ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់កាកបាទក្រហមថា ជាស្ថាប័នរើសអើងជនរងគ្រោះ
2023.09.23
ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់កាកបាទក្រហមកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ភរិយាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ជាស្ថាប័នប្រកាន់បក្ខពួក និងរើសអើងជនរងគ្រោះដែលសកម្មក្នុងការទាមទារសិទ្ធិសេរីភាព។ ការលើកឡើងនេះគឺបន្ទាប់ពី អ្នកស្រី ប៊ុន រ៉ានី ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ថា នឹងបន្តកៀរគរធនធានមនុស្ស ផ្ដល់អំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះដើម្បីឆ្លើយតបទៅនឹងគោលការណ៍៧ចំណុចដើម្បីធានាឱ្យបាននូវសុខុមាលភាព និងបរិស្ថានបៃតង។
ពលរដ្ឋរងការរំលោភសិទ្ធិសេរីភាពមួយចំនួនខកចិត្តដែលប្រធានកាកបាទក្រហម អ្នកស្រី ប៊ុន រ៉ានី មើលមិនឃើញពីការលំបាករបស់ពួកគាត់ និងទុកឱ្យគាត់ជនរងគ្រោះប្រឈមនឹងភាពអត់ឃ្លាន។
កូដករណាហ្គាវើលដ៍ លោកស្រី សុខ រតនា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ កញ្ញា ថា ចាប់តាំងពីលោកស្រី និងក្រុមកូដករចេញធ្វើកូដកម្មទាមទារដំណោះស្រាយការងាររយៈពេលជិត៣ឆ្នាំមកនេះ គឺមិនដែលឃើញមានមន្ត្រីកាកបាទក្រហមចុះមកសួរសុខទុក្ខពួកគាត់នោះឡើយ។ លោកស្រីបន្តថា គឺជារឿងដែលឈឺចាប់ និងខកចិត្តនៅពេលលោកស្រីជនរងគ្រោះដោយសាររំលោភសិទ្ធិការងារ ការវាយដំលើរាងកាយរហូតដល់រលូតកូនក្នុងផ្ទៃប៉ុន្តែខាងប្រធានកាកបាទក្រហមបែរជាមើលមិនឃើញពីទុក្ខលំបាករបស់ពួកគាត់។
លោកស្រី សុខ រតនា៖ «ខ្ញុំគ្រាន់តែចង់ឃើញប្រជាពលរដ្ឋខ្មែរពេលពិបាកមានអ្នកទៅជួយអ៊ីចឹងគាត់សប្បាយចិត្តណាស់មិនថា ខ្ញុំមិនថាប្រជាពលរដ្ឋផ្សេងៗទេ នៅពេលគាត់ពិបាកហើយមានអ្នកទៅផ្ដល់ជំនួយ ឬជួយតាមវិធីផ្សេងៗអីអាហ្នឹងគាត់សប្បាយចិត្តអ៊ីចឹង សុំឱ្យកាកបាទក្រហមគាត់កុំប្រកាន់បក្ខពួកអីពីយើងសុទ្ធតែជាខ្មែរដូចជាទេទោះយើងក្រ យើងមានអីក៏ជាមនុស្សដូចគ្នាដែលអ៊ីចឹងស្នើសុំឱ្យគាត់ជួយកុំលំអៀង»។
ថ្វីត្បិតតែកាកបាទក្រហម មានគោលការណ៍៧ចំណុច រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាពក្ដី ប៉ុន្តែក្រុមជនរងគ្រោះដូចជា សកម្មជនសង្គម ក្រុមសហជីព សកម្មជនដីធ្លី និងសកម្មជននយោបាយជាពិសេសក្រុមកូដករណាហ្គាវើលដ៍ ដែលកំពុងរងគ្រោះបាត់បង់ការងារគ្មានស្បៀងអាហារហូបចុកគ្រប់គ្រាន់ តែកាកបាទក្រហមដែលដឹកនាំដោយ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នេះមិនដែលយកជំនួយទៅផ្ដល់ជូនអ្នកទាំងនេះឡើយ។
ពលរដ្ឋមានជម្លោះដីធ្លីនៅក្បែរបឹងតាមោក លោកស្រី យន គឹមយឿន ថ្លែងថា លោកស្រីមិនចង់បានអំណោយបន្តិចបន្តួចពីកាកបាទក្រហម ហើយបែរជាមានអាជ្ញាធរមករំលោភយកដីរបស់លោកស្រីនោះទេ។ ប៉ុន្តែលោកស្រីថា គឺជារឿងអយុត្តិធម៌ និងគ្មានតម្លាភាពដែលជនរងគ្រោះកំពុងជួបភាពអត់ឃ្លានគ្មានសូម្បីកន្លែងជ្រកកោនតែកាកបាទក្រហម បែរជាធ្វើមិនដឹងមិនលឺទៅវិញ។
លោកស្រី យន គឹមយឿន៖ «និយាយឱ្យចំគាត់លំអៀងហើយពីព្រោះពេលគេដូរគាត់យកអំណោយទៅឱ្យគេតែបើអត់ព្រមដោះដូរដី អ៊ីចឹងពួកយើងគាត់បានអំណោយទេ ទាល់តែពួកគាត់ព្រមដោះដូរដីតាមគាត់ទៅបានយើងបានអំណោយអង្ករ បួនដប់គីឡូអីហ្នឹងទៅឈឺចាប់ណាស់យកដីខ្ញុំទៅទាំងស្រស់ៗឱ្យអង្ករខ្ញុំបួន ដប់គីឡូហ្នឹងគាត់ថាអស្ចារ្យណាស់ ចង់បានដីធ្លីខ្ញុំហើយឱ្យអំណោយអង្ករបួនដប់គីឡូឱ្យខ្ញុំដាច់ខាតឈឺចាប់គឺខ្ញុំអត់យកហ្មង»។
ប្រតិកម្មរបស់ពលរដ្ឋនេះគឺបន្ទាប់ពីស្ថាប័នកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំលើកទី២០ កាលពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី២២ កញ្ញា នៅសណ្ឋាគារសុខាភ្នំពេញ ដោយលើកឡើងពីសមិទ្ធផលដែលទទួលបាន និងការប្ដេជ្ញាចិត្តរបស់ប្រធានកាកបាទក្រហមកម្ពុជា គឺ អ្នកស្រី ប៊ុន រ៉ានី ថា នឹងខិតខំប្រឹងប្រែងជួយដល់ពលរដ្ឋជួបការលំបាក និងលើកកម្ពស់ការងារមនុស្សធម៌ឱ្យកាន់តែមានវិសាលភាពធំទូលាយបន្ថែមទៀត។
ជុំវិញបញ្ហានេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងរបស់ពលរដ្ឋនេះគឺជាសិទ្ធិសេរីភាពដូច្នេះកាកបាទក្រហមគួរតែពិចារណាចំពោះបញ្ហានេះដែរ។ លោកបន្តថា ដើម្បីបញ្ចៀសការរិះគន់អ្នកស្រី ប៊ុន រ៉ានី គួរតែអនុវត្តតាម គោលការណ៍ដែលបានចែងឱ្យបានត្រឹមត្រូវ។
លោក អំ សំអាត៖ «បើយើងនិយាយអំពីកាកបាទក្រហមជួយទៅដល់ពលរដ្ឋកុំឱ្យមានការរើសអើងនេះជាទ្រឹស្ដីរបស់កាកបាទក្រហមឱ្យតែរងគ្រោះដោយគ្រោះធម្មជាតិ ឬក៏រងគ្រោះក្រខ្សត់ហ្នឹងគឺអាចទទួលបានគ្រប់គ្នាពីព្រោះអត្ថន័យកាកបាទក្រហម ឬអឌ្ឍចន្ទក្រហមលើពិភពលោកហ្នឹង គឺសម្រាប់ជួយ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅជាពិសេសគឺលើកកម្ពស់លើជនងាយរងគ្រោះ»។
ស្ថាប័នកាកបាទក្រហម គឺជាអង្គការមនុស្សធម៌ដែលទទួលបានជំនួយច្រើនជាងគេបំផុតដែលដឹកនាំដោយអ្នកស្រី ប៊ុន រ៉ានី ហើយថ្នាក់ដឹកនាំពីលើដល់ក្រោមផ្សេងទៀត សុទ្ធសឹងតែជាប្រពន្ធកូនរបស់មន្ត្រីបក្សកាន់អំណាច។ កាកបាទក្រហម ក៏ត្រូវបានគេមើលឃើញថា បានបំពេញមុខងារបន្ថែមលើសពីនាទីរបស់ខ្លួន ដោយក្លាយទៅជាសេនាធិការពង្រឹងផលប្រយោជន៍នយោបាយឲ្យគណបក្សប្រជាជនកម្ពុជា។ លើសពីនេះស្ថាប័នកាកបាទក្រហមក៏តែងរងការរិះគន់ថា ជាកន្លែងជួយបិទបាំងអំពើអាក្រក់ ឬជួយលុបលាងកេរ្តិ៍ឈ្មោះអាស្រូវរបស់ជនពុករលួយ ឈ្មួញរកស៊ីទុច្ចរិត និងឧក្រិដ្ឋជនតាមរយៈការបរិច្ចាគលុយពីអ្នកមានលុយមានអំណាចទាំងបាច់ៗដល់អ្នកស្រី ប៊ុន រ៉ានី ដើម្បីបង្ហាញថា ពួកគេថាគឺជាអ្នកមានទឹកចិត្តជ្រះថ្លា។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋយល់ឃើញថា អ្នកស្រី ប៊ុន រ៉ានី គួរតែអនុវត្តតាមគោលការណ៍៧ចំណុច ឱ្យបានត្រឹមត្រូវដោយបញ្ឈប់ការរើសអើងក្នុងការជួយដល់អ្នករងគ្រោះទោះជាពួកគេ មកពីនិន្នាការណាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។