយកម្រិតប្រាក់ចំណេញ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ លើកឡើងថា ការដំឡើងប្រាក់ឈ្នួលឱ្យកម្មករសម្រាប់ឆ្នាំ២០២៤ គួរបន្ថែមចំនួនជាង ២០ដុល្លារលើប្រាក់ឈ្នួលគោលកាលពីឆ្នាំ២០២៣ ពីព្រោះសហជីពរកឃើញថា បច្ចុប្បន្នកម្មករជួបការលំបាកដោយសារការរស់នៅចំណាយកាន់តែកើនឡើង និងការផ្គត់ផ្គង់សមាជិកក្នុងបន្ទុកគ្រួសារពី ៤ ទៅ ៥នាក់ជាដើម។
លោក អាត់ ធន់៖ «ស្ថានភាពលំបាករបស់កម្មករបច្ចុប្បន្នដែលអតិផរណាកើនឡើង ហើយចំណាយក្នុងការរស់នៅមានការលំបាក និងយោងតាមរបាយការណ៍ស្រាវជ្រាវក្នុងទឡ្ហីករណ៍ទាំង៧រកឃើញថា និយោជក និងរដ្ឋាភិបាលគួរតែដំឡើងប្រាក់ឈ្នួលជូនកម្មករឱ្យបានសមរម្យចន្លោះ២២០ទៅ២៥០ដុល្លារដែរ ទើបពួកគាត់កាត់បន្ថយការចំណាយ និងការលំបាករបស់ពួកគាត់បាន»។
ស្រដៀងគ្នានេះដែរ មន្រ្តីសិទ្ធិការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ លើកឡើងថា កាលពីពេលថ្មីៗនេះក្រសួងការងារការ និងសហជីពរកឃើញប្រហែលគ្នាគ្រាន់តែកម្មករចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃដោយមិនទាន់គិតលើការចំណាយផ្សេងទៀតនោះ គឺកម្មករម្នាក់ត្រូវចំណាយកើនឡើងរហូតដល់ចន្លោះ១៨០ ទៅជិត២០០ដុល្លារក្នុងមួយខែ។ លោកថា លទ្ធផលសិក្សាស្រាវជ្រាវនេះបង្ហាញឱ្យឃើញថាប្រាក់ឈ្នួលគោល ២រយដុល្លារអាមេរិកក្នុងមួយខែមិនអាចដោះស្រាយជីវភាពរបស់កម្មករឱ្យរស់នៅសមរម្យបាននោះទេ។ លោកយល់ថា គ្រប់ភាគីគួរជជែកឱ្យគ្រប់ជ្រុងជ្រោយដោយផ្អែកលើមូលដ្ឋានច្បាប់ដើម្បីរកដំណោះស្រាយដំឡើងប្រាក់ឈ្នួលឱ្យកម្មករក្នុងកម្រិតសមរម្យមួយ។
លោក ឃុន ថារ៉ូ៖ «ប្រាក់ចំណូលរបស់គាត់មានការធ្លាក់ចុះរយៈពេលពីរឆ្នាំចុងក្រោយ តាមរយៈទិន្នន័យរបស់អង្គការសង់ត្រាល់ដែលសិក្សាស្រាវជ្រាវរយៈពេលកន្លងមកនេះ នៅក្នុងឆ្នាំ២០២៣ ក្នុងរយៈពេល៦ខែចុងក្រោយប្រៀបធៀបទៅនឹងឆ្នាំ២០២២ យើងរកឃើញថា ប្រាក់ចំណូលរបស់កម្មករនិយោជិតមានធ្លាក់ចុះជាគំហុកដែលជាមធ្យមកម្មករម្នាក់ខាត់បង់ប្រាក់ចំណូលចន្លោះពីប្រមាណ ២៥ភាគរយ ទៅ៣០ភាគរយក្នុងមួយខែ ដែលបញ្ហានេះធ្វើកម្មករនិយោជិកជួបបញ្ហាសេដ្ឋកិច្ចជាពិសេសការចំណាយទៅលើជីវភាពរស់នៅប្រចាំថ្ងៃ និងដោះស្រាយបញ្ហាបំណុល»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ និងអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក កាំង ម៉ូនីកា ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ កាលពីថ្ងៃទី២៥ ខែសីហា ។
កម្មកររោងចក្រកាត់ដេរមួយចំនួនអះអាងថា ពួកគាត់ជួបការលំបាកខ្លាំងដោយសារចំណូលធ្លាក់ចុះហើយទំនិញនៅលើទីផ្សារឡើងថ្លៃ។ ពួកគេស្នើដល់និយោជកជាពិសេសរដ្ឋាភិបាលថ្មីដំឡើងប្រាក់ឈ្នួលគោលឱ្យបានសមរម្យដើម្បីសង្គ្រោះកម្មករក្នុងគ្រាលំបាកនេះ។
កម្មកររោងចក្រ លោកស្រី ព្រហ្ម សុភី លើកឡើងថា គ្រួសារលោកស្រី និងកម្មករដទៃទៀតជួបទុក្ខលំបាកផ្នែកជីវភាពដោយសារការចំណាយប្រចាំថ្ងៃកើនឡើង ហើយទំនិញសព្វសារពើនៅលើទីផ្សារក៏ឡើងថ្លៃ។
លោកស្រី ព្រហ្ម សុភី៖ «កម្មទូទៅមានការលំបាកដូចគ្នាមានបង់រំលោះទូរស័ព្ទ ម៉ូតូជាដើម ប្រាក់ប៉ុណ្ណឹងចាយវាយអត់គ្រប់គ្រាន់ទេ ចាយវាយរបស់ពួកគាត់ត្បិតត្បៀតមែនទែន ហើយទំនិញនៅឡើងទីផ្សារដឹងស្រាប់ហើយ គាត់ទាមទារដំឡើងប្រាក់ខែមិនហួសហេតុពេកទេ គឺកម្មករចង់ទទួលបានត្រឹមប្រាក់ខែ២១៥ ទៅ២២០ដុល្លារអាចទទួលបាន ប្រាក់ខែនេះចាយមិនគ្រប់ទេតែអាចទទួលយកបានទាំងសងខាង»។
រាល់ឆ្នាំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានកំណត់យកខែកក្កដា ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងខែសីហាសម្រាប់ពិភាក្សាទ្វេភាគី និងត្រីភាគី។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំនៅខែកញ្ញាដើម្បីសម្រេចប្រាក់ឈ្នួលរបស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំបន្ទាប់។
នៅឆ្នាំ២០២៣ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើង២០០ដុល្លារក្នុងមួយខែ ខណៈសហជីពលើកឡើងថាកម្មករអាចរស់បានសមរម្យនៅក្នុងកំរិតប្រាក់ឈ្នួលគោលចន្លោះពី ២៥០ ទៅ៣០០ដុល្លារ ក្នុងមួយខែ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកការជជែកគ្នាជាលើកដំបូងនៅថ្ងៃទី១៦ ខែសីហា ក្នុងការកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនោះបានកំណត់ការចរចាចំនួន៦ដំណាក់កាល គឺនៅថ្ងៃទី២៨ ខែសីហា ថ្ងៃទី៤ ទី១១ ទី១៨ ទី២៥ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ថ្មីៗនេះរបាយការណ៍អង្កេតបឋមរបស់អង្គការសង់ត្រាល់ រកឃើញថា រោងចក្រមួយចំនួនបានកាត់បន្ថយបុគ្គលិកកម្មករជាមធ្យមចន្លោះពី ២០% ទៅ ៣០% នៅឆ្នាំនេះ ហើយកម្មករនិយោជិត មួយចំនួនធំបាត់បង់ប្រាក់ចំណូល ចន្លោះពី ២៥ % ទៅ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០២២ ករណីនេះធ្វើឲ្យកម្មករត្រូវតែបង្ខំចិត្តកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ និងរងសម្ពាធវិបត្តិផ្លូវចិត្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។