ម្ដាយ​បណ្ឌិត កែម ឡី នឹករលឹក​លោក​ខ្លាំង​ពេល​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ

0:00 / 0:00

ម្ដាយ​របស់​លោក​បណ្ឌិត កែម ឡី នឹករលឹក​កូន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ។ រីឯ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត ដែល​គោរព​ស្រលាញ់​លោក​បណ្ឌិត​កែម ឡី ក៏​មាន​អារម្មណ៍ នឹក​ស្រណោះ និង​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ឧទ្ទិស​មគ្គផល​ទាំងឡាយ​ទៅ​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែរ ដោយសារ​ពួកគេ​ចាត់​ទុក​បណ្ឌិត កែម ឡី ថា​ជា​អ្នកមានគុណ​មួយ​រូប​សម្រាប់​ជាតិខ្មែរ​ទាំង មូល។

ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺជា​ពេលវេលា​ដែល​គ្រួសារ​ខ្មែរ​ជួបជុំ​ក្រុម​គ្រួសារ ញាតិមិត្ត ដើម្បី​ធ្វើ​បុណ្យទាន និង​កម្សាន្ត​សប្បាយ​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់ ដែល​បន្សល់ទុក​តាំងពី​បុរាណ​មក ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​រយៈពេល​ជាង​២​ឆ្នាំនេះ ប្រព្រឹត្ត​ទៅ​ដោយ​ក្រៀមក្រំ​បំផុត។

ស្ថិត​ក្នុង​វ័យ​ជាង ៧០​ឆ្នាំ លោកស្រី ភោគ សេ ម្ដាយបង្កើត​របស់​បណ្ឌិត កែម ឡី តែងតែ​អង្គុយ​លើ​គ្រែ​នៅ​ពីមុខ​ទី​កប់​សព​បណ្ឌិត កែម ឡី រៀងរាល់ថ្ងៃ។ លោកស្រី ភោគ សេ រៀបរាប់​ថា គាត់​នឹក​អាណិត​កូន​របស់​គាត់​ជា​ខ្លាំង​ដែល​ធ្វើ​តែ​អំពើ​ល្អ និង​ជួយ​សង្គមជាតិ ប៉ុន្តែ​ត្រូវ​ជួប​គ្រោះអាក្រក់​បែបនេះ។

លោកស្រី រំលឹក​ទាំង​ក្ដុកក្ដួល​ថា បណ្ឌិត កែម ឡី តែងតែ​នាំ​ភរិយា និង​កូនៗ​មក​ជួបជុំ​គ្រួសារ​នៅ​រៀងរាល់​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ស្ថិតនៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​បណ្ឌិត គឺជា​កូនប្រុស​ដែល​មាន​កតញ្ញូ និង​តែង​គោរព​ប្រតិបត្តិ​លោកស្រី​ជា​ម្ដាយ យ៉ាង​ល្អ ដូចជា​ជូន​គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​ដល់​លោកស្រី​ដែល​ជា​ម្ដាយ​មិនដែល​អាក់ ខាន និង​ទៅ​ធ្វើ​រួមគ្នា​ជាដើម ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំនេះ​លោកស្រី​លែង​បាន​ជួបជុំ​ជាមួយ​កូន​ម្នាក់​នេះ​តទៅទៀត​ហើយ នៅឡើយ​តែ​រូបថត និង​អនុស្សាវរីយ៍​ដែល​មាន​ពី​មុនៗ​មក៖ «ស្រណោះ​ណាស់​ធ្លាប់តែ​កូនចៅ​មក​ជួប​ជុំគ្នា ញឹកញាប់​ណាស់ ហើយ​ភ្ជុំបិណ្ឌ​មិនដែល​ខាន​ទេ​។ ពេល​មក​គឺ​នាំគ្នា​ទៅ​វត្ត ហើយ​នាំគ្នា​ទៅ​ដើរលេង​នៅ​កែប​អី​អញ្ចឹង​ទៅ ហើយ​ពេល​មកវិញ​ទិញ​បង្កង​ហូប​ជុំ​គ្នា​អ៊ីចឹង​ទៅ។ និយាយ​រួម​ស្រណោះ​ណាស់ …​រាប់មិនអស់​ទេ។ គាត់​កូន​ល្អ គឺ​ជូន​លុយ​ជូន​កាក​និង​ធ្វើ​បាយ​ធ្វើ​ទុក​អោយ​ម៉ែ​ទៅ​វត្ត»។

លោកស្រី ភោគ សេ នៅតែ​មិន​អស់ចិត្ត​ថា កូន​របស់​លោកស្រី​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នោះ​ទេ មាន​ពេល​ខ្លះ​លោកស្រី នៅតែ​គិត​ថា លោក​បណ្ឌិត កែម ឡី កំពុង​នៅ​រស់​ហើយ និង​វិល​មក​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ៖ «នៅតែ​ទន្ទឹង​រង់ចាំ​កូន​រហូត​គិត​ថា កូន​មកពី​ភ្នំពេញ។ នឹក​កូន​ខ្លាំង​ណាស់។ ចង់​ទៅ​ធ្វើបុណ្យ​រួមគ្នា ប៉ុន្តែ​មិន​បាន​ធ្វើ​ទេ គឺ​មានតែ​ធ្វើ​តែ​ម្នាក់ឯង​អ៊ីចឹង​ទៅ»។

វិធី​រំងាប់​ទុក្ខ​សម្រាប់​លោកស្រី ភោគ សេ គឺ​ការ​បដិបត្តិ​ធម៌​តាម​ឱវាទ​ពុទ្ធសាសនា។ ជា​រៀងរាល់​ថ្ងៃសីល លោកស្រី តែងតែ​និមន្ត​ព្រះសង្ឃ​មក​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ហើយ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ លោកស្រី​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​កូនប្រុស​លោកស្រី​បាន​ទៅ​កើត​នៅ​ឋាន​សុគតិភព៖ «តែងតែ​ទៅ​វត្ត​មិនដែល​ខាន និង​តែងតែ​និមន្ត​លោក​មក​បង្សុកូល​ឧទ្ទិស​អោយ​អ៊ីចឹង​ទៅ ហើយ​ដល់​ថ្ងៃ​សែន ក៏​សែន​អ៊ីចឹង​ទៅ។ ទោះ​ដល់ ឬ​មិន​ដល់​ក៏​យើង​មិន​ដឹង​ដែរ ប៉ុន្តែ​ចេះតែ​ធ្វើតាម​ទំនៀមទម្លាប់»។

រីឯ​ភរិយា​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​កូន ប្រុស​ទាំង​៥​នាក់ ក៏បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក បង្ហាញ​ក្តី​នឹករលឹក​ចំពោះ​ម្តាយ​ក្មេក និង​ក្តី​ស្រណោះ​អាឡោះអាល័យ​ចំពោះ​ស្វាមី​របស់​ខ្លួន។ នៅ​ទីនោះ លោកស្រី ក៏បាន​ធ្វើបុណ្យ​ឧទ្ទិស​ជូន​ស្វាមី​ផង​ដែរ។ លោកស្រី​រៀបរាប់​ថា ពេល​ពិធីបុណ្យ​ភ្ជុំ​ម្តងៗ គឺ​ម្តាយ​ក្មេក​លោកស្រី តែងតែ​វេច​នំ អន្សម​ត្រៀម​ទុក​ឲ្យ​កូន​និង​ចៅៗ សម្រាប់​ញាំ​ពេល​ជួបជុំគ្នា ប៉ុន្តែ​ជាង​២​ឆ្នាំនេះ ពួកគាត់​លែង​បាន ជួបជុំគ្នា​ទៀតហើយ។

ទោះយ៉ាងណា​ក្តី មិនមែន​តែ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី នោះ​ទេ ដែល​នឹករលឹក និង​ធ្វើបុណ្យ ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ លោកស្រី ភោគ សេ ឲ្យ ដឹង​ដែរ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏បាន​ឆៀង​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ជា​ហូរហែ​ដែរ ថ្វី​ដ្បិត​មិន​ច្រើន​ដូច​ពេល​មុនៗ​ក្តី​។ លោកស្រី ថា ប្រជាពលរដ្ឋ​ដែល​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី តែងតែ​នឹក​សោកស្ដាយ និង​រំជួលចិត្ត​ដដែល។

អតីត​កូនសិស្ស​បណ្ឌិត​កែម ឡី និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី រៀបរាប់​ថា លោក​តែងតែ​នឹករលឹក​លោក​បណ្ឌិត កែម ឡី គ្រប់ពេលវេលា​ទាំងអស់ ព្រោះ​បណ្ឌិត​កែម ឡី គឺជា​វីរបុរស និង​ជា​អ្នកមាន​គុណូបការៈ​ចំពោះ​ជាតិខ្មែរ។ លោក​សង្ឃឹម​ថា បុណ្យ​កុសល និង​សីល​ទាន​ដែល​ខិតខំ​រក្សា​និង​កសាង​កន្លង​មក ព្រមទាំង​មគ្គផល​ដែល​លោក​ឧទ្ទិស​ទៅតាម​រយៈ​ព្រះ សង្ឃ​នឹង​អាច​បាន​ទៅដល់​ដួង​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​ជា​គ្រូ​របស់​លោក៖ «ចេញពី​ចិត្ត​គឺ​ខ្ញុំ​នឹក​គាត់​មែន គ្រប់​ពេល​ឃើញ​រូបថត និង​គ្រប់​ពេល​ដែល​ធ្វើ​ការងារ​សង្គម ជាពិសេស​បង្ហោះ​វីដេអូ​របាយការណ៍​១​រយ​ពាន់​រាត្រី និង​ជួប​ឧបសគ្គ ឬ​រង​ការ​គំរាមកំហែង​ជាដើម គឺ​យើង​ចេះតែ​នឹក​ដល់​គាត់។ គាត់​ហ៊ាន​លះបង់​ជីវិត​មានតម្លៃ​ធំធេង​ណាស់។ ភ្ជុំបិណ្ឌ​នេះ ពួក​ខ្ញុំ​នឹង​ទៅ​ជួប​ម្ដាយ​លោក​គ្រូ ដើម្បី​ទៅ​វត្ត​ធ្វើបុណ្យ​ជាមួយ​ម្ដាយ​គាត់ ដូច​ឆ្នាំមុន​ដែរ»។

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ ក្នុង​ហាង​លក់ទំនិញ​ស្តារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ជុំវិញ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ អ្វី​ដែល​ក្រុម​គ្រួសារ សាច់ញាតិ និង​ពលរដ្ឋ​ចង់​ឃើញ​បំផុត​នោះ គឺ​យុត្តិធម៌ ពោល​គឺ​ការ​វែក​មុខ​ចាប់​ជន​ដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​នេះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដែល​មិនមែន​ជា​ការ​ប្រឌិត ឬ​ការ​កប់​សំណុំរឿង​ចោល ដូច​ករណី​ឃាតកម្ម​មុនៗ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។