តុលាការខេត្តកណ្ដាលរងការរិះគន់រឿងចេញដីកាសម្លាប់មាន់៩២ក្បាល
2018.01.05

ពលរដ្ឋ អ្នកច្បាប់ និងព្រះសង្ឃ បានរិះគន់ចំណាត់ការរបស់តុលាការខេត្តកណ្ដាល ចំពោះការចេញដីកាសម្រេចសម្លាប់សត្វមាន់ចំនួន ៩២ក្បាល ថាធ្វើឡើងមិនត្រឹមត្រូវ ខុសទាំងច្បាប់សាសនា និងច្បាប់រដ្ឋ។ សមត្ថកិច្ចកាលពីខែចុងឆ្នាំ២០១៧ បានបង្ក្រាបកន្លែងជល់មាន់ខុសច្បាប់ធំជាងគេនៅកម្ពុជា មួយកន្លែង ដែលគ្រប់គ្រងដោយក្មួយប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យុទ្ធនាការបង្ក្រាបកន្លែងជល់មាន់នេះ ឈានរហូតដល់លោក ហ៊ុន សែន ចេញបញ្ហាឱ្យសមត្ថកិច្ចបាញ់សម្លាប់ក្មួយប្រសា ប៉ុន្តែក្មួយប្រសាលោក ហ៊ុន សែន រួចខ្លួន ស្លាប់តែមាន់ ៩២ក្បាល។
ពលរដ្ឋមួយចំនួនបានបន្តបញ្ចេញមតិប្រតិកម្មនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ថា ការសម្លាប់សត្វមាន់ស្រស់ៗរបស់សមត្ថកិច្ចខេត្តកណ្ដាល ជាអំពើឃោរឃៅមួយដែលផ្ទុយទៅនឹងសីលធម៌សង្គម និងព្រះពុទ្ធសាសនា ដែលហាមមិនឱ្យមានការសម្លាប់សត្វ។
ម្ចាស់គណនីហ្វេសប៊ុកមួយចំនួនសរសេរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្មានទោសប្រហារជីវិតទេ ប៉ុន្តែសត្វមាន់ត្រូវបានប្រហារជីវិតទៅវិញ។ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ កន សាវាង្ស លើកឡើងជាសំណួរថា “តើមាន់ជាអ្នកមានទោសកំហុស ឬម្ចាស់? តើការកាត់ទោសនេះពិតជាយុត្តិធម៌សម្រាប់សត្វពិតមែនឬ? អស់សំណើចណាស់ច្បាប់ស្រុករំដួល”។ ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ បាភ្នំសង្គ្រោះជាតិ បានសរសេរថា “ប្រទេសខ្ញុំប្លែកជាងប្រទេសណាៗទាំងអស់ មានច្បាប់កាត់ទោសប្រហារជីវិតមាន់ ៩២ក្បាល ក្នុងថ្ងៃតែមួយ"។
វីដេអូរដែលត្រូវបានគេបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គម មានចំនួនជាងពីរនាទី ឃើញមានសមត្ថកិច្ចជាមន្ត្រីនគរបាលជាងដប់នាក់បានឈរមើល និងសមត្ថកិច្ចពីរនាក់ទៀត បានចាប់យកមាន់ម្ដងមួយៗមកកាត់ក្បាលដាច់ចេញពីកស្លាប់ភ្លាមៗ។ ក្នុងវីដេអូដដែលក៏ឃើញមន្ត្រីប៉ូលិសទាំងនោះបានដាំទឹកសម្រាប់បោចមាន់ទៀតផង។
ម្ចាស់គណនីហេ្វសប៊ុក ឈ្មោះ ម៉ូលីការ រៀល (Molika Real) បានសរសេរថា “បន្ទាប់ពីកាត់ទោសហើយ ដល់ត្រូវរកគល់ស្លឹកគ្រៃ ល្មមក្លែមបាត់”។ ម្ចាស់គណនីហ្វេកប៊ុកម្នាក់ទៀត ឈ្មោះ សាន សុជា វីចេ (San Sochea VJ) បានសរសេរថា “តើកម្មអ្វីខ្ញុំមិនអាចជួបជុំក្រុមញាតិ គេយកមកជាល្បែងជល់ដាក់ដុល្លារ ឃើញប៉ូលិសមក ក្នុងចិត្តនឹកថា គេមកស្រោចស្រង់ឱ្យបានរស់រានជួបជុំពូជពង្ស បែរជាត្រូវបាត់បង់ជីវិតទៅវិញ”។
កាលពីថ្ងៃទី១៩ ខែធ្នូ ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចកម្ទេចចោលនូវសត្វមាន់ចំនួន ៩២ក្បាល ដោយលើកមូលហេតុថា ការថែរក្សានូវសត្វមាន់ទាំងនេះមានការលំបាក ចំណាយសោហ៊ុយផ្សេងៗ និងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតមានជាថ្មី និងដើម្បីពន្លឿននីតិវិធីស៊ើបសួរឱ្យបានឆាប់រហ័សផងដែរ។ សមត្ថកិច្ចចម្រុះខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែធ្នូ បានចុះបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយនៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ ការចុះបង្ក្រាបនេះ ធ្វើឡើងភ្លាមៗក្រោយពីលោក ហ៊ុន សែន បញ្ជាឱ្យបាញ់សម្លាប់ក្មួយប្រសារបស់លោកប្រសិនបើហ៊ានតដៃ៖ «»។
ជុំវិញករណីនេះ ប្រធានសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានសម្រេចឃុំខ្លួនក្មួយប្រសាលោក ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ បណ្ដោះអាសន្ន និងជនសង្ស័យ ៦៤នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១ខែ ពីបទលេងល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែទោសនេះត្រូវព្យួរ។
អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកឃ្លាំមើលអំពើពុករលួយ ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលស៊ើបអង្កេតជាបន្ទាន់លើករណីអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ដ៏ធំពីរកន្លែង គឺនៅស្រុកបាទី ខែត្រតាកែវ និងនៅស្រុកល្វាឯម ខែត្រកណ្ដាល។ ពួកគេស្នើឲ្យអាជ្ញាធរគួរតែបង្ហាញឈ្មោះមន្ត្រីដែលបានទទួលយកលុយពីក្មួយប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ដែលជាម្ចាស់សង្វៀនមាន់ជល់ដ៏ធំ និងមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា ដែលមិនមានមន្ត្រីតុលាការ ឬអាជ្ញាធរណាហ៊ានប៉ះពាល់បានឡើយ។
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ ដែលគង់នៅប្រទេសកាណាដា បានឱ្យអាស៊ីសេរីដឹងថា ចំពោះមាន់ ៩២ក្បាលមិនពិបាកឱ្យចំណីរហូតដល់សម្លាប់ចោលនោះទេ ហើយប្រសិនបើពិបាកក្នុងការថែទាំខ្លាំងណាស់ យកសត្វមាន់ទាំងអស់នោះទៅប្រលែងក្នុងវត្តអារាមទៅ។ ព្រះអង្គមានថេរដីកាបន្តថា សត្វមាន់មិនមានទោសកំហុសអ្វីដែលត្រូវប្រហារជីវិតឡើយ ហើយអ្នកដែលបញ្ជាឱ្យសម្លាប់ និងអ្នកសម្លាប់ដោយផ្ទាល់មានបាបកម្មខ្លាំងណាស់ក្នុងព្រះពុទ្ធសាសនា៖ «»។
ការសម្លាប់សត្វមាន់នេះ មិនត្រឹមតែផ្ទុយនឹងព្រះពុទ្ធសាសនាទេ ប៉ុន្តែវាផ្ទុយទាំងច្បាប់ផងដែរ។
អ្នកច្បាប់លើកឡើងដែរថា ចំពោះការកម្ទេចចោលភស្តុតាងរបស់តុលាការ អាចនាំឱ្យមានផលអវិជ្ជមានដល់ដំណើរការរឿងក្តីផងដែរ។ លោកមេធាវី ហែម សុជាតិ បានឱ្យអាស៊ីសេរី ដឹងថា ចំពោះរឿងព្រហ្មទណ្ឌ ភស្តុតាងមានសារសំខាន់ណាស់។ ភស្តុតាងអាចដាក់បន្ទុក និងអាចដោះបន្ទុក។ ប្រសិនបើភស្តុតាងត្រូវបានកម្ទេចចោល អាចនាំឱ្យជនត្រូវចោទ ឬជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់៖ «»។
លោក ហែម សុជាតិ ពន្យល់ថា តុលាការអាចសម្រេចកម្ទេចចោលភស្តុតាងបាន ចំពោះវត្ថុតាងទាំងឡាយណាដែលផ្ដល់ផលអវិជ្ជមានដល់សង្គម។ លោកលើកឧទាហរណ៍ថា វត្ថុមួយដែលមានក្លិនស្អុយ ប្រសិនបើវត្ថុនោះរក្សាទុក ហើយខ្វះបច្ចេកទេសគ្រប់គ្រង់បណ្ដាលឱ្យសាយភាយចំហាយក្លិនស្អុយធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ តុលាការត្រូវបំផ្លាញចោលតែម្ដង។ ផ្ទុយទៅវិញ ប្រសិនបើវត្ថុនោះរក្សាទុកទៅមិនមានផលវិបាកដល់សង្គមទេ តុលាការត្រូវតែរក្សាទុកនៅក្នុងដំណាក់កាលស៊ើបអង្កេត។
លោកមេធាវីក៏បានឱ្យដឹងដែរថា ក្នុងអាជីពជាអ្នកបម្រើការងារក្នុងវិស័យអ្នកច្បាប់អស់រយៈពេលជាង ២០ឆ្នាំមកនេះ លោកមិនដែលជួបប្រទះរឿងតុលាការចេញដីកាសម្រេចកម្ទេចចោលសត្វមាន់រស់ក្នុងថ្ងៃតែមួយចំនួន ៩២ក្បាលទេ។ នេះជាលើកទីមួយហើយដែលលោកបានទទួលព័ត៌មាននេះ៕