ក្រុម​យុវជន និង​ពលរដ្ឋ នៅ​តែ​ប្ដេជ្ញា​បន្ត​រំឭក​ខួប​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ជា​រៀងរាល់​ឆ្នាំ ទោះ​មនុស្ស​របស់​លោក ហ៊ុន សែន ព្យាយាម​រំខាន

ក្រុម​យុវជន និង​ព្រះសង្ឃ​នៅ​ក្នុង និង​ក្រៅ​ប្រទេស លើក​ឡើង​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​ធ្វើ​ខួប​រម្លឹក​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយៗ​ទៀត ដើម្បី​រម្លឹក​ពី​វីរភាព​របស់​លោក និង​ស្នើ​ដល់​តុលាការ ឱ្យ​បន្ត​ស៊ើប​អង្កេត​ស្វែងរក​ឃាតក​ពិត យក​មក​ផ្ដន្ទាទោស។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ប្អូន​ប្រុស​បណ្ឌិត កែម ឡី និង​យុវជន​មួយ​ចំនួន ដែល​ចុះចូល​ទៅ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ថា ការ​រៀបចំ​ពិធី​រំលឹក​ខួប​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ជា​ការ​កេង​ចំណេញ​នយោបាយ។

ទោះបី​លោក​បណ្ឌិត កែម ឡី បាន​បាត់បង់​ជីវិត ដោយ​អំពើ​ឃាតកម្ម​អស់​រយៈ​ពេល ៨ឆ្នាំ ទៅ​ហើយ​ក្ដី ក៏​ក្រុម​យុវជន ដែល​ជា​កូន​សិស្ស​របស់​លោក រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កម្ពុជា នៅ​តែ​បន្ត​ធ្វើ​ពិធី​បុណ្យ​រំឭក និង​ទាមទារ​រក​យុត្តិធម៌​ពិតប្រាកដ។

បណ្ដាញ​យុវជន​សកល​ប្រចាំ​ប្រទេស​ថៃ លោក ឯម ពិសិដ្ឋ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា​ថា សកម្មជន និង​ពលករ​ខ្មែរ បាន​បន្ត​ធ្វើ​ពិធី​បុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ បណ្ឌិត កែម ឡី ដល់​ថ្ងៃ​ទី១៤ ខែ​កក្កដា​ខាង​មុខ។ លោក​បន្ត​ថា ការ​ធ្វើ​ពិធី​បុណ្យ​រម្លឹក​បែប​ពុទ្ធសាសនា​នេះ គឺ​ចេញ​មក​ពី​ការ​នឹក​រឭក និង​គោរព​ដល់​វីរភាព​លោក​បណ្ឌិត ដែល​បាន​ឆក់​យក​បេះដូង​ពី​ពលរដ្ឋ​គ្រប់រូប មិនមែន​ជា​ការ​កេង​ចំណេញ​នយោបាយ ដូច​ការ​វាយប្រហារ​មួយ​ចំនួន​ឡើយ។

លោក ឯម ពិសិដ្ឋ៖«ដូច្នេះ​ហើយ ពួក​គេ​ទាំង​អស់​ហ្នឹង សុទ្ធតែ​ជា​អ្នក​មាន​មុខ​មាត់​បន្តិច​បន្តួច ដើម្បី​លើក​តម្កើង​ខ្លួនឯង ធ្វើ​អ្វី​ដើម្បី​តែ​ជា​ផលប្រយោជន៍​ខ្លួនឯង។ ដល់​ពេល​អ៊ីចឹង​ទៅ ពេល​គាត់​លើក​ចំណុច​ហ្នឹង​មក បាន​ន័យ​ថា គាត់​ជា​មនុស្ស​របស់​គេ​ទៅ​ហើយ។ អ៊ីចឹង គឺ​គាត់​បាន​ចោទ​ទៅ​លើ ឬ​ហៅ​ថា ការ​មិន​ពេញ​ចិត្ត ដែល​បាន​ឃើញ​ពួក​យើង​ធ្វើ​ពិធី​ហ្នឹង គឺ​គេ​មិន​ពេញ​ចិត្ត​ទេ។ អ៊ីចឹង​គឺ​គេ​ចោទ​ទៅ​លើ​ផ្នែក​នយោបាយ​ខាង​ហ្នឹង»។

ចំណែក​ព្រះសង្ឃ​គង់​នៅ​វត្ត​ក្នុង​ខេត្តបាត់ដំបង សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​អំពី​សុវត្ថិភាព មាន​ថេរ​ដីកា​ថា ក្រោយ​ពី​បាន​ចូលរួម​ពិធី​រម្លឹក​ខួប​ករណី​ឃាតកម្ម បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា ព្រះអង្គ​បាន​ទទួល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​សំណាក់​ចៅ​អធិការ អាជ្ញាធរ និង​ការ​លាប​ពណ៌​ពី​ក្រុម​យុវជន ដែល​ចុះចូល​ជាមួយ​រដ្ឋាភិបាល ថា​ធ្វើឡើង​ក្រោម​រូបភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៅវិញ។

ព្រះសង្ឃ៖«យុត្តិធម៌​សម្រាប់​គាត់(បណ្ឌិត​កែម ឡី)មិន​ទាន់​មាន​ទេ។ អ៊ីចឹង ប្រហែល​ជា​គាត់​គិត​ថា សកម្មភាព​ទាំង​អស់​ហ្នឹង ធ្វើ​ទៅ​ធ្វើ​ឱ្យ​មហាជន​នឹក​ឃើញ ឬ​ក៏​ឈឺចាប់​នឹង​អយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ។ អ៊ីចឹង គាត់​មិន​ចង់​ឱ្យ​សកម្មភាព​ទាំង​អស់​ហ្នឹង​កើត​ឡើង ឬ​ក៏​បង្ហាញ​ចេញ​នៅ​លើ​សង្គម ដើម្បី​ឱ្យ​មហាជន​បាន​ដឹង​ទេ ព្រោះ​បើ​កាលណា​មហាជន​គាត់​ដឹង គាត់​នឹង​វាយ​តម្លៃ​ទៅ​លើ​តុលាការ ឬ​ក៏​ភាព​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​របស់​យើង ជា​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​យើង។ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ព្យាយាម​យាយី​ពួក​យើង​មិន​ឱ្យ​ធ្វើ​សកម្មភាព​ទាំង​អស់​នេះ​កើត​ឡើង»។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្អូន​ប្រុស​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត និង​ក្រុម​យុវជន​មួយ​ចំនួន ដែល​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល និង​អះអាង​ថា ជា​កូន​សិស្ស​លោក​បណ្ឌិត កែម ឡី បាន​ចេញ​មក​អំពាវនាវ​ឱ្យ​ឈប់​យក​ឈ្មោះ​បណ្ឌិត កែម ឡី ទៅ​កេង​ចំណេញ ឬ​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​ជួយ​ឧបត្ថម្ភ​ដល់​ការ​រៀបចំ​បុណ្យ​រម្លឹក​ខួប​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ជា​រៀងរាល់​ឆ្នាំ។

ក៏​ប៉ុន្តែ ប្អូន​ប្រុស​បង្កើត​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត នេះ​ហើយ ធ្លាប់​យក​ឈ្មោះ​បណ្ឌិត កែម ឡី យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើត​គណបក្ស​នយោបាយ កាល​ពី​ឆ្នាំ២០១៨ ដោយ​ដាក់​ឈ្មោះ​លោក កែម ឡី។ ប៉ុន្តែ ក្រោយ​ពី​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មក លោក កែម រិទ្ធិសិត បាន​ចេញ​មុខ​ការពារ​រដ្ឋាភិបាល បន្ទាប់​ពី​មាន​ការ​លើកឡើង​ថា ករណី​ឃាតកម្ម លើ​បង​ប្រុស​របស់​លោក មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច។ លើស​ពី​នេះ លោក​ថែម​ទាំង​អរគុណ​លោក ហ៊ុន សែន ដែល​បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា ៥ម៉ឺន​ដុល្លារ ដល់​គ្រួសារ​លោក ដើម្បី​សាងសង់​ចេតិយ តម្កល់​ធាតុ​លោក​បណ្ឌិត កែម ឡី ទៀត​ផង។

ចំណែក​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ក៏​បាន​ចេញ​មុខ ស្នើ​ទៅ​កាន់​យុវជន ឱ្យ​បញ្ឈប់​សកម្មភាព យក​សព​លោក​បណ្ឌិត កែម ឡី ធ្វើ​អាជីវកម្ម ផង​ដែរ។ ជាមួយ​គ្នា​នេះ លោក​បាន​លើកឡើង​ពី​គុណ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​អ្នក​បង្គ្រប់​លុយ​កសាង​ចេតិយ​បណ្ឌិត កែម ឡី ទៀត​ផង។ ទោះជា​យ៉ាងណា ពលរដ្ឋ​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ថា លុយ​របស់​លោក ហ៊ុន សែន អាច​មាន​តម្លៃ​សម្រាប់​លោក កែម រិទ្ធិសិត និង​យុវជន ដែល​ចុះចូល​រដ្ឋាភិបាល ប៉ុន្តែ​លុយ​របស់​លោក ហ៊ុន សែន មិន​អាច​ទិញ​តម្លៃ​និង​កិត្តិយស​របស់​បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​គោរព​ស្រលាញ់ និង​ចាត់​ទុក​លោក​ជា​វីរបុរស​នោះ​ឡើយ។

សកម្មជន​ដីធ្លី​កំពុង​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ លោកស្រី នួន នឿន លើក​ឡើង​ថា មូលហេតុ ដែល​រដ្ឋាភិបាល​តែងតែ​រំខាន និង​តាម​យាយី លើ​អ្នក​ចូលរួម​រម្លឹក​ខួប​ឃាតកម្ម​បណ្ឌិត កែម ឡី ទំនង​ដោយសារ​មេដឹកនាំ​បក្ស​កាន់​អំណាច ខ្លាច​ស្រមោល​អតីតកាល និង​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​បណ្ឌិត កែម ឡី ដោយសារ​តែ​អ្នក​វិភាគ​សង្គម​រូប​នេះ គឺ​ជា​អ្នក​រួត​វាំងនន​សង្គម និង​លាតត្រដាង​ពី​អំពើ​ពុករលួយ និង​អយុត្តិធម៌​សង្គម ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។

លោកស្រី នួន នឿន៖«ពេល​ពួក​យើង​រម្លឹក​ខួប​បណ្ឌិត​អ៊ីចឹង​ទៅ គាត់​តែងតែ​ភ័យខ្លាច។ ភ័យខ្លាច​ស្រមោល​ហ្នឹង​ឯង ភ័យ​ខ្លាច​ថា​ពួក​យើង​ដឹង​ការ​ពិត»។

ដោយឡែក អតីត​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន (Japan) លោក គង់ ជិ ឱ្យ​ដឹង​ថា សហគមន៍​ខ្មែរ នឹង​ប្រារព្ធ​ខួប​ឃាតកម្ម​របស់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១៤ កក្កដា ខាង​មុខ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថ្លែង​ថា ការ​ចោទ​ប្រកាន់​មក​លើ​អ្នក​ចូលរួម​រម្លឹក​ខួប​បណ្ឌិត កែម ឡី ថា​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​នេះ គឺ​ជា​ការ​លាប​ពណ៌ និង​ច្នៃ​សាច់រឿង ដើម្បី​បិទបាំង​ពី​ភាព​អយុត្តិធម៌​លើ​ករណី​ឃាតកម្ម​របស់​បណ្ឌិត កែម ឡី។

លោក គង់ ជិ៖«ការ​ដែល​រារាំង​នេះ វា​មិនមែន​ជា​ការ​រារាំង​លើក​ដំបូង​ទេ គឺ​រារាំង​តាំង​ពី​ថ្ងៃ​ហែ​សព​លោក​បណ្ឌិត កែម ឡី ម្ល៉េះ។ នៅ​ពេល​ដែល​ទៅ​ហែ​នោះ យើង​ឃើញ​ថា​មាន​ការ​បិទ​ហ្គារ៉ាស់​សាំង​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងអស់ តាម​ដង​ផ្លូវ​នៃ​ការ​ហែ។ ហើយ​ការ​ដែល​រារាំង​មួយ​ទៀត​នោះ​គឺជា​ការ​រារាំង​មិន​ឱ្យ​ទៅ​ក្បែរ​កន្លែង​ដែល​ធ្វើ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី។ វា​មិន​ខុស​ទេ អ្នក​ដែល​សម្លាប់​គេ ច្បាស់​ជា​ភ័យខ្លាច​ស្រមោល​ខ្លួនឯង នៅ​ពេល​ដែល​គេ​ទៅ​ប្រារព្ធ​ពិធី​ទាមទារ​យុត្តិធម៌​កន្លែង​ហ្នឹង»។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិធី​បុណ្យ​រម្លឹក​មរណភាព​នរណា​ម្នាក់ គឺជា​ការ​បង្ហាញ​ក្ដី​នឹក​រឭក និង​ការ​គោរព តាម​បែប​ប្រពៃណី មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ។

លោក អំ សំអាត៖«ការ​យល់ឃើញ​របស់​មនុស្ស​ម្នាក់ៗ ទស្សនៈ​មួយ ការ​យល់ឃើញ​មួយ។ ប៉ុន្តែ យើង​ជា​សង្គម​ស៊ីវិល យើង​ធ្វើ​អី​គឺ​យើង​ត្រូវការ​ធ្វើ​ម៉េច​ធានា​ឱ្យ​បាន​យុត្តិធម៌ ដូច​ករណី​លោក​បណ្ឌិត កែម ឡី ដែល​អង្គការ​សង្គម​ស៊ីវិល​ទាមទារ គឺ​ដើម្បី​ធានា​យុត្តិធម៌​ពេញលេញ​សម្រាប់​លោក​បណ្ឌិត កែម ឡី តែ​ប៉ុណ្ណោះ ហើយ​ក៏​ដូចជា​ធានា​នូវ​យុត្តិធម៌​នៅ​ក្នុង​សង្គម​ទេ គឺ​យើង​ទាមទារ​នូវ​អ្វី ដែល​យើង​មើល​ទៅ ហើយ​ដែល​តុលាការ​កំពុង​ដំណើរការ​ហ្នឹង​តើ អត់​មាន​ទៅ​ទារ​អ្វី​ដែល​ជា​ការ​ស្រមើ​ស្រមៃ​ទេ»។

ជា​រៀងរាល់​ឆ្នាំ ព្រះសង្ឃ យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​រស់នៅ​តាម​ប្រទេស​មួយ​ចំនួន ដូចជា ថៃ កូរ៉េ​ខាងត្បូង ជប៉ុន អូស្ត្រាលី អាមេរិក កាណាដា និង​អឺរ៉ុប តែងតែ​ជួបជុំ​គ្នា​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​តែង​ផ្ញើ​សារ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ស្វែងរក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។