រដ្ឋមន្ត្រីមហាផ្ទៃប្រកាសបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
2023.01.31
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំពឹងពីការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែមទៀតដោយធ្វើការកែសម្រួលឱ្យត្រូវនឹងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលមួយចំនួន រិះគន់ថា ការកែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ដោយសារតែមន្ត្រីអនុវត្តច្បាប់មួយចំនួនប្រព្រឹត្តអំពើពុករលួយយកលុយពីជនល្មើស។
ក្រសួងមហាផ្ទៃ កំពុងកែសម្រួលច្បាប់ចរាចរណ៍ថ្មីមួយបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា ក្រោយពីច្បាប់នេះចូលជាធរមាន កម្ពុជានឹងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែច្បាប់ថ្មីនេះផ្ដោតលើការធ្វើដំណើរលើផ្លូវល្បឿនលឿន និង ទាំងទប់ស្កាត់បញ្ហាអ្នកបើកបរមានសារធាតុគ្រឿងស្រវឹង។
លោក ស ខេង ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣០ ខែមករា ថា ច្បាប់ចរាចរណ៍ចាស់ មិនមានការធ្វើវិសោធនកម្មនោះទេ ប៉ុន្តែនឹងមានច្បាប់ថ្មីបន្ថែមទៀតដើម្បីជួយដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន។
លោក ស ខេង៖ «ខ្ញុំសង្ឃឹមអ៊ីចឹង[កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍]ព្រោះថា ដោយសារច្បាប់ចាស់នេះវាមានចំណុចមួយចំនួនវាអត់ស្រប ពេលនឹងបញ្ហាខ្លះវាមិនទាន់លិចឡើង អត់មានចែងក្នុងច្បាប់ទេ។ ឧទាហរណ៍ការប្រើប្រាស់ផ្លូវល្បឿនលឿនជាដើម ផ្លូវហាយវេរ(Hight way) ជាដើម ពេលហ្នឹងវាមិនទាន់មាន។ ខ្ញុំគិតថាជួយ វាជួយបានច្រើន»។
កន្លងមក លោក ស ខេង បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី បានកែប្រែខុសពីច្បាប់ចាស់ រហូតដល់ជាង៦០ភាគរយ(៦០%) ដោយស្ថាប័នពាក់ព័ន្ធបានឯកភាពគ្នាកំណត់ថា អ្នកបើកបរយានយន្តទាំងអស់ មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹង ក្នុងនោះមានទាំងគ្រឿងញៀន មានទាំងជាតិស្រវឹងផ្សេងទៀត ហើយអ្នកបើកបរយានយន្ត តម្រូវឲ្យធ្វើតេស្ដគ្រឿងញៀនមុនផ្ដល់ប័ណ្ណបើកបរ។
ទោះជាយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល មិនសូវរំពឹងថា ច្បាប់ថ្មី អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពបានទេ ប្រសិនបើការអនុវត្តច្បាប់ នៅតែទន់ខ្សោយ និងមានអំពើពុករលួយ។
នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ឡាំ សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមករា ថា លោកគាំទ្រចំពោះការបង្កើតច្បាប់ថ្មីមួយចំនួនដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ក៏ប៉ុន្តែលោកបារម្ភថា មន្ត្រីអនុវត្តច្បាប់មួយចំនួននៅតែអនុវត្តមិនមានភាពស្មើគ្នា និងគ្មានប្រសិទ្ធភាពខ្ពស់ រវាងពលរដ្ឋធម្មតា និងអ្នកមានលុយមានអំណាច។
លោក ឡាំ សុជាតិ៖ «ស្រុកយើងវាអត់មានច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង អ្នកប្រើប្រាស់គ្រឿងស្រវឹងបើកបរបាន ហើយបុកគេស្លាប់អាងតែយកលុយទៅសង ហើយអត់មានជាប់គុកជាប់ច្រវាក់អ៊ីទេ។ អ៊ីចឹងម៉េចខ្លាចច្បាប់បើ បើកបរស្រវឹងអាងមានលុយសង ហើយអាយុជីវិតសងថោក ហើយអស់លុយតិចទៀត។ ថោកជាងឡានទៀត គិតទៅជីវិតមនុស្សមួយថោកជាងឡានទៀត។ អ៊ីចឹងវាគួរតែអ្នកដែលបើកបរស្រវឹងហើយបង្ករបួសឬស្លាប់គួរតែជាប់គុកក្នុងពេលខ្លីណាមួយពិតប្រាកដមិនអាចអត់បានទេ»។
អ្នកជំនាញផ្នែក គោលនយោបាយរូបនេះសង្កេតឃើញថា បញ្ហា គ្រោះថ្នាក់ចរាចរណ៍កន្លងទៅកម្រងឃើញសមត្ថកិច្ចឃាត់ខ្លួនអ្នកបង្កហេតុយកមកផ្ដន្ទាទោសនឹងផ្លូវច្បាប់ ជាពិសេសបញ្ហាដែលបង្កឡើងដោយអ្នកមានលុយមានអំណាច តែងតែងមានការអន្តរាគមន៍ និងចំណាយប្រាក់បញ្ចប់រឿង។
ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ ដែលបណ្ដាលឱ្យពលរដ្ឋចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ស្លាប់ផងដែរ។ ប៉ុន្តែករណីនេះ សមត្ថកិច្ចបានសម្របសម្រួលដោះស្រាយបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ តែប៉ុន្មាននាទីប៉ុណ្ណោះ ដោយដោះលែងជនបង្ក ក្រោយបង់លុយជាង ២ពាន់ (២ .៥០០)ដុល្លារ។
ស្រដៀងគ្នានេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ រថយន្តទំនើបឡិចស៊ីសសេរី ៥៧០ របស់អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ក៏បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗ។ ប៉ុន្តែចាប់ពីថ្ងៃកើតហេតុ មកដល់ពេលបច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន មិនត្រូវបានសមត្ថកិច្ចចាត់វិធានការច្បាប់ឡើយ។
ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក៏បានប្រកាសមិនគាំទ្រចំពោះអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន។ ទោះលោក ស ខេង ថ្លែងបែបនេះក៏ដោយ ប៉ុន្តែអ្នកដែលបង្កហេតុ នៅតែរួចផុតពីសំណាញច្បាប់។
លោក ឡាំ សុជាតិ សង្កេតឃើញថា ការមិនស្វែងការពិតនៃជនល្មើស ដើម្បីដោះស្រាយឱ្យបានត្រឹមត្រូវតាមប្រព័ន្ធតុលាការ ធ្វើឱ្យប្រជាពលរដ្ឋរិះគន់ និងអស់ជំនឿលើ ចំណាត់ការអនុវត្តច្បាប់របស់សមត្ថកិច្ច។ លោកយល់ថា ច្បាប់ល្អ ឬមិនល្អ អាស្រ័យទៅលើការអនុវត្តរបស់សមត្ថកិច្ច ។ ដូច្នេះ លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ ជាជាងបង្កើតថ្មីៗច្រើន តែការអនុវត្តគ្មានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។