អាជ្ញាធរ​ឃុំ​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ពង្រាប​ដី​ស្រែ​ជូន​កសិករ

ដោយ ជិន ជេដ្ឋា
2017-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

អ្នក​ភូមិ​តាអង នៃ​ឃុំ​ប្រស្និប ខេត្ត​កំពង់ឆ្នាំង សម្ដែង​ការ​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​ដែល​ចុះ​ជួយ​ពង្រាប​ដី​ស្រែ​របស់​ពួកគេ។ ចំណែក​មន្ត្រី​ជំនាញ រិះគន់​អាជ្ញាធរ​ភូមិ​ឃុំ​ថា មិន​សូវ​សហការ​ល្អ​ជាមួយ​ពួកគេ​ដើម្បី​ផល​ប្រយោជន៍​កសិករ​នោះ​ទេ។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ជំនាញ​មិន​បាន​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់​ជាមុន។

ត្រាក់ទ័រ​ភ្ជួរ​ដី​១​គ្រឿង និង​ត្រាក់ទ័រ​សម្រាប់​កៀរ​ពង្រាប​ដី ២​គ្រឿង ចាប់​ផ្ដើម​សកម្មភាព​ពង្រាប​ស្រែ​ជូន​កសិករ​ដោយ​ឥត​គិត​ថ្លៃ នៅ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ តាម​ការ​គ្រោង​ទុក​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា។ កសិករ​កំពុង​ឈរ​មើល​គ្រឿង​ចក្រ និង​ចង្អុល​បង្ហាញ​ទីតាំង​ដី​ធ្វើ​ការ​ពង្រាប​ជាមួយ​មន្ត្រី​ជំនាញ​គ្រឿង​យន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ដោយ​ពុំ​មាន​វត្តមាន​អាជ្ញាធរ​ភូមិ និង​ឃុំ​ចូល​រួម​ឡើយ។

ប្រធាន​ការិយាល័យ​គ្រឿង​យន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក គង់ រស់ ថា​លោក​បាន​ជួប​មេ​ឃុំ​ប្រស្និប គឺ​អ្នកស្រី ខៀវ សុខឿន ដើម្បី​សុំ​ឲ្យ​អ្នក​ស្រី​ចូល​រួម ឬ​ចាត់​ឲ្យ​មន្ត្រី​ឃុំ​ណា​ម្នាក់​ចូល​រួម​ក្នុង​សកម្មភាព​ពង្រាប​ដី​នេះ ប៉ុន្តែ​អ្នកស្រី​ប្រាប់​ថា​រវល់។

លោក​ថា ការ​មិន​សូវ​អើពើ​របស់​អាជ្ញាធរ​មូលដ្ឋាន​ប្រហែល​ជា​គេ​យល់​ថា សកម្មភាព​ចុះ​ពង្រាប​ដី​ស្រែ​នេះ​មិន​សូវ​មាន​ប្រយោជន៍៖ «ព្រឹក​មិញ​ខ្ញុំ​ជួប​មេឃុំ​ផ្ទាល់ គាត់​ថា ការងារ​គាត់​ច្រើន​ណាស់! ខ្ញុំ​ថា គួរ​ណាស់​តែ​មេឃុំ​ចាត់​ក្រុម​ប្រឹក្សា​ណា​ម្នាក់ ដើម្បី​ចុះ​សហការ​ជាមួយ​ខ្ញុំ​ទៅ គាត់ (ជំទប់​ទី១) ក៏​អត់​ឃើញ​មក​ទៀត។ សំណូមពរ​របស់​ខ្ញុំ​មាន​តែ​មួយ​ចំណុច​ទេ សូម​ឲ្យ​អាជ្ញាធរ​ជួយ​សហការ ព្រោះ​ខាង​នាយកដ្ឋាន​ចុះ​មក​ធ្វើ គឺ​ដោយសារ​ខ្ញុំ​សុំ​គាត់​មក​ដែរ ហើយ​ប្រហែល​ជា​ល្ងាច​នេះ​ខ្ញុំ​នឹង​ព្យាយាម​ជួប​គាត់​មួយ​សារ​ទៀត ដើម្បី​ពិភាក្សា​គ្នា​បន្ត ហើយ​គាត់​គិត​ថា​យ៉ាង​ម៉េច?»

ឆ្លើយ​តប​បញ្ហា​នេះ​មេ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ អ្នកស្រី ខៀវ សុខឿន ថា គម្រោង​ចុះ​ពង្រាប​ដី​ស្រែ​ជូន​កសិករ​នេះ ត្រូវ​បាន​កំណត់​ពី​ថ្នាក់​លើ​មក ហើយ​ខាង​ឃុំ​មិន​ដឹង​ច្បាស់​ជា​មុន​នោះ​ទេ៖ «បើ​សិន​មុន​នឹង​ធ្វើ គេ​ហៅ​យើង​ទៅ​ពិភាក្សា​ថា ឥឡូវ​ខ្ញុំ​យក​គ្រឿង​ចក្រ​ធ្វើ​ដី​ឲ្យ​ប្រជាជន​ចំនួន ៥០០​ហិកតារ​អ៊ីចឹង​ចុះ។ អា​ហ្នឹង​យើង​ឲ្យ​យោបល់​តិចៗ​ហើយ ដល់​គេ​ថា​មក​អ៊ីចឹង ហើយ​ប្អូន​ឯង​សួរ​មក​ខ្ញុំ​ថ្ងៃ​មុន​ខ្ញុំ​ស្រឡាំងកាំង ខ្ញុំ​អត់​ដឹង​ផង ទើប​ម្សិលមិញ​នេះ​បាន​ជំទប់​ទី១​ថា ខាង​កសិកម្ម​ពាក់ព័ន្ធ (ទំនាក់ទំនង) រឿង​ពង្រាប​ដី​ឲ្យ​ពលរដ្ឋ»

ចំពោះ​បញ្ហា​នេះ ប្រធាន​ការិយាល័យ​គ្រឿង​យន្ត​កសិកម្ម លោក គង់ រស់ អះអាង​ថា ខាង​លោក​បាន​ចុះ​សិក្សា​ទីតាំង និង​សុំ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​តាម​រយៈ​ជំទប់​ទី​១ និង​មេ​ឃុំ​ផ្ទាល់​ចំនួន​បី​លើក មុន​ចុះ​ពង្រាប​ដី​ជូន​កសិករ​នេះ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា ការ​ចុះ​ពង្រាប​ដី​ស្រែ​នៅ​ភូមិ​តាអង ឃុំ​ប្រស្និត នេះ​ពុំ​មាន​បញ្ហា​អ្វី​ទេ ហើយ​ជំនាញ​នឹង​ធ្វើ​រយៈពេល ៨​ថ្ងៃ​ឲ្យ​ហើយ​លើ​ផ្ទៃ​ដី​ទំហំ ៣៥​ហិកតារ។

កសិករ​ម្នាក់​នៅ​ភូមិ​តាអង ឃុំ​ប្រស្និប លោក ម៉ុម ឌុំ មាន​ប្រសាសន៍​ថា គ្រួសារ​លោក និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ត្រេក​អរ​ចំពោះ​សកម្មភាព​របស់​ជំនាញ​នាយកដ្ឋាន​វិស្វកម្ម និង​កសិកម្ម​ក្រសួង​កសិកម្ម​ដែល​បាន​ចុះ​ជួយ​ពលរដ្ឋ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ជំនាញ ជួយ​ពង្រាប​ដី​ឲ្យ​បាន​កាន់​តែ​ច្រើន​ហិកតារ​ទៀត​នៅ​ក្នុង​មូលដ្ឋាន​លោក ព្រោះ​កសិករ​លំបាក​បង្កបង្កើន​ផល​ដោយសារ​ដី​មិន​រាប​ស្មើ។

ជាក់ស្ដែង​រូប​លោក​មាន​ដី​ស្រែ​ជាង ១​ហិកតារ ប៉ុន្តែ​ធ្វើ​ស្រែ​រាល់​ឆ្នាំ​បាន​ផល​តែ ១​តោន​ប៉ុណ្ណោះ ហើយ​ទម្រាំ​បាន​ផល​លំបាក​គ្រប់គ្រង​ទឹក​យ៉ាង​ខ្លាំង បើ​ទោះ​បី​ជា​មាន​ប្រភព​ទឹក​នៅ​ក្បែរ​ក៏ដោយ៖ «ទឹក​មាន​គ្រប់គ្រាន់ ប៉ុន្តែ​ដី​ល្អៀង​យើង​ទប់​ទឹក​មិន​បាន​ស្មើ​ល្អ។ ដី​មាន​ប្រភព​តាំង​ដើម​រាង​មក​អ៊ីចឹង ដី​មាន​អូរ​ខាង ហើយ​ខ្ពស់​ទាបៗ វា​ផ្អៀង​ម្ខាង»

គម្រោង​ចុះ​ពង្រាប​ដី​ស្រែ​ជូន​កសិករ​របស់​នាយដ្ឋាន​វិស្វកម្ម និង​កសិកម្ម នៃ​ក្រសួង​កសិកម្ម​នេះ បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៥ ហើយ​ខេត្ត​គោលដៅ​មាន​ចំនួន​៥ រួម​មាន ខេត្ត​កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ និង​ខេត្ត​បាត់ដំបង។ មន្ត្រី​ជំនាញ​ថា ខេត្ត​ទាំង​នេះ​តែងតែ​ធ្វើ​ស្រែ​មិន​បាន​ផល​គ្រប់​គោលការណ៍​​របស់​ក្រសួង​កសិកម្ម ហើយ​លើក​ហេតុផល​ថា មាន​ការ​លំបាក​ដោយ​​ផ្ទៃ​ដី​កសិកម្ម​របស់​កសិករ​មិន​រាប​ស្មើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល