អាជ្ញាធរ​​ខេត្ត​កំពត​​ឃាត់​​ខ្លួន​ជនជាតិ​ចិន​​ ១៤​នាក់​​ធ្វើ​ដំណើរ​​ចេញ​​ពី​​ក្រុង​​ព្រះសីហនុ​​ឆ្ពោះ​​ទៅ​ទីក្រុង​​ភ្នំពេញ​

អាជ្ញាធរ​ខេត្ត​កំពត​នៅ​ថ្ងៃ​ទី​២០ ខែមេសា ​បាន​ឃាត់​ខ្លួន​​​​បុរស​ជន​ជាតិ​ចិន ​១៤នាក់ ដែល​ធ្វើ​​ដំណើរ​​ល្មើស​​​បម្រាម​​រដ្ឋាភិបាល​ដោយ​​ចេញ​​ដំណើរ​​ពី​​ខេត្ត​ព្រះសីហនុ​ ឆ្លង​​កាត់​​​​ខេត្ត​កំពតឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្ត​​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ​ បាន​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​​ជា​ច្រើន​​ដង​តែ​​ពុំ​មាន​​អ្នក​​ទទួល។ ប៉ុន្តែ​លោក​ប្រាប់​​សារព័ត៌មាន​ក្នុង​​ស្រុក​ថា ជនជាតិ​ចិន ​១ ​ក្រុម​នេះ ​ប្រើ​ប្រាស់​រថយន្ត​សាំយ៉ុង​​ពណ៌​ទឹក​ប្រាក់​​មួយ​គ្រឿង ដោយ​​បន្លំ​ធ្វើ​​បិទ​ស្នោ​ដឹក​​គ្រឿង​​សមុទ្រ​ធ្វើ​​ដំណើរ​​ចេញ​​ខេត្ត​​ព្រះសីហនុ តាម​ផ្លូវ​ជាតិ​លេខ ​៤ កាត់​តាម​ស្រុក​ឈូក ​ខេត្ត​កំពត​ ដើម្បី​បន្ត​ទៅ​ទីក្រុង​ភ្នំពេញ។

​លោក​បញ្ជាក់​ថា សមត្ថកិច្ច​ខេត្ត​កំពត​ កំពុង​សាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​​ពួកគេ​​ទៅ​សាលា​ដំបូង​ខេត្ត​​កំពត ដើម្បី​ផ្ដន្ទាទោស​​តាម​ច្បាប់ ហើយ​​សមត្ថកិច្ច​​បន្ត​​ស្វែង​​រក​មេខ្លោង​​ ដែល​លួច​ដឹក​ជន​​ជាតិ​​ចិន​​ទាំង​​នោះ។

ករណី​ជន​ជាតិ​ចិន​លួច​បន្លំ​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហនុ​ទៅ​​ភ្នំពេញ ឬ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ កើត​ឡើង​ជា​ញឹក​ញាប់។ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា អាជ្ញាធរ​ខេត្ត​កំពត ក៏​បាន​​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន​ពីរ​នាក់​ដែល​លួច​បន្លំ​​បើក​​រថយន្ត​សង្គ្រោះ​បន្ទាន់ ដែល​​មាន​​ដាក់​​ឡូហ្គោ "មន្ទីរ​ព្យាបាល​ចុង​ស៊ិង" (Chong Shing) ក្នុងបំណង​​ឆ្លង​កាត់​ពី​ខេត្ត​កំពត​​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ។

​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលលោក ម៉ម ប៊ុនហេង ប្រកាសថា នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​​អ្នក​ទទួល​ខុសត្រូវ​​រថយន្តពេទ្យ​របស់រដ្ឋ ​និង​ឯកជន​​ក្នុង​ករណី​រក​ឃើញ​​ថា​ បាន​លួចលាក់​​ដឹក​ជញ្ជូន​​ប្រជាជន​​ជា​​អ្នក​ដំណើរ។​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។