អ្នក កែម ឡី និយមមួយចំនួននៅតែបន្តរំលឹកពីវីរភាពរបស់លោកតាមរយៈបទចម្រៀង និងកំណាព្យ
2023.07.09

និស្សិត និងប្រជាពលរដ្ឋដែលជាអ្នក កែម ឡី និយមមួយចំនួននៅតែបន្តរំលឹកពីវីរភាពរបស់លោកតាមរយៈបទចម្រៀង និងកំណាព្យ។
អត្ថន័យចម្រៀង និងកំណាព្យទាំងនោះភាគច្រើនផ្តើមចេញពីទ្រឹស្ដីទស្សនៈ និងបទវិភាគរបស់បណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិត។
តើមូលហេតុអ្វីបានជាពួកគាត់សម្រេចយកវិធីសាស្ត្រតែងនិពន្ធចម្រៀងនិងកំណាព្យដើម្បីផ្សព្វផ្សាយរំលឹកអំពីវីរភាពបណ្ឌិត កែម ឡី ក្នុងខួបដែលឃាតកបាញ់សម្លាប់លោកយ៉ាងដូច្នេះ...?
និស្សិត និងប្រជាពលរដ្ឋដែលនៅតែគោរពស្រលាញ់បណ្ឌិត កែម ឡី បានចងក្រងទស្សនៈពេញនិយមមួយចំនួនរបស់លោកដូចជា អ្នករួតវាំងននសង្គមជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀត និងថា ក្នុងសង្គមបច្ចុប្បន្នពោពេញដោយសត្វសាហាវជាដើមនោះមកចង់ក្រងជាអត្ថបទកំណាព្យព្រមទាំងបញ្ចូលនូវសកម្មភាពរបស់លោក ដើម្បីជាតិកាលនៅមានជីវិតដើម្បីបញ្ជាក់ពីការគោរពស្រលាញ់ក្នុងថ្ងៃ គម្រប់ខួប៧ឆ្នាំនៃមរណភាពរបស់លោក គឺនៅថ្ងៃទី១០ កក្កដា ២០១៦ -១០ កក្កដា ២០២៣។
កំណាព្យ
«ថ្ងៃ១០កក្កដា២០២៣ រាស្ត្រខ្មែរប្រុសស្រីចងចាំថា
ជាថ្ងៃខួបវីរជនខេមរា ត្រូវមនុស្សឬស្យាបាញ់ប្រល័យ។
ថ្ងៃ១០កក្កដា ២០១៦ រាស្ត្រខ្មែរទុក្ខព្រួយសោករីងរៃ
ឃាតកប្រហារបណ្ឌិត កែម ឡី ២០២៣ខួប៧ឆ្នាំ។
វីរជន កែម ឡី ដ៏អស្ចារ្យ ខ្មែរគ្រប់អង្គារគួរចងចាំ
វីរភាពដែលលោកបានខិតខំ ព្រោះចង់ឲ្យខ្មែរថែទឹកដី។
នេះជាអត្ថបទកំណាព្យដែលមាន ចំណងជើងថា «វីរបណ្ឌិត កែម ឡី នៅក្នុងចិត្តខ្ញុំ» ដែលនិពន្ធដោយ យុវជន អ៊ុក ដែន ជាកសិករនៅសហគមន៍រស្មីសាមគ្គីឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អត្ថបទកំណាព្យមានច្រើនតទៅទៀត ដែលនិយាយពីលើកពីកង្វល់របស់ពលរដ្ឋប្រាប់ទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយ បញ្ហារាស្ត្រក្រីក្រតាមជាអនុសាសន៍បណ្ឌិត កែម ឡី។
«តែជនឧក្រិដ្ឋឥតមេត្តា មកផ្ដាច់សង្ខារឧត្តមបុគ្គលធនធានដ៏មានសក្ដានុពល ផ្ដាច់ផ្ដួលប្រហារជាតិសាសន៍ឯង»។
ខ្ញុំនឹក ខ្ញុំស្ដាយ ខ្ញុំស្រណោះ វីរភាពបណ្ឌិតគួរស្ញប់ស្ញែងព្រោះជាតិប្រជា លោកប្រឹងប្រែង ទោះបង់ខ្លួនឯងលោកមិនខ្លាច...»
យុវជន អ៊ុក ដែន បានសូត្រកំណាព្យនេះដោយផ្ទាល់ខ្លួនឯង នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិដែលជាតំណាងអង្គទូតប្រទេសប្រទេសប្រជាធិបតេយ្យប្រចាំប្រទេសកម្ពុជា ក្នុងពិធីប្រារព្ធខួប៧ឆ្នាំ នៃមរណភាពបណ្ឌិត កែម ឡី នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ទី៦ កក្កដា។
យុវជន អ៊ុក ដែន បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យលោកសរសេរជាកំណាព្យនេះឡើងគឺដោយសារស្រលាញ់នូវវីរភាពរបស់លោក ដូចចំណងជើងកំណាព្យនេះអ៊ីចឹង គឺលោកលះបង់គ្រប់បែបយ៉ាងព្រោះចង់ឲ្យខ្មែរគ្រប់ប្រាណ បានចេះដឹងស្គាល់តម្លៃខ្លួនឯង ស្រលាញ់ការពារទឹកដី និងជាតិសាសន៍របស់ខ្លួនហើយប្រឆាំងរាល់អំពើអយុត្តិធម៌ទាំងឡាយ។
យុវជន អ៊ុក ដែន៖ «នេះជាអ្វីដែលដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ ឃើញថា គាត់បានយកចិត្តទុកដាក់អំពីបូរណភាពទឹកដី ជាពិសេសលើកទឹកចិត្តយុវជនឲ្យចូលរួមលើកកម្ពស់សិទ្ធិក្នុងការបញ្ចេញមតិ...»។
ចំណែកយុវជនម្នាក់ទៀតជានិស្សិតកំពុងសិក្សាផ្នែកសង្គមវិទ្យា គឺលោក គីម ជាលីន ក៏បានចំណាយពេលក្រៅពីការសិក្សាតាក់តែងកំណាព្យចូលរួមលើវេទិកាសូត្រកំណាព្យក្នុងថ្ងៃរំលឹកខួបនេះដែរ។
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ជាអ្នកជួយសូត្រជំនួសម្ចាស់កំណាព្យគឺលោក គីម ជាលីន៖
«ថ្ងៃដប់កក្កដា ស្តារម៉ាត (Star Mart)បូកគោ កូនខ្មែរថ្ងួចថ្ងូរទ្រហោទួញយំ
ទ្រហឹងរំពងឮលាន់រងំ ប្រគំរណ្ដំដាស់លោកបណ្ឌិត។
ថ្ងៃប្រាំមួយកើតខែជេស្ឋឆ្នាំវកស្នូរគ្រាប់ផ្តាច់យកឆាបឆកជីវិត
ដោយដៃខ្មាន់ខ្មៅ ខ្មាំងទោសឧក្រិដ្ឋ នាំយកបណ្ឌិត ចាកឆ្ងាយខេមរា។
ខ្មែរជូតទឹកភ្នែក អស់ប្រាំពីរឆ្នាំ បណ្ឌិតផ្តែផ្តាំ បន្តយាត្រាឈប់អស់សង្ឃឹម សង្រេងសោកាស្នងមនសិការ អ្នករូតវាំងនន»។
បណ្ឌិតស្លាប់ទៅតែព្រលឹងនៅស្មារតីជ្រាបជ្រៅ ជម្រៅចិត្តកូន
ឥតងាករេរា រលាបសាបសូន្យមាគ៌ាជាក្បូន ធម៌អហិង្សា...»។
លោក គីម ជាលីន ឲ្យដឹងថា ការដែលសរសេរកំណាព្យនេះឡើងដោយលោកសោកស្ដាយការបាត់បង់បណ្ឌិតធ្វើឱ្យពលរដ្ឋពេញផ្ទៃប្រទេសទួញយំសោកស្តាយ ធនធានមនុស្សដ៏កម្ររបស់ជាតិ។ ពិសេសជាងនេះទៅទៀតនោះ គឺលោកមិនចង់ឲ្យគតិអប់រំរបស់លោកអំពីបញ្ហាប្រទេសជាតិអំពើពុករលួយ អយុត្តិធម៌សង្គមបាត់បង់ ទៅតាមរូបកាយរបស់លោកបណ្ឌិតឡើយ។ ទស្សនៈរបស់លោកបណ្ឌិតជាច្រើនបានអប់រំយុវជនឲ្យចេះតស៊ូ និងគិតអំពីអនាគតរបស់ខ្លួនឲ្យចេះមើលឃើញពីបញ្ហាសង្គមជាតិ និងចូលរួមដោះស្រាយ។
«ខ្ញុំគោរពស្រលាញ់ពលីកម្ម លះបង់របស់គាត់ ដើម្បីជួយខ្មែរឲ្យបានប្រសើរឡើង...»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសិស្ស និស្សិតនិងប្រជាពលរដ្ឋជាង ៥០នាក់ រួមគ្នាប្រារព្ធពិធីរម្លឹកខួប៧ឆ្នាំ នៃមរណភាពបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៦ កក្កដា កន្លងទៅ។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សួន យុធ្យា ឲ្យដឹងថា របៀបវារៈសំខាន់ៗនៅក្នុងពិធីនេះមានដូចជាពិធីសូត្រមន្តឧទ្ទិសជូនលោកបណ្ឌិត កែម ឡី អានកំណាព្យនិងអត្ថបទខ្លីដែលត្រូវបានជ្រើសរើសពីអ្នកគោរពស្រលាញ់ លោកបណ្ឌិត កែម ឡី ដែលបានផ្ញើមកចូលរួមជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចូលរួមក្នុងកម្មវិធីនេះ។
លោកថា អត្ថបទកំណាព្យដែលទទួលបានពីមហាជនមានជាង ៣០អត្ថបទ ប៉ុន្តែក្រុមការងារលោកជ្រើសរើសចម្រាញ់យកតែ៧ប៉ុណ្ណោះមកអាន និងសូត្រជូនភ្ញៀវដែលបានចូលរួមផ្ទាល់នៅវេទិកាក្នុងកម្មវិធីនិងផ្សាយផ្ទាល់តាមបណ្ដាញសងុ្គម។
កម្មវិធីឆ្នាំនេះប្រារព្ធឡើងនៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមប្រធានបទថា «ពាក្យពិត» ហើយសារសំខាន់មួយទៀតដែលបានរំលេចនៅក្នុងកម្មវិធីនេះដែរនោះគឺ«ការបង្រៀនឱ្យខ្មែរចេះគិតគឺជាការចាំបាច់បំផុត។
លោក សួន យុធ្យា ក៏បានឲ្យដឹងដែរអំពីអត្ថន័យក្នុងអត្ថបទកំណាព្យរបស់ម្ចាស់ស្នាដៃផ្សេងទៀតដែរ។
លោក សួន យុធ្យា៖ «បាទអត្ថបទរបស់ពួកគាត់ផ្ដោតទៅលើវីរភាពបណ្ឌិត កែម ឡី លោក បណ្ឌិតវិភាគឲ្យប្រជាពលរដ្ឋដឹងការពិតនៅក្នុងសង្គម និងសុវត្ថិភាពរបស់ដែលមានភាពក្លាហានយកជីវិតទៅប្តូរ ដើម្បីឲ្យពលរដ្ឋបានដឹងព័ត៌មានមួយចំនួនធំ...»។
ទាក់ទងនឹងរឿងនេះដែរ សាស្ត្រាចារ្យផ្នែកធុរកិច្ច និងជាម្ចាស់ប្លក់(Blog)មួយដែលចូលរួមលើកស្ទួយអំពីសីលធម៌សង្គម និងសិល្បៈតែងកំណាព្យមើលឃើញថា ការចូលរួមតែងនិពន្ធអត្ថបទកំណាព្យស្ដីពីបណ្ឌិតកែម ឡី ពួកគាត់ពិតជាអ្នកដែលមានឆន្ទៈខ្ពស់ស្រលាញ់សេរីភាព និងយុត្តិធម៌សង្គមហើយ មិនចង់ឲ្យកេរ្តិ៍ឈ្មោះអ្នកដែលបូជាជីវិតក្នុងបុព្វហេតុជាតិបាត់បង់ទៅតាមរូបកាយនោះឡើយ។
«យើងមើលក្នុងព្រឹត្តិការណ៍មរណភាពបណ្ឌិត កែម ឡី ភ្នែកពិភពលោក ក៏បានមើលឃើញដូចគ្នាអ៊ីចឹងដែរថា ការស្លាប់របស់គាត់កក្រើក កម្រិតណា ក្នុងស្រទាបមហាជនដែលស្រលាញ់សេរីភាព និង យុត្តិធម៌ អ៊ីចឹងវាច្បាស់ណាស់ថា អ្នកដែលពុះកញ្ជ្រោលចង់តែងកំណាព្យ ឬចម្រៀងស្ដីពីវីរភាពបណ្ឌិត កែម ឡី មិនអាចជាមនុស្ស ប្រមឹក ប៉ោឡែ ពុករលួយក្នុងសង្គមនឹងទេ ដែលទៅសរសេរកើត ប្រាកដជាអ្នកសិក្សារៀនសូត្រ ដែលស្ថិតនៅឆ្ងាយពីក្រុមអ្នកជិះជាន់និយមហ្នឹង...»។
សាស្ត្រាចារ្យរូបនេះមើលឃើញទៀតថា ការចូលរួមរបស់ពួកគាត់និងអ្នកពាក់ព័ន្ធដទៃទៀតនេះហើយដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ និងវីរភាព របស់បណ្ឌិត កែម ឡី មិនអាចសាបសូន្យបានរហូតមកដល់ពេលនេះ។
«ក្រោយព្រឹត្តិការណ៍ បាញ់សម្លាប់ កែម ឡី រួច នៅក្នុងប្រទេសជាតិយើងទាំងមូល ឬពិភពលោក យើងទាំងមូល បើសិនអត់មានអ្នកណារំលឹក ឬក៏គ្មានសៀវភៅបោះពុម្ព គ្មានកំណាព្យ គ្មានចម្រៀង គ្មានរូបថត គ្មានខ្សែអាត់វីដេអូ គ្មានការផ្សព្វផ្សាយនោះមិនបាច់ទៅដល់៧ឆ្នាំទេ តែ២ឬ៣ឆ្នាំទេ គេភ្លេចវិញអស់ហើយ...អ៊ីចឹងឥឡូវឆ្នាំ២០២៣ហើយ ប៉ុន្តែយើងនៅតែអត់ភ្លេច ដូចជានៅថ្មីៗ ដោយសារ មានកំណាព្យ ចម្រៀង ទាំងអស់ហ្នឹងហើយធ្វើឲ្យព្រឹត្តិការណ៍នេះនៅតែផ្សារភ្ជាប់ជាមួយយើងដដែល...»។
ចំណែកអ្នកនិពន្ធអាជីពមួយរូបទៀត គឺលោក សូយ ឡូត ក៏មើលឃើញដែរថា វិស័យសិល្បៈតែងនិពន្ធមានកំណាព្យ និងចម្រៀងជាដើមនេះពិតជាសំខាន់ណាស់ដែលធ្វើឲ្យគ្រប់គ្នាងាយនឹងចងចាំនូវព្រឹត្តិការណ៍អ្វីមួយសម្រាប់ជាតិមាតុភូមិ ព្រមទាំងបានបញ្ជ្រាបនូវខ្លឹមសារអប់រំយ៉ាងមានប្រសិទ្ធភាព។
លោក សូយ ឡូត៖ «វាពិតជាមានតម្លៃខាងសីលធម៌ដោយសារគាត់ជាមនុស្សម្នាក់មានសីលធម៌ហ្នឹងហើយបានជាគេគោរពស្រលាញ់ ហើយគេសរសេរស្នាដៃដើម្បីរម្លឹកពីគុណរបស់គាត់...»។
រយៈពេល៧ឆ្នាំមកហើយ ដែលឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី ។ ប៉ុន្តែពលរដ្ឋខ្មែរជាច្រើននៅតែនឹកនៅតែស្រឡាញ់នៅតែរំលឹកពីវីរភាពរបស់លោក។
ក្នុងនោះសិល្បករអាជីពមួយរូបដែលគោរពស្រឡាញ់ និងនឹករលឹកលោក បណ្ឌិត កែម ឡី តែងតែផលិតចម្រៀងផ្ញើមកឱ្យអាស៊ីសេរីដើម្បីចាក់ផ្សាយរម្លឹកខួបនៃមរណភាពរបស់លោក បណ្ឌិត។
ក្នុងនោះមានបទ«វាចារបុត្រាបណ្ឌិត កែម ឡី បទ «កែម ឡី នៅក្នុងបេះដូង » បទ«បានសុខតែនៅរឭក»និងបទ«សូមកើត ជាខ្មែររហូត» ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។