ក្រសួងមហាផ្ទៃ​បដិសេធ​សំណើ​សុំ​ដោះដូរ​ទីតាំង​អគ្គស្នងការ​នគរបាល​ជាតិ

ដោយ វ៉ែន សុមេធ
2018.10.24
Share on WhatsApp
Share on WhatsApp
នេត សាវឿន ៦២២ ២០១៥ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បដិសេធ​លិខិត​សុំ​ផ្លាស់ប្ដូរ​ទីតាំង​ដី​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​មាន​ទីតាំង​នៅ​តាម​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ទៅ​ដាក់​នៅ​ទីតាំង​ជាយ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ដង្កោ។ សង្គម​ស៊ីវិល​ថា របប​ក្រុងភ្នំពេញ​គួរ​រក្សាទុក​ទីតាំង​ចាស់​របស់​ស្ថាប័នរដ្ឋ ហើយ​បញ្ឈប់​វប្បធម៌ ដោះដូរ​ទីតាំង​ចាស់ៗ​ទៀត​ទៅ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មិន​ព្រម​តាម​សំណើ​របស់ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដោយសារតែ ក្រសួង​មាន​ដី និង​ថវិកា សម្រាប់​សាងសង់​អគ្គស្នងការ​នគរបាល​ជាតិ​ថ្មី​រួចហើយ។ ចំណារ​បដិសេធ​សំណើ​ពី​សំណាក់ លោក ស ខេង ត្រូវ​បាន​ធ្វើឡើង​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មករា ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៤ តុលា ក្រោយ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ជុំវិញ​ការ​ចង់​ផ្លាស់ប្ដូរ​ទីតាំង​នេះ។

អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក បាន​ចែក​ផ្សាយ​លិខិត​របស់ លោក នេត សាវឿន ដែល​បាន​ដាក់​សំណើ​ទៅ​លោក ស ខេង កាលពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ សុំ​ឲ្យ​មានការ​ដោះដូរ​ទីតាំង​ដី ទៅ​ទីតាំង​ថ្មី​ស្ថិតនៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ លោក នេត សាវឿន បញ្ជាក់​ប្រាប់ លោក ស ខេង ថា មូលហេតុ​នៃ​ការដោះដូរ​នេះ ដោយសារ​អគារ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​តូច​ចង្អៀត។

លោក នេត សាវឿន ថា ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ និង​កែសម្រួល​ទីតាំង​ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម​ស្តង់ដារ លោក​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន ឈ្មោះ Long Ma Invest And Real Estate ធ្វើការ​ដោះដូរ​ទីតាំង​អគ្គស្នងការ​នគរបាល​ជាតិ និង​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​មុន ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ជា​ថ្នូរ​នឹង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​នៅ​ជាយក្រុង​ដែល​មាន​ទំហំ ៧​ម៉ឺន (៧០,០០០)​ម៉ែត្រការ៉េ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា របប​ក្រុងភ្នំពេញ គួរ​បញ្ឈប់​វប្បធម៌​ដោះដូរ​ទីតាំង​ចាស់​បែបនេះ​ទៅ ដើម្បី​បញ្ចៀស​ការរិះគន់​។ លោក សន ជ័យ បន្ដ​ថា ទាំង​ក្រុម​អ្នកឃ្លាំមើល និង​ពលរដ្ឋ​ទូទៅ សុទ្ធតែ​បារម្ភ​ពី​ការដោះដូរ​ទ្រព្យសម្បត្តិ​រដ្ឋ ព្រោះ​នេះ​ជា​ការ​ដណ្ដើម​គ្នា​លក់​ដី​រដ្ឋ ក្រោម​រូបភាព​ដោះដូរ ហើយ​ឆ្លង​គ្នា ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ។

សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា កន្លងមក ការដោះដូរ​អគារ​រដ្ឋ​ខ្លះ ជា​ការ​លក់​ក្រោម​រូបភាព​ដោះដូរ ដើម្បី​ចែក​លុយ ឬ ផលប្រយោជន៍​គ្នា ហើយ​នៅ​ពេល​ចែក​មិន​ស្មើគ្នា បាន​បង្កើត​ជា​រឿង​ជម្លោះ​ពេញ​ស្ថាប័នរដ្ឋ ដូច​ករណី ការដោះដូរ​ទីតាំង​មន្ទីរពេទ្យ​សម្ភព​ក្រុង ឬ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តុលាការ​កំពូល ក្រសួង​ពាណិជ្ជកម្ម សាលារៀន​វិចិត្រ​សិល្បៈ និង​អគារ​សំខាន់ៗ​មួយ​ចំនួន​ទៀត៖ «រឿង​ដី​របស់​រដ្ឋ​ទ្រព្យសម្បត្តិ​រដ្ឋ​មិនមែន​លក់​ដី​កន្លែង​នឹង ទៅ​យក​លុយ​មក​ចែក​គ្នា​នោះ​ទេ អានេះ​វា​ជា​រឿង​មួយ​ខុស​ទៀត​ហើយ បើសិនជា​ដូរ​ពី​កន្លែង​មួយ​ទៅ កន្លែង​មួយ​ហើយ​លុយ​បាន​ពី​ការ​សេសសល់​យក​លុយ​មក​ចែក​គ្នា​ចាយ​អានេះ​វា​ជា​ករណី​កាន់តែ ខុស​ទៀតហើយ​ទាំងអស់​គ្នា​កំពុង​បង្ហាញ​គេ​ថា​មានការ​ផ្លាស់ប្ដូរ​ទីតាំង​រួច​នាំគ្នា​ទៅ​ធ្វើ​ការ​កន្លែង​ឆ្ងាយ ធ្លាប់​មាន​តើ​ករណី​មួយ​ដូចជា​ការ​លក់​មន្ទីរពេទ្យ​សម្ភព​ក្រុង ពេល​លក់​ហើយ​ចែក​លុយ​គ្នា​មិន​ស្មើ​ក៏ មាន​ការ​ឈ្លោះ​គ្នា»

លោក សន ជ័យ យល់ថា នៅ​ពេល​ដែល​ស្ថាប័នរដ្ឋ​ណាមួយ មាន​លក្ខណៈ​តូច​ចង្អៀត ឬ​មាន​សភាព​ចាស់ គឺ វិធី​ដោះស្រាយ រដ្ឋ​មិន​ចាំបាច់​ដោះដូរ​ទីតាំង​ថ្មី​ទេ ត្រូវ​រក្សាទុក​ទីតាំង​ចាស់​នៅ​ដដែល​ ហើយ​ពង្រីក​ទីតាំង​ចាស់ ឬ​បន្ថែម​នាយកដ្ឋាន​ទៅ​ទីតាំង​ផ្សេង ឬ​ពង្រីក​សាខា​សេវា​បន្ថែម ប៉ុន្តែ​ត្រូវ​រក្សាទុក​ស្ថាប័ន​កំពូល​របស់​ខ្លួន នៅ​ទីតាំង​ចាស់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។