ព្រះសង្ឃ និង​សិស្សានុសិស្ស​ប្រឡង​ថ្នាក់​ពុទ្ធិកសិក្សា​ដើម្បី​រក្សា​អក្សរសាស្ត្រជាតិ​នៅ​កម្ពុជាក្រោម

ដោយ មាន ឫទ្ធិ
2023.01.01
Share on WhatsApp
Share on WhatsApp
ព្រះសង្ឃ និង​សិស្សានុសិស្ស​ប្រឡង​ថ្នាក់​ពុទ្ធិកសិក្សា​ដើម្បី​រក្សា​អក្សរសាស្ត្រជាតិ​នៅ​កម្ពុជាក្រោម ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
រូប៖ KKF

ព្រះសង្ឃ និង​សិស្សានុសិស្ស ដែល​សិក្សា​តាំង​ពី​ខែឧសភា ឆ្នាំ២០២២ ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិកសិក្សា​ផ្នែក​ភាសា​បាលី នៅ​ដើម​ឆ្នាំ២០២៣​នេះ​ហើយ។ ការ​ប្រឡង​បិទ​វគ្គ​សិក្សា​នេះ គឺ​ធ្វើឡើង​គ្រប់​វត្តអារាម នៅ​កម្ពុជាក្រោម ដែល​បាន​បើក​បង្រៀន​ភាសា​បាលី ដល់​សិស្សានុសិស្ស ដើម្បី​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​គង់វង្ស។

នៅ​ដែនដី​កម្ពុជាក្រោម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ព្រះសង្ឃ និង​សិស្សានុសិស្ស នាំគ្នា​ប្រឡង​បញ្ចប់​ឆ្នាំ​ថ្នាក់​ពុទ្ធិក​សិក្សា។ ខេត្ត​ព្រះត្រពាំង គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ចំនួន​ព្រះសង្ឃ​ប្រឡង​ច្រើន​ជាង​ខេត្ត​ដទៃ​ទៀត ស្រប​ពេល​ដែល​ខេត្ត​នេះ​មាន​វត្ត​អារាម​ចំនួន១៤៤វត្ត ច្រើន​ជាង​ខេត្ត​ផ្សេងៗ​ទៀត។

ព្រះសង្ឃ​មួយ​អង្គ​ដែល​កំពុង​ប្រឡង​បញ្ចប់​ថ្នាក់​បាលីទី៣ នៅ​វត្ត​កំពង់​មាស ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម ហៅថា ខេត្ត​ត្រាវិញ (Tra Vinh) ព្រះភិក្ខុ ថាច់ ហេន មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១ ខែមករា ថា ព្រះអង្គ​មក​ប្រឡង​បិទ​វគ្គ​សិក្សា​ថ្នាក់​បាលីទី៣ ដើម្បី​ឈាន​ចូល​ថ្នាក់​បន្ទាប់​គឺ ថ្នាក់​បាលី​រង។ ព្រះភិក្ខុ​រូប​នេះ​មាន​ថេរដីកា​ទៀត​ថា ព្រះអង្គ​បាន​ឆ្លើយ​វិញ្ញាសា​ត្រូវ​ច្រើន ជាពិសេស​មុខ​វិជ្ជា​ភាសា​បាលី និង​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ។ ព្រះអង្គ​បន្ត​ថា ទោះបី​ព្រះអង្គ​រៀន​អក្សរ​ខ្មែរ​មិន​បាន​ធ្វើការ​ធំដុំ​ក៏ដោយ ក៏​ការ​សិក្សា​របស់​ព្រះអង្គ​អាច​ចូល​រួម​ជួយ​រក្សា​អត្តសញ្ញាណ​ជាតិ​មួយ​ផ្នែក​ដែរ៖

«ពរ​ត្មា​មិន​ច្បាស់​ដែរ​បង ព្រោះ​ត្មា​មិន​មែន​ក្រុម​កែ​វិញ្ញាសា។ មាន​ខុស​មាន​ត្រូវ​ដែរ​មិន​ដឹង យើង​កំណត់​មិន​ទាន់​បាន​ទេ​បង»

ចំណែក​ព្រះសង្ឃ​មួយ​អង្គ​ទៀត ដែល​ជា​គ្រូ​កែ​វិញ្ញាសា​ប្រឡង ភិក្ខុ ថាច់ វណ្ណា មាន​ថេរដីកា​ថា សិស្សានុសិស្ស​ដែល​មក​ប្រឡង​ក្នុង​វត្ត​កំពង់​មាស​នេះ មាន​ប្រមាណ ២៥០អង្គ និង​នាក់ ហើយ​ចំនួន​ព្រះសង្ឃ​គឺ​ច្រើន​ជាង​ប្រជាពលរដ្ឋ។ ព្រះអង្គ​កត់​សម្គាល់​ថា សិស្សានុសិស្ស​នៅ​កម្ពុជាក្រោម យក​ចិត្ត​ទុកដាក់​រៀន​ទាំង​ភាសាខ្មែរ និង​ភាសា​វៀតណាម៖

«អូ! ត្មា​យល់​ឃើញ​ថា​វិស័យ​សិក្សា​ហ្នឹង វា​មាន​ភាព​លូតលាស់​រីកចម្រើន​ខ្លាំង​ណាស់។ ឃើញ​តែ​ក្មេងៗ​វា​មាន​ការ​ចាប់​អារម្មណ៍​សិក្សា​រៀន​សូត្រ​ល្អ​ណាស់។ យើង​ឃើញ​ទៅ​ក្មេង ជាពិសេស​ក្មេងៗ​ស្រី​ទោះបី​វា​រៀន​សាលា​សកល ក៏​វា​មាន​ការ​ឆ្លៀត​ឱកាស​ទំនេរ​ថ្ងៃ​សៅរ៍ អាទិត្យ វា​ចូល​រៀន​បំពេញ​តួនាទី​ខាង​ភាសា​យើង»

រូបភាព​នានា​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ថា បេក្ខជន​ប្រឡង​មាន​ទឹកមុខ​រីករាយ និង​បាន​រៀបចំ​ខ្លួន​ស្អាតបាត នៅ​ពេល​ចូល​បន្ទប់​ប្រឡង។ ការ​ប្រឡង​បិទ​វគ្គសិក្សា​ឆ្នាំ២០២២ សម្រាប់​ថ្នាក់​ពុទ្ធិក​បឋមភូមិ​នៅ​ខេត្ត​ព្រះត្រពាំង មាន​សិស្សានុសិស្ស​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ​ប្រមាណ​មួយ​ពាន់​នាក់ និង​អង្គ។

ជុំវិញ​រឿង​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​កម្ពុជា លោក តាំង សារៈ មើល​ឃើញ​ថា វិស័យ​អប់រំ​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​កម្ពុជាក្រោម កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ពិសេស​អក្សរ​ខ្មែរ ព្រោះ​យុវជន​ចាប់​ផ្ដើម​ងាក​មក​ចាប់​អារម្មណ៍​នឹង​អក្សរសាស្ត្រ​ជាតិ។ លោក​បន្ត​ថា លោក​ត្រេកអរ​ពេល​ដែល​ឃើញ​កូន​ខ្មែរ​ក្រោម ចេះ​ភ្ញាក់​រលឹក មិន​បោះបង់​ចោល​ភាសា​ជាតិ៖

«ការ​រៀន​អក្សរ​ខ្មែរ នាំគ្នា​ទៅ​រៀន​អក្សរ​ខ្មែរ ទោះបីជា​មាន​បើក​នៅ​តាម​សាលា​រដ្ឋ​ក្ដី បើក​នៅ​តាម​វត្ត​អារាម​ក្ដី អា​ហ្នឹង​គឺ​វា​ជា​ការ​រក្សា​នូវ​អក្សរសាស្ត្រ​ជាតិ រួម​ទាំង​ភាសា​ជាតិ​ផង។ បើ​សិន​ណា​យើង​បាន​ទៅ​រៀន​អក្សរខ្មែរ​ដូចជា​ព្រះសង្ឃ​លោក​បាន​រៀន​ផ្នែក​សាលា​បាលី​ក្ដី ធម្ម​វិន័យ​ក្ដី គឺ​លោក​ចេះ​ភាសា​ខ្មែរ​ហ្នឹង​ច្បាស់ គ្រាន់បើ​ជាង​អ្នក​ដែល​មិន​បាន​រៀន​អក្សរ​ខ្មែរ»។​

ជាទូទៅ​សិស្ស​នៅ​កម្ពុជាក្រោម​ដែល​រៀន​តាម​វត្ត គឺ​សិក្សា​ពី​ដើម​ខែឧសភា ដល់​ខែធ្នូ ទើប​ប្រឡង​បញ្ចប់​ឆ្នាំ ហើយ​មុខវិជ្ជា​ភាគច្រើន​ផ្អែក​លើ​ព្រះពុទ្ធសាសនា ភាសា​បាលី ភាសាខ្មែរ គណិតវិទ្យា និង​ភាសា​អង់គ្លេស។  វត្ត​នៅ​កម្ពុជាក្រោម​មាន​ជាង​ប្រាំ​មួយ​រយ​វត្ត និង​មាន​ព្រះ​សង្ឃ​បួស​រៀន​គ្រប់​វត្ត​ទាំងអស់។

ទោះជា​នៅ​ក្រោម​នឹម​ត្រួតត្រា​របស់​ប្រទេស​វៀតណាម​ជាង​ចិតសិប(៧៣)​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ខ្មែរ​ក្រោម​មិន​ភ្លេច​ស្មារតី​ក្នុង​ការ​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និង​អក្សរខ្មែរ​ទេ។ ពួកគេ​តែង​ដាស់តឿន​កូនចៅ​ឲ្យ​ទៅ​រៀន​អក្សរខ្មែរ នៅ​ក្នុង​វត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។