សង្គម​ស៊ីវិល​ស្នើ​ពិនិត្យ​មើល​ការ​ផ្ដល់​សញ្ជាតិ ខណៈ​ឆ្នាំ​មុន ផ្ដល់​ដល់​បរទេស​ជិត​៥០០​នាក់

ដោយ តារា រាជសែន
2023.09.21
សង្គម​ស៊ីវិល​ស្នើ​ពិនិត្យ​មើល​ការ​ផ្ដល់​សញ្ជាតិ ខណៈ​ឆ្នាំ​មុន ផ្ដល់​ដល់​បរទេស​ជិត​៥០០​នាក់ (ពីឆ្វេង) លោក ថោង សារ៉ាត់ ទណ្ឌិតករណីឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលរស់នៅក្រៅឃុំ និងឪពុកឈ្មោះ យឿង ថេគឿង (Duong The Cuong)​ (ស្ដាំ) ជនជាតិ​វៀតណាម ប្ដូរ​ឈ្មោះ​ជា ថោង ចំរើន និង​ម្ដាយ​ឈ្មោះ ចិន ធីឡុក (Tran Thi Loc) ប្ដូរ​ឈ្មោះ​មក​ជា កែវ សារី ទើបត្រូវទទួល​បាន​សញ្ជាតិ​ខ្មែរ កាលពីឆ្នាំ​២០២២។
RFA File

អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស​ជាជាង​ការ​ផ្ដល់​ផ្អែក​តាម​តែ​ផលប្រយោជន៍ និង​បក្ខពួក​និយម។ ទោះជា​យ៉ាងណា​មន្ត្រី​រដ្ឋាភិបាល​ថា ដំណើរការ​ផ្ដល់​សញ្ជាតិ​កន្លង​មក គោរព​តាម​លក្ខខណ្ឌ​ច្បាប់ និង​មិន​មាន​អំពើពុករលួយ​ដូច​ការ​លើកឡើង​របស់​សាធារណជន​នោះ​ទេ។

ការ​ជជែក​ដេញដោល​ពី​រឿងរ៉ាវ​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​បាន​កក្រើក​ឡើងវិញ​ជាថ្មី​ទៀត​ក្រោយពី​មាន​ជនបរទេស​មួយចំនួន​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​មនុស្ស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆ្លងដែន​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា។

ក្ដី​បារម្ភ​របស់​អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល ក៏​ក្រោយពី​គេ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស​ជិត​៥០០ (៤៧៣) នាក់ ក្នុង​ឆ្នាំ​២០២២ ក្នុង​នោះ​មាន​ជនជាតិ​ចិន និង​ជនជាតិ​តៃវ៉ាន់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ចំនួន​២៦៦ នាក់ និង​ជនជាតិ​វៀតណាម​ចំនួន​៥៧​នាក់​។ គិត​ត្រឹម​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្ពុជា​បាន​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស​ចំនួន ៤២ នាក់​បន្ថែម​ទៀត។

ជនបរទេស​ដែល​ទទួល​បាន​បាន​សញ្ជាតិ​ខ្មែរ​ទាំងនោះ ស្ទើរតែ​ទាំងស្រុង គឺ​ទទួល​បាន​តាមរយៈ​សញ្ជាតូបនីយកម្ម។ បើ​តាម​ច្បាប់​ស្ដីពី​សញ្ជាតិ​ខ្មែរ ការ​សុំ​ចូលសញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម​នេះ គឺ​ជនបរទេស​ក៏​អាច​ចូល​តាម​ការ​ដាក់​ទុន​វិនិយោគ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ឬ​ផ្ដល់​អំណោយ​ជា​ទឹកប្រាក់​ដល់​កម្ពុជា។

ទោះជា​យ៉ាងណា ច្បាប់​ក៏បាន​ចែង​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​ដែល​ជនបរទេស​ត្រូវ​បំពេញ​មុននឹង​ពួកគេ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​។ ជាក់ស្ដែង មាត្រា​១៩​នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ ចែងថា​ជនបរទេស​ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួល​បាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ខ្មែរ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឱ្យ​មាន​បន្ទុក​ដល់​ជាតិ។

អ្នក​សិក្សា​ផ្នែក​កិច្ចការ​នយោបាយ និង​សង្គម លោក ប៉ោ មករា លើកឡើង​ថា ការ​ផ្ដល់​សញ្ជាតិ​គឺជា​រឿង​ត្រឹមត្រូវ និង​អាច​ទទួល​យក​បាន​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ក្នុង​ករណី​ដែល​បុគ្គល​ដែល​ស្នើសុំ​សញ្ជាតិ​ទាំងនោះ​ជា​មនុស្ស​ល្អ គ្រប់​លក្ខខណ្ឌ​ច្បាប់ និង​ជា​អ្នកផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។ ប៉ុន្តែ លោក ប៉ោ មករា ថា កន្លងមក​រដ្ឋាភិបាល​ពុំបាន​គិត​លើ​លក្ខខណ្ឌ​ជនបរទេស​ដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ​ខ្មែរ​នោះ​ទេ ហើយ​បញ្ហា​ទាំងនេះ​ធ្វើ​ឱ្យ​មាន​ភាព​អវិជ្ជមាន​កំពុង​ជះឥទ្ធិពល​ក្នុង​សង្គម​ដូច​ការប្រព្រឹត្ត​បទល្មើស និង​ការ​ដណ្ដើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ផង​ដែរ។

លោក ប៉ោ មករា៖ «អាជ្ញាធរ​រដ្ឋ​គួរតែ​តាមដាន​គាត់​បន្ត​ទៅ​ទៀត​ថា គាត់​ប្រព្រឹត្ត​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​សញ្ជាតិ​ហ្នឹង​អត់ ពីព្រោះ​តែ​គាត់​អត់​ប្រព្រឹត្តទៅ​តាមច្បាប់​សញ្ជាតិ​ហ្នឹង​ទេ ធ្វើ​ឱ្យ​មុខមាត់​ប្រទេសជាតិ​កម្ពុជា​យើង អាច​ប៉ះពាល់​ទៅដល់​ភាព​ថ្លៃថ្នូរ»

ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ កន្លង​ទៅ​គេ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស។ គេ​សង្កេត​ឃើញ​ថា ជនបរទេស​ខ្លះ កុំថាឡើយ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ ឬ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ សូម្បីតែ​ភាសា​ខ្មែរ​ក៏​ពួកគេ​សរសេរ​មិន​ទាំង​ត្រង់​ជួរ​ផង​។ លើស​ពី​នេះ ជនបរទេស​ទទួល​សញ្ជាតិ​ខ្មែរ​ខ្លះ​ថែមទាំង​មានមុខ​តំណែង​នៅក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង​។ ជាក់ស្ដែង ឪពុក​របស់ ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ យឿង ថេគឿង ( Duong The Cuong )​ជនជាតិ​វៀតណាម ប្ដូរ​ឈ្មោះ​ជា ថោង ចំរើន និង​ម្ដាយ​ឈ្មោះ ចិន ធីឡុក (Tran Thi Loc) ប្ដូរ​ឈ្មោះ​មក​ជា កែវ សារី បាន​ទទួល​សញ្ជាតិ​ខ្មែរ​នៅ​ខែ​កក្កដា ឆ្នាំ​២០២២ បើ​ទោះ​ជា​អ្នក​ទាំងពីរ​ធ្លាប់​ប្រព្រឹត្ត​ខុសច្បាប់​ជាប់​ពន្ធនាគារ​ក្ដី​។ ក្រៅពី​ទទួល​បាន​សញ្ជាតិ​ខ្មែរ លោកស្រី កែវ សារី ក៏​មាន​ក្របខ័ណ្ឌ​ជា​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ឋានន្តរស័ក្ដិ ថ្នាក់​វរសេនីយ៍ទោ តាំងពី​អំឡុង​ឆ្នាំ​២០១០ និង​ធ្លាប់​មាន​មុខតំណែង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​របស់​ប្រទេស​កម្ពុជា មាន​ឋានៈ​ជា «ជំទាវ» ទៀត​ផង។

គេ​នៅចាំ​ថា ក្រោយ​មានរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​ឆ្នាំ​២០១៤ ឪពុកម្ដាយ​របស់​លោក ថោង សារ៉ាត់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​លាក់​ទុក និង​ប្រើប្រាស់​អាវុធ​ជាច្រើន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ បើទោះបីជា​ឪពុកម្ដាយ​លោក ថោង សារ៉ាត់ ធ្លាប់​មាន​ទោស​ជាប់​ពន្ធនាគារ និង​ក្រោយ​មក​រង​ការ​ចោទ​ថា បាន​ផ្ដល់​សំណូក​ដល់​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ក្ដី ក៏​ពួកគាត់​ទាំងពីរ មានសំណាង​ដោយសារ​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​សញ្ជាតិ​ដល់​ពួកគេ នៅ​ឆ្នាំ​២០២២។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ២០ កញ្ញា​ដំណើរការ​ក្នុង​ការ​ផ្ដល់​សញ្ជាតិ​ទៅ​ឱ្យ​ជនបរទេស​គឺ​គោរព​ទៅតាម​លក្ខខណ្ឌ​ច្បាប់ មិន​មានការ​សូកប៉ាន់ និង​មិន​មានការ​រត់ការ​នោះ​ទេ។ តែ​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​រូប​នេះ​មិន​អាច​បញ្ជាក់​ពី​មូលហេតុ​ដែល​ឪពុកម្ដាយ​លោក ថោង សារ៉ាត់ ទទួល​បាន​សញ្ជាតិ​ទោះបីជា​ពួកគេ​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា។

លោក ខៀវ សុភ័គ៖ «ករណីនេះ​សាមីខ្លួន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ទាំងអស់​ដូចជា​ខ្មែរ​យើង​នៅ​ទឹកដី​អាមេរិក​បាន​ធ្វើ​អ៊ីចឹង ច្បាប់​ចែង​ថា មិច​យើង​ធ្វើតាម​ហ្នឹង រត់ការ​រត់​អី​គឺជា​អំពើ​មួយ​ផ្សេងទៀត ប៉ុន្តែ​ជា​ក្បួនច្បាប់​គឺ​អត់​មាន​ក្រសួង​ណា​មក​រត់ការ មក​ជួប​សម្ភាសន៍ ជួប​គណៈកម្មាធិការ​ដូច​តែ​ខាង​អាមេរិក​ធ្លាប់​ចូល​សញ្ជាតិ​គេ​អ៊ីចឹង»

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា រដ្ឋ​មិន​ទាន់​មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ​ជាក់​លាក់​នៅ​ឡើយ​ទេ ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស។ លោក យង់ គិមអេង ថា ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​សញ្ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ជាក់ស្ដែង ពី​ករណី​ជនបរទេស​ដែល​ទទួល​សញ្ជាតិ​ខ្មែរ​ប្រព្រឹត្ត​បទល្មើស ហើយ​ត្រូវ​អាជ្ញាធរ​ខ្មែរ ឬ​អាជ្ញាធរ​បរទេស​ចាប់ខ្លួន​បាន​ក្នុង​ពេល​កន្លង​មក។

លោក យង់ គិមអេង៖ «យើង​ឃើញ​ហើយ​ដូច​ពួក​ជនជាតិ​ចិន ពួក​អី​កន្លងមក​មាន​បញ្ហា​ច្រើន អ៊ីចឹង​ប្រសិនបើ​ឱ្យ ផ្ដល់​សញ្ជាតិ​ឱ្យ​ចំ​ពួក​ដែល​ខិលខូច​ហ្នឹង​ធ្វើ​ឱ្យ​ខូចខាត​មុខមាត់​របស់​ជាតិ យើង​បាន​ប្រជាជន​មិនល្អ​ម្នាក់​មក​ចូល​ទៅ​ក្នុង​សង្គម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អាប់ឱន​ដល់​កិត្តិយស​ជាតិ ហើយ​ប៉ះពាល់​ធំ​ដល់​សន្តិសុខ​ប្រទេស​ដែរ»

ទាក់ទង​នឹង​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​បរទេស​នេះ​ដែរ កាលពី​ខែកក្កដា​កន្លង​ទៅ​នេះ ឧកញ៉ា ដួង ឆាយ បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​នឹង​ទទួល​ជួយ​ដល់​ជនបរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា និង​ចង់បាន​សញ្ជាតិ​ខ្មែរ បើ​ទោះ​ជា​បច្ចុប្បន្ន​លោក​គ្មាន​តួនាទី ឬ​មុខតំណែង​អ្វី​ក្នុង​ជួរ​រដ្ឋ​ការដែល​ធ្វើ​សេចក្ដីសម្រេច​អំពី​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស​ក្តី។ ទោះជា​យ៉ាងណា លោក ដួង ឆាយ បាន​លុប​សារ​នេះ​វិញ ក្រោយ​រង​ការរិះគន់​ពី​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។