កម្មកររោងចក្រស្បែកជើងជូហួយ (JUHUI) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់នៅថ្ងៃទី៣១ តុលា បានប្រមូលម្តុំគ្នានៅមុខសាលាដំបូងខេត្ត ដើម្បីតវ៉ាទាមទារឱ្យដោះលែងសហជីព និងមនុស្ស ៥នាក់ ដែលតុលាការសម្រេចឃុំកាលពីពេលកន្លងទៅ។ ក្រុមអ្នកតវ៉ាយល់ថា ការចោទប្រកាន់ និងឃុំខ្លួនមនុស្សទាំង ៥នាក់ គឺជារឿងអយុត្តិធម៌។
«សំឡេងស្រែកតវ៉ា»
កម្មករ និងសាច់ញាតិជនជាប់ចោទទាំង ៥នាក់ ដោយខ្លះឈរផង អង្គុយផង ខ្លះគ្រវីបដាដែលមានអត្ថន័យផ្សេងៗគ្នានៅមុខសាលាដំបូងខេត្តកំពង់ចាម ប្រកបដោយទឹកមុខខឹងសម្បាចំពោះការសម្រេចរបស់តុលាការ ដែលតម្រូវឱ្យឃុំគ្នាគាត់ទាំង ៥នាក់។
កម្មការិនីម្នាក់នៃរោងចក្រជូហួយ អ្នកស្រី យ៉យ អោសា ឱ្យដឹងថា ការសម្រេចឃុំសហជីព និងកម្មករទាំងនោះ គឺជារឿងមិនត្រឹមត្រូវ ពីព្រោះអ្នកបង្កហិង្សាពិតប្រាកដ តុលាការមិនចាត់វិធានការទេ ចំណែកអ្នកទាមទារផលប្រយោជន៍ជូនកម្មករ បែរជាតុលាការឃុំខ្លួនទៅវិញ៖ «ខ្ញុំមកព្រឹកនេះមកដើម្បីឱ្យបងប្អូនភាគីតុលាការដោះលែងពួកគាត់ទាំង ៥រូបហ្នឹងមក គាត់មិនមានកំហុសអ្វីទេ»។
ទោះបីកម្មករ និងសាច់ញាតិខំប្រឹងស្រែកយ៉ាងណាក៏ដោយ ក៏របងទ្វាររបស់តុលាការនៅតែបិទ ចំណែកបុគ្គលិកនៅខាងក្នុងបានត្រឹមតែចេញពីបន្ទប់ មកថតរូបសកម្មភាពស្រែកទាមទាររបស់កម្មករនៅខាងក្រៅរបងសាលាដំបូងតែប៉ុណ្ណោះ។ រីឯសមត្ថកិច្ចជាច្រើននាក់ឈរ និងអង្គុយនៅជិតកម្មករ ដើម្បីឃ្លាំមើលពីសកម្មភាពរបស់ពួកគាត់។
យ៉ាងណា តុលាការខេត្តកំពង់ចាម បានសម្រេចចេញដីកាឃុំខ្លួនអ្នកទាំង ៥នាក់នោះបណ្ដោះអាសន្ន កាលពីថ្ងៃទី២៨ តុលា នៅពន្ធនាគារមាត់ឃ្មង់ ដែលមាន លោក ប៉ុក សុវណ្ណមុន្នី ជាចៅក្រមស៊ើបសួររឿងក្តីនេះ។ អ្នកទាំង ៥នាក់រួមមាន អនុប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ (CCAWDU) ប្រចាំរោងចក្រជូហួយ អ្នកស្រី ម៉ុន សារ៉ែម បុគ្គលិកស៊ីខៅឌូ លោក ឃុន សុខុម ត្រូវតុលាការចោទពីបទផ្ដើមគំនិតក្នុងអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា។ ចំណែក អ្នកស្រី បៀន សារីម ជាកម្មករ លោក កង សាវុធ ជាជាងផ្សារដែក និងលោក ណេត ពិសី ជាអ្នកបើកឡានដឹកកម្មករ គឺចោទពីបទហិង្សា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរោងចក្រដោយចេតនា។
មន្ត្រីផ្នែកច្បាប់នៃសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ប៊ុត ប៊ុនឈៀន មានប្រសាសន៍ថា ការឃុំខ្លួនមនុស្សទាំង ៥នាក់ គឺជារឿងអយុត្តិធម៌ និងខ្វះការស៊ើបអង្កេតឱ្យបានច្បាស់លាស់។ លោកបន្ថែមទៀតថា មិនមែនតែលោកទេដែលជាជនរងគ្រោះដោយប្រព័ន្ធតុលាការនៅស្រុកខ្មែរនោះ ប៉ុន្តែក៏មានពលរដ្ឋជាច្រើនមើលឃើញថា ស្ថាប័នតុលាការនៅកម្ពុជា គឺសម្រាប់បម្រើឱ្យអ្នកមានអំណាច ឬអ្នកមានប្រាក់តែប៉ុណ្ណោះ ពោលគឺឯករាជ្យភាពរបស់តុលាការនៅមានកម្រិត៖ «អ៊ីចឹងខ្ញុំអាចនិយាយបានថា តុលាការនៅកម្ពុជា គឺជាតុលាការបម្រើឱ្យតែអ្នកមានអំណាច និងអ្នកមានលុយតែប៉ុណ្ណោះ។ រាល់រឿងរ៉ាវដែលពាក់ព័ន្ធនឹងការទាមទារ មិនថាតែរោងចក្រទេ ឱ្យតែមានការទាមទាររបស់បងប្អូនប្រជាជនអ្នកងាយរងគ្រោះទាំងនោះ តុលាការពុំដែលរកយុត្តិធម៌ឱ្យទេ។ នៅទីបំផុត តុលាការនៅតែសម្រេចឱ្យអ្នករងគ្រោះ អ្នកដែលមិនមានអំណាច គ្មានទឹកលុយចាញ់ លុះត្រាតែមានការអន្តរាគមន៍ពីស្ថាប័ន ឬពីអ្នកមានអំណាចណាមួយទៀត តុលាការនឹងសម្រេចក្តីប្រកបដោយសុភវិនិច្ឆ័យ»។
កម្មករអំពាវនាវឱ្យដោះលែងអ្នកជាប់ឃុំទាំង ៥នាក់ជាបន្ទាន់ និងស្នើឱ្យក្រសួងពាក់ព័ន្ធ ដោះស្រាយវិវាទការងារក្នុងរោងចក្រឱ្យបានចប់សព្វគ្រប់។ យ៉ាងណា ពួកគាត់ទាំងនោះថែមទាំងព្រមានថា ប្រសិនបើគ្មានការដោះលែងសហជីព និងអ្នកផ្សេងទៀតនោះទេ នឹងមានការតវ៉ាជាទ្រង់ទ្រាយធំទៅដល់ស្ថាប័នជាតិនៅភ្នំពេញបន្តទៀត។
ដោយឡែកមេធាវីការពារក្តីឱ្យជនជាប់ចោទទាំង ៥នាក់នោះ គឺលោក គីម សុជាតិ បញ្ជាក់ថា លោកនឹងដាក់លិខិតមួយ ដើម្បីធានាកូនក្តីរបស់លោកឱ្យនៅក្រៅឃុំ ពីព្រោះការសម្រេចរបស់តុលាការពេលនេះ គឺពុំមែនជាជម្រើសល្អឡើយ។ លោកថា ការឃុំមនុស្សទាំង ៥រូប គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់ និងម្យ៉ាងទៀត ពួកគាត់អាចជាជនរងគ្រោះទៅវិញទេ។ ដូចនេះ លោកថា តុលាការគប្បីបើកការស៊ើបអង្កេតឡើងវិញក្នុងរឿងក្តីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។